\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ្វីលីពីន​នឹង​សាងសង់​កំពង់ផែ​ថ្មី​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


ទាហាន​ហ្វីលីពីន​ដើរ​តាម​បណ្តោយ​ឆ្នេរ Pag-asa នៅ​លើ​បណ្តុំ​កោះ Kalayaan ដែល​ជា​កោះ​មួយ​គ្រប់គ្រង​ដោយ​កងកម្លាំង​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ទាហាន​ហ្វីលីពីន​ដើរ​តាម​បណ្តោយ​ឆ្នេរ Pag-asa នៅ​លើ​បណ្តុំ​កោះ Kalayaan ដែល​ជា​កោះ​មួយ​គ្រប់គ្រង​ដោយ​កងកម្លាំង​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ហ្វីលីពីន​នឹង​សាងសង់​កំពង់ផែ​ថ្មី​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​នេះ​ជា​ជំហាន​មួយ​ក្នុង​ការ​ជំរុញ​ដល់​ការ​ទាមទារ​យក​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​នេះ។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ហ្វីលីពីន។

ក្រុម​អ្នកវិភាគ​និយាយ​ថា នេះ​ជា​ដំណើរ​វិវឌ្ឍន៍​មួយ​ដែល​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រទេស​ដទៃ​ទៀត​ដែល​ទាមទារ​យក​ដែន​សមុទ្រ​ខាង​ត្បូង​នេះ ជាពិសេស​គឺ​ប្រទេស​ចិន​តែ​ម្តង។​

ប៉ុន្តែ​លោក Eugenio Bito-onon អតីត​អភិបាល​ក្រុង Kalayaan ដែល​ជា​ក្រុង​តូច​ជាង​គេ​បំផុត​របស់​ហ្វីលីពីន​នៅ​លើ​ប្រជុំកោះ Spratly បាន​និយាយ​ថា កំពង់ផែ​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ដើម្បី​ឲ្យ​កោះ Thitu កាន់​តែ​ងាយស្រួល​ចេញចូល​សម្រាប់​ប្រជាពលរដ្ឋ​ប្រហែល​២០០​នាក់ ដែល​ភាគច្រើន​ពួកគេ​ជា​អ្នក​នេសាទត្រី ហើយ​ក៏​មាន​ទាហាន​ឆ្លាស់វេន​គ្នា​ប្រមាណ៥០​នាក់​ដែល​រស់​នៅ​លើ​កោះ​នោះ។​

ក្រុមមន្ត្រី​ហ្វីលីពីន​និយាយ​ថា កំពង់ផែ​ថ្មី​នេះ​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ចេញចូល​ទៅ​កាន់​កោះ​ដាច់​ស្រយាល​ទាំង​១០​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​សម្រួល​ដល់​ការ​ចេញចូល​ទៅ​កោះ​តូចៗ​ទាំង​៨​ ថ្ម​ប៉ប្រះ​ទឹក និង​ខ្សាច់​ដែល​ហ្វីលីពីន​បាន​ទាមទារ​យក ​នៅ​ក្នុង​ប្រជុំ​កោះ Spratlys ផង​ដែរ។

លោក Johnny Pimentel តំណាងរាស្ត្រ​ហ្វីលីពីន​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ត្រៀម​ទឹក​ប្រាក់​ចំនួន​ប្រមាណ​៩​លាន​ដុល្លារ​សម្រាប់​ការងារ​សាងសង់​កំពង់ផែ​នេះ។
លោក Pimentel បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «កំពង់​ផែ​នេះ​នឹង​ជួយ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​មក​តាំង​លំនៅ​លើ​កោះ​ហ្វីលីពីន​ដែល​នៅ​ដាច់​ស្រយាល​មួយ​នេះ»។ ​

​ក្រុង Kalayaan រួម​មាន​កោះ​ កូនកោះ​តូចៗ និង​ថ្ម​ប៉ះប្រះ​ទឹក​សរុប​ចំនួន​៩៥ នៅ​ចំ​កណ្តាល​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ហ្វីលីពីន​ទាមទារ​យក៕

XS
SM
MD
LG