ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក កែម ឡី បន្សល់គំរូនៃភាពសាមញ្ញនិងភាពក្លាហានដល់បញ្ញវន្តនិងយុវជនខ្មែរ

  • សាយ មុន្នី

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួមហែរសព​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​។​ ​(ឡេង ឡែន/VOA)

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួមហែរសព​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​។​ ​(ឡេង ឡែន/VOA)

កាល​នៅ​មាន​ជីវិត​ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ចូលរួម​ផ្តល់​ការ​វិភាគ​ត្រង់ៗ​របស់​លោក​​ទៅលើ​បញ្ហា​សំខាន់ៗ​នានា ដូចជា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន​ជាដើម។

អ្នក​វិភាគ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ក្រៅ​ពី​សមត្ថភាព​នៃ​ការ​វិភាគ​ដ៏​សាមញ្ញ​របស់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​រូប​នេះ ក៏​បាន​បន្សល់​ទុក​គំរូ​នៃ​ការ​ធ្វើ​ខ្លួន​យ៉ាង​សាមញ្ញ​ក្នុង​នាម​ជា​អ្នក​រៀន​សូត្រ​ចេះដឹង​បាន​ជ្រៅជ្រះ​ម្នាក់​ដែរ។


លោក​បណ្ឌិត មាស​ នី ខាង​ការ​អភិវឌ្ឍ​សង្គមបាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៩​ ខែ​សីហានេះ​ថា «យើង​ឃើញ​នៅ​ក្នុង​ប្រទេស​របស់​យើង​នេះ អ្នក​រៀន​កាន់តែ​ខ្ពស់ ចារិក​កាន់តែ​ឡូយ ហើយ​ធ្វើ​ឲ្យ​អ្នកដទៃ​កាន់តែ​ពិបាក​ជួប​ ដែល​ខ្មែរ​យើង​ហៅ​ថា កាលណា​រៀន​កាន់តែ​ខ្ពស់ ឬក​ហ្នឹង ក៏​កាន់​តែ​ធំ​ដែរ ប៉ុន្តែ​សម្រាប់​លោក​ កែម ឡី លោក​ចូល​ចិត្ត​ធ្វើ​ភាព​ជា​គំរូ​មួយ គឺ​បង្ហាញ​ភាពសាមញ្ញ ទោះបី​ជា​លោក​រៀន​បាន​សញ្ញាប័ត្រ​បណ្ឌិត​ហើយ​ក៏​ដោយ»។

លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​កន្លងទៅ​នេះ នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​នៅ​តុ​កាហ្វេ​ក្នុង​ហាង​ស្តារ​ម៉ាត​មួយ​កន្លែង​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

កាល​នៅ​មាន​ជីវិត​ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ចូលរួម​ផ្តល់​ការ​វិភាគ​ត្រង់ៗ​របស់​លោក​នៅ​តាម​វិទ្យុ​និង​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ទៀត ទៅលើ​បញ្ហា​សំខាន់ៗ​នានា​ដែល​ប្រទេស​កម្ពុជា​កំពុងប្រឈម​មុខ ដូចជា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន​ជាដើម។

ពីរ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​បាន​បាញ់​ស្លាប់ លោក កែម ឡី បាន​ធ្វើការ​វិភាគ​ជា​សាធារណៈ​ទៅ​លើ​របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​របស់​អង្គការ​ Global Witness ដែល​មាន​ចំណងជើង​ថា «‍Hostile Takeover» ឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា ដែល​អ្នក​វិភាគ​ខ្លះ​ចាត់ទុកថា ជា​របាយការណ៍​ដ៏​រសើប​បំផុត​មួយ​អំពី​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ឬ​ពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្តងៗ លោក កែម ឡី មិន​ចង់​ឲ្យ​គេ​ហៅ​លោកតាម​ងារ​ជា​បណ្ឌិត​របស់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចូលចិត្ត​និយាយ​ធម្មតា​និង​ពន្យល់​ជា​ពាក្យ​ពេចន៍​សាមញ្ញៗ ដែល​ជនានុជន​អាច​យល់​បាន​ងាយស្រួល។

លោក​ក៏​និយម​ស្លៀកពាក់​បែប​យ៉ាង​សាមញ្ញ ជាពិសេស​គឺ​សំលៀកបំពាក់​កីឡា ដែល​លោក​ចូលចិត្ត។

លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

​លោក​បណ្ឌិត​ មាស នី​ មាន​ប្រសាសន៍​ថា លោក កែម ឡី​ តែង​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ដែល​នរណា​ ក៏​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​លោក​បាន​ដែរ។

​«លោក កែម ឡី តែង​តែ​ធ្វើ​ឲ្យ​ខ្លួន​គាត់​ហ្នឹង អាច​ត្រូវ​បាន​គេ​ជួប​បាន។ គេ​សុំ​ជួប​ពេល​ណា​ក៏​បាន គឺ​សាមញ្ញ​ភាព​របស់​គាត់​ហ្នឹង​គឺ​ថា​ពេល​ដែល​មាន​យុវជន​ឬ​ក្រុម​មហាជន​ដែល​ចង់​ជួប​លោក កែម ឡី​ហ្នឹង គឺ​គាត់​តែ​រៀបចំ​ពេល​វេលា​ឲ្យ​គ្រប់គ្រាន់​ សម្រាប់​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា ហើយ​នៅ​ពេល​ជួប​ម្តងៗ​គឺ​លោក​និង​ពួក​យើង​តែងតែ​ព្យាយាមផ្តល់​ការ​វិភាគ​ឬ​នាំ​គ្នា​វិភាគ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ សង្គម​និង​នយោបាយ​គឺ​មិន​បាន​ទាញ​ទៅ​ចូល​គណបក្ស​ណា​មួយ​ទេ​បាទ »។

ដោយ​សារ​តែ​លោក កែម ឡី​ ត្រូវ​គេ​ដឹង​ថា ក៏​ជា​ស្ថាបនិក​ម្នាក់​នៃ​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​ឈ្មោះ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោកត្រូវ​បាន​អ្នក​ខ្លះ ចោទប្រកាន់​ថា បាន​យក​ងារ​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​របស់​លោក ទៅ​ប្រើ​ដើម្បី​រិះគន់​រដ្ឋាភិបាល​និង​គណបក្ស​ដទៃ​ទៀត ក្នុង​គោលដៅ​បម្រើ​ផល​ប្រយោជន៍​ដល់​គណបក្ស​នយោបាយ​ថ្មី​នោះ ទោះបីជា​លោក​តែង​តែ​បាន​បដិសេធ​និង​មិន​មាន​តួនាទី​ណាមួយ​នៅ​ក្នុង​គណបក្ស​ថ្មី​នោះ​ក៏​ដោយ។

ប៉ុន្តែ លោក​បណ្ឌិត​ មាស នី​ ថ្លែង​ថា លោក កែម ឡី មិន​មាន​គោល​បំណង​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ លោក​អះអាង​ថា លោក កែម ឡី គ្រាន់តែ​ចង់​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​យុវជន​និង​ព្យាយាម​ដឹក​នាំ​ពួកគេ​ឲ្យ​ក្លាយ​ជា​យុវជន​ឯករាជ្យ ដែល​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

«យុវជន​យើង​សព្វថ្ងៃ​នេះ​មួយ​ចំនួន ត្រូវ​បាន​អ្នក​នយោបាយ​ទាញ​ឲ្យ​ផ្កាប់មុខ​ឲ្យ​ទៅ​រក​គណបក្ស​នយោបាយ​របស់​គេ តែ​សម្រាប់​គោល​គំនិត អ្វី​ដែល​លោក កែម ឡី​ចង់បាន​ចង់​ឃើញ​នោះ​ គឺ​យើង​ចង់​ឃើញ​យុវជន​ដែល​ចេះ​ឈរ​នៅ​លើ​ជំហរ​ខ្លួនឯង ហើយ​មាន​ការ​វិភាគ​គ្រប់​ជ្រុងជ្រោយ ហើយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង គឺ​មិន​ចង់​ឲ្យ​យុវជន​ផ្កាប់មុខ ឬ​ត្រូវ​បាន​គេ​លាប​ពណ៌​ទៅ​ខាង​ណា​មួយ​ទេ»។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង ដែល​ធ្លាប់​ទទួល​បាន​ការ​ជ្រួយ​ជ្រោមជ្រែង​ពី​លោក កែម ឡី​ផង​ដែរ​នោះ បាន​អះអាង​ថា ការ​ស្លាប់​របស់​លោក កែម ឡី បាន​បន្សល់​ទុក​គំរូ​នៃ​ភាព​ក្លាហាន​ដល់​យុវជន​ជំនាន់​ក្រោយ​ដូច​ជា​ក្រុម​របស់​លោក​ជាដើម។

លោក​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ ថា ទោះ​បី​ជា​កិច្ចការងារ​របស់​ក្រុម​លោក​ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ ក៏​ក្រុម​របស់​លោក​ នៅតែ​បន្ត​បេសកកម្ម​ពី​លោក កែម ឡី​តទៅទៀត​ដែរ។

«រាល់​ថ្ងៃ​នេះ យើង​នៅ​តែ​បន្ត​បេសកកម្ម​រហូត​ ដោយ​យើង​មាន​ការ​ចុះ​ទៅ​តាម​មូលដ្ឋាន ដើម្បី​ចុះ​ពិនិត្យ​មើល​និង​ស្រាវជ្រាវ។ និយាយ​ឲ្យ​ចំ គឺ​យើង​នៅ​តែ​បន្ត​កិច្ច​ការ​ហ្នឹង ទោះ​បី​ជា​លោក បាន​លាចាក​លោក​ទៅ​ហើយ​ក៏​ដោយ»។

លោក កែម​ ឡី បាន​ធ្វើ​សកម្មភាព​ចុះ​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ជួបប្រទះ​រួម​ទាំង​បញ្ហា​នៅ​តាម​តំបន់កោះ​ជាប់​ព្រំដែនប្រទេស​ជិតខាង​កម្ពុជា​ផង។

លោក កែម​ ឡី ក៏​គ្រោង​និពន្ធ​និង​បោះពុម្ព​រឿង​កំប្លែង​របស់​លោក​ចំនួន​៩៩​រឿង​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ផងដែរ ប៉ុន្តែ លោក​សរសេរ​ទើបបាន​១៩​រឿង​ប៉ុណ្ណោះ ត្រឹម​ពេល​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នោះ៕

XS
SM
MD
LG