ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ព្រមាន​​​អ.ស.ប.​ប្រចាំ​នៅ​កម្ពុជា​​ ព្រោះ​ពួក​គេ​រិះ​គន់​ច្បាប់​អង្គការ


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្ទនា​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង មុន​អង្គ​ប្រជុំ​អាស៊ានលើក​ទី២៦នៅ​ទីក្រុងកូឡាឡាំពួរនៃ​ប្រទេស​ម៉ាឡេស៊ី កាល​ពីថ្ងៃច័ន្ទ ទី២៧ ខែ​មេសា ឆ្នាំ២០១៥។ (រូបថត៖ AP/Joshua Paul)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្ទនា​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង មុន​អង្គ​ប្រជុំ​អាស៊ានលើក​ទី២៦នៅ​ទីក្រុងកូឡាឡាំពួរនៃ​ប្រទេស​ម៉ាឡេស៊ី កាល​ពីថ្ងៃច័ន្ទ ទី២៧ ខែ​មេសា ឆ្នាំ២០១៥។ (រូបថត៖ AP/Joshua Paul)

ក្រសួង​ការបរទេស ​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ធ្វើ​ការ​កោះ​ហៅ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​របស់​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​ធំៗ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ មក​ព្រមាន​ចំពោះ​ការ​ទិតៀនរដ្ឋាភិបាល​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល។​

ការ​កោះ​ហៅ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​ក្រសួង​ការ​បរទេស​បាន​ចេញ​កំណត់​ការ​ទូត​ព្រមាន​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ចំពោះ​រឿង​ដូចគ្នា​នេះ។​

លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាតលើក​ទី​៦៩​របស់​អង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ក្នុង​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាតលើក​ទី​៦៩​របស់​អង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ក្នុង​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ជំនួប​នៅ​ក្រសួង​ការ​បរទេស​ ​លោក​រដ្ឋ​មន្ត្រី​ ហោ ​ណាំហុង​ បាន​ឲ្យ​ដឹង​ថា​ ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​ធំៗ​ចំនួន៤​របស់​អង្គការ​សហប្រជាជាតិ​ រួម​មាន​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ មូល​និធិ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​កុមារ​ (UNICEF)​ អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្ត្រី (UN Women) និង​ មូលនិធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA)​ បាន​ធ្វើ​ការ​ខុស​នីតិវិធី​ និង​ហួស​ដែន​កំណត់​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា។​ លោក​ថ្លែង​ថា​ ពួក​គេ​បាន​និយាយ​រិះគន់រដ្ឋាភិបាល​កម្ពុជា​លើ​ដំណើរ​ការ​ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​តាម​រយៈ​សារព័ត៌​មាន​កាល​ពី​ពេល​កន្លង​ទៅ​នោះ។​

លោក​អះអាង​ថា​ វា​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​«ជ្រៀត​ជ្រែក​ចូល​កិច្ចការ​សារវ័ន​ដែល​ជា​កិច្ចការ​ផ្ទៃ​ក្នុង»​របស់​ប្រទេស​កម្ពុជា។​

«ម្យ៉ាង​ទៀត​ ខ្ញុំ​ក៏បាន​ប្រាប់​គេ​ថា ​ពេល​ដែល​ខ្ញុំ​ទទួល​លោក​តំណាង​៤​នាក់​នោះមក​ភ្នំពេញ​ ​ទទួល​លិខិត​ចាត់តាំង​របស់​ពួកគេ ខ្ញុំ​អាន​លិខិត​នោះ ​ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ​ខ្ញុំ​អាន​ហើយ​អាន​ទៀត​គឺ​គ្មាន​ពាក្យ​ណា​មួយ​ ដែល​ឲ្យ​ពួក​គេ​ទិតៀន​មក​លើ​រដ្ឋាភិបាល​ក្នុង​វិស័យ​ណា​មួយ​ក្រៅពី​អា​ណតិ្ត​របស់​គេ​ទេ»។​

លោក​រដ្ឋមន្ត្រីបាន​បន្តថា៖​ «បាទ ​ខ្ញុំ​សួរ​គេ​ថា ​តើ​ការ​ទិតៀន​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ តើ​អ្វី​ទៅ​ដែល​ពង្រាង​ច្បាប់​នោះ​ដែល​ទាក់​ទិន​នឹង​កុមារ​ដែល​ UNICEF ​ត្រូវ​ការពារ?​ តើ​វា​ប្រឆាំង​និង​កុមារ​ឬ​អ្វី?​ តើ​អ្វី​ដែល​ប្រឆាំង​នឹងនារី​ឬអ្វី​សម្រាប់តំណាងអង្គ​ការ​សហ​ប្រជាជាតិ​សម្រាប់កិច្ចការ​នារី?​ តើ​ឆាំង​នឹង​ប្រជាជន​កម្ពុជា​ ឬអ្វី​សម្រាប់អ្នក​តំណាង​អង្គការ​សហ​ប្រជាជាតិ​ខាង​ប្រជា​ពលរដ្ឋ?»។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ តំណាង​របស់​ ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​OHCHR​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ចេញ​នា​ល្ងាច​នេះ​ថា៖​ «ប្រធាន​ទីភ្នាក់ងារ​ទាំង​នោះ​បាន​អះអាង​ជាថ្មី​ថា ​ខ្លួន​បាន​ធ្វើ​សកម្មភាព​ការងារ​ស្ថិត​ក្នុង​អាណត្តិ​របស់​ខ្លួន​ និង​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​នូវ​ការ​ផ្តល់​ការ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​ខ្លួន​សម្រាប់​កិច្ច​សន្ទនា​ជា​មួយ​សង្គម​ស៊ីវិល​លើ​ច្បាប់​ដ៏​មាន​សារៈសំខាន់​នេះ»។​

ស្រដៀង​គ្នា​នោះ​ដែរ ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ក្រសួង​ការបរទេស​ក៏​ធ្លាប់​បាន​ចេញ​កំណត់​ការទូត​ ដែល​ព្រមាន​ឯកអគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក​វីលៀម​ ថដ​ (William Todd)​ ដែល​បាន​សរសេរ​នៅ​ក្នុង​បទអត្ថាធិប្បាយ​របស់​លោក​ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញសេចក្តីព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​បើក​ឲ្យ​មាន​ការ​ពិភាក្សា។​

លោក​ វីលៀម​ ថូដ​ William Todd​ ឯកអគរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អំឡុង​ពិធីធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុដែល​អាច​ជា​របស់​ទាហានកាល​ពី​សម័យ​សង្គ្រាម នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

លោក​ វីលៀម​ ថូដ​ William Todd​ ឯកអគរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អំឡុង​ពិធីធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុដែល​អាច​ជា​របស់​ទាហានកាល​ពី​សម័យ​សង្គ្រាម នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

​ក្រសួង​ការ​បរទេស​បាន​ចោទ​ថា​ លោក​ឯកអគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា​គឺ​លោក​វីលៀម​ ថដ​ (William ​Todd) ​ថា​«ព្រហើន​»​ និង​បាន​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន​ស្តីពី​ទំនាក់​ទំនង​ការទូត។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ធ្វើ​ឡើង​ចាប់​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ដោយ​មាន​ការ​ចូល​រួម​ពិភាក្សា​តិចតូច​បំផុត​ពី​ដៃ​គូ​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ កាលពី​ដើម​ខែ​មេសា​ឆ្នាំ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ប្រកាស​សាជា​ថ្មី​ម្តង​ទៀត​ ដោយ​ជំរុញ​ឱ្យ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​ នា​ខែ​ឧសភា​នេះ​ជា​កំហិត។​

មកដល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​ពុំទាន់​បាន​បញ្ចេញ​សំណៅ​ដើម​ចុង​ក្រោយ​នៃ​សេចក្តី​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ជា​សារធារណៈ ​ឬ​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ណា​មួយ​ថែម​ទៀតនោះ​ទេ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​នានា៕​

XS
SM
MD
LG