ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ


អគារ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជា។
អគារ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជា។

រដ្ឋាភិបាល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលរួច​ហើយ​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នេះ​ បើ​ទោះ​ជា​មាន​សំណើ​សុំ​ពិភាក្សា​ និង​ការ​រិះគន់​យ៉ាង​ណា​ក៏​ដោយ។​ សេចក្តី​ព្រាង​ច្បាប់​នេះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​រដ្ឋ​សភាជាតិ​នា​ដើម​សប្តាហ៍​ក្រោយ។​

ដោយ​គ្មាន​អ្វី​រាំង​ស្ទះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ នា​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​ការ​លុប​មាត្រា​មួយ​ចំនួនផង​ដែរ ​មុន​ពេល​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​រដ្ឋសភា​នា​សប្តាហ៍​ក្រោយ។​

មន្ត្រី​ការទូត ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹតត្បិត​ និង​បាន​ទទូច​សុំ​ឲ្យ​មាន​ការ​ពិភាក្សា​និង​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ជាសាធារណៈ។​ ​

លោក​ឱម ច័ន្ទតារា​ ប្រធាន​នាយកដ្ឋាន​សារគមនាគមន៍​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស ​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​៤ម៉ោង​នា​វិមាន​សន្តិភាព​នោះ​ បាន​ឲ្យ​ដឹង​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​លុប​មាត្រា​ចំនួន​២​ដែល​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការ​អនុវត្ត​របស់​អង្គការ ​ឬ​សមាគម​នានា ហើយ​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នៃ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​សល់​ត្រឹម​៣៩​មាត្រា។​ ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្រៅពី​នោះ​ក៏​មាន​ការ​សម្រួល​ពាក្យពេចន៍មួយ​ចំនួនក្នុង​ច្បាប់​នេះ​ផង​ដែរ។​

លោក​ឱម ច័ន្ទតារា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «បាទ! ​លុប​ចោល​ ហើយ​នឹង​កាត់​ពាក្យ​មួយ​ចំនួន។​ និ​យាយ​រួម​គឺ​នៅ​ក្នុង​អង្គ​ប្រជុំ​ហ្នឹង​មាន​កិច្ច​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ​និង​ធ្វើ​ម៉េច​ឲ្យ​មាន​ការងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ ហើយ​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ អង្គការ​ដែល​មាន​អនុស្សរណៈ​ជា​មួយ​ក្រសួង​ការ​បរទេស​ និង​អង្គការ​មួយ​ចំនួនដែល​ចុះ​បញ្ជី​ក្នុង​ក្រសួង​មហា​ផ្ទៃ​នៅ​តែ​បន្ត​ដ​ដែល​ទេ»។

លោក​ផៃស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា ​មាត្រា​ទាំង​ពីរ​ដែល​ត្រូវ​ដក​ចេញនោះ​ ​រួម​មាន​ការ​ដាក់​កំហិត​លើ​ការ​ចំណាយ​ថវិការដ្ឋបាលរបស់​អង្គការ​សមាគម​ និង​ការ​តម្រូវ​ឲ្យ​អង្គការ​អន្តរជាតិ​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​ការបរទេស​ត្រូវ​ដាក់​ឯកសារ​ទៅ​ក្រុម​ប្រឹក្សា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។

«សម្តេច​យល់​ថា​ ហ្នឹង​គឺ​ជា​ឯករាជ្យ​ភាព​របស់​ពួក​គេ។​ គេ​ចង់ចាយ​វាយ​អី​ចាយ​ទៅ។​ ​ពួក​គេទេ​ ដែល​ពិបាក​ចិត្ត​ជាង។​ អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​លុប​មាត្រា​នោះ​ចោល។​ ហើយ​មាត្រា​មួយ​ទៀត​នោះ​គឺ​បញ្ចប់​ភាព​សាំញ៉ាំ​ដែល​បង្ក​ការ​ពិបាក​ និង​បង្ក​ឧបសគ្គ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សមាគម»។​

រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​សេចក្តី​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាសស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ហើយ​បាន​ដាក់​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពីរ​លើក​នា​ឆ្នាំ​២០១១។​ ​ នា​ពេល​ថ្មីៗ​នេះ​ ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ មក​ធ្វើ​ការ​ព្រាង​ឡើង​វិញ​ ដោយ​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា​ កន្លង​ទៅជា​កំហិត។​ ​ ការលើកឡើងនេះ​បានបង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជាច្រើន​ថា​ ​ច្បាប់​នេះ​អាច​ជា​ការ​រឹតត្បិត​លើ​សេរីភាព​ និង​ប្រតិបត្តិការ​របស់អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ ជាង​នេះ​ទៀត​ សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់ជា​សាធារណៈ​នៅ​ឡើយ។​

លោក​ផៃ ស៊ីផាន​បាន​បញ្ជាក់​ថា ​អង្គការ​សង្គម​ស៊ីវិល​និងសមាគម​មិន​គួរ​មាន​ការ​បារម្ភ​ពេក​នោះ​ទេ ជា​ពិសេស​ទាក់​ទិន​នឹង​ការ​ដាក់​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ ព្រោះថា​ ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​«អត់​មានតម្រូវ​ឲ្យ​ដាក់​របាយ​ការណ៍​ជូន​មក​ក្រសួង​មហាផ្ទៃ​នោះ​ទេ»​ តែគ្រាន់​តែ​ «សូម​ឲ្យ​គេ​ចម្លង​អ្វី​ដែល​គេ​ផ្ញើរ​ទៅម្ជាស់​ជំនួយ​នោះ»​ មក​ជូន​ក្រសួង​ ដោយ​មិន​ចាំបាច់​ឲ្យ​ដាក់​ ឬ​ធ្វើ​ជា​របាយ​ការណ៍​បន្ថែម​នោះ​ទេ។​

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រីការ​ទូត​នៅ​តែ​បញ្ចេញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​រឹតត្បិត​ដល់​សេរីភាព​របស់​ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​

លោក​អំ សំអាត ​ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​បញ្ជាក់ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុម័តយ៉ាង​ឆាប់​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។​ ការអនុម័ត​ដោយ​មិន​គិតគូរ​ដល់​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​បណ្តា​អង្គទូត​នៃ​ប្រទេស​ធំៗ ​រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង​នោះ បាន​បង្ហាញ​ពី​ចេតនា​នៃ​ការ​រឹតត្បិត​ «និង​គ្រប់គ្រងលើ​ដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល»​នោះ។​ ​ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​គឺ​អត្ថន័យ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នោះ ​ដែល​សង្គម​ស៊ីវិល​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ។​

«ទោះ​បី​ជា​មាន​ការ​ដក​ក៏​ដោយ​ ក៏​យើង​នៅតែ​មាន​ការ​កង្វល់​ច្រើន​ទៀត​ទាក់​ទិន​នឹងច្បាប់​នោះ។ ​យើង​មើល​ឃើញ​ហើយ​ ដូច​ជាការ​ចុះ​បញ្ជី​ក៏​វា​ជា​រឿង​មួយ​សំខាន់​ ពី​ព្រោះ​យើង​មាន​ការ​បារម្ភ​ចំពោះ​អង្គការ ​សហគមន៍​ ​ដែល​នៅ​មូលដ្ឋាន ​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ការ​ងារ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ទាក់​ទិន​នឹង​ដីធ្លី​ ព្រៃឈើ​ និង​បរិស្ថាន​ជា​ដើម»។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​វៀរលៀម ថត​ (William Todd)​ ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​ បាន​សរសេរ​នៅ​ក្នុង​ប្លុក​ផ្ទាល់​ខ្លួន​របស់​លោក​ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត​ថា ​កម្ពុជា​ត្រូវ​ដឹង​ថា​ «ពិភព​លោក​កំពុង​សម្លឹង​មើល»ដំណើរ​ការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។​ ​ ហើយ«សហ​រដ្ឋអាមេរិក​នឹង​បន្ត​តាមដាន​ការ​វិវត្ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​យ៉ាង​ជិត​ដិត​ ពីព្រោះ​យើង​ជឿ​ថា​ ការផ្លាស់​ប្តូរ​ណា​មួយ​លើ​ច្បាប់​ដែល​រឹតត្បិត​ ជា​ជាង​ការ​ផ្តល់​លទ្ធភាព​ដល់​សង្គម​ស៊ីវិល​នោះ មិន​បម្រើ​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ឡើយ»។​

បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាង​៤​ម៉ោង​នា​ព្រឹក​មិញ ​មន្ត្រី​រដ្ឋាភិបាលបាន​ឲ្យ​ដឹង​ថា​ ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​មាន​៩​ជំពូក​និង​៣៩​មាត្រា​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា​ជាតិ​ដើម្បី​ពិនិត្យ​បន្ថែម​ទៀត​នា​ដើម​សប្តាហ៍​ក្រោយ៕​

XS
SM
MD
LG