ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​រក្សា​តុល្យភាព​រវាង​អធិបតេយ្យភាព​ដែន​សមុទ្រ​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ចិន


លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក្នុង​កិច្ចប្រជុំ G20 ក្នុង​ក្រុង Hangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក្នុង​កិច្ចប្រជុំ G20 ក្នុង​ក្រុង Hangzhou ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។

ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ធ្វើ​ការ​ល្បាត​នៅ​ក្នុង​ដែន​ទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បណ្តេញ​នាវា​នេសាទ​របស់​ចិន ដែល​ទង្វើ​នេះ​បង្ក​ជា​ហានិភ័យ​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​មួយ​នឹង​ចិន ប៉ុន្តែ​ឥណ្ឌូនេស៊ី​មាន​ប្រៀប​ជាង​នៅ​ក្នុង​ជម្លោះ​នេះ​ដោយ​បង្ក​ផល​ប៉ះពាល់​តិច​តួច​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ Jokowi នោះ​បាន​ថ្លែង​កាលពី​ខែ​តុលា​ថា រដ្ឋាភិបាល​នឹង​មិន​ចុះញ៉ម​ចំពោះ​ការ​ទាមទារ​នៅ​ជុំវិញ​ប្រជុំ​កោះ Natunas កន្លែង​ដែល​នាវា​នេសាទ​របស់​ចិន​ឆ្លង​កាត់​នៅ​ក្នុង​ដែន​ទឹក​នោះ។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ​ទាំង​នោះ​ ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​កាលពី​ខែ​កញ្ញា​និង​តុលា​កន្លង​ទៅ​នេះ។

លោក David McRae អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មួយ​រូប​នៅ​ឯ​វិទ្យាស្ថាន​អាស៊ី​នៃ​សាកលវិទ្យាល័យ Melbourne ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា៖ «ក្រុម​មន្ត្រី​ឥណ្ឌូនេស៊ី​ជា​ច្រើន​មាន​ការ​ជឿជាក់​ថា ខ្លួន​អាច​ទាមទារ​បាន​សិទ្ធិ​ក្នុង​ការ​ដាក់​តំបន់​ដែល​ខ្លួន​ទាមទារ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជុំវិញ​ប្រជុំ​កោះ Natunas ហើយ​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ដ៏​រ៉ឹងមាំ​ជាមួយ​នឹង​ចិន​ក្នុង​ពេល​តែ​មួយ»។

លោក Widodo កាលពី​ឆ្នាំ​មុន​ បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ដែល​មាន​តម្លៃ ១៥០ពាន់លាន​ដុល្លា​គិត​ត្រឹម​ឆ្នាំ២០២០។ ចិន​គឺ​ជា​ប្រភព​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ច្រើន​ជាង​បំផុត ហើយ​ជា​ប្រទេស​ដែល​ឥណ្ឌូនេស៊ី​នាំ​ចេញ​ធនធាន​រ៉ែ​និង​ប្រេងដូង​ច្រើន​បំផុត​ទី​២៕

XS
SM
MD
LG