ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អង្គការ Cambodians in Tech ចង់​ភ្ជាប់​ស្ពាន​​បច្ចេកវិទ្យា​អាមេរិក​ទៅ​​កម្ពុជា


កញ្ញា Maya Gilliss-Chapman ស្ថាបនិក​នៃ​អង្គការ Cambodians in Tech នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក សឹង សុផាត នៃ VOA នៅ​ក្នុង​ទី​ក្រុង Palo Alto​ រដ្ឋ California សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)
កញ្ញា Maya Gilliss-Chapman ស្ថាបនិក​នៃ​អង្គការ Cambodians in Tech នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក សឹង សុផាត នៃ VOA នៅ​ក្នុង​ទី​ក្រុង Palo Alto​ រដ្ឋ California សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

នៅ​ចុង​សប្ដាហ៍​នេះ អង្គការ Cambodians in Tech ឬ «ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា»​ នឹង​រៀប​ចំ​កម្មវិធី​ប្រកួត​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​​និង​ការ​បង្កើត​គំនិត​ថ្មី​ខាង​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា hackathon នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​២៧ ខែ​វិច្ឆិកា ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​បច្ចេកវិទ្យា Silicon Valley ជាមួយ​នឹង​ប្រទេស​កម្ពុជា។

កំណត់​និពន្ធ៖ អង្គការ Cambodians in Tech ឬ «ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា»​ ជា​អង្គការ​ថ្មី​មួយ​មាន​មូលដ្ឋាន​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ក្នុង​រដ្ឋ Californiaដែល​មាន​គោល​ដៅ​ជួយ​ជំរុញ​ឲ្យ​មាន​ជនជាតិ​ខ្មែរ​និង​ខ្មែរ​អាមេរិកាំងច្រើន​ជាង​មុន​បម្រើ​ការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ទូ​ទាំង​ពិភពលោក។ នៅ​ចុង​សប្ដាហ៍​នេះ អង្គការ​នេះ នឹង​រៀប​ចំ​កម្មវិធី​ប្រកួត​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​និង​ការ​បង្កើត​គំនិត​ថ្មី​ខាង​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា hackathon នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​២៧ ខែ​វិច្ឆិកា ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​បច្ចេកវិទ្យា Silicon Valleyជាមួយ​នឹង​ប្រទេស​កម្ពុជា។ លោក សឹង សុផាត នៃ​ VOA បាន​សម្ភាស​កញ្ញា Maya Gilliss-Chapman ស្ថាបនិក​នៃ​អង្គការ «ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា» ​នៅ​ក្នុង​ក្រុង Palo Alto រដ្ឋ​ California ដើម្បីស្វែង​យល់​បន្ថែម​អំពីអង្គការ Cambodians in Tech និង​ការ​ប្រកួត hackathon នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

តើអង្គការ Cambodians in Tech ត្រូវបាន​បង្កើត​ឡើង​យ៉ាង​ដូចម្តេច?

ចាស កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​គិត​ថា​ខ្ញុំជាជនជាតិ​ខ្មែរ​តែ​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ នៅ​រាល់​ខែ​មេសា​ ខ្ញុំ​តែង​និយាយ​ថា «សួស្ដី​ឆ្នាំ​ថ្មី‍!‍» ហើយ​អ្នក​រាល់​គ្នា​តែង​និយាយ​មក​កាន់​ខ្ញុំ​ថា «អ្នក​ឯង​មាន​បញ្ហា​មែន​ទេ» ដោយ​សារជនជាតិ​អាមេរិកាំង​មិន​ដឹង​ថា ​ខែ​មេសា​ជាបុណ្យ​ចូល​ឆ្នាំ​របស់ខ្មែរ។

នៅ​ទី​បំផុត​ ខ្ញុំ​បាន​ជួបជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ហើយ​ពេល​នោះ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ យើង​មើល​មុខ​គ្នា​ហើយ​សួរគ្នា​ថា​«ចេះ​ខ្មែរ»? ពេល​នោះ​ខ្ញុំ​រីករាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា មាន​បញ្ហា​ធំ​មួយ។

ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​មាន​ជនជាតិ​ខ្មែរ​តិច​យ៉ាង​នេះ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​អាមេរិក? ខ្ញុំ​ក៏​ស្រាវជ្រាវ​ ហើយ​រក​ឃើញ​ថា ជនជាតិ​ខ្មែរ​អាមេរិកាំង​មាន​ចំនួន​ត្រឹម​១%​នៃ​ចំនួន​ពលរដ្ឋ​អាមេរិក​សរុប ហើយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​១​ភាគ​៣​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

យើង​បាន​ដឹង​ពី​បញ្ហា​ភាព​ក្រីក្រ​នេះ​យូរ​ហើយ ប៉ុន្តែ​ប្រសិន​បើយើង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នោះ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​នឹង​អាច​មានលទ្ធភាពនិង​ធនធានផ្សេងៗ​ដូច​ការ​អប់រំ។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងអាយុ​លើស​២៥​ឆ្នាំ​ត្រឹម​៥៤%​ប៉ុណ្ណោះ​ដែល​បាន​រៀន​ចប់​វិទ្យាល័យ។ ដូច្នេះ​ពេល​អ្នក​គិត​ឃើញ​ដល់​តំបន់​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ដូច Silicon Valley ហើយ​របៀប​ក្រុមហ៊ុន​នៅ​ទី​នោះ​រើស​បុគ្គលិក​ពី​សាលា​ល្បីៗ​ដូច​ជា Stanford Harvard និង​សាលា​របស់​ខ្ញុំ​គឺសាកលវិទ្យាល័យ Berkeley យើង​អាច​យល់​ហើយ​ថា​ហេតុ​អ្វី​ពួក​គេមិន​បាន​យក​ជនជាតិ​ខ្មែរ​ធ្វើ​ការ ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគ​ច្រើន​ ​មិន​បាន​ចូល​សាលា​ល្បីៗ​ទាំង​នោះ ឬមិន​បាន​ចូល​រៀន​មុខ​វិទ្យា​ខាង​បច្ចេកវិទ្យា​ទេ។ ពេល​ខ្ញុំ​បាន​ដឹង​ពី​តួ​លេខ​នេះ ទើប​ខ្ញុំដឹង​ថា​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​កែប្រែ​ស្ថានភាព​នេះ។ ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ក៏​បាន​បង្កើត​អង្គការ «ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា» ឬ Cambodians in Tech នេះ​ឡើង​ ដែល​បាន​លូតលាស់​មក​ដល់​សព្វ​ថ្ងៃ​នេះ។

កញ្ញា Maya Gilliss-Chapman ថា​រហូត​មក​ដល់​ពេល​នេះ​អង្គការ​របស់​កញ្ញា​បាន​ទទួល​ដំណើរការ​ល្អ។ តើ​អង្គការ​ Cambodians in Tech បាន​ជួយ​ជនជាតិ​ខ្មែរ​ប៉ុន្មាន​នាក់​ថែម​ទៀត​ឲ្យ​ចូល​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា?

អង្គារ Cambodians in Tech ផ្តោត​លើ​បី​ផ្នែក​ជា​សំខាន់ គឺ​ការ​បង្កើត​សហគមន៍ ការ​អប់រំ និង​ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​បង្ហាញ​បុគ្គល​គំរូ។ នៅ​ក្នុង​ពីរ​ឆ្នាំ​ចុង​ក្រោយ អង្គការ​ខ្ញុំ​បាន​កើន​សមាជិក​រហូតដល់​ជាង​៣០​នាក់​ទៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​សរុប​ប្រទេស​ចំនួន​៤។

សម្រាប់​ខ្ញុំ ​នេះ​ជា​ចំនួន​ដ៏​ច្រើន​ព្រោះ​ខ្ញុំ​មិនចាំ​ថា​មាន​ពេល​ណា​ដែល​ខ្ញុំ​ធ្លាប់​បាន​ដើរ​ចូល​ទៅ​ក្នុងបន្ទប់​មួយ​ដែល​មាន​ជនជាតិ​ខ្មែរ​៣០​នាក់​ដែល​សុទ្ធ​តែ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ។ បើ​និយាយ​ពី​យុទ្ធសាស្ត្រ​ខាង​ការ​អប់រំ​វិញ យើង​កំពុង​ជំរុញ​គម្រោង​ខាង​ការ​អប់រំ​នៅ​ទី​ក្រុង​ Seattle រដ្ឋ​វ៉ាស៊ីនតោន​ដែល​មាន​ជនជាតិខ្មែរ​ច្រើន​រស់​នៅ។

យើង​កំពុង​ពិភាក្សា​នៅ​ឡើយ​អំពី​គម្រោង​លម្អិត ប៉ុន្តែ​ខ្ញុំ​បាន​ទាក់ទង​សមាគម​និស្សិត​ខ្មែរ​នៅ​សាកលវិទ្យាល័យ Stanford និង Berkeley ដើម្បី​ឲ្យ​ពួក​គេ​ដែល​បាន​រៀន​នៅ​សាលា​ល្អៗ​ទាំង​នេះ​ដឹង​ថា ពួក​គេ​ក៏​គួរ​ជួយ​ក្មេងៗ​ជំនាន់​ក្រោយៗ​ទៀត ពីព្រោះ​ការ​បណ្ដុះ​ជំនាញ​ខាង​វិស័យ​នេះ​គឺ​ចាប់​ផ្ដើម​តាំង​ពី​នៅ​ក្មេងៗ​យ៉ាង​ដូច្នេះ។ ហើយ​អង្គការ​របស់​ខ្ញុំ ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​តែ​ម្នាក់​នោះ​ទេ។

រហូត​មក​ដល់​ពេល​នេះ តើ​ Cambodians in Tech បាន​សម្រេចអ្វី​ខ្លះ?

យើង​ខ្ញុំ​មិន​ទាន់​បាន​ជួប​ជុំ​គ្នាជា​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ។ ប៉ុន្តែ​យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​ប្រកួត​សរសេរ​កូដ(កម្មវិធី)​កុំព្យូទ័រ​ដែល​ហៅ​ថា hackathon នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ខែ​វិច្ឆិកា​នេះ ដែល​នេះ​ជា​ព្រឹត្តិការណ៍​ធំ​ដំបូង​របស់​អង្គការ​ខ្ញុំ ហើយ​សមាជិក​ទាំង​អស់​នឹង​ត្រូវ​ស្វាគមន៍​ឲ្យ​ចូល​រួម។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ដឹង​ថា​ មិន​មែន​គ្រប់​គ្នា​មាន​លទ្ធភាព​អាចធ្វើ​ដំណើរ​ទៅ​ចូល​រួម​កម្មវិធី​នៅ​ប្រទេស​កម្ពុជាឬ​នៅ​ទី​ក្រុង​ណា​មួយបាន​ទេ។ ដូច្នេះ ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​នានា​ដែល​មាន​សមាជិក​អង្គការ Cambodians in Tech ដើម្បី​យើង​អាច​ស្គាល់​គ្នា​និង​ពិភាក្សា​អំពី​គម្រោង​នានា​ដែល​យើង​មាន​នៅ​ពេល​អនាគត។

ខ្ញុំ​ទើប​បាន​ទៅ​ទី​ក្រុង​ Seattle ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​ hackathon នៅ​ប្រទេស​កម្ពុជា​និង​កម្មវិធី​បង្ហាត់​បង្ហាញ (mentoring) សម្រាប់​យុវជន​ខ្មែរ​អាមេរិកាំង​នៅ​ទី​ក្រុង Seattle។ នេះ​ជា​កម្មវិធី​នានា​ដែល​យើង​កំពុង​ដំណើរការ។ យើង​ខ្ញុំ​ក៏​កំពុង​តែ​រៃ​អង្គាស​ប្រាក់ ដោយ​សារ​តែ​កម្មវិធី​អប់រំ​ទាំង​នេះ​ត្រូវ​ការ​ថវិកា​លើស​ពី​លទ្ធភាព​របស់​ខ្ញុំ។

គោល​បំណងរបស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ពេល​ណា​បាន​សម្រេច​នោះ​ទេ គឺ​អនុវត្ត​នូវ​គម្រោង​អប់រំ​នានា​ដូច​ជា​ការ​បង្កើត​ថ្នាក់​រៀន​សរសេរ​កូដ​កុំព្យូទ័រ និង​ផ្ដល់​កុំព្យូទ័រ និងសម្ភារៈ​ខាង​ការ​អប់រំ​ដូច​ជាផ្ដល់​គ្រូ​បង្រៀន​និង​សៀវភៅ​ជា​ដើម ដើម្បី​បង្រៀន​យុវជន​ឲ្យ​ចេះ​សរសេរ​កូដ និង​អាច​ចូល​រៀន​ជំនាញ​បច្ចេកទេស​ ដោយយើង​ខ្ញុំ​នឹង​មាន​ផ្ដល់​អាហារូបករណ៍។

ខ្ញុំ​គិត​ថា​ជនជាតិ​ខ្មែរ​ជា​ច្រើន​មិន​ដឹង​ថា​ ការ​ចាប់​យក​អាជីព​ខាង​វិស័យ​បច្ចេកវិទ្យា​ជា​ជម្រើស​មួយ​ទេ​សម្រាប់​ពួក​គេ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​បង្ហាញ​និង​លើក​ទឹក​ចិត្ត​ពួក​គេ​ ហើយ​បើ​ពួក​គេ​សម្រេច​ថា​នឹង​យក​ជំនាញ​នេះ យើង​ខ្ញុំ​នឹង​ជួយបន្ថែម​ទៀត​ឲ្យ​អាច​រៀន​យក​សញ្ញាប័ត្រ​ខាង​ជំនាញ​បច្ចេកទេស​នេះ ដោយ​ផ្ដល់​អាហារូបករណ៍​ដល់​ពួក​គេ។ នេះ​ជា​គោលដៅ​ចុងក្រោយ​របស់​យើង។

តើ​រហូត​មក​ដល់​ពេល​នេះ អង្គការ​កញ្ញា​បាន​ថវិកា​ទ្រទ្រង់​ពី​ខាង​ណា?

មក​ដល់​ពេល​នេះ ខ្ញុំ​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​សិន។ ពេល​នេះ វា​មិន​ទាន់​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​នៅ​ពេល មាន​សំណូមពរ​ចង់​ឲ្យ​អង្គការ​ Cambodians in Tech ជួយ​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ហួស​លទ្ធភាព​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ បើ​មាន​លទ្ធភាព នោះ​ ខ្ញុំ​នឹង​អាច​ចំណាយ​រាប់​ម៉ឺន​សម្រាប់​អាហារូបករណ៍ ប៉ុន្តែ​នៅ​ពេល​នេះ យើង​មិន​ទាន់​មាន​លទ្ធភាព​ទេ។

ការ​ធ្វើ​ដំណើរ​សម្រាប់​កម្មវិធី hackathon ក៏​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន ដែល​យើង​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន ព្រោះ​ត្រូវ​នាំ​អ្នក​ជំនាញ​ជា​ច្រើន​រួម​ទាំង​អ្នក​វាយតម្លៃ​គម្រោង​នានា​ដែលចូល​រួម​នៅ​ក្នុង​ការប្រកួត​នេះ។ យើង​ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​ទាក់ទាញ​អ្នក​ជំនាញ​ពី​តំបន់​បច្ចេកវិទ្យា Silicon Valley មក​វាយ​តម្លៃ​គម្រោង​ទាំង​នេះ ហើយរំពឹង​ថា​នឹង​មាន​សោហ៊ុយ​ចំណាយ​កាន់​តែ​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់។ ប៉ុន្តែ​គម្រោង​ការ​ប្រកួត hackathon ដើម្បី​ភ្ជាប់ Silicon Valley ទៅ​រាជធានី​ភ្នំពេញ​នេះ​ ជា​គំនិត​ផ្តួចផ្តើម​របស់​សហការី​របស់​ខ្ញុំ​គឺ​លោក ឃុត សុភាស់ ដែល​ជា​សមាជិក​អង្គការ CiT នៅ​ទី​ក្រុង Seattle។ នេះ​ជា​គម្រោង​របស់​លោក ហើយ​ខ្ញុំ​គ្រាន់​តែ​ជួយ​រៃ​អង្គាស​ថវិកា​សម្រាប់​គម្រោង​នេះ​តែ​ប៉ុណ្ណោះ។

តើ​គម្រោងការ​ប្រកួត​ hackathon ដែល​នាំ​ពី Silicon Valley មក​ភ្នំពេញ​នេះ ​នឹង​មាន​អ្នក​ចូល​រួម​ប្រកួត​ប៉ុន្មាន​នាក់ ហើយ​ខុស​ពី​កម្មវិធី​ប្រកួត hackathon ផ្សេង​ទៀត​ដែល​មាន​នៅ​កម្ពុជា​យ៉ាង​ណាខ្លះ?

ខ្ញុំ​រីករាយ​នឹង​ទទួល​ពាក្យ​យ៉ាង​ច្រើន ប៉ុន្តែ​តាម​លទ្ធភាព​របស់​យើង​ខ្ញុំ ប្រហែល​ជា​អាច​ទទួល​បាន​ត្រឹម​២០​នាក់​ហើយ​ចែក​ជា​ក្រុម​តូចៗ​ដើម្បី​ចូល​ប្រកួត ដោយ​សារ​នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​ដែល​អង្គការ CiT បាន​ធ្វើ។ យើង​ក៏​មិន​ប្រកាន់​អាយុ​អ្នក​ចូល​រួម​ដែរ។

ដោយ​នេះ​ជា​ការ​ប្រកួត​ យើង​គិត​ថា​នឹង​មាន​រង្វាន់​ជា​ប្រាក់​សម្រាប់​គំនិត​ដែល​ល្អ​ជាង​គេ ហើយ​ដែល​នឹង​មាន​គណៈកម្មការ​វាយ​តម្លៃ​ដែល​ជា​អ្នក​ជំនាញ​និង​សមាជិក​អង្គការ​ CiT។

យើង​ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​មាន​អ្នក​ដឹកនាំ​ពី​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​ចូល​រួម​ព្រម​ទាំង​រំពឹង​ថា​នឹង​នាំ​ឥស្សរជន​មួយ​រូប​ពី​ Silicon Valley មក​ធ្វើ​ជាអ្នក​វាយ​តម្លៃ​ម្នាក់។ ជា​សំខាន់​នោះ គឺ​ក្នុង​ពេល​កន្លង​មក ខ្ញុំ​មិន​សូវ​ឃើញ​មាន​ទំនាក់ទំនង​រវាងតំបន់ Silicon Valley និង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

ខ្ញុំ​មិន​ដឹង​ថា​មាន​អ្នក​វិនិយោគនិង​សហគ្រិន​ខាង​បច្ចេកវិទ្យា​ប៉ុន្មាន​នាក់​ពី Silicon Valley ដែល​ទៅ​ប្រទេស​កម្ពុជា​ទេ។ ដោយ​ហេតុ​នេះ​ហើយ ខ្ញុំ​សង្ឃឹម​ថា​ នៅ​ពេល​យើង​ខ្ញុំ​អាច​នាំ​ពួក​គេ​មកចូល​រួម​ព្រឹត្តិការណ៍ hackathon នៅ​ភ្នំពេញ​យ៉ាង​ដូច្នេះ​ នឹងមាន​ការ​ចាប់​អារម្មណ៍ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិកាំង ហើយ​ជនជាតិ​អាមេរិក​នឹង​អាច​ដឹង​ថា​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​លូតលាស់​ដែរ។

ពេលកញ្ញា Maya ទៅ​ទស្សនា​ប្រទេស​កម្ពុជា​ចុង​ក្រោយ​បំផុត តើ​មាន​អ្វី​ដែល​ Maya បាន​ភ្ញាក់​ផ្អើល​ទេ?

ចាស ពេល​នោះ​ខ្ញុំ​មិន​គិត​ស្មាន​ថា​ខ្ញុំ​មាន​ការ​យល់​ដឹង​តិច​តួច​ណាស់​អំពី​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។ វិស័យ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​នៅតំបន់ Silicon Valley។ ខ្ញុំ​ឮ​គេ​ថា ការ​រក​មូលធន​នៅ​កម្ពុជា​មិន​មែន​ជា​បញ្ហា​ធំ​ទេ។ មាន​អ្នក​ហ៊ាន​បោះ​ទុន​វិនិយោគ។ បញ្ហា​សំខាន់​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ជនជាតិ​ខ្មែរ​ច្រើន​ជាង​មុន​ក្លាយ​ជា​សហគ្រិន​ខាង​បច្ចេកវិទ្យា។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ឬ​បារាំង ហើយ​មាន​ក្រុមហ៊ុន​តិច​ណាស់​ដែល​ជា​របស់​សហគ្រិន​ខ្មែរ។ រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំភ្ញាក់​ផ្អើល ប៉ុន្តែតាម​ពិត​វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ។

មាន​អ្នក​វិនិយោគ​ដែល​ចង់​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​សហគ្រាស​បង្កើត​ថ្មី​ឬ Startup។ ដូច្នេះ​អ្នក​ដែល​ខ្ញុំ​បាន​ជួប​ មាន​ការ​រីករាយ​ដោយ​បាន​ជួប​នឹង​ខ្ញុំ​ដែល​ជា​ជនជាតិ​ខ្មែរ​ហើយ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ពីព្រោះ​គេ​មិន​សូវ​ដែល​ឃើញ​ជនជាតិ​ខ្មែរ។

ក្នុង​ដំណើរ​នោះ​ ខ្ញុំ​មិន​ដឹង​ថាវិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍន៍​កម្រិត​ណា​នោះ​ទេ ហើយ​ខ្ញុំ​រីករាយ​ដែល​ឃើញ​មាន​កម្មវិធី startup រាល់​ចុង​សប្ដាហ៍។ ប៉ុន្តែ​ខ្ញុំ​មិន​នឹង​ស្មាន​ថា​ការ​ស្វែង​រក​អ្នក​វិនិយោគ​មិន​មែន​ជា​ការ​លំបាក​ទេ។ អ្វី​ដែល​លំបាក​នោះ​ គឺ​ការ​ជំរុញ​ស្មារតី​យុវជន​ខ្មែរ​ឲ្យ​ហ៊ាន​ធ្វើ​ការ​ប្រថុយរកស៊ី​និង​បង្កើត​សហគ្រាស​បង្កើត​ថ្មី startup។

ផ្នត់​គំនិត​របស់​យុវជន​ខ្មែរ​ប្រហែល​ជា​បាន​ផ្លាស់​ប្ដូរ​ខ្លះ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​ខ្ញុំ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ខេត្ត​ពោធិ៍សាត់​កាល​ពី​ឆ្នាំ​២០០៩ ខ្ញុំ​បាន​សួរ​កូន​សិស្ស​ខ្ញុំ​ថា តើ​ពួក​គេ​ចង់​ធ្វើ​ការ​អ្វី ហើយ​ពួក​គេ​ឆ្លើយ​ថា ក្នុង​វិស័យ​ទេសចរណ៍​ឬ​លេង​កីឡា។ ខ្ញុំ​មិន​ដែល​ឮ​អ្នក​ណា​ម្នាក់​និយាយ​ថា​ចង់បង្កើត​ startup ទេ។

តើ​កញ្ញា​មាន​សុទិដ្ឋិនិយម​កម្រិត​ណា​ចំពោះ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា?

ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង។ ខ្ញុំ​មិន​ដឹង​ពី​ស្ថានភាព​លម្អិត​របស់​វិស័យ​នេះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​ដង​មក​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា​ជនជាតិ​ខ្មែរពូកែ​ខាង​ការ​រកស៊ី។ ថ្វី​ត្បិត​ពួក​គេ​មិន​បង្កើត​សហគ្រាស​បង្កើត​ថ្មី​ (startup)ក្ដី​ ក៏​ពួកគេ​មានបើក​ហាង​លក់​របស់​ផ្សេងៗ ដូចជា​លក់​ខោអាវ​ជា​ដើម។ ខ្ញុំ​ហៅ​ទេពកោសល្យ​នេះ​ថា «លក្ខណៈ​មមាញឹក​របស់​ខ្មែរ»។

ដូច្នេះ​ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​បណ្តុះ​សហគ្រិន​ភាព​នេះ និង​ផ្ដល់​ធនធាន​និង​សម្ភារៈ​ដល់​ពួក​គេ​ដើម្បី​អាច​រៀន​ជំនាញ​បច្ចេកវិទ្យា ផ្ដល់​ឲ្យ​ពួក​គេ​នូវ​កុំព្យូទ័រ​ដែល​ល្អ​ជាង​គេ គ្រូ​បង្រៀន​ដែល​ពូកែ​ជាង​គេ និង​ផ្ដល់​លទ្ធ​ភាព​ឲ្យ​ពួក​គេ ​អាច​ទទួល​បាន​ការ​អប់រំ​ល្អ​តាម​រយៈ​ការ​ទទួល​បាន​អាហារូបករណ៍។ នៅ​ពេល​នោះ​ ទើប​ខ្ញុំ​គិត​ថា យើង​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​បាន។

ខ្ញុំ​ជឿជាក់​ថា​ ជនជាតិ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បីចាត់​យក​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ។ ជំនាញ​នេះ​មិន​មែន​ជា​ជម្រើស​អាជីព​ក្នុង​ជីវិត​តែ​មួយ​ទេ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​តំបន់​បច្ចេកវិទ្យា Sillicon Valley នៅ​សហរដ្ឋ​អាមេរិក ការ​ដែល​មាន​ចំណេះបច្ចេកទេស​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ មាន​អារម្មណ៍​ថា​មាន​សិទ្ធិ​អំណាច ហើយ​សង្ឃឹម​ថា អ្នក​ផ្សេង​ទៀត​យ៉ាង​ហោច​ណាស់​អាច​ពិចារណា​អំពី​រឿង​នេះ៕

XS
SM
MD
LG