ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ការ​ដាំ​បន្លែ​ដើម្បី​ទប់​ការ​ហូរ​ចូល​បន្លែ​ពី​បរទេស


រូបឯកសារ៖ ​បន្លែ​ស្រស់​ដែលគេ​ដាក់​លក់​​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​​ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជា​ ០,៩ ​លាន​តោន​ ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​៤៤ភាគរយ​ និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។​

ប្រទេស​កម្ពុជា​ដែល​ត្រូវ​គេ​ដឹង​ថា​ ជា​ប្រទេស​ពឹង​ផ្អែក​លើ​កសិកម្ម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​តែ​ប្រឈម​នឹង​កង្វះ​ខាត​បន្លែ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ក្តី​បារម្ភ​អំពី​សារធាតុ​ពុល។ មន្ត្រី​រដ្ឋាភិបាល​ទទូច​ឲ្យ​ពង្រីក​ការ​ដាំដុះ​ និង​លើក​កម្ពស់​សុវត្ថិភាព​បន្លែ ប៉ុន្តែ​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ ទីផ្សារបន្លែ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ទាប​ ជា​ឧបសគ្គ​មួយ​នៃ​ការ​ពង្រីក​ផល​ដំណាំ​នេះ។

ក្នុង​ពេល​ដែល​បន្លែ​ដាំ​ក្នុង​ស្រុក​នៅ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​ក្នុង​ស្រុក​បាន​ ហើយ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​ជាមួយ​ក្តី​បារម្ភ​ពី​សារធាតុ​ពុល​ផង​នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​ និង​នេសាទ​ បាន​ស្នើ​ឲ្យ​អ្នក​ដាំ​បន្លែ​បង្កើន​ការ​ដាំដុះ​របស់​ខ្លួន​តាម​គោលការណ៍​បច្ចេកទេស​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​ ឬ​ហៅ​កាត់​ថា​ (GAP)​ និង​តាម​បែប​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី។

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជា​ ០,៩ ​លាន​តោន​ ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​៤៤ភាគរយ​ និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ពិភពលោក ឬ​ហៅ​កាត់​ថា​ (FAO)។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ បន្លែ​ប្រមាណ​២០០ ទៅ​ ៤០០តោន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​មក​ក្នុង​រាជធានី​ភ្នំពេញក្នុងមួយ​ថ្ងៃៗ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​នៃ​សិក្ខាសាលា​ស្តី​អំពី​ការ​លើក​កម្ពស់​សុវត្ថិភាព​បន្លែ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ាន វណ្ណហន​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ មាន​ប្រសាសន៍ថា កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ និង​ប្រជាកសិករ​ខ្មែរ​ ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​បង្កើន​ផល​ដាំដុះ​ ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង។

លោក ហ៊ាន វណ្ណហន អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ២០១៧ អំពី​ការផលិត​បន្លែ​សុវត្ថិភាព។ (ហ៊ុល រស្មី/VOA)

លោក ហ៊ាន វណ្ណហន អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ២០១៧ អំពី​ការផលិត​បន្លែ​សុវត្ថិភាព។ (ហ៊ុល រស្មី/VOA)

«យើង​ត្រូវ​តែ​ជំរុញ​ ក្នុង​ការ​ផលិត​បន្លែ ទោះ​បន្លែ​ធម្មតា​ និង​បន្លែ​ដែល​ធានា​គុណភាព។ បន្លែ​ធានា​គុណភាព​ ដូច​ជា​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ​ GAP​ ឬ​ក៏​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ​កសិកម្ម​សរីរាង្គ​កាល​ណា​យើង​មាន​អា​ផលិតផល​របស់​យើង​ ហើយ​ផ្តល់​ភាព​ទុកចិត្ត​ ដល់​អ្នក​ហូប​ អ្នកទិញ​ គឺ​នៅ​ពេល​នោះ​គឺ​វា​ជា​ស្វ័យប្រវត្តិ​ អា​បន្លែ​ដែល​ដឹក​ឆ្ងាយ​មក​ វា​លែង​មក​ឯង»។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ហៅ​កាត់​ថា​ ICCO​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រើប្រាស់​ប្រមាណ​៩៥​ភាគរយ បារម្ភ​ពី​សុវត្ថិភាព​ទាំង​បន្លែ​ក្នុង​ស្រុក​ និង​នាំចូល​ពី​ប្រទេស​ជិត​ខាង​ដែល​អាច​មាន​ជាតិ​ពុល។

លោក មិន ស នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ​២០១៧ អំពី​ការពង្រីក​ការ​ដាំ​បន្លែ​ក្នុង​ស្រុក។ (ហ៊ុល រស្មី/VOA)

លោក មិន ស នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ​២០១៧ អំពី​ការពង្រីក​ការ​ដាំ​បន្លែ​ក្នុង​ស្រុក។ (ហ៊ុល រស្មី/VOA)

លោក​ មិន ស នាយកប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ​ ដែល​ផ្តល់​ការ​គាំទ្រ​លើ​ការ​ពង្រីក​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ប្រជាកសិករ​ខ្មែរ​នៅ​មាន​ការ​យល់ដឹង​ទាប​អំពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​ នៅ​ពេល​ពួកគេ​ព្យាយាម​ដាំ​បន្លែ។​ ក្រៅ​ពី​មាន​កម្រិត​យល់​ដឹង​ទាប​អំពី​សារធាតុ​គីមី អ្នក​ដាំ​ដុះ​បន្លែ​ក្នុង​ស្រុក​ក៏​ប្រឈម​នឹង​ការ​បញ្ជូន​ផលិតផល​បន្លែ​មក​កាន់​ទីផ្សារ​ ដោយសារ​កង្វះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់។

«បញ្ហា​ប្រឈម​មួយ​ទៀត​ ជួន​កាល​កសិករ​គាត់​ផលិត​បាន​ហើយ។ ប៉ុន្តែ​បញ្ហា​ទីផ្សារ​ ដែល​កសិករ​ពិបាក​បំផុត ក្នុង​ការ​ដឹកនាំ​ផលិតផល​របស់​គាត់​មក​ទីផ្សារ​យើង​ ដោយ​សារ​ការ​ធ្វើ​ដំណើរ​ ហេដ្ឋា​រចនាសម្ព័ន្ធ​ គាត់​នៅ​ដាច់​ស្រយាល​ គាត់​នៅ​ឆ្ងាយ​ពី​ទីផ្សារ​ អញ្ចឹង​គាត់​ត្រូវ​ចំណាយ​លុយ​ខ្ពស់។ ហ្នឹង​ជា​បញ្ហា​ប្រឈម»។

រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ថវិកា​ចំនួន​ ៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ដើម្បីជំរុញ​កំណើនវិស័យ​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់​៥%​ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​ឯកសារ​នៃ​កញ្ចប់​ថវិកា​ជាតិ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។​

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បានឲ្យ​ដឹង​ថា រដ្ឋាភិបាល គ្រោង​ចំណាយ​២០​លាន​ដុល្លារអាមេរិក​ ទៅ​លើ​ផលិតកម្ម​ពូជ​ស្រូវ​ និង​បន្លែ​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​ ២០១៨​ខាងមុខ។

​យ៉ាង​ណា​ក៏ដោយ​ លោក​ ហ៊ាន វណ្ណហន​ អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង នេសាទ បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​របស់​រដ្ឋ​ មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ថវិកា​រដ្ឋ​ ដើម្បី​ទ្រទ្រង់​ផែនការ​ការងារ​របស់​ខ្លួន។

«ខ្ញុំ​ឃើញ​ថា​ ភាគច្រើន​គេ​តែងតែ​បន្ទោស​ទៅ​លើ​ការងារ​របស់​ស្ថាប័ន​រដ្ឋ ប៉ុន្តែ​ស្ថាប័ន​រដ្ឋ​ហ្នឹង​ គ្នា​មន្ត្រី​ធ្វើការ​យ៉ាប់​ណាស់​ លំបាក​ណាស់​ លំបាក​យ៉ាង​ម៉េច?​ អា supporting ​[ការ​គាំទ្រ] ទាំង​អស់ហ្នឹង​គឺ​វា​អត់​បាន​ទាន់​ដូច​អង្គការ​ទេ​ វា​មាន​នីតិវិធី​អី​ត្រឹមត្រូវ។ វា​រៀង​ថា​យូរ​តិច​ដែរ​ល្មម​យើង​បាន​លុយ​ហ្នឹង»។

នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​ខ្វាយខ្វល់​ពី​សារធាតុ​ពុល​នៅ​ក្នុង​បន្លែ​ លោក​ ហ៊ាន វណ្ណហន​ បាន​បន្ថែម​ថា​ កម្ពុជា​នៅ​ខ្វះខាត​មន្ទីរ​ពិសោធន៍​រក​សំណល់​តូចៗ​ ដែល​កប់​ក្នុង​បន្លែ​ ហើយ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។

លោក​ថា​ មន្ត្រី​កសិកម្ម​ ក៏​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ពិសោធន៍​ ដោយសារ​តែ​កម្រិត​នៃ​ការ​យល់​ដឹង​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​នោះ​ នៅ​ទាប​នៅ​ឡើយ។

អ្នក​ទទួល​ទាន​បន្លែ​នា​ពេល​បច្ចុប្បន្ន​ តែង​តែ​មាន​ការ​រអ៊ូរទាំ អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មក​ពី​ការ​ទទួល​ទាន​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល។

អ្នក​ទទួលទាន​បន្លែ​ធម្មតា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ពី​បញ្ហា​ឈឺ​ក្រពះ​និង​ការ​ចុះ​ថយ​កម្លាំង ដោយ​សារ​ការ​ទទួល​ទាន​បន្លែ​ផលិត​ក្នុង​ស្រុក​ ឬ​បន្លែ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ដែល​មាន​ប្រើ​សារធាតុ​គីមី។​

អ្នក​ជំនាញ​កសិកម្ម​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត ​សម្រាប់​ការ​ដាំដុះ​បន្លែ​ធម្មតា​ និង​បន្លែ​សរីរាង្គ​ ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ជាពិសេស​នោះ​ គឺ​ប្រទេស​វៀតណាម៕

XS
SM
MD
LG