ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង​ស្រី​​នៃ​ចំណាប់​ខ្មាំង​ខ្មែរ​រីក​រាយ​នឹង​បាន​ដំណឹង​ប្អូន​ក្រោយ​បាត់​ដំណឹង​ជាង​៤​ឆ្នាំ


អ្នកនេសាទ​ដែល​ត្រូវ​បាន​ក្រុមចោរ​សមុទ្រ​ចាប់​ឃុំឃាំង​ប្រមាណ​ជាង​៤ឆ្នាំ ដើរ​ឡើង​យន្តហោះ ក្រោយពី​ពួកគេ​​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ក្រុងGalkayo នៃ​ប្រទេស​សូម៉ាលី នៅ​ថ្ងៃ​អាទិត្យទី ២៣ ខែតុលា ឆ្នាំ២០១៦។ (រូបថត AP)
អ្នកនេសាទ​ដែល​ត្រូវ​បាន​ក្រុមចោរ​សមុទ្រ​ចាប់​ឃុំឃាំង​ប្រមាណ​ជាង​៤ឆ្នាំ ដើរ​ឡើង​យន្តហោះ ក្រោយពី​ពួកគេ​​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ក្រុងGalkayo នៃ​ប្រទេស​សូម៉ាលី នៅ​ថ្ងៃ​អាទិត្យទី ២៣ ខែតុលា ឆ្នាំ២០១៦។ (រូបថត AP)

ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦​​នាក់​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ឃុំឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅ​​ប្រទេស​សូម៉ាលី​​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ​សប្ដាហ៍​មុន។​ ពួកគេ​​នឹង​ត្រូវ​បញ្ជូន​មក​ប្រទេស​ហ្វីលីពីន​នៅ​ចុង​សប្តាហ៍​នេះ។

អង្គការ​ដែល​ធ្វើការ​ជួយ​រំដោះ​ចំណាប់​ខ្មាំង​នៅ​លើ​សមុទ្រ គឺ​ក្រុម​ The Hostage ​Support ​Partners ​ ប្រកាស​ថា​ ខ្លួន​បាន​រំដោះចំណាប់​ខ្មាំង​ចំនួន​២៦នាក់​ដែល​នៅ​រស់រាន​មាន​ជីវិតដែល​មកពី​ប្រទេស​វៀតណាម​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ចិន និង​ដែន​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​មានជនជាតិ​កម្ពុជា​ចំនួនបួន​រូប​ផង​ដែរ។

ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ឃុំឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅប្រទេស​សូម៉ាលីកាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ​សប្ដាហ៍​មុន។​ ពួកគេនឹង​ត្រូវ​បញ្ជូន​មក​ប្រទេស​ហ្វីលីពីន​នៅ​ចុង​សប្តាហ៍​នេះ។

អ្នកស្រី​ អែម ​រ៉ាន់​ ជា​បង​ស្រី​បង្កើត​របស់​លោក​ អែម ភូមិមុន្នី​ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ និង​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ទាំង​បួន​នាក់​ដែល​ត្រូវ​គេ​ចាប់​ជំរិតប្រាប់ VOA ​ថា អ្នកស្រីមិន​ដែល​បាន​ទទួល​ដំណឹង​ពី​សុខ​ទុក្ខ​ប្អូន​ប្រុស​របស់​អ្នកស្រី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ពោល​គឺ​តាំង​ពី​លោក​ អែម ភូមិមុន្នី​ ចាកចេញ​ទៅ​ធ្វើ​កម្មករ​នេសាទ​នៅ​ប្រទេស​ជប៉ុន​តាំង​ពីឆ្នាំ២០១០មក។​ អ្នកស្រីបន្ត​ថា អ្នកស្រី​ធ្លាប់ទទួលទូរស័ព្ទចំនួនមួយ​ដងគត់​កាលពី​ឆ្នាំ​២០១២​ គឺ​នៅ​គ្រា​ប្អូន​ប្រុស​អ្នកស្រី​ប្រាប់​ថា​រូប​គេ​ត្រូវ​បាន​ចាប់​ជំរិត។

អ្នក​ស្រី​ថ្លែង​បញ្ជាក់​ថា៖

«នៅ​លើ​ទូក​ នៅ​លើ​កប៉ាល់​ ខ្យល់! តែ​ម្ដង ស្ដាប់​គ្នា​អត់​បាន​ទេ។ និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​ទេ គ្រាន់​តែ​ថា ​គេ​ចាប់​ហើយ​បង​អើយ។​ គេ​ចាប់​ហើយ។​ ខ្ញុំ​ក៏​សួរ​ថា ​សុខសប្បាយ​អត់​អូន អត់​ទេ​សុខ​និង​ទុក្ខ​ស្មើគ្នា។ ថា​អញ្ចឹង។ អត់​ទេ​សុខ​និង​ទុក្ខ​ស្មើគ្នា។ គេ​ចាប់​ហើយ មិន​ដឹង​យ៉ាង​ម៉េច​ទេ។​ ថា​អញ្ចឹង​ឯង។មិន​ដឹង​ជួប​បង​ឬ​អត់​ទេ។​ ​វា​ប្រផ្នូល​ខ្លួន​វា​ថា​អញ្ចឹង​ទៅ​អី​ណ្ហា»។

បន្ទាប់​ពីបាត់​ដំណឹងលោក​ អែម ភូមិមុន្នី ​តាំង​ពី​ឆ្នាំ​២០១២​មក អ្នកស្រី​ អែម​ រ៉ាន់​ ភ្ញាក់​ផ្អើល​និង​ត្រេកអរ​យ៉ាង​ខ្លាំង​ពេល​បាន​ឮ​សំឡេង​ប្អូន​ប្រុស​អ្នកស្រី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សៅ៍សប្ដាហ៍​មុន។

«ឮ​តែ​សំឡេង​ប្អូន​អរ​តែ​ម្ដង ចុះ​បើ​បួន​ឆ្នាំ​មក​ហើយ​មិន​ដែល​តេ​(ទូរស័ព្ទ)​មកបន្តិច​ផង ឈឹង​បណ្ដោយ។ អុជ​ធូប​តែ​បួង​សួង សូម្បី​តែ​ទៅ​វត្ត​ក៏​ដោយ ទៅ​ណា​ក៏​ដោយ​ ប្អូន​រស់​ក៏​ដោយ ទៅ​ដល់​ណា​ក៏​ដោយ​ សូម​ឲ្យ​អនុញ្ញផល​នេះ​ទៅ​ដល់​ប្អូន​ទេ។ ម៉េចៗ​សូម​ឲ្យ​ជីដូនជីតា​ជួយ​ឲ្យ​មក​ផង។​ ចេះ​តែ​បន់​អញ្ចឹង​ ផ្ដេសផ្ដាស អញ្ចឹង​ខ្លះ បំណាច់​តែ​ភ័យ។»

អ្នកស្រី​ អែម​ រ៉ាន់​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្អូនប្រុស​អ្នកស្រី បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​នៅ​ប្រទេស​ចិន​ និង​ជប៉ុន​រំពឹង​ថា ​នឹង​បាន​ប្រាក់​ខែ​ចំនួន​១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែដើម្បី​ផ្ញើ​មក​ម្ដាយ​ដែល​មានវ័យ​ជរា។ អ្នក​ស្រី​បន្ត​ថា​ ការ​សម្រេចចាក​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​នេះ គឺ​ដោយសារ​តែ​ពិបាក​រក​ចំណូល​ក្នុង​ការប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​នៅខេត្ត​កំពង់ឆ្នាំង។​

អ្នកស្រី ​អែម រ៉ាន់ រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖

«ចេញ​ពី​សឹក​លោក​មក ធ្វើ​ប្រសក់​បាន​តែ​មួយ​ឆ្នាំ​ជាង​ធ្វើ​ស្រែ​ចម្ការ ហើយដល់​ខែ​ពិសាខ ខែ​ដប់​ហ្នឹង​ឮ​ល្បី​ថា ​គេធ្វើ​ការ​ចិន​ ជប៉ុន​បាន​ប្រាក់​ខែ​១៥០។ក៏​ជ្រើម​តាម​គេ​ ក៏​សុំ​ម៉ែ​ខ្ញុំ​ទៅ​នឹង​គេ។ ម៉ែ​ខ្ញុំ​មាន​ឲ្យ​ទៅ​ឯណា អាណិត​ទាំង​កូន​ទៀត​ វា​នៅ​តែ​ទៅ។ វា​ថា​បើ​ទំនេរ​ដែរ ចេះ​តែ​ទៅ​ហ្នឹង​គេ​ពីរ​បី​ឆ្នាំ សាក​ទៅ។​ វា​ថា​អញ្ចឹង។»

នាវា​នេសាទ​ FV Naham 3 ​ដែល​មាន​ទង់ជាតិ​នៃ​ប្រទេស​អូម៉ង់​ (Oman)​ ផ្ទុក​អ្នក​នេសាទ​សមុទ្រ​ចំនួន​២៩​នាក់​ ដែលជា​កម្មសិទ្ធិ​របស់កោះ​តៃវ៉ាន់​ ត្រូវ​លិច​លង់​បន្ទាប់​ពី​ក្រុម​ចោរ​សមុទ្រ​ចាប់​ចំណាប់​ខ្មាំង​ទាំងអស់រួចមក។ តែមាន​មនុស្ស​បី​នាក់​ក្នុង​ចំណោម​ទាំង​អស់​នេះ​បាន​ឈឺ​ស្លាប់​ដោយសារ​ជំងឺ​ថប់​ដង្ហើម​ស្លាប់​និង​ម្នាក់​ត្រូវ​ក្រុម​ចោរ​សមុទ្រ​បាញ់​សម្លាប់។

ក្រុម​ចំណាប់​ខ្មាំងចំនួន​២៩នាក់​ដដែល​នោះ​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​នៅ​សូម៉ាលី​ចាប់​ជំរិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិនា ​ឆ្នាំ ២០១២​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​សីស្សែល (Seychelles) នៃ​ទ្វីប​អាហ្វ្រិក​ ខណៈ​ដែល​ពួកគេ​កំពុង​នេសាទ​ត្រី​សមុទ្រ​ធូណា (Tuna) នៅ​ប៉ែក​ខាង​លិច​នៃ​មហា​សមុទ្រ​ឥណ្ឌា។

លោក​ John Steed ​អតីត​ឧត្តមសេនីយ៍​នៃ​ទ័ព​ជើង​ទឹក​ចក្រភព​អង់គ្លេស និង​ក្រុម​របស់​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ចំនួន​១៨​ខែ​ ដើម្បី​ចរចា​ជាមួយ​មេដឹកនាំ​សាសនា​ ក្រុម​តំណាង​សហគមន៍​ និង​ជា​ពិសេស​ជាមួយ​ក្រុម​ចោរសមុទ្រ​សូម៉ាលី​ ក្នុង​ការ​រំដោះ​បុរស​នេសាទ​ជនជាតិ​អាស៊ី​ទាំង​២៦​នាក់​នេះ។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ Oceans ​Beyond ​Piracy (OBP) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។​

លោក​ John Steed ​អ្នក​សម្រប​សម្រួល​នៃ​ក្រុម​ដៃ​គូរ​គាំទ្រ​ក្រុម​ចំណាប់​ខ្មាំង​ ឬ The Hostage Support ​Partners ​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ពី​ប្រទេស​កេនយ៉ា​ថា​ លោក​បាន​ប្រគល់​បុរស​អតីត​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​នេះ​ ទៅ​ឲ្យ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កេនយ៉ា​ដើម្បី​រៀបចំ​ធ្វើ​មាតុភូមិ​និវត្តន៍ទៅ​ប្រទេស​របស់​គេ​រៀងៗខ្លួន។ ក្នុង​ចំណោម​អតីតចំណាប់​ខ្មាំង​ទាំងអស់​ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​រូប​ផង​ដែរ ដែលនឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៨ ខែ​តុលានេះ​ វេលា​ម៉ោង​១៦:៣០​នាទី​ តាម​ជើង​យន្តហោះ​ EK332 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates។

ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤​ ខែ​តុលានេះថា ​ក្រសួង​នឹង​ជួយសម្រួល​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កម្ពុជា​ពី​ប្រទេស​ហ្វីលីពីន​មក​កម្ពុជា​ឲ្យ​បាន​ឆាប់​រហ័ស។​

លោក ​Steed​ ប្រាប់​ថា ចំណាប់​ខ្មាំង​ទាំង​២៦​នាក់ បានចំណាយ​ពេល​ចំនួន​បួន​ឆ្នាំ​កន្លះ​នៅ​លើ​ទូក​ចំណាប់​ខ្មាំង​ដោយ​ឆ្ងាយ​ពី​គ្រួសារ​និង​បរិភោគ​អាហារ​មិន​គ្រប់គ្រាន់។​

អតីត​បុរស​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​នេះ​ត្រូវ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​បង្ខំ​ឲ្យ​ចាប់​សត្វ​កណ្ដុរ ឆ្មា​ព្រៃ បរិភោគ និង​ផឹក​ទឹក​មួយ​លីត្រ​ក្នុង​មួយ​ថ្ងៃ​ ស្ថិត​ក្នុង​សីតុណ្ហភាព​ក្ដៅហួតហែង​ប្រហែល​ជាង​៣៨​អង្សារ​សេ​ ជា​រៀង​រាល់​ថ្ងៃ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រOceans ​Beyond ​Piracy (OBP) ​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ថវិកា​លើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​សូម៉ាលី​នៅ​ឆ្នាំ​២០១២​ មាន​ចំនួន​ចន្លោះ​ពី៥,៧​លាន​ដុល្លារ​ និង​ ៦,១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​មាន​ការ​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ខែ​មករា​ឆ្នាំ​២០១១។​ ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ចាប់​ខ្លួន​មនុស្ស​ចំនួន​៧៣៦​នាក់​ និង​ចំនួន​៣២​ទូក​នេសាទ៕

XS
SM
MD
LG