ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ភាព​លោភលន់​និង​សម្ភារនិយម​ហួសហេតុ​​ជា​ឫស​គល់​នៃ​«ជំងឺ​ពុករលួយ‍»


រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)

កាល​ពី​ឆ្នាំ​មុន អង្គការ​​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ទុក​កម្ពុជា​ថា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក​ដោយ​ចាត់​ចំណាត់​ថ្នាក់​ជាប់​លេខ​១៥៤​ក្នុង​ចំណោម​ប្រទេស​១៧៤។

ភាព​លោភ​លន់ និង​សម្ភារនិយម​ហួសហេតុ​ជា​ឫស​គល់​នៃ​វប្បធម៌​ពុករលួយក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ហើយ​រាល់​កិច្ចប្រឹងប្រែង​ទាំង​ឡាយ​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ត្រូវ​រក​ដំណោះស្រាយ​ចំពោះ​កត្តា​ទាំង​ពីរ​នេះ។ នេះ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​មួយ​រូប។

ឫស​គល់​នៃ​​ជំងឺ​ពុក​រលួយ​និង​វិធី​ព្យាបាល
សូម​រង់ចាំ

No media source currently available

0:00 0:26:57 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុងកម្មវិធី Hello VOA កាល​ពី​សប្តាហ៍​មុន​ថា កត្តា​ទាំង​ពីរ​នេះមាន​លក្ខណៈ​ខ្លាំងក្លា​រហូតធ្វើ​ឲ្យ​វប្បធម៌អំពើ​ពុករលួយ​នៅ​កម្ពុជា​មាន​លក្ខណៈ​ដូច«ជំងឺ»។

លោក​ថ្លែង​ថា៖ «យើង​អាច​និយាយ​បាន​ថា ឫសគល់​ធំ​បំផុត​គឺ​សេចក្តី​លោភ​លន់ (ភាសា​បាលី​គេ​ថា លោភៈ) របស់​មនុស្ស»។

លោក​ ព្រាប​ កុល ពន្យល់​ថា​អំពើ​ពុករលួយ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​យូរ​ម​ក​ហើយ ប៉ុន្តែ​មិន​ខ្លាំង​ដូច​ពេល​បច្ចុប្បន្ន​ទេ។ ជាក់​ស្តែង​លោក​ថា​នៅ​ក្នុង​អំឡុង​សម័យ​សង្គម​រាស្ត្រ​និយម​ក្នុង​ទសវត្សរ៍​១៩៥០​និង​១៩៦០ អំពើ​ពុករលួយ​មិន​ខ្លាំង​ដូច​បច្ចុប្បន្ន​ដោយ​សារមាន​សម្ភារៈទំនើប​តិច​ជាង​បច្ចុប្បន្នហើយ​ពលរដ្ឋ​ប្រកាន់​គោលការណ៍​ពុទ្ធសាសនា​បាន​ខ្ជាប់​ខ្ជួន​ជាង​សព្វ​ថ្ងៃ។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា​
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា​

កាល​ពី​ឆ្នាំ​មុន អង្គការតម្លាភាព​អន្តរជាតិ​បាន​ចាត់​ទុក​កម្ពុជា​ថា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក​ដោយ​ចាត់​ចំណាត់​ថ្នាក់​ជាប់​លេខ​១៥៤​ក្នុង​ចំណោម​ប្រទេស​១៧៤​ក្នុង​តារាង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ។ លោក ព្រាប កុល និយាយ​ថា ទោះ​បី​សម្ភារនិយម​នៅ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ដូចសហរដ្ឋ​អាមេរិក​មិន​មែន​ជា​កត្តា​ជំរុញ​អំពើ​ពុករលួយ​ក្តី​ ក៏​សម្ភារនិយម​មិន​សមស្រប​នឹង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ដោយ​សារ​វា​អាច​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​អំពើ​ពុករលួយ។​

«បច្ចុប្បន្ន​នេះ​សម្ភារៈ​មាន​ភាព​ទំនើប ហើយ​វា​បាន​នាំ​ចូល​មក​ប្រទេស​យើង​ ធ្វើ​ឲ្យ​មនុស្ស​គាត់​មើល​ឃើញ គាត់​ចាប់​ផ្តើមមាន​ចិត្ត​ចង់​បាន​។ នៅ​ពេល​ដែល​គាត់​មិន​មាន​លុយ​គ្រប់គ្រាន់​ ហើយ​គាត់​ចង់​បាន​របស់​ហ្នឹង​ខ្លាំង​ គាត់​លេង​ផ្លូវ​កាត់។ ផ្លូវ​កាត់​ហ្នឹង​គឺ​ថា កិបកេង ត្រូវ​ការ​បន្លំ ត្រូវការ​ពុករលួយ​ ត្រូវការ​ដើរ​ខ្សែ​លើ ត្រូវ​ការ​ធ្វើ​រឿង​អយុត្តិធម៌ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​បាន​របស់​ដែល​គាត់​ចង់​បាន​ដែល​អូស​ទាញ​ចិត្ត​គាត់​ហ្នឹង‍»។

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ថា អំពើ​ពុករលួយអាច​ត្រូវ​កាត់​បន្ថយ​បាន​តាម​ការ​អប់រំនិង​ការ​ប្រកាន់​ខ្ជាប់​នូវ​ធម៌​ព្រះពុទ្ធសាសនា​ រួម​ទាំង​ការ​ប្រាសចាក​ពីលោភៈ គឺ​ភាព​លោភ​លន់។

លោក​ ព្រាប កុល បាន​ទទួល​ស្គាល់​ថា ​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​នាំ​ឲ្យ​ កម្រិត​នៃ​អំពើ​ពុករលួយ​បាន​ថយ​ចុះ​ក្នុង​ផ្នែក​ខ្លះ រួម​ទាំង​សេវា​រដ្ឋបាល​មួយ​ចំនួន។ លោក​ថា​ការ​បង្កើតអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ឆ្នាំ​២០១០ ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។

ប្រិយមិត្ត​ម្នាក់​ដែល​ទូរស័ព្ទ​ចូល​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឈ្មោះ លោក ហាក់ បាន​ចោទ​សួរ​ថា​ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ចប់​«វប្បធម៌​ពុករលួយ»​នៅ​ពេល​ណា​មួយ​ទេ?

លោក ព្រាប កុល ថ្លែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ហើយ​មាន​តួ​នាទី​សំខាន់​ខ្លាំង​មិន​ត្រឹម​តែ​ដើម្បី​បំបាត់​ស្ថានភាព​អំណោយ​ផល​សម្រាប់​អំពើ​ពុករលួយ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ផ្តោតលើ​ការងារ​ផ្លាស់​ប្តូរ​ឥរិយាបថ​ពលរដ្ឋ​ផង​ដែរ។

«គាត់​[អង្គភាព]មាន​តួនាទី​សំខាន់​មែន​ទែន​នៅ​ក្នុង​តួអង្គ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ គាត់​ត្រូវ​ធ្វើ​សកម្មភាព​ទាំង​បី ទាំង​ការ​ដាក់​ទោស ទាំង​វិធានការ​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​អំពើ​ពុករលួយ​និង​វិធានការ​អប់រំ​ផ្នត់​គំនិត​»។

ប៉ុន្តែ​លោក​ថា នៅ​ទី​បំផុត​កិច្ច​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង«វប្បធម៌​ពុករលួយ»​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ទាំង​មូល។

«​បើ​យើង​ពឹង​ផ្អែក​តែ​លើ​ស្ថាប័ន​ហ្នឹង​មួយ​ គាត់​មិន​អាច​ធ្វើ​បាន​ទេ ទាល់​តែ​យើង​ទាំង​អស់​គ្នា​ចូល​រួម​ទាំង​អស់​គ្នា»៕

XS
SM
MD
LG