ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថា សេរីភាព​សារព័ត៌មាន​ល្អ​ប្រសើរ ខណៈ​សង្គម​ស៊ីវិល​មើល​ឃើញ​ការ​រឹត​ត្បិត


រូបឯកសារ៖ ក្រុមអ្នកសារព័ត៌មាកម្ពុជាឈរផ្តិតយកព័ត៌មាននៅច្រកមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០។
រូបឯកសារ៖ ក្រុមអ្នកសារព័ត៌មាកម្ពុជាឈរផ្តិតយកព័ត៌មាននៅច្រកមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០។

ក្រសួង​ព័ត៌មាន​បាន​បង្ហាញ​ពី​ការ​ស្ទង់មតិ​ថ្មី​មួយ​ ដែល​បាន​បង្ហាញ​ថា​ ៧៩,៨%​ នៃ​អ្នក​សារ​ព័ត៌មាន​ដែល​ផ្តល់​មតិ​អះអាង​ថា ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពីពេល​មុន។​

ក៏​ប៉ុន្តែ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែល​អបអរ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​លើក​ទី​ ៣១ ​ក្នុង​ប្រទេស​កម្ពុជា​ ឆ្នាំ ​២០២៤ ​នេះ ​អ្នក​កាសែត​អាជីព ​និង​អ្នក​កាសែត​ពលរដ្ឋ​មួយ​ចំនួន​ ក៏​ដូច​ជា​សមាគម​ការពារ​សិទិ្ធ​សេរីភាព​សារ​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​នៅ​ពេល​ចុះ​យក​ព័ត៌​មាន​នៅ​តាម​សហគមន៍។​

អ្នក​សារ​ព័ត៌មាន​សេរី​ លោក ​ទ្រី ថានី​ ថ្លែង​ថា​ អ្នក​សារ​ព័ត៌មាន​ដែល​ធ្វើ​សេចក្តី​រាយ​ការណ៍​ដែល​មាន​ភាព​រសើប​ ឬគម្រោង​ធំៗ​របស់​រដ្ឋាភិបាល​ដែល​បង្ក​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​មូលដ្ឋាន​ ជា​ញឹកញាប់​ទទួល​រង​ការ​គំរាម​កំហែង។​

លោក​ថ្លែង​ថា៖​ «បញ្ហា​ប្រឈម​ភាគ​ច្រើន​ ជាពិសេស​ឱ្យ​តែ​អ្នក​សារព័ត៌មាន​ធ្វើ​លើ​វិស័យ​បរិស្ថាន​ ជា​ពិសេស​រឿង​ក្តៅ​ ឬ​យើង​ហៅ​ថា​ រឿង​ដែល​រសើប​ ចៀស​អត់​ផុត​ គឺ​អាច​នឹង​មាន​ការ​គំរាម​កំហែង​ មិន​ថា​ តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ក៏​ដោយ​ផ្ទាល់​ទេ​ ជាពិសេស​រឿង​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ព្រលាន​យន្ត​ហោះ​ថ្មី​ នៅ​ពេល​អ្នក​រាយ​ការណ៍​គាត់​ចុះ​ទៅ​ ក៏​មាន​ការ​តាម​ឃ្លាំ​មើល​ ហើយ​នឹង​រឿង​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែល​យើង​គិត​ថា​ នៅ​ពេល​ដែល​យើង​ដឹង​ថា​ ក្រុមហ៊ុន​និង​វា​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច​ យើង​ចុះ​ទៅ​ធ្វើ​ការ​រាយ​ការណ៍​អំពី​បញ្ហា​ទាំង​អស់​នោះ ​គឺ​តែង​តែ​មាន​ការ​ភ័យ​ ភ័យ​ខ្លាច»។​

ការ​អត្ថាធិប្បាយ​របស់​លោក ​ទ្រី ថានី​ ស្រប​គ្នា​នឹង​ការ​សង្កេត​របស់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ទៀត​ ដែល​បាន​ចូល​រួម​ពិធី​អបអរ​សេរី​ភាព​សារ​ព័ត៌មាន​ពិភព​លោក​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅកាត់​ថា​ ខេមបូចា ​ក្រោម​ប្រធាន​បទ៖ ​«សារ​ព័ត៌មាន​សម្រាប់​ភពផែន​ដី៖ ​សារព័ត៌​មាន​ក្នុង​បរិបទ​នៃ​មហន្ត​រាយ​បរិស្ថាន»។​

លោក ​ផាន់ វាសនា​ អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​ ប្រាប់​វីអូអេ​ថា​ ការ​ចុះយក​ព័ត៌មាន​ក្រោម​បរិយាកាស​សេរី ​ឬ​អត់​អាស្រ័យ​លើ​ប្រធាន​បទ​នៃ​សេចក្តី​រាយ​ការណ៍​ ពោល​គឺ​ប្រសិន​បើ​រឿង​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​តស៊ូ​មតិ ​អ្នក​កាសែត​ជារឿយៗ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ។​

លោក​ថ្លែង​នៅ​ក្រៅ​ពិធី​អបអរ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ​ ២០២៤​ នេះថា៖​ «បើ​សិន​ជា​កម្មវិធី​នោះ​ ក្រុម​អាជ្ញាធរ​ជា​អ្នក​រៀបចំ​ វាមិន​មាន​ការ​រាំង​ស្ទះ​អ្វី​នោះ​ទេ​ ផ្ទុយ​ទៅវិញ​គឺ​អាជ្ញាធរ​បាន​ជួយ​សម្រួល​ក្នុង​ការ​យក​ព័ត៌មាន​របស់​យើង ​ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​របស់​បងប្អូន​កម្មករ​តាម​រោងចក្រ​នានា​ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ គឺ​ភាគ​ច្រើន​គឺ​អាជ្ញាធរ​តែង​តែ​សួរ​នាំ​ ជា​រៀង​រហូត​ គឺ​ភាគ​ច្រើន​សួរ​ថា​ តើ​ខ្ញុំ​មក​ពី​ស្ថាប័ន​ណា​ ហើយ​មក​ក្នុង​គោល​បំណង​អ្វី?»​

ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​អ្នក​កាសែត​ឯករាជ្យ​ខាង​លើ​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ លោក ​នេត្រ ភក្រ្តា ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ចូលរួម​ពី​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ប្រសើរ​ឡើង ​ខុស​ពី​ការ​វាយ​តម្លៃ​របស់​អង្គការ​មួយ​ចំនួន​ដែល​តាម​ដាន​ស្ថានភាព​សារ​ព័ត៌មាន​របស់​កម្ពុជា។​

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ លោក ​នេត្រ ភក្ត្រា​ លើក​ឡើង​ថា៖​ «ចំពោះ​ការ​អត្ថាធិប្បាយ​របស់​អង្គការ​ផ្សេងៗ​ នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ ក៏​ប៉ុន្តែ​ខ្ញុំ​លើក​ឧទាហរណ៍​លើ​អង្គការ​សារ​ព័ត៌មាន​ អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ក៏​មាន​បញ្ហា​ខ្លួន​គាត់​ក្នុង​ប្រទេស​បារាំង​ដូច​គ្នា។ ​ដូច្នេះ​ការ​ដែល​មិន​ទាន់​លាង​ខ្លួន​ឯង​ច្បាស់​ស្អាត​ហើយ​មក​ ចោទ​ប្រកាន់​ទៅ​លើ​បណ្តា​ប្រទេស​ផ្សេង​ទៅ​តាម​សំណេរ​របស់​ខ្លួន​ ឬ​ក៏​ទៅ​តាម​ការ​វាយ​តម្លៃ​តាម​អារម្មណ៍ ​ឬ​ក៏​តាម​របៀប​វារៈ ​ឬ​ក៏​និន្នាការ​របស់​ខ្លួន​ ខ្ញុំ​យល់​ថា​ វា​មិន​មែន​ភាព​ត្រឹម​ត្រូវ​ទេ»។​

លោក​អះអាង​ថា​ អ្នក​សារ​ព័ត៌មាន​ដែល​ផ្តល់​នូវ​មតិ​យោបល់​លើ​របាយ​ការណ៍​នេះ​ គឺ​ជា​អ្នក​ដែល​កំពុង​តែ​បំពេញ​តួនាទី​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​យល់​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា។​

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ថ្លែងបើកកម្មវិធី អបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ថ្លែងបើកកម្មវិធី អបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ (ហ៊ុល រស្មី/វីអូអេ)

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ ទេព អស្នារិទ្ធ ​បាន​បន្ទរ​អំពី​ស្ថាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​សារ​ព័ត៌មាន​កម្ពុជា​ នា​ពេល​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ថ្លែង​ថា៖​ «ការ​ស្ទង់​មតិ​ការ​ស្រាវ​ជ្រាវ​បាន​កត់​ត្រា​ទុក​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ថា​ មាន​ភាព​ល្អ​ប្រសើរ​ដោយ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នោះ​គឺ​មាន​ចំនួន​មនុស្ស​ ៧៩,៨%​ បាន​ឆ្លើយ​ថា ​សេរីភាព​សារ​ព័ត៌មាន​មាន​ភាព​ល្អ​ប្រសើរ​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ »។

លោក​បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​មុន​ទិវា​សារ​ព័ត៌មាន​ពិភព​លោក​នេះ​ថា​ អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​បាន​ផ្តល់​ព័ត៌មាន​ចូល​ក្នុង​កម្រង​សំណួរ​ដោយ​ឯករាជ្យ​អនាមិក ​និង​ផ្អែក​តាម​ឆន្ទៈ ​និង​ការ​យល់​ឃើញ​ដោយ​ផ្ទាល់​ខ្លួន​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​ជន​ណា​ម្នាក់​ឡើយ។​

យោង​តាម​របាយ​ការណ៍​ស្តីពី​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​ អ្នក​សារ​ព័ត៌មាន​ទូទាំង​ប្រទេស​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់មតិ​ចំនួន​ ៣៤១ ​នាក់ ​ក្នុង​នោះ​មាន​ ៧៩,៨% ​យល់​ថា ​«សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ»។​

យ៉ាង​ណា​មិញ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​ធ្លាប់​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០​ ប្រទេស ​នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​មាន​ន័យ​ថា​ សេរី​ភាព​សារ​ព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេមបូចា ​លោក ​ណុប វី ​ថ្លែង​ថា​ អ្នក​កាសែត​នៅ​បន្ត​ប្រឈម​នឹង​ការ​គំរាម​កំហែង​ អំពើ​ហិង្សា​លើ​រាងកាយ​ ហើយ​គេហ​ទំព័រ​របស់​អង្គភាព​ព័ត៌មាន​មួយ​ចំនួន​ក៏​ត្រូវ​បាន​បិទ។ ​លោក​បន្ថែម​ថា​ អ្នក​កាសែត​ក៏​បន្ត​រងការ​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្មទណ្ឌ​ដែល​គួរ​តែ​ត្រូវ​បាន​បញ្ឈប់។​

លោក​ថ្លែង​ថា៖​ «រឿង​សំខាន់​ជាង​គេ​គឺ​រឿង​ទាក់​ទង​ជាមួយ​នឹង​ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​ប្តឹង​ផ្តល់​លើ​អ្នក​សារ​ព័ត៌មាន​ យើង​ថា​ ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ ហើយ​យើង​ដឹង​ហើយ​សារ​ព័ត៌មាន​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ ​ដូច្នេះ​ការ​ប្រើ​ប្រាស់​វិធានការ​ច្បាប់​ ឬ​ក៏​ក្រម​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នេះ​ គឺ​ជា​ផល​ប៉ះពាល់​មួយ​ធំ​ណាស់​ទៅ​លើ​សេរី​ភាព​សារ​ព័ត៌មាន​ការ​អនុវត្ត​តួនាទី​ប្រកប​ដោយ​សេរី​ ហើយ​នឹង​ដែល​មាន​ភាព​ឯករាជ្យ​គ្រប់គ្រាន់​របស់​អ្នក​សារ​ព័ត៌មាន»។​

នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី ក្នុងព្រឹត្តិការណ៍អបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី ក្នុងព្រឹត្តិការណ៍អបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

មេ​ដឹក​នាំ​សមាគម​រូប​នេះ​ក៏​បាន​សង្កេត​ឃើញ​នូវ​ការ​ប្រើប្រាស់​តាក់តិក​ថ្មីៗ ​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​មក​បញ្ចេញ​យោបល់​រិះគន់​ និង​វាយ​ប្រហារ​អ្នក​សារ​ព័ត៌មាន​ដែល​មាន​រួម​ទាំង​ស្រ្តី។ ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដើរ​តួនាទី​សកម្ម​ក្នុង​ការ​ផ្តល់​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ឱ្យ​បាន​ពេញ​លេញ​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ និង​ធានា​ថា​ មិន​មាន​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ ​ឬ​ក៏​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​តាម​រូបភាព​ផ្សេងៗ។

ដោយ​ឡែក​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​លោក ​អ៊ិត សូធឿត ប្រាប់​វីអូអេ​ថា​ ​របាយ​ការណ៍​របស់​ក្រសួង​ព័ត៌មាន​ដែល​បង្ហាញ​ថា​ ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​នោះ ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​ចូលរួម​ការ​ស្ទង់​មតិ​តែ​ប៉ុណ្ណោះ។ ​ លោក​បញ្ជាក់​ថា​ ស្ថានភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹតត្បិត។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា​ ស្ថានភាព​សារព័​ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​នៅ​តែ​ស្ថានភាព​រឹតត្បិត​ ហើយ​យើង​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ ​ដើម្បី​លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន​ឱ្យ​កាន់​តែ​ប្រសើរ​ដូច​ដែល​ក្រសួង​ព័ត៌មាន​គាត់​បាន​លើក​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួច​ហើយ​ថា​ សារ​ព័ត៌មាន​គឺ​ជា​កាតាលី​ករ​មួយ​ដែល​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច»។​

លោក​បន្ថែម​ថា​ ប្រសិន​បើ​សារ​ព័ត៌មាន​ពុំ​មាន​សេរី​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​រាយ​ការណ៍​ទេ​ វា​ធ្វើ​ឱ្យ​ការ​ចូល​រួម​របស់​សារ​ព័ត៌មាន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ក៏​មិន​បាន​ពេញ​លេញ​ដែរ។​

ចំណែក​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​លោក ​W. Patrick Murphy ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ព្រឹត្តិ​ការណ៍​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ដាច់​ដោយ​ឡែក​មួយ​ថា​ សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សេរីភាព​ព័ត៌មាន​ ពីព្រោះ​សេរីភាព​សារ​ព័ត៌មាន​នៅ​ទូទាំង​ពិភព​លោក​បច្ចុប្បន្ន​ត្រូវ​បាន​ធ្លាក់​ចុះ ​និង​រង​សម្ពាធ​ជា​ខ្លាំង។​ លោក​សង្ឈឹម​ថា​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ រួមទាំង​រដ្ឋាភិបាល​កម្ពុជា​អាច​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ គាំទ្រ​ដល់​សេរីភាព​សារ​ព័ត៌មាន​ និង​ពង្រឹង​សមត្ថភាព​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ ​«យើង​សង្ឃឹម​ថា​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​រួមទាំង​រដ្ឋាភិបាល​កម្ពុជា​អាច​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​អាច​គាំទ្រ​ដល់​សេរីភាព​ព័ត៌មាន ​និង​សមត្ថភាព​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​រាយ​ការណ៍​ ទោះបី​ជា​មាន​ការ​រិះគន់ ​និង​ប្រហែល​ជា​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ក៏​ដោយ ​ព្រោះ​នោះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ ​ហើយ​នេះពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តាប់ ​និង​ឮគ្រប់​ភាគី»។​

ពាក់​ព័ន្ធ​នឹង​សេរីភាព​សារ​ព័ត៌មាន​និង​លម្ហ​សេរីភាព​ក្នុង​ការ​ប្រកប​ការងារ​ជា​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ អ្នក​សារព័ត៌​មាន​ចំនួន​ ៧៩,៨% ​យល់​ថា​ ប្រទេស​កម្ពុជា​មាន​សេរីភាព​សារ​ព័ត៌មាន​ល្អ​ប្រសើរ​ ដែល​ក្នុង​ចំណោម​នោះ​ អ្នក​សារ​ព័ត៌មាន​ចំនួន​ ៧១%​ ថា​ សេរីភាព​សារ​ព័ត៌មាន​មាន​ស្ថានភាព​ល្អ ​ខណៈ​ ៨,៨%​ ថា​ មាន​ស្ថានភាព​ល្អ​បំផុត។​ នេះ​បើ​តាម​របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​របស់​ក្រសួង​ព័ត៌មាន។​

ទោះ​ជា​យ៉ាង​ណា​ ក្នុង​ចំណោម​អ្នក​ស្ទង់​មតិ​ទាំង​អស់​ មាន​អ្នក​សារ​ព័ត៌មាន​ចំនួន​ ៣,៥%​ បាន​យល់​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​មិន​ទាន់​ល្អ​ និង​ ១៦,៧% ​មិន​បាន​ផ្តល់​យោបល់​ទេ។​

គួរ​បញ្ជាក់​ថា ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ខេមបូចា ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មីនា​ ឆ្នាំ​ ២០២៤ ​បង្ហាញ​ថា ​នៅ​តែ​មាន​ករណី​គំរាម​កំហែង​លើ​អ្នក​សារ​ព័ត៌មាន​ដែល​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ ២០២៣ ​បើ​ទោះ​បី​ជា​ចំនួន​នេះ​បាន​ថយ​ចុះ​បន្តិច​ ធៀប​នឹង​ឆ្នាំ ​២០២២​ ក៏​ដោយ។ ​ប៉ុន្តែ​ការ​បំពាន​ហិង្សា​លើ​អ្នក​សារ​ព័ត៌មាន​នៅ​តែ​កើន​ឡើង​ដដែល។​

ក្នុង​របាយ​ការណ៍​ស្តីពី ​«ស្ថានភាព​សារ​ព័ត៌មាន​នៅ​ក្នុង​កម្ពុជា​ឆ្នាំ​ ២០២៣» ​ខេមបូចា​បាន​កត់ត្រា​ករណី​បៀត​បៀន​ចំនួន​ ៣២​ ករណី​លើ​អ្នក​កាសែត​ប្រមាណ​ ៥៩ ​នាក់ ​ក្នុង​នោះ ​៦ ​នាក់​ជា​អ្នក​កាសែត​ស្ត្រី​និង​យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ ៥ ​នាក់​ត្រូវ​បាន​ប្តឹង ​និង​ចោទ​ប្រកាន់​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ជាប់​ពន្ធនាគារ​ ឬ​ឃុំ​ខ្លួន​ ហើយ​លទ្ធផល​នេះ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​សារ​ព័ត៌មាន​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ដាក់​កម្រិត​លើ​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​ផង​ដែរ៕​

លោក​ ស៊ឹម ចាន់​សំណាង ​នៃវីអូអេ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​។

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG