ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​ព្រៃ​ឈើ​ការពារ​ការ​បែង​ចែក​​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ​​​​ឱ្យ​ឈ្មួញ​ធំៗ​ ក្រោយ​ពី​មាន​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់


ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)
ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)

​ការ​កាត់​ដីគ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​តំបន់​ភ្នំ​តាម៉ៅឱ្យ​ទៅ​ឈ្មួញ​ធំៗ​ ជា​ផ្នែក​មួយ​នៃ​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជាតិ។​ នេះ​ជា​ការ​បកស្រាយ​របស់​រដ្ឋបាលព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ទៅ​នឹង​ការ​រិះគន់​របស់​ក្រុម​អ្នក​ការពារ​បរិស្ថាន និង​សង្គម​ស៊ីវិល​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ចេញ​ពី​តំបន់​ដែល​នៅ​ជាប់​សួន​សត្វ​ព្រៃ​ភ្នំ​តាម៉ៅក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា​ឆ្នាំ​២០២២​នេះ​ រដ្ឋបាលព្រៃ​ឈើ​បាន​ផ្តល់​ការ​ពន្យល់បន្ថែម​ថា​ ​ការ​កាត់​ដី​នៅតំបន់​ភ្នំ​តាម៉ៅ​ឱ្យ​ក្រុម​ឈ្មួញ​ដែល​គេ​ដឹង​ថាជា​អ្នក​វិនិយោគ​ក្នុង​ជំនួញ​អចលនទ្រព្យ​នោះ​ គឺ​ដោយ​សារ​តែ ​ដី​នោះ​ជា​ប្រភេទ​ដី​ខ្សាច់ ដើម​ឈើ​ដុះលូត​លាស់​មិន​សូវ​ល្អ ហើយ​សត្វ​ជ្រូក​ព្រៃ​ជា​ញឹកញាប់ចេញ​មកបំផ្លាញ​ដំណាំ​ប្រជា​ពល​រដ្ឋ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖«រដ្ឋាភិបាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ ដោយ​សារ​ជា​តំបន់​មួយ ​ដែល​នៅ​ក្បែរ​ទីក្រុង​ ក្បែរ​ព្រលាន​យន្ត​ហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេ​បាទី»។

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ព្រៃឈើ​សង្កត់​ធ្ងន់​ថា៖ «ការ​អភិវឌ្ឍ​តំបន់​នេះ​មិនមែន​ជា​ការ​លក់​ដូរ ដូចការ​លើក​ឡើង​នោះ​ទេ​ តែ​ជា​ការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យានសួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ដោយ​កែ​លម្អ​ឧទ្យានសួន​សត្វ​ភ្នំ​តាម៉ៅ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ មាន​ប្រព័ន្ធ​ផ្លូវ​ អគារ​ សួន​ច្បារ​ អាង​ស្តុក​ទឹក​ ក៏​ដូច​ជា​កា​របង្កើត​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ ការ​បង្កើត​សួន​សត្វ​សាហ្វារី​នៅ​ខេត្ត​សៀមរាប...ការ​សាង​សង់​អគារ​ធ្វើ​ការ​របស់​មន្ត្រី​រាជការ»។ ​

ក៏​ប៉ុន្តែ​ក្រុម​បរិស្ថាន ​យល់​ថា ទម្រង់​នៃ​ការអភិវឌ្ឍបែបនេះ បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ចន្លោះ​ប្រហោងនៃ​ការ​អនុវត្ត​ការ​ងារ​រដ្ឋ​ ដែល​គ្មាន​តម្លាភាព​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​គម្រោង​អភិវឌ្ឍ​ណាមួយ។ ហើយ​ពួកគេ​ទាម​ទារ​ឱ្យ​ក្រសួង​កសិកម្ម​ និង​រដ្ឋាភិបាលពិចារណា ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ​បន្ថែម​ទៀត​នៅ​តំបន់​ភ្នំ​តាម៉ៅ។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គឹម​ហុង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សេចក្តី​ពន្យល់​របស់​រដ្ឋបាល​ព្រៃ​ឈើ​ គ្រាន់​តែ​ការ​ពារ​ទឡ្ហីករណ៍​មិន​ចង់​ឱ្យ​មាន​ការ​រិះគន់​តែ​ប៉ុណ្ណោះ និង​ថា​ ​ទង្វើនេះ​ហាក់​បី​ដូច​ជាការ​ត្រៀម​លក្ខណៈ​ទុក​ជា​ស្រេច​ក្នុង​ការ​យក​ដី​ព្រៃ​រដ្ឋ​នៅ​តំបន់​ភ្នំ​តាម៉ៅ​នោះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។

បើ​តាម​លោក​ ហេង គឹមហុង​ ក្រសួង​កសិកម្ម​ ​គួរតែ​បង្ហាញរបាយ​ការណ៍​ស្តីពី​ផលប៉ះ​ពាល់​បរិស្ថាន​ និង​របាយការណ៍​ពាក់​ព័ន្ធ​ផ្សេងៗ​ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​ដឹ​ងឮ​ មុន​នឹង​ប្រែ​ក្លាយ​ដី​ក្នុង​តំបន់​ភ្នំ​តាម៉ៅ​ទៅ​ជា​ការ​ដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ ហើយ​ការ​បន្ត​ឱ្យ​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃសម្រាប់​ការ​អភិវឌ្ឍ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​និយាយ​ថា៖«ហេតុអ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​អភិវឌ្ឍ​តំបន់​ដែល​មាន​គម្រប​ព្រៃឈើ​បែប​នេះ? ដោយ​ការ​ផ្លាស់ប្តូរ​ពី​គម្រប​ព្រៃឈើ​ទៅ​ជា​ការ​ឈូស​បំផ្លាញ? ការ​អភិវឌ្ឍ​គួរ​តែ​គិតគូរ​ថែ​ទាំ​នូវ​អ្វី​ដែល​មាន​ស្រាប់​ជា​ពិសេស​ព្រៃឈើ មិនមែន​ទៅ​ដាំ ឯណា​បាន​ស្អែក ខាន​ស្អែក​ឯណា! ដូច្នេះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ​ជាពិសេស​ហេតុ​ផល​ខ្លាច​មាន​សត្វព្រៃ​រំខាន​ប្រជាពលរដ្ឋ​មិន​មាន​សត្វ​កម្រ​អី​ជាដើម»។

លោក​ស្នើឱ្យរដ្ឋា​ភិបាល ក៏ដូច​ជាគណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​ឡើង​វិញ​លើ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​តាម៉ៅ ​ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មួយនេះ​ មិន​ចង់​បាត់​បង់​ប្រជាប្រិយ​ភាពក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ លោក​បានទាម​ទារ​ឱ្យ​ក្រុមឧកញ៉ា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ភ្នំ​តាម៉ៅ​ផង​ដែរ។

បើ​តាម​រូបភាព​ទាញ​បាន​ពី​ឧបករណ៍​ដ្រូន ​កា​រ​ឈូស​ឆាយ​ដីព្រៃនៅ​ស្ថានីយ៍​ស្តា​ព្រៃឈើ​ភ្នំ​តាម៉ៅ​បាន​និង​កំពុង​បន្ត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​របស់សំឡេង​ប្រជាធិបតេយ្យ​វីអូឌី។

សេចក្តីរាយការណ៍​ដដែលបញ្ជាក់​ថា​ក្រុម​ហ៊ុន ​ឡេង ណាវ៉ា​ត្រា ​ទទួល​បាន​ដី​ធំ​ជាងគេ ​ដែល​គ្រោង​ឈូស​ព្រៃ​តំបន់​ភ្នំ​តា​ម៉ៅ ក្នុង​ទំហំ​ប្រមាណ​១.៥០០​ហិកតា ​ហើយ​ផ្ទៃ​ដី​ទំហំ​៥០០​ហិកតា​នៅ​តំបន់​ភ្នំ​តាម៉ៅ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាល​ព្រៃឈើ​ នឹង​ត្រូវ​ផ្ទេរ​ទៅ​ជា​កម្ម​សិទ្ធិ​ឯកជន​ដោយ​មិន​បាន​បញ្ជាក់​ពី​ទី​តាំង​ឬ​ម្ចាស់​កម្មសិទ្ធិ​ឡើយ។ ចំណែក​ផ្ទៃ​ដី​៧០០​ហិកតា​ផ្សេង​ទៀត​ត្រូវ​បាន​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន TP Moral Group ​ដែល​ជា​របស់​ឧកញ៉ា ឃុន សៀ។

វីអូអេមិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក ឡេង ណាវ៉ា​ត្រា និង​លោក​ ឃុន សៀ​ បាន​ទេ តាម​រយៈទូរស័ព្ទនៅ​ថ្ងៃ​សុក្រ​នេះ។ ​

​យុវជន​បរិស្ថាន​កញ្ញា ​ភួន កែវ​រស្មី យល់​ឃើញ​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្មគឺជា​លេស​ដើម្បី​ការ​ពារ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។​

កញ្ញា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«យើង​មើល​ឃើញ​ថា​ការ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ ធ្វើ​ជា​បុរី ធ្វើ​ជា​អ្វីទៀត​នោះ​ វា​ហាក់​ដូច​ជា​មិន​មែន​ជា​ការ​ផ្តល់​ប្រយោជន៍ ជា​ការ​ងារ​ដល់​ប្រយោជន៍​ដូច​ខាង​ក្រសួ​ង​បាន​ឆ្លើយ​តប​នោះ​ទេ ​ព្រោះ​ការ​លក់បុរី​គឺ​លក់​ហើយ គឺ​ហើយៗ។ ហើយ​ជា​ពិសេស​ទៀត​យើង​មើល​ឃើញ​ថា​ប្រទេស​ខ្មែរ​មិន​ទាន់​អស់​ដី​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​រ​ហូត​ដល់​ទៅ​ឈូស​ព្រៃ​មិន​ដឹង​ថា​ប៉ុន្មាន​ឆ្នាំ​ទើប​មាន​ព្រៃ​ក្រាស់​បែបនេះ​ ព្រៃ​ធំ​បែប​នេះ​អ៊ីចឹង​ទេ»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ ​វេង សាខុន បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋ​អាមេរិក​ទៅសួរ​រដ្ឋ​បាល​ព្រៃ​ឈើវិញ។ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គ​នាយករដ្ឋបាល​ព្រៃ​ឈើ​លោក ​កែវ​ អូម៉ាលីស បាន​ទេ​តាម​ប្រព័ន្ធ​ទូរស័ព្ទ។

​ចំណែក​ប្រធាន​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ​ ថ្លែង​ថា​គម្រោង​អភិវឌ្ឍ​ផ្សេងៗក្នុង​តំបន់​ស្តា​ព្រៃ​ឈើ​ភ្នំ​តា​ម៉ៅ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សួន​សត្វ​ភ្នំ​តាម៉ៅ​នោះ​ទេ​ក្រោម​ហេតុផល​ថា​ ដី​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ទំហំ​៤០០​ហិកតា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​របង​រួច​រាល់​ហើយ។

លោក​និយាយ​ថា៖​«ខ្ញុំ​សូម​ការ​ពារ។ វា​អត់​មាន​អ្វី​ត្រូវសត្វ​នៅក្នុង​របង​សួន​សត្វ ​ហើយ​ទៅ​ប៉ះ​ពាល់​តំបន់​ស្តា​ព្រៃ​ឈើ​គេ​ហ្នឹង​ទេ»។

​លោក​បន្ថែម​ថា​៖«យើង​រិះគន់​ចេះ​តែ​រិះគន់​ហើយ​ ប៉ុន្តែ​យើង​គិត​មើល​កន្លែង​នេះ​មួយ​ដែរ...តើ​យើង​អភិរក្ស​ដើម្បី​អ្វី? យើង​អភិវឌ្ឍ​ដើម្បី​អ្វី? យើង​ឆ្លើយ​សំណួរ​ហ្នឹង​ទៅ​ យើង​យល់​ហើយ។ បើ​យើង​អភិរក្ស​ដើម្បី​តែ​អភិរក្ស​ អាហ្នឹង​យើង​គួរ​ពិចារណា​ដែរ​ ថា​តើ​ការ​អភិរក្ស​ហ្នឹង​វា​មាន​តម្លៃ​យ៉ាង​ម៉េច​ដែរ? ហើយ​ការ​អភិវឌ្ឍ មាន​តម្លៃ​យ៉ាង​ម៉េច? នៅ​ពេល​យើង​គិត​ទៅ យើង​ពិចារណា​ យើង​វិភាគ​ទៅ បើ​សិន​ជា​ការ​អភិវឌ្ឍ​ហ្នឹង​វា​មាន​តម្លៃ​ខ្លាំង​វា​ជួយ​មនុស្ស​បាន​ច្រើន យើង​គួរ​តែ​អភិវឌ្ឍ​ហើយ។ បើ​អត់​អភិវឌ្ឈ​ ធ្វើ​ម៉េច​រំដោះ​ភាព​ក្រីក្រ​បាន?»។

លោក​បាន​ឱ្យ​ដឹង​ទៀតថាតំបន់​សួន​សត្វ​ភ្នំ​តាម៉ៅ​នេះ​កកើត​ឡើង​នៅ​ឆ្នាំ​១៩៩២​ ដែល​ជា​តំបន់​បណ្តុះ​កូន​ឈើ ​និង​ដាំ​ស្តា​ដើម​ឈើ​ឡើង​វិញ ដោយ​ដាំ​ដើម​អាកាស្យា​ប្រេង​ខ្យល់ និង​មាន​ព្រៃឈើ​ធម្មជាតិ​ចម្រុះ​រួមមាន ​ត្បែង​និង​សុក្រំ​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG