នាថ្ងៃពុធនេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានស្នើអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យមានសិទ្ធិថតរូបភាព និងវីដេអូបានក្នុងដំណើរការបោះឆ្នោត លើកលែងការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត អះអាងថា ការណ៍នេះអាចធានាតម្លាភាព ជាពិសេសពេលរាប់សន្លឹកឆ្នោត និងបង្កើនជំនឿទុកចិត្តចំពោះលទ្ធផលបោះឆ្នោតពីសំណាក់គណបក្សនយោបាយ អ្នកបោះឆ្នោត មហាជនទូទៅ និងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានស្នើឲ្យអ្នកសង្កេតការណ៍បោះឆ្នោតនានា មានសិទ្ធិថតរូបភាព និងវីដេអូបានក្នុងដំណើរការបោះឆ្នោតលើកលែងការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។ ក្រុមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលយកសំណើទៅពិចារណា និងសម្រេចនៅពេលឆាប់ៗខាងមុខ។ នេះបើតាមការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រែ្វល ដែលបានចូលរួមប្រជុំជាមួយមន្ត្រីគ.ជ.ប និងតំណាងពាក់ព័ន្ធនានា នាថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីក្រមសីលធម៌ថ្មី និងបញ្ហាជាច្រើនទៀតទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខ។
លើកលែងតែការគូសសន្លឹកឆ្នោតដែលនាំឲ្យប៉ះពាល់ដល់ការសម្ងាត់ចេញ ក្រុមអ្នកឃ្លាំមើល បានអះអាងថា ដំណើរការផ្សេងទៀតដូចជាការចុះឈ្មោះអ្នកបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោតជាដើម គប្បីអនុញ្ញាតឲ្យមានការថតរូប ព្រោះវាជាការត្រួតពិនិត្យ និងធានាតម្លាភាពនៃការរាប់សន្លឹកឆ្នោត។ ការណ៍នេះ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាយល់ថា អាចបង្កើនជំនឿទុកចិត្តចំពោះលទ្ធផលបោះឆ្នោតពីសំណាក់គណបក្សនយោបាយ អ្នកបោះឆ្នោត មហាជនទូទៅ និងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
លោក គល់ បញ្ញា ថ្លែងប្រាប់ VOA ថា៖
«ប៉ុន្តែពេលរាប់សន្លឹកឆ្នោត វាលែងមានការសម្ងាត់អីទៀតទេ វាត្រូវការតម្លាភាព។ ចឹងទៅ វាអាចឲ្យអ្នកសង្កេតការណ៍ ឬអ្នកសារព័ត៌មានអី គេមានសិទ្ធិថតបាននូវការរាប់សន្លឹកឆ្នោតអី។ ហើយខាងគ.ជ.ប. ក៏គាត់យកសំណើហ្នឹង។ នេះជាចំណុចមួយវិជ្ជមាន ជួយទប់ស្កាត់ទំនាស់ទាក់ទងលទ្ធផលបោះឆ្នោត»។
លោក គល់ បញ្ញា គូសបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ ទៅលើសំណើឲ្យមានសេចក្តីព្រាងទាក់ទងនឹងក្រមសីលធម៌ ដោយដកទោសទណ្ឌចេញពីការរំលោភក្រមសីលធម៌ ហើយជំនួសដោយការពិន័យផ្នែករដ្ឋបាល ឬការព្រមានវិញ។ សេចក្តីព្រាងក្រមសីលធម៌នេះ មានអានុភាពទៅលើភាគីមន្ត្រីយោធា មន្ត្រីគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត អ្នកសារព័ត៌មាន និងមន្ត្រីបោះឆ្នោត។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក គាំទ្រសំណើឲ្យមានសិទ្ធិថតរូបភាព និងវីដេអូក្នុងដំណើរការបោះឆ្នោត។ លោកបន្ថែមថា ដើម្បីធានាតម្លាភាពមួយកម្រិតទៀតនោះ វីដេអូឯកសារទាំងនោះ គប្បីបង្ហោះនៅលើគេហទំព័រណាមួយជាសាធារណៈ ដែលអាចអនុញ្ញាតិឲ្យសាធារណចូលមើល ដើម្បីធ្វើការគណនា និងផ្ទៀងផ្ទាត់លទ្ធផលដោយខ្លួនឯង។
«គេធ្វើចឹងល្អ បើសិនអាចធ្វើចឹងបាន វាប្រសើរ។ យល់ល្អ ប្រកាសលទ្ធផល[វីដេអូ]រាប់សន្លឹកឆ្នោត តាមការិយាល័យ ឲ្យគាត់បង្ហោះលើវេបសាយ យើងអាចបូក[ខ្លួនឯង]បាន»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍អះអាងថា គ.ជ.ប. អាចនឹងសម្រេច ថាយល់ព្រម ឬមិនយល់ព្រមសំណើទាំងនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ឬក្រោយនោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ប្រាប់ VOA ថា គ.ជ.ប.នឹងលើកយករាល់សំណើ និងអនុសាសន៍ដែលទទួលបានពីភាគីពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្ដដោយសមាជិកទាំង៩របស់ គ.ជ.ប.។ ហើយការសម្រេចយ៉ាងណានោះ គឺផ្អែកទៅតាមគោលការណ៍៣សំខាន់។
«ទី១ ថា តើអនុសាសន៍ហ្នឹងស្របតាមច្បាប់ដែរ ឬអត់។ ទី២ អនុសាសន៍ហ្នឹងបើសិនជាយើងចែងស្របតាមសំណើ ថាតើមានផលប្រយោជន៍អីខ្លះដល់ការងារបោះឆ្នោត។ ទី៣ បើយើងចែងស្របតាមអនុសាសន៍នោះ តើយើងទាំងអស់គ្នាទាំងគ.ជ.ប. ទាំងអង្គការមិនមែនក្រៅរដ្ឋាភិបាលក្តីហ្នឹង អនុវត្តបានដែរអត់»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាសាកលនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមនាខែកញ្ញាខាងមុខនេះ៕