ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប៖ ការ​ឃោសនា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​បាន​បញ្ចប់​ដោយ​រលូន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​បាន​បញ្ចប់

ក្រោយពី​បាន​បើក​ការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ចំនួន​១៥​ថ្ងៃកន្លង​មក ​គណបក្សនយោបាយ​ចំនួន​ប្រាំ​បាន​បិទ​បញ្ចប់​យុទ្ធនា​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​ ១៦​ ខែ​ឧសភា​នេះ​គឺ​មួយ​ថ្ងៃ​មុន​នឹង​ការ​បោះឆ្នោត​អសកល​នេះ​ចាប់​ផ្តើម។ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី១៨​ខែឧសភា។

លោក​ ជាម ​យៀប​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ គណបក្ស​របស់លោក​មាន​សុទិដ្ឋិនិយម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​គណបក្ស​ដទៃដោយ​ហេតុ​ថា​អង្គ​បោះឆ្នោត​របស់​គណបក្ស​របស់​លោក​មាន​ជាង​៨.០០០​អង្គ​បោះឆ្នោត​ទៅ​ហើយ​ក្នុង​ចំណោម​អង្គ​បោះឆ្នោត​សរុប​១១.៤៥៩​នាក់។​

លោក​បន្ថែម​ថា៖ «ចឹង​សុទិដ្ឋិនិយម​របស់​យើង​គឺ​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ​លើ​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ទូទាំង​ប្រទេស»។

​ទោះ​បីជា​យ៉ាង​នេះ​ក្តី​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​សកម្មភាព​សកម្ម​ជាង​គេ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោតដោយ​បាន​ដើរ​ដង្ហែរ​ក្បួន​ឃោសនា​បក្ស​នៅ​ក្នុង​ទីក្រុង​ និង​តាម​បណ្តា​ខេត្ត​ បន្ថែម​ពី​ការ​ជួបជុំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​របស់​ខ្លួន។

​សម្រាប់​នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ​វិញ​មេដឹកនាំ​របស់​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ការ​ដង្ហែរ​ក្បួន​ដោយ​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​ពាន់នាក់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ រ៉ឺម៉កកង់​ ៣​ និង​រថយន្ត​ចេញ​ពី​ខេត្ត​កំពង់​ចាម​មក​ទី​ក្រុង​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ដដែល។​

លោក​យ៉ែម​ បុញ្ញឫទ្ធិ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ បើ​ទោះ​បី​ជា​ចំនួន​អង្គ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ចំនួនតិច​បើប្រៀប​ធៀប​នឹង​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងណាក្តី​ លោក​ថ្លែងថា​ទៅ​ថ្ងៃ​មុខ​លទ្ធផល​នឹង​មាន​ការ​កែ​ប្រែ។

ក្រឡេក​មក​មើលគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ គណបក្ស​សាធារណៈរដ្ឋ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ មេដឹកនាំ​របស់​គណបក្ស​ទាំង៣​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចុះ​ធ្វើការ​អប់រំ​ និង​ពន្យល់​ណែនាំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ និង​ស្រុក​ដែល​មាន​សមាជិក​របស់​ខ្លួន​បាន​ឈរ​ឈ្មោះហើយ​មន្ត្រី​នយោបាយ​ទាំង​នេះ​រំពឹងថា​នឹង​ទទួល​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌនេះ។​

លោក​ មាង​ ម៉េង​ហួន​ប្រធាន​គណៈ​កម្មការ​បោះឆ្នោត​ខេត្ត​កំពង់​ចាម​ថ្លែង​ថានៅ​ក្នុង​ខេត្ត​របស់​លោក​មាន​មណ្ឌល​បោះឆ្នោត​សរុប​ ១១​ និង​អ្នក​បោះឆ្នោត​សរុប​៨១៧​នាក់។

លោក​បន្ថែម​ទៀត​ថា​សម្រាប់​រយៈ​ពេល​ ២​សប្តាហ៍​នៃ​ការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយមិន​មាន​បញ្ហាធំដុំ​នោះ​ទេ។​

​«ខ្ញុំ​បាន​ត្រៀម​រួចអស់ហើយ​ពីព្រោះ​ថា​ប្រដាប់​ប្រដា​ទៅ​ដល់​ទីតាំង​ហើយ។ ថ្ងៃ​នេះ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំង​ ៥រូប​គេ​បណ្តុះ​បណ្តាល​គ្នា​គេ​បន្ត​ទៀត។​ដូច​ជា​ការ​ដំឡើង​ហិប​ឆ្នោតក្រោយ​ការការពារ​របស់​អាជ្ញាធរ»។​

លោក​នឹម​ វ៉ាន់​សំ​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថ្លែង​ស្រដៀង​គ្នា​ដែរថា៖ «សម្រាប់​ថ្ងៃ​១៨​ហ្នឹង​យើង​បាន​ត្រៀម​រៀបចំ​រួច​រាល់​អស់ហើយ។ ​ស្អែក​យើង​នឹង​បញ្ជូន​សំភារៈ​ដល់​ការិយាល័យ​បោះឆ្នោត​ ចាប់​ផ្តើម​រៀប​ចំ​កា​រិយាល័យ​ហើយ​ថ្ងៃ​១៨​យើង​នឹង​ធ្វើ​ការ​បោះឆ្នោត​តែ​ម្តង»។​

គិត​មកត្រឹម​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ (គជប)បាន​ទទួល​ស្គាល់​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ទាំង​ផ្លូវការ​និង​មិនផ្លូវ​ការមក​ពី​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប​ចំនួន​ប្រមាណ​ជាង​១.០០០នាក់។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ​គ្រោង​នឹងចំណាយ​ទឹក​ប្រាក់​សរុប​ប្រហែល​ជាង​១​លាន​៧សែន​ដុល្លារ​អាមេរិក។​ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោកទេព​ នីថា​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ថ្លែងថា​រយៈពេល​ជាង​ ២​សប្តាហ៍​គ.ជ.ប​ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​ ៤។ ក៏ប៉ុន្តែ​ចាត់​ទុកថា​ការ​ឃោសនា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ដោយឡែក​សម្រាប់​ការ​ត្រៀមខ្លួន​សម្រាប់​ការ​បោះឆ្នោត​វិញ​លោក​ថ្លែង​ដូច្នេះ​ថា៖«ការ​ត្រៀម​រៀប​ចំ​របស់​យើង​គឺ​យើង​បាន​ដំណើរការ​តាម​ប្រតិទិន​បានល្អ​ មាន​ការ​បណ្តុះ​បណ្តាល​ នឹង​ចែក​សំភារៈ​ ដឹកជញ្ជូន​សំភារៈ​ទៅដល់​ការិយាល័យបោះឆ្នោត​អស់​ហើយ»។​

លទ្ធផលផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ខណ្ឌ​នឹង​ត្រូវ​ប្រកាស​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣០​ខែ​ឧសភា៕
XS
SM
MD
LG