ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុច​ថា​ខ្លួន​ធ្វើ​តាម​បញ្ជា​ឲ្យ​«កម្ទេច​គុក​ទួលស្លែង‍»​ព្រោះ​«ភ័យ​ខ្លាច‍»​ការ​បោស​សំអាត​ផ្ទៃ​ក្នុង


លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​ពុធ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ECCC/Nhet Sok Heng)
លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​ពុធ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ECCC/Nhet Sok Heng)

ក្នុង​សក្ខីកម្ម​របស់​ខ្លួន​ ​នា​ថ្ងៃ​ទី​ពីរ​​នេះ​ ​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ​ ​ហៅ​ឌុច បាន​អះអាង​ថា​ ខ្លួន​ទទួល​បញ្ជា​ពី​ នួន ជា ​ឲ្យ​«កម្ទេច​​ ​គុក​ទួលស្លែង»​ និង​សម្លាប់​អ្នក​ជាប់​ឃុំ​នៅ​ទីនោះ​ទាំង​អស់​នៅ​ក្នុង​នោះ​ ​ មុន​ពេល​ដែល​ ​កងទព័​វៀតណាម​ចូល​មក​ដល់​នា​ចុង​ឆ្នាំ​១៩៧៦។​

កាំង ​ហ្កេកអ៊ាវ ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ស-២១ ឬ​ គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម​ ​បាន​អះ​អាង​បន្ថែម​នា​ថ្ងៃ​ពុធ​នេះ​ថា​ នួន ជា ​បង​ធំ​ទី​ពីរ​នៃ​របប​ខ្មៅ​ងងឹត​នេះ​បាន​បញ្ជា​ឲ្យ​ខ្លួន​កម្ទេច​មន្ទីរ​ស-២១​នា​ចុង​ឆ្នាំ​១៩៧៦​ ក្រោយ​ពេល​ដែល​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​របស់​របប​អាវ​ខ្មៅ​មួយ​នេះ។​ ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​និង​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ឌុច​អះអាង​ថា ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ក៏​មាន​ការ​«ភ័យ​ខ្លាច​យ៉ាង​ខ្លាំង»​ ចំពោះ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ផង​ដែរ។

​ក្នុង​សក្ខីកម្ម​របស់​ខ្លួន​ ​នា​ថ្ងៃ​ទី​ពីរនេះ​ ​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ​ ​ហៅ​ឌុច បាន​អះអាង​ថា​ ខ្លួន​ទទួល​បញ្ជា​ពី​ នួន ជា ​ឲ្យ​«កម្ទេច ​គុក​ទួលស្លែង»​ និង​សម្លាប់​អ្នក​ជាប់​ឃុំ​នៅ​ទីនោះ​ទាំង​អស់​នៅ​ក្នុង​នោះ​ ​ មុន​ពេល​ដែល​ ​កងទព័​វៀតណាម​ចូល​មក​ដល់​នា​ចុង​ឆ្នាំ​១៩៧៦។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​ចំពោះ​ ​ជោគ​វាសនា​គ្រួសារ​និង​កូនៗ​របស់​ ​ជន​ដែល​បញ្ជូនមក​កាន់​គុក​ដ៏​ខ្មៅ​ងងឹត​របស់​ខ្លួន​យ៉ាងណា​នោះ ឌុច​ឬ​ ​កាំង ហ្កេកអ៊ាវ​បាន​បញ្ជាក់​ដដែលៗ​ថា​ លោក​ធ្វើ​តាម​បញ្ជា​របស់​អង្គការ​ ​និង​ការ​ចាត់តាំង​របស់​បងធំ​ទី​ពីរ ​នួន ជា​ ក្នុង​ការ​កម្ទេច​ខ្មាំង​ទាំង​គ្រួសារ។​ យ៉ាង​ណា​ក៏​ដោយ​ ឌុច ​ថ្លែង​ថា ​ការងារ​ចុង​ក្រោយ​របស់​លោក​ក្នុង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺសម្អាត​មន្ទីរ​ស-២១​ ​និង​អ្នក​ទោស​ទាំង​អស់។

​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​និង​កោរ​សក់​ផង​នោះ​ ឌុច​បាន​ថ្លែង​ក្នុង​តុលាការ​នា​ថ្ងៃ​ពុធ​នេះ​ ​យ៉ាង​ដូច្នេះ​ថា៖

​«តាម​ការ​ណែនាំ​របស់​ពូ​នួន​ឲ្យ​កម្ទេច​ចោល​ទាំង​អស់​មុន​យួន​ចូល​ ​ហើយ​ពេល​ណឹង​ខ្ញុំ​សុំ​ទុក​តែ​៤នាក់​គត់»។

ថ្ងៃ​ពុធ​នេះ​ គឺ​ជា​សក្ខីកម្ម​ថ្ងៃ​ទី​ពីរ​ក្នុង​ចំណោម​៩​ថ្ងៃ​របស់​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ ពាក់ព័ន្ធមន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ ក្នុង​សំណុំ​រឿង​០០២​ វគ្គ​០២​ ប្រធានបទ​ទី៤។ ​ឌុច​ធ្លាប់​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​ នួន ជា និង ​ខៀវ សំផន​ ក្នុង​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​ម្តង​រួម​មក​ហើយ​នា​ឆ្នាំ​ ​២០១២​ ​ក្នុង​សំណុំ​រឿង​០០២ វគ្គ១។​
​សូម​បញ្ជាក់​ផង​ដែរ​ថា​ កាំង ហ្កេកអ៊ាវ​ ហៅ​ឌុច អតីត​ប្រធាន​មន្ទីរស-២១​ឬ​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​ ឬ​ ​ECCC​ ​ដាក់​ទោស​អស់​មួយ​ជីវិត​ ​នា​គុក​ខេត្ត​កណ្តាល​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ​និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ​ឆ្នាំ​១៩៤៩។​

​នៅ​ក្នុង​សវនាការ​ ​នា​ថ្ងៃ​ពុធនេះ​ ឌុច ​ដែល​សព្វ​ថ្ងៃ​មានវ័យ​៧៤ឆ្នាំ ​ក៏​បាន​បង្ហាញ​ពី​ភាព​«ភ័យខ្លាច»​ ​របស់​ខ្លួន​នៅ​ពេល​ដែល​ ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ខ្មែរ​ក្រហម ​ចាប់​ផ្តើម​ធ្វើ​ការ​បោសសម្អាត​ផ្ទៃ​ក្នុង​នោះ។​ ឌុច​ដែល​ធ្លាប់​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ ​មនុស្ស​ផ្តាច់ពូជ​ ​យ៉ាង​ហោច​ណាស់​១២.០០០​នាក់ ​ក្នុង​គុក​ទួល​ស្លែង​ ​បាន​បង្ហាញ​ថា ​ខ្លួន​គឺ​ទទួលការ​បញ្ជា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​និង​ដោយ​ផ្ទាល់​ពី​ នួន ជា។​

​ឌុច​ រៀបរាប់​ប្រាប់​សវនាការ​ថា៖

​«ដល់​ចុងបញ្ចប់​នេះ​ ​ដែល​ពូ​នួន​ ​កាត់​ឲ្យ​ខ្ញុំ​កម្ទេច​មនុស្ស​ចេញ​ឲ្យ​អស់​ពី​ស-២១​នេះ គឺខ្ញុំ​ទន់​ជើង​ទន់​ដៃ​ លេង​ធ្វើ​ការ​អី​កើត។​ ឈឺ​ដេក​នៅ​នឹង​កន្លែង។​ ថ្ងៃ​ដែល​យួន​ចូល​មក​ដល់​ហ្នឹង​ គឺ​ខ្ញុំ​ឈឺ។​ ហ្នឹង​គឺ​វា​ភ័យ​អញ្ចឹង​ ហើយ​បើ​ប្រពន្ធ​ខ្ញុំ​វិញ​ គាត់​ថា៖​ ឲ្យ​តែ​ឃើញ​អង្គការ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ការ​ ​គាត់​បុក​ពោះ​ ដល់​ឃើញ​ខ្ញុំជិះ​ម៉ូតូ​មក​វិញ​ បាន​គាត់​ស្វាង។ ​គាត់​ថា៖ បុកពោះ​ឡើង​អស់​ហើយ​ព្រលឹង​ ​គាត់​ថា៖​ ដល់​ពេល​ហើយ​អញ។​ ដូច្នេះ​ការ​សម្រិត​សម្រាំង​ នៅ​ពេល​នោះ​គឺ​ប៉ះ​ពាល់​អារម្មណ៍​មនុស្ស​មិន​តិច​ទេ​ គឺ​ច្រើន​រួម​ទាំង​ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ​ផង»។​

​យ៉ាង​ណា​ក៏​ដោយ​ឌុច​អះអាង​ថា​ ខ្លួន​គឺ​ជា​បង្គោល​តែ​មួយ​គត់​សម្រាប់​ការ​រស់រាន​របស់​ក្រុម​គ្រួសារ​ ហើយ​ប្រសិន​បើ​ឌុច​មិន​ធ្វើ​តាម​ការ​បញ្ជា​ពី​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​និង​ដោយ​ផ្ទាល់​ពី​នួន ជា​នោះ​ទេ​ ​គ្រួសារ​របស់​ខ្លួន​ក៏​មាន​ជោគវាសនា​ដូច​អ្នក​ដ៏​ទៀត​ ​ចំពោះ​ការ​កម្ទេច​ចុង​ក្រោយ​របស់​ពួក​ខ្មែរ​ក្រហម។​

លោក ​ជុំ ម៉ី ​អតីត​អ្នកទោស​ក្នុងគុក​ទួលស្លែង​ ​ដែល​ធ្លាប់​ធ្វើ​ជា​សាក្សី​ប្រឆំាង​នឹង​ឌុច​ក្នុង​ពេល​កន្លង​មក​នោះ​ បាន​ប្រាប់​ VOA ​នា​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ជឿជាក់​ចំពោះ​ការណ៍​ដែល​ឌុច​ភ័យ​ខ្លាច​និង​ធ្វើ​តាម​បញ្ជា​ថ្នាក់​ដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។​

​បើ​ទោះ​ជា​មាន​មន្ទិល​ចំពោះ​សក្ខីកម្ម​ឌុច​យ៉ាង​ណា​ក៏​ដោយ​ លោក​ ជុំ ម៉ី​ បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​ជឿ! ជឿ​ថា​ នួន ​ជា​ បញ្ជា​ពី​ខាង​លើ​ឲ្យ​ឌុច​ធ្វើ​ អា​នេះ​គាត់​ធ្វើ​ ធ្វើ​តាម​បញ្ជា​មក​ពី​លើ​ដែរ​ហ្នឹង​បាទ។​ បើ​គាត់​មិន​ធ្វើ!​ គឺ​ដូច​ជា​ ហ៊ឹម ហ៊ុយ​ អញ្ចឹង​ណា​ក្មួយ។​ ហ៊ឹម ហ៊ុយ ហ្នឹង​ឌុច​ វា​បញ្ជា​ឲ្យ​សម្លាប់​គេ​ ​តែ​ហ៊ឹម ហ៊ុយ​ វា​ថា​មិន​ហ៊ាន​សម្លាប់។ ​តែ​បើ​ ហ៊ឹម ហ៊ុយ ​ហ្នឹង​មិន​ហ៊ាន​សម្លាប់ ​ឌុច​ ហ្នឹង​មិន​សម្លាប់​ ហ៊ឹម ហ៊ុយ ​ហើយ ​ព្រោះ​ឌុច​ហ្នឹង​ ​កាន់​កៃ​កាំ​ភ្លើង​ទៅ​ហើយ​ ​សួរ​ថា​មិត្ត​ឯង​ ដាច់​ខាត​ឬ​មិន​ដាច់​ខាត។​ តែ​ ហ៊ឹម ហ៊ុយ ​ថា​មិន​ដាច់​ខាត​ ឌុច​ហ្នឹង​បាញ់​ ប៉ូង ​បាទ!​ ទម្លាក់​ក្នុង​រណ្តៅ​ហ្នឹង»។​

​ទោះ​ជាយ៉ាង​នេះ​ក៏​ដោយ ​នួន ជា ​បងធំទី​ពីរ​នៃ​របប​អាវ​ខ្មៅ​នេះ​ ​ធ្លាប់​បាន​ទាត់​ចោល​និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​គុក​ទួលស្លែង​រួម​ទាំង​ ​ការ​បញ្ជា​ឲ្យ​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ អ្នក​ទោស​នៅ​ទី​នោះ។ ក៏​ប៉ុន្តែ​ការ​ទាត់​ចោល​មិន​ទទួល​ខុស​ត្រូវ​របស់​ នួន ជា ​ត្រូវ កាំង ហ្កេកអ៊ាវ​ ​ហៅ​ឌុច​ថា​ «វាមិន​មាន​ន័យ»។​

គេ​សង្កេត​ឃើញ​ថា​ មិន​មាន​វត្តមាន​របស់បង​ធំ​ទី​ពីរ​ នួន ជា​ ចូល​ស្តាប់​ក្នុង​សវនាការ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​នោះ​ទេ។​

លោក ​នេត្រ ភក្ត្រា​ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ​ឬ ECCC​ ​បាន​ប្រាប់​ VOA ​នា​ថ្ងៃ​ពុធ​នេះ​ថា​នួន ជា​ បាន​បោះបង់​សិទ្ធិ​មិន​ចូល​អង្គុយ​ ​ស្តាប់​ក្នុង​សវនាការ​ដោយ​អះ​អាង​ពី​សុខភាព​មិនល្អ។​ យ៉ាង​ណា​ក៏​ដោយ​លោក​ នេត្រ ភក្ត្រា ​ថា​ នួន ជា​ គឺ​នៅ​តាម​ដាន​សវនាការ​ ​ក្នុង​បន្ទប់​សោតទស្សន៍​របស់​សាលា​ក្តីខ្មែរក្រហម។​

​លោក ​នេត្រ ភក្ត្រា បញ្ជាក់​ថា៖

​«បើ​ទោះ​បី​ជា​គាត់​មិន​ស្ថិត​នៅ​ក្នុង​បន្ទាប់​ ​នៅ​ក្នុង​សាល​សវនាការ​ខាង​លើ​ ​ជួប​ហ្នឹង​សាក្សី​ឌុច​ក៏​ដោយ​ ​ក៏​គាត់​អាច​ស្តាប់​ ​បន្ត​ការ​ស្តាប់​ ​ការ​ផ្តល់​សក្ខីកម្ម​របស់​ឌុច ​តាម​សោតទស្សន៍​ ដែល​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​នៅ​ខាង​ក្រោម​ហ្នឹង​បាន។ ​ហើយ​បើ​គាត់​ចង់​មាន​ការ​ថ្លែង ​ឬអី​យ៉ាង​ម៉េច​ ​គឺគាត់​អាច​ជូន​ដំណឹង​តាមរយៈ​មេធាវី​គាត់​មក​កាន់​អង្គ​ជំនុំជម្រះ​បាន​ បាទ!»។​

​មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម​ដដែល​រូប​នេះ​ ​បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្រុម​មេធាវី​នៃ​ជនរងគ្រោះ​នឹង​អាច​ធ្វើ​ការ​សាក​សួរ​ ​ឌុច ​ឬ​ ​កាំង​ ​ហ្កេកអ៊ាវ​ ក្នុង​សវនាការ​បន្ត​ទៀត​ នា​ថ្ងៃ​ខាង​មុខចំពោះ​ប្រធានបទ​ទី៤​ ដែល​ពាក់​ព័ន្ធមន្ទីរ​សន្តិសុខ​ ​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង។​

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ សាលាក្តី​កូន​កាត់​មួយ​នេះ ​ទើប​តែ​ ​កាត់​ទោស​បាន​ជន​ជាប់​ចោទ​ម្នាក់​គឺ​ដែល​ជា​ប្រធាន​គុក​ទួលស្លែង​គឺ​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​ ​តែ​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្លាប់​ ​មុន​ការ​កាត់​ទោស​ ​ហើយ​សព្វថ្ងៃ​នៅ​សល់​តែ​មេដឹក​នាំ​របប​នេះ​ ​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ​ ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ ​គឺ​ នួន ជា ​អតីត​បង​ធំ​ទី​២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០២៕

XS
SM
MD
LG