ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធគ្នានៅ​ព្រំដែន​ចិន​និង​ភូមា​នឹង​បង្អាក់​ទំនាក់ទំនង​ទេ្វភាគី


យោធា​ប្រដាប់​ដោយ​អាវុធ​ភូមា​ដើរ​នៅ​តាម​ផ្លូវ​នៅ​ក្បែរ​ក្រុង Laukkai កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។
យោធា​ប្រដាប់​ដោយ​អាវុធ​ភូមា​ដើរ​នៅ​តាម​ផ្លូវ​នៅ​ក្បែរ​ក្រុង Laukkai កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ អំពី​ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ Shan នៃ​ប្រទេស​មីយ៉ាន់ម៉ា (​ភូមា) ដែល​នៅ​ទីនោះ ក្បួន​រថយន្ត​មួយ​របស់​កាកបាទ​ក្រហម ដែល​នាំ​ជន​ស៊ីវិល​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព បាន​ទទួល​រង​ការវាយប្រហារ កាលពី​ថ្ងៃ​អង្គារ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ លោក​ប្រធានាធិបតី​ភូមា ធេន​ សេន​ បាន​ប្រកាស​ដាក់​តំបន់​នោះស្ថិត​នៅ​ក្នុងស្ថានភាព​មាន​អាសន្ន ​ ហើយប្រើ​ច្បាប់​អាជ្ញា​សឹក។ សេចក្តី​រាយការណ៍​បានឲ្យដឹង​ថា​ មនុស្ស​ប្រមាណ​ ៥​ម៉ឺន​នាក់​ បាន​រត់​គេច​ពី​អំពើ​ហិង្សា​ដោយ​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ជិតខាង។

ក្បួន​រថយន្ត​កាកបាទ​ក្រហម​បាន​នាំ​ជន​ភៀស​ខ្លួន​ច្រើន​ជាង​១០០នាក់​ចេញ​ពី​កន្លែង​មាន​ជម្លោះ​ទៅ​កាន់​កន្លែងសុវត្ថិភាព​ ប៉ុន្តែ​ត្រូវបាន​រង​ការ​វាយ​ប្រហារ​ទោះបីជា​ខ្លួន​បាន​បង្ហាញ​ទង់​កាកបាទ​ក្រហម​យ៉ាង​ច្បាស់​ក៏ដោយ។

លោក​បណ្ឌិត Tha Hla Shwe នាយក​អង្គការ Myanmar Red Cross Society បាន​និយាយ​ថា​ វា​មិន​ទាន់​ច្បាស់​នោះ​ទេ​ថា ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ។​ គាត់​បន្ត​ថា​ មិន​មាន​ប្រតិបត្តិ​ការ​យោធា​របស់​ភូមា​នៅ​ទីនោះ​ទេ​នៅ​ពេល​ដែល​មាន​ការ​វាយប្រហារ។

«អ្នក​ស្ម័គ្រ​ចិត្ត​របស់​យើង​ចំនួន​ពីរ​នាក់​បាន​រង​របួស​ ដោយ​ម្នាក់​របួស​ត្រង់​ក្បាល​ និង​ម្នាក់​ទៀត​របួស​ត្រង់​ពោះ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បានមើលថែ​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​មួយ​។ ពួកគេ​និយាយ​ថា​ស្ថានភាព​នៅ​ពេល​នេះ​មាន​លំនឹង​ល្អ​ ប៉ុន្តែ​យើង​ពិត​ជា​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​របស់​យើង​ទទួល​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ ពីព្រោះ​ថា​យើង​គ្រាន់​តែ​បំពេញ​ការងារ​មនុស្សធម៌​ ដោយ​មាន​អាវ​កាកបាទ​ក្រហម​ ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​គួរ​តែ​ទទួល​បាន​ការ​ការពារ​ទៅ​វិញ»។

ក្រសួង​ព័ត៌មាន​របស់​ភូមា​បាន​បន្ទោស​ក្រុម​បះបោរ​ចំពោះ​ការ​វាយប្រហារ​នេះ​ ហើយ​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី លោក Ye Htut បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រារាំង​មន្រ្តី​ក្នុង​តំបន់​ដែល​ជួយ​ដល់​ក្រុម​បះបោរ។

ការ​វាយប្រហារ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ​ នៅ​ពេល​ដែល​សម្ព័ន្ធ​នៃ​ក្រុម​ប្រដាប់​អាវុធ​ដែល​មាន​ដូចជា​កងទ័ព​ Myanmar Nationalities Democratic Alliance Army បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​របស់​យោធា​ភូមា​ជាច្រើន​កន្លែង​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​យក​ទឹកដី​ដែល​បាត់​បង់​កាលពី​ជម្លោះ​ឆ្នាំ​២០០៩​មក​វិញ។ ក្រុម​យោធា MNDAA គឺជា​យោធា​របស់​ជនជាតិ​ភាគតិច​ Kokang ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Peng Jiasheng ដែល​ដឹកនាំ​តំបន់​ស្វយ័ត​ Kokang រហូត​ដល់​ពេល​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ១៩៨៩ ត្រូវ​បាន​បំពាន។ គេ​ជឿថា​ លោក​កំពុង​រស់នៅ​ដោយ​និរទេស​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ។

ក្រុម​ Kokang បាន​និយាយ​ថា​ពួកគេ​សង្ឃឹម​ថា​នឹង​មាន​ការ​វិល​ត្រឡប់​មក​វិញ​នូវ​ការ​ដឹកនាំ​ដោយ​ស្វ័យភាព ហើយ​ពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​នោះ​ទេ។

សារព័ត៌មាន​របស់​រដ្ឋាភិបាល​ភូមា​ដែល​មាន​ឈ្មោះ​ថា The Global New Light of Myanmar បាន​រាយការណ៍​កាលពី​ថ្ងៃអង្គារ​ថា​ លោក​ប្រធានាធិបតី​ ធេន សេន សន្យា​ថា​មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​អ៊ីញ​ (រង្វាស់​ប្រវែង​ម្យ៉ាង) នោះ​ទេ ហើយ​ថា​នឹង​ការពារ​អធិបតេយ្យភាព។ កងទ័ព​នៅ​តែ​បន្ត​កាន់កាប់​ ក្រុង Laukkai ដែល​ជា​អតីត​រដ្ឋធានី​របស់​តំបន់​ស្វយ័ត​មួយ​នោះ។ យុទ្ធជន​របស់​ក្រុម​សម្ព័ន្ធ​បះបោរ​បាន​រាយការណ៍​ពី​ការ​វាយប្រហារ​តាម​អាកាស​ដែល​ធ្វើ​ឡើង​ដោយ​យោធា​ភូមា​តាម​ឧទ្ធម្ភាគចក្រ។

យោធា​ភូមា​ជាង​៥០នាក់​និង​ជន​សកម្ម​ប្រយុទ្ធ​២៦នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​គេ​សម្លាប់។​

នៅសប្តាហ៍​នេះ​ ប្រទេស​ចិន​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​នេះ​ឲ្យ​មាន​ភាព​អត់ធ្មត់។ អាជា្ញធរ​និយាយ​ថា​ពួកគេ​កំពុង​ជួយ​ជន​ស៊ីវិល​ដែល​បាន​ភៀស​ខ្លួន​ពី​អំពើ​ហិង្សា​ឆ្លងព្រំដែន។

លោក Anthony Davis អ្នក​វិភាគ​ផ្នែក​យោធា​នៅ​ក្នុង​តំបន់​និយាយ​ថា ​ឧបទ្ទវហេតុ​នេះ​មាន​ផល​ប៉ះពាល់​ចំពោះ​ទំនាក់ទំនង​ទ្វេ​ភាគី​ចិន​និង​ភូមា​។ ផ្នែក​មួយ​នៃ​មូលហេតុ​នេះ​គឺថា​ក្រុម Kokang ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនជាតិ​ភាគ​តិច​របស់​ចិន។​

«ប្រទេស​ចិន​មាន​ការ​ចាប់​អារម្មណ៍​ពី​ស្ថេរភាព​ព្រំដែន។ មាន​ជន​ភៀស​ខ្លួន​ Kokang ត្រកូល​ Hanចិន​រាប់​ពាន់​នាក់​កំពុង​តែ​សម្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ជនជាតិ​ចិន​មាន​ការ​ខឹង​សម្បារ​ចំពោះ​រឿង​នេះ។​ ជនជាតិ​ភូមា​កំពុង​សន្និដ្ឋាន​ថា​ ចិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​មន្រ្តី​ជាន់​ខ្ពស់​របស់​ភូមា​យ៉ាង​តិច​ម្នាក់​ បាន​ហៅ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​ ជា​ការ​ឈ្លានពាន​របស់​ចិន​ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ចិន​មាន​ការ​ខឹង​សម្បារ​នឹង​ការ​ហៅ​បែប​នេះ។ អញ្ចឹង​ហើយ​បាន​ជា​ប្រទេស​ភូមា​ខឹងសម្បារ​នឹង​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​ខឹង​សម្បារ​នឹង​ភូមា​នោះ។ ដូច្នេះ​ អ្នក​អាច​និយាយ​បាន​ថា​ផល​ប៉ះពាល់​នៃ​ការ​វាយប្រហារ​ទៅ​លើ​ជនជាតិ​ភាគតិច​ Kokang មាន​សភាព​ធ្ងន់ធ្ងរ​ យ៉ាងហោច​ណាស់​ក៏​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ដែរ»។

លោក​ Davis​ និយាយ​ថា​ការ​វាយប្រហារ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​វិចិ្ឆកា​ ទៅ​លើ​បណ្ឌិតសភា​របស់​កងយោធា​ឯករាជ្យ​របស់​ក្រុម​ Kachin​ ហៅ​ Kachin Independence​ Army​ គឺជា​កាតាលីករ​សម្រាប់​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​ ហើយ​បាន​បើក​ចំហ​ឲ្យ​មាន​ការ​បញ្ចេញ​កម្លាំង​នៃ​ក្រុម​សម្ព័ន្ធ​ជាច្រើន​ដែល​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ទីនោះ។​ លោក​បាន​លើក​ឡើង​ផង​ដែរ​ថា​ ទំហំ​នៃ​ការ​វាយប្រហារ​ផ្សេងៗ​ បាន​ធ្វើ​ឲ្យ​កម្លាំង​ទ័ព​ប្រទេស​ភូមា​មាន​ការ​លំបាក​លើសលប់​ និង​បានបង្ហាញ​អំពី​ភាព​ខ្វះ​ខាត​នៅ​ក្នុង​ផ្នែក​ព័ត៌មាន​ស៊ើប​ការណ៍​ និង​វិធីសាស្រ្ត​ប្រយុទ្ធ៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG