ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​នៃមេ​ដឹកនាំ​អាមេរិក-អាស៊ាន


រូបថត​រួម​គ្នា​រវាង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​ទាំង​១០​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​រយៈពេល​២ថ្ងៃ​នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបថត​រួម​គ្នា​រវាង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​ទាំង​១០​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​រយៈពេល​២ថ្ងៃ​នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

កិច្ច​ប្រជុំ​នេះ​បញ្ជាក់​ច្បាស់​នូវ​ឆ្នាំ​របត់​មួយ​សម្រាប់​ទាំង​អាស៊ាន​ និង​ទាំង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​កាន់តែ​ជិតដិត​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន។​

កំណត់​និពន្ធ៖ នេះ​គឺជា​សេចក្តី​ថ្លែងការ​រួម​របស់​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដកស្រង់​ចេញ​ពី​សេតវិមាន the White House ហៅ​កាត់​ថា អាស៊ាន ដែល​ VOA បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ។

«យើងខ្ញុំ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ បាន​ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា ​(California) កាល​ពី​ថ្ងៃទី​១៥-១៦​ ខែ​កុម្ភៈ ​ឆ្នាំ២០១៦ ​ដើម្បី​បើក​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៃ​មេដឹកនាំ។ កិច្ចប្រជុំ​កំពូល​ពិសេស​នៃ​មេដឹកនាំ​អាមេរិក-អាស៊ាន​នេះ​ គឺ​ជា​កិច្ច​ប្រជុំ​ដំបូង​បំផុត​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ក៏​ជា​កិច្ច​ប្រជុំ​ទី​១ ​បន្ទាប់​ពី​ការ​បង្កើត​សហគមន៍​អាស៊ាន​ផង​ដែរ។

កិច្ច​ប្រជុំ​នេះ​បញ្ជាក់​ច្បាស់​នូវ​ឆ្នាំ​របត់​មួយ​សម្រាប់​ទាំង​អាស៊ាន​ និង​ទាំង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​កាន់តែ​ជិតដិត​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន។​ ក្នុង​ឆ្នាំ​២០១៥ ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​សាទរ​ការ​បង្កើត​សហគមន៍​អាស៊ាន​ ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​អាស៊ាន​មួយ​ ដែល​បម្រើ​ប្រជាជន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​បាន​ប្រសើរ​ជាង​មុន។

នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​គូឡាឡាំពួ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ យើង​បាន​ជំរុញ​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​-អាស៊ាន​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ ដែល​ជា​ការ​ទទួល​ស្គាល់​ពី​ការ​ផ្លាស់​ប្តូរ​ចំណង​ទាក់​ទង​របស់​យើង ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំមក​នេះ។​ នៅ​ក្នុង​កិច្ចប្រជុំកំពូល​ពិសេស​នេះ​ យើង​ជា​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋ​អាមេរិក​ នឹង​យក​ឱកាស​នេះ​ ដើម្បី​បញ្ជាក់​ជា​ថ្មី​នូវ​គោលការណ៍​សំខាន់ៗ ​ដែល​នឹង​ដឹក​នាំ​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​យើង​ឆ្ពោះ​ទៅ​មុខ៖

១. ការ​គោរព​គ្នាទៅវិញ​ទៅមក​លើ​អធិបតេយ្យ​ភាព​ បូរណភាព​ដែន​ដី​ សមភាព​ និង​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​នៃ​គ្រប់​ប្រជាជាតិ​ទាំងអស់​ ដោយ​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍​ និង​គោលបំណង​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ​ធម្មនុញ្ញ​របស់​អាស៊ាន​ និង​ច្បាប់​អន្តរជាតិ។

២. សារៈសំខាន់​នៃ​ការ​ចែករំលែក​វិបុលភាព​ ការ​អភិវឌ្ឍ​និង​កំណើន​សេដ្ឋកិច្ច​រួម​ប្រកប​ដោយ​ចីរភាព ​និង​ការ​អប់រំ​យុវជន​របស់​យើង​ឱ្យ​បន្ត​រក្សា​សន្តិភាព​ និង​ការអភិវឌ្ឍ​ និង​ស្ថិរភាព​ ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។

៣. ការ​ទទួល​ស្គាល់​ទៅវិញ​ទៅមក​នៃ​សារៈសំខាន់​ក្នុង​ការ​ស្វែងរក​បង្កើត​នូវ​គោល​នយោបាយ​ដែល​នាំ​ទៅរក​សេដ្ឋកិច្ច​មាន​សន្ទុះ បើក​ទូលាយ ​និង​ប្រកួតប្រជែង ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការ​បង្កើត​ការងារ ​ការ​បង្កើតថ្មី ​សហគ្រិនភាព​ និង​ការ​ផ្សារភ្ជាប់​គ្នា​ ហើយ​ដែល​គាំទ្រ​ដល់​សហគ្រាស​ធុនតូច​និង​មធ្យម​ ក៏​ដូចជា​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ។

៤. ការ​បេ្តជ្ញា​របស់​យើង​ក្នុង​ការ​ធានា​នូវ​ឱកាស​ផ្សេងៗ​សម្រាប់​ប្រជាជន​ទាំងអស់​របស់​យើង​តាមរយៈ​ ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ និង​ការ​ប្រកាន់​ខ្ជាប់​នីតិរដ្ឋ​ លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ ជំរុញ​លើក​កម្ពស់ការ​អន់ឱន​ និង​អធ្យាស្រ័យ​ និង​ការ​ពារ​បរិស្ថាន។

៥. គោរព​ និង​គាំទ្រ​ភាព​ជា​កណ្តាល​របស់​សមាគម​អាស៊ាន​ និង​យន្តការ​នានា​ដឹកនាំ​ដោយ​អាស៊ាន​ក្នុង​ចលនា​ស្ថាបត្យកម្ម​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

៦. ការ​ប្រកាន់​ខ្ជាប់​យ៉ាង​មុតមាំ​ទៅ​លើ​ក្រឹត្យក្រម​ថ្នាក់តំបន់​ និង​អន្តរជាតិ​ដែល​ជ្រោមជ្រែង​ និង​ការពារសិទ្ធិ​ និង​បុព្ធសិទ្ធិ​នៃ​គ្រប់​រដ្ឋ​ទាំងអស់។

៧. ការ​បេ្តជ្ញា​រួមគ្នា​ដើម្បី​ដំណោះស្រាយ​ជម្លោះ​នានា​ប្រកប​ដោយ​សន្តិវិធី​ រួមមាន​ការ​គោរព​ពេញ​លេញ​ចំពោះ​ដំណើរការ​ផ្នែក​ច្បាប់​ និង​ការទូត​ ដោយ​មិន​ងាក​ទៅ​ប្រើ​មធ្យោបាយ​គំរាម​កំហែង ឬ​ការ​ប្រើ​កម្លាំង​ ហើយ​អនុលោម​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ​និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS) ​ឆ្នាំ​១៩៨២ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល។

៨. ការ​ប្តេជ្ញា​រួមគ្នា​ដើម្បី​ការ​រក្សា​សន្តិភាព សន្តិសុខ ​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់ ដោយ​ធានា​នូវ​សន្តិសុខ​ និង​សុវត្ថិភាព​ដែនសមុទ្រ ​ដែល​រួមមាន​ សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ និង​ការ​ហោះហើរលើ​ដែន​ទឹក​ និង​ការ​ប្រើប្រាស់​ដែនសមុទ្រ​ដោយ​ស្របច្បាប់ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែន​សមុទ្រ​ស្របច្បាប់​ដោយ​ឥត​មាន​ការ​រារាំង​ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ (UNCLOS) ឆ្នាំ​១៩៨២ ក៏​ដូចជាការ​មិន​ឱ្យ​មាន​វត្តមាន​យោធា​ និង​ការ​អត់ធ្មត់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។

៩. ការ​ប្តេជ្ញា​រួមគ្នា​នៅ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មាន​ជា​រួម​នៅ​ក្នុង​បរិបទ​ដែន​សមុទ្រ។

១០. ដោះស្រាយ​ឱ្យ​បាន​មោះមុត​លើ​បញ្ហា​ជា​សាកល​ដូចជា​ ភេរវកម្ម​ អំពើ​ហិង្សាដោយ​ពួក​ជ្រុល​និយម​ ការ​ជួញដូរ​មនុស្ស ​ការ​ជួញដូរ​គ្រឿងញៀន ​ការនេសាទ​ខុសច្បាប់​ ដែល​មិន​ត្រូវ​បាន​រាយការណ៍​ និង​គ្មាន​ច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ ក៏​ដូចជា​ការ​ជួញដូរ​សត្វព្រៃ និង​ឈើ​ខុស​ច្បាប់។

១១. ការ​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការ​បង្កើត​អាស៊ាន​ជា​សហគមន៍​មួយ​ ដែល​សម្រប​ទៅ​នឹង​អាកាសធាតុ និងប្រកប​ដោយ​ចីរភាព​បរិស្ថាន ក៏​ដូចជា​ជំរុញ​អនុវត្ត​ការរួមចំណែក​ដែល​បាន​ប្តេជ្ញា​ពី​សំណាក់​ប្រទេស​នីមួយៗ​នៅ​ក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស (Paris Climate Agreement)។

១២. ការ​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​លើកកម្ពស់​សន្តិសុខ ​និង​ស្ថិរភាព​នៅ​ក្នុង​ដែន​ប្រព័ន្ធ​អ៊ីនធឺណិត​ ឲ្យ​ស្រប​ជាមួយ​នឹង​បទដ្ឋាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ពី​បណ្តា​រដ្ឋ។

១៣. ការ​ផ្តល់​ការ​គាំទ្រ​សម្រាប់​ការ​បោះជំហាន​ទៅ​មុខ​នៃ​សហគមន៍​អាស៊ាន​ ដែល​រឹងមាំ មាន​ស្ថិរភាព ​ប្រកប​ដោយ​ភាព​ស្អិតរមួត​ផ្នែក​នយោបាយ ការ​សហការ​គ្នា​ផ្នែក​សេដ្ឋកិច្ច ​មានការទទួល​ខុសត្រូវផ្នែក​សង្គម ​តម្រង់​ទិសដៅ ​និង​ផ្តោត​ទៅ​លើ​ប្រជាជន​ និង​មាន​មូលដ្ឋាន​ផ្អែក​លើ​គោលការណ៍​ច្បាប់។

១៤. ការ​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន​ និងប្រជាជន​តាមរយៈ​កម្មវិធី​ដែល​ផ្សារភ្ជាប់​ប្រជា​ពលរដ្ឋ​អាស៊ាន ​និង​អាមេរិកាំង​ ជាពិសេស​មនុស្ស​វ័យក្មេង​ ក៏​ដូចជា​លើកកម្ពស់​ឱកាស​សម្រាប់​គ្រប់​ប្រជាជន ​ជា​ពិសេស​ជន​ ដែល​ងាយ​រង​គ្រោះ ​ដើម្បី​សម្រេច​នូវ​ទស្សន​វិស័យ​របស់​សហគមន៍​អាស៊ាន។

១៥. ការ​បេ្តជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​អន្តរជាតិ​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​តាមរយៈ​ការ​អនុវត្ត​នូវ​របៀបវារៈ​សម្រាប់​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០​ និង​របៀបវារៈ​សកម្មភាព​ទីក្រុង​ អាឌីស អាបាបា​ ដើម្បី​ធានា​ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​ចីរភាព សមភាព ​និង​ការ​រួម​បញ្ចូលគ្នា​ ដោយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បោះបង់​ចោល។

១៦. ការ​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​នៅ​វេទិកា​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ ជា​ពិសេស​លើ​យន្តការ​ដែល​មាន​ស្រាប់​ដឹកនាំ​ដោយ​អាស៊ាន​ និង​

១៧. ការ​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​បន្ត​កិច្ចពិភាក្សា​នយោបាយ​នៅ​កម្រិត​ថ្នាក់​ដឹកនាំ​រដ្ឋ ​ឬ​រដ្ឋាភិបាល តាមរយៈ​ការ​ចូលរួម​ពី​សំណាក់​មេដឹកនាំ​តាម​បណ្តា​ប្រទេស​នានា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​អាមេរិក​-អាស៊ាន ​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា‍»៕

(បកប្រែ​ក្រៅ​ផ្លូវការ​ដោយ​VOA ខ្មែរ)

XS
SM
MD
LG