ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជា​ផ្លូវ​ការ


លោកស្រីតំណាងរាស្ត្រ ជូឡុង ស៊ូម៉ូរ៉ា ជជែកជាមួយប្រធាគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំឡុងពេលចូលរួមសមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក កឹមសុខា ជា​ប្រធាន​ និង​ អនុ​ប្រធាន​ថ្មី​ចំនួន​៣​រូប​ទៀត​របស់​បក្ស​ ត្រូវបានតែងតាំងជា​ផ្លូវ​ការដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិសម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ បន្ទាប់ពី​​លោក ​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​​ជំទាស់ ​បាន​លាលែង​ចេញ​ពី​តំណែង​កាលពី​​៣​សប្តាហ៍​មុន។

គណបក្ស​សង្គ្រោះ​ជាតិនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​រៀប​ចំ​សមាជ​វិសាមញ្ញដើម្បីជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន លោកស្រី មូរ សុខហួរ លោក​ ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ជា​អនុ​ប្រធាន។ ការ​ប្រកាស​ជ្រើសតាំងជាផ្លូវ​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​រៀបចំ​របស់គណៈ​កម្មា​ធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។

ការ​ជ្រើស​តាំង លោក កឹមសុខា ជា​ប្រធាន​ និង​ អនុ​ប្រធាន​ថ្មី​ចំនួន​៣​រូប​ទៀត​របស់​បក្ស​ ជា​ផ្លូវ​ការនេះ​ គឺដើម្បី​ដឹកនាំ​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ បន្ទាប់ពី ​លោក ​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស ​បាន​លាលែង​ចេញ​ពី​តំណែង​កាលពី៣​សប្តាហ៍​មុន។

នៅ​ក្នុង​សមាជ​វិសាមញ្ញ​ដែល​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​កណ្តាលគណបក្ស​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ​នេះ គណបក្ស​សង្គ្រោះជាតិ​បាន​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​ជំនួស​លោក​ សម រង្ស៊ី​ និងអនុ​ប្រធាន​បក្ស​បី​រូប​ទៀត​ដែល​មាន​លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ ជំនួស​លោក កឹម សុខា ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​។​

ការ​រៀប​ចំ​សមាសភាពមេដឹកនាំ​គណបក្ស​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពេល​លោក​ សម​ ​រង្ស៊ី ​អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​លាលែង​ចេញ​ពី​តំណែង​ភ្លាមៗ កាលពី​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ​ កន្លង​ទៅ​។ លោក​បាន​អះអាង​ថា​ ការ​សម្រេច​លាលែង​ពី​តំណែ​ងនេះ​ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​។​ ទោះជាយ៉ាង​ណា ​ការ​លាលែង​របស់​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ​ដោយសារ​រង​សម្ពាធ​ពី​វិសោធនកម្មច្បាប់ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ទើបតែ​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធ​សភា​អនុម័ត។

ការ​លាលែងពី​តំណែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ ដែល​រុំព័ទ្ធ​ដោយ​បណ្ដឹង​ប្ដឹងដោយ​មេដឹកនាំ​ធំៗ​ របស់​គណបក្សកាន់​អំណាច​នេះ ​កើត​ឡើង​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បានបញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក​ កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ ដោយ​កំណត់​ថា ​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។

គណបក្ស​ សម រង្ស៊ី របស់លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់លោក កឹម សុខា​ បាន​រួមបញ្ចូល​គ្នា​កាលពី​ឆ្នាំ​២០១២ ដោយ​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​បច្ចុប្បន្ន។ អនុ​ប្រធាន​ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ទាំង​៣​រូប មាន​លោកស្រី មូរ សុខហួរ​ និង​លោក អេង ឆៃអ៊ាង ជា​អតីត​តំណាង​រាស្រ្ត​របស់​គណបក្ស​ សម រង្ស៊ី ចំណែក​លោក ប៉ុល ហំម ជា​សហ​ស្ថាបនិក​គណបក្សសិទ្ធិ​មនុស្ស។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្លឹងទៅកាន់អនុប្រធានទាំងបីរបស់លោក អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ សមាជវិសាមញ្ញគណបក្សនៅភ្នំពេញ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្លឹងទៅកាន់អនុប្រធានទាំងបីរបស់លោក អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ សមាជវិសាមញ្ញគណបក្សនៅភ្នំពេញ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង ថ្លែង​ក្នុង​អង្គ​សមាជវិសាមញ្ញ​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​ប្រឹក្សា​ស្រុក​ ខេត្ត​ទូទាំង​ប្រទេស​នោះថា ការ​ដែល​គណបក្ស​សង្គ្រោះជាតិ​អាច​បោះ​ជំហានទៅ​មុខ​បាន ដោយ​សារ​គណបក្ស​មាន​គោលដៅ​ច្បាស់​លាស់ ​បាន​ជ្រើសរើស​យុទ្ធ​សាស្ត្រត្រឹមត្រូវ​ស្រប​តាម​កាលៈទេសៈ និង​ដើរ​តាម​នយោបាយ​ត្រឹមត្រូវ ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់​ថា៖ «ដោយ​យើង​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ មាន​បទ​ពិសោធន៍ និង​ដោយ​តម្កល់ផល​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ។ ខ្ញុំ​អាច​វាយ​តម្លៃ​ថា យើង​បាន​នឹង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ហើយ ផ្លូវ​ត្រូវ​ដែល​យើង​ប្រកាន់​យក​នោះគឺ យើង​ដើរ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​ចង់​ឲ្យ​យើង​ធ្វើ»។

ក្រោយ​ការ​ប្រកាស​ជ្រើសតាំង​មេដឹក​នាំ​ថ្មី​របស់គណ​បក្សប្រឆាំងតែប៉ុន្មាន​ម៉ោង លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូន​លោក កឹម សុខា ក្នុង​សម្រង់​ន័យ​ដើម​ថា៖ «នៅក្នុង​ឱកាស​ដែល​ឯក​ឧត្តម​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម​មាន​សុខភាព​ល្អ និង​សុភមង្គល​ក្នុង​គ្រួសារ»។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​រង​នូវ​សម្ពាធ​ជា​បន្តបន្ទាប់​ពី​គណបក្ស​កាន់​អំណាច៕

XS
SM
MD
LG