\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធាន​តុលាការ​​ក្រុងភ្នំពេញ​ដែល​មាន​ទោស​ពីបទ​ពុករលួយ​​នឹង​ត្រូវ​ដោះលែង​ឆាប់ៗ


ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ លោក តាំង ស៊ុនឡាយ (រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​សម្រេច​ដក​លោក​ អាំង មាលតី (រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ ថោង សារ៉ាត់។ (ហេង រស្មី/VOA)

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ លោក តាំង ស៊ុនឡាយ (រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​សម្រេច​ដក​លោក​ អាំង មាលតី (រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ ថោង សារ៉ាត់។ (ហេង រស្មី/VOA)

ព្រះ​មហា​ក្សត្រ​​ត្រាស់​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោស​លោក​អាំង មាលតី ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ពី​បទ​កេង​ផល​ប្រយោជន៍​សាធារណៈ។

អតីត​ប្រធាន​តុលាការភ្នំពេញ​គឺ​លោក​អាំង​ មាលតី ​ដែលត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​យក​សំណូក​ជា​រថយន្ត​ទំនើប​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​បន្ធូរ​បន្ថយ​ទោស​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល។ ​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ថា​ រដ្ឋាភិបាល​តែង​អនុវត្ត​ទោសមាន​ភាព​បន្ធូរ​បន្ថយ​សម្រាប់​មន្រ្តីរដ្ឋាភិបាល ​ប៉ុន្តែរឹត​បន្តឹង​ការ​អនុវត្ត​ទោស​លើ​មន្រ្តី​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល។​

ព្រះ​មហា​ក្សត្រត្រាស់​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោស​លោក​អាំង មាលតី ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ពី​បទ​កេង​ផល​ប្រយោជន៍​សាធារណៈ ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញ​ការងារ​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ។​

ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ ​កាលពី​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ត្រាស់​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោស​ចំនួន​៦​ខែ​លើ​ទណ្ឌិតចំនួន​៤៥​នាក់ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៦​កន្លង​ទៅ។ ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​អាំង មាលតី ​ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្តាល​កាត់​ទោស​កាលពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ​ដោយ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ ​ព្យូរ​១​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល ​ក៏​នៅក្នុង​ចំណោម​ទណ្ឌិត​ទាំង​៤៥​នាក់​នោះ​ដែរ។​

លោក​អាំង មាលតី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​សីហា ​ឆ្នាំ​២០១៥ ​ហើយ​ចោទ​ថា ​អតីត​ប្រធាន​តុលាការ​រូប​នេះ​បាន​ទទួល​យក​រថយន្ត​ម៉ាក​ Audi​ មួយ​គ្រឿង​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​ម្នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

ព្រះ​រាជក្រឹត្យ​ត្រាស់​ ដែល​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោសនេះ​ ​បានបញ្ជាក់​ក្នុង​សេចក្តី​ដើម​ថា៖ ​«ទណ្ឌិត​ឈ្មោះ​អាំង មាលតី ​ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ ​ត្រូវ​ឃុំ​ខ្លួន​នៅថ្ងៃទី​១៦-៨-២០១៥​ពីបទកេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​អនុវត្ត​ទោស​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ ​ប៉ុន្តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ ទោស​សល់​ពីនេះ​ត្រូវ​ព្យួរ​ធម្មតា»។​

លោក​ សន កែវ ​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​ប្រាប់ ​VOA​ ថា ​ការ​សម្រេច​ស្នើ​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​លោក​អាំង មាលតី​នេះ​ធ្វើ​ឡើង​តាម​នីតិវិធី​ច្បាប់ ​ហើយលោក​អះអាង​ថា ​លោក​អាំង មាលតី​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​នេះ។​

«លក្ខខណ្ឌ​ចម្បង​របស់​ច្បាប់​គឺ​ត្រូវ​ទទួល​ទោស​១ភាគ​៣​នៃ​ទោស​សិន។​ បើ​សម្រាប់​លើក​លែង​គឺ​ត្រូវ​២ភាគ​៣​នៃ​ទោស​សិន។ ​មាន​គ្រប់​លក្ខខណ្ឌ​ហ្នឹង​ហើយ​បាន​គេ​ពិនិត្យ​មើល​ការ​កែប្រែ​ឥរិយាបថ​របស់​គាត់​ក្នុង​ពន្ធនាគារ​ទៀត។​ គាត់​កែ​ប្រែ​ខ្លួន​បានល្អ​យ៉ាង​ម៉េច​អី ​យ៉ាង​ម៉េច ​អាហ្នឹង​បាន​គេ​ស្នើ​មក។ ​ហើយ​ក្នុងហ្នឹង​ក៏​មាន​អ្នក​ជំងឺ​ផង​ដែរ។​ អ្នក​ដែល​ឈឺ​ធ្ងន់​ឈឺ​អី​ហ្នឹង ​ហើយ​កែ​ខ្លួន​ហ្នឹង​ ក៏​គេ​ស្នើ​មក​ដែរ។ ​អីចឹងគាត់​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​អស់​ហ្នឹង»។​

​ព្រះ​រាជ​ក្រឹត្យ​ដដែល​នេះ​បញ្ជាក់​ថា ​លោក​ អាំង មាលតី​ត្រូវ​កំណត់ឲ្យអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ ​គិត​ចាប់​ពីថ្ងៃ​ឃុំ​ខ្លួន​នៅ​ថ្ងៃទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០១៥​មក។​ លោក​អាំង​ មាល​តី​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាពនៅថ្ងៃទី​១៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ​ក្រោយ​ពី​ការ​ត្រាស់​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោស​រយៈ​ពេល​៦​ខែ។

លោក​ ជិន ម៉ាលីន​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់ ​VOA​ ថា​ ជា​គោល​ការណ៍ច្បាប់​ រដ្ឋាភិបាល​អាច​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស ​និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ចំនួន​៣​ដង​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ​ទណ្ឌិត​អាច​ទទួល​បាន​ការ​លើក​លែង​ទោស ​លុះ​ត្រា​តែ​ពួក​គេ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​ចំនួន​២ភាគ​៣​នៃ​ទោសដែល​ពួកគេ​ត្រូវ​អនុវត្ត។ ហើយ​ទណ្ឌិត​អាច​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ លុះត្រា​តែ​ពួក​គេ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​១​ភាគ​៣​នៃ​ទោសដែល​ត្រូវ​អនុវត្ត។​ ក្រៅពីរយៈ​ពេល​នៃ​ការ​អនុវត្ត​ទោស ​ទណ្ឌិត​ទាំង​នោះ​ត្រូវ​តែ​បំពេញ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ទៀត​ នៅ​ពេល​ដែល​ពួកគេអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។​

លោក ជិន ម៉ាលីន​បន្ថែម​ថា ​លោក អាំង មាលតី​នឹង​មិនអាច​បម្រើ​ការងារ​ក្នុង​វិស័យ​តុលាការ​បាន​ជា​រៀង​រហូត​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។​

«នៅ​ពេល​ដែល​គាត់​ក្លាយ​ទៅ​ជា​ទណ្ឌិត​ហើយ​ ​គាត់​ត្រូវ​បាត់​បង់​តួនាទី ​មុខ​តំណែង​អី​ទាំង​អស់​ហ្នឹង។​ ពេល​ដែល​គាត់​រួច​ទោស ​អនុវត្ត​ទោស​ចប់​អស់​ហើយ នៅ​ពេល​ដែល​គាត់​ចេញ​មក​ហើយ​ ​គាត់​នឹង​ក្លាយ​ជា​ពលរដ្ឋ​ធម្មតា ​សាមញ្ញ​ដូច​គេ​ដូច​ឯង​ទូទៅ»។​

កន្លង​មក​សកម្មជន​គណបក្ស​ប្រឆាំង ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​ដែល​រងការ​ចោទ​ប្រកាន់​ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ តែង​ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​ និង​សំណើ​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួកគេ។​ អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​តែង​លើក​ឡើង​ថា​ ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​មាន​ភាព​ធូរ​ស្រាល​ចំពោះមន្រ្តី​របស់​គណបក្ស​កាន់​អំណាច ​ប៉ុន្តែ​មាន​ភាព​តឹង​រ៉ឹង​ចំពោះ​មន្រ្តី​បក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​នានា។ ​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​សម្រេច​ទោស​ដែល​មិន​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​នេះ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​មួយ​នេះ​ទទួល​រង​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​រដ្ឋាភិ​បាលតែង​មាន​ភាព​លម្អៀង​ក្នុង​ការ​អនុវត្ត​ច្បាប់ ទាំង​ការ​ដាក់​ទោស ​និង​ការ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​ទោស​រវាងមន្រ្តី​រដ្ឋាភិបាល ​និង​សកម្ម​ជន​គណបក្ស​នយោបាយ ​ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ទោស​ចំពោះ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ស្មើ​ភាពគ្នា​ចំពោះ​មុខ​ច្បាប់។​

​«ការ​អនុវត្ត​ច្បាប់​ហ្នឹង​វា​នៅមិនទាន់​មាន​ការ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ​អីចឹងបាន​គេ​តែង​តែ​មាន​ការ​រិះគន់។​អីចឹងបាន​ខ្ញុំ​លើក​ឡើង​ថា ​អ្នក​ដែល​ធ្លាប់​មាន​ស្នាដៃ ​ឬក៏​បម្រើ​ផល​ប្រ​យោជន៍​របស់​គណបក្ស​កាន់​អំណាច​ហ្នឹង​គឺ​ច្រើន​តែ​មាន​ការ​បន្ធូរ​បន្ថយ​ ឬក៏​បទ​ចោទ​ហ្នឹង​ក៏​វា​មាន​ការ​បន្ធូរ​បន្ថយ​ផង​ ហើយ​បើ​សិន​ជា​បទ​ចោទ​ដូច​គ្នា ​ការ​សម្រេច​ទោស​ក៏​វា​អាច​នឹង​មាន​ការ​ខុស​គ្នា​ដែរ»។​

ក្នុង​ថ្ងៃ​ដែលសាលា​ដំបូង​ខេត្ត​កណ្តាល​បើក​សវនាការ​ជំនុំ​ជម្រះ​ទោសលោក​អាំង មាលតី ​កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ​២០១៥ ​ព្រះរាជ​អាជ្ញា​គឺលោក​ ឯក ស៊ុនរស្មី​បាន​ស្នើ​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​ផ្លាស់​ប្តូរ​បទ​ចោទ​ទៅ​លើ​លោក​អាំង មាលតី ​ពី​ការ​បំផ្លាញ​ដោយ​ចេតនា ​និង​គៃ​បំបាត់​ដោយ​ទុច្ចរិត​តាម​មាត្រា​៦០១ ​ដែល​ត្រូវ​ជាប់​ទោស​ពី​៥ឆ្នាំទៅ​១០​ឆ្នាំ ​ទៅ​ជា​បទ​ចោទ​ក្នុង​មាត្រា​៥៩៧ ​និង​៥៩៨​ ដែល​ត្រូវ​ជាប់​ទោស​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។​ លោក​ឯក ស៊ុនរស្មីបាន​អះអាង​ថា ​ការ​ស្នើ​នេះធ្វើ​តាម​សំណើ​របស់​ជន​ជាប់​ចោទ​គឺ​លោក​អាំង មាលតី និង​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​ប្រធាន​តុលាការ​រូប​នោះ​ឆាប់​រួច​ទោស និង​ឆាប់​ទទួល​បាន​ការ​ព្យាបាល​ជំងឺ៕​

XS
SM
MD
LG