ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ណាល័យ​អេឡិចត្រូនិច​អំពី​​អំពើ​ពុករលួយ​ និង​អភិបាល​កិច្ច​បើក​ដំណើរការ


រូបភាពនៃគេហទំព័របណ្ណាល័យឌីជីថល ដែលទើបតែដាក់ឲ្យដំណើរការ ដោយអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
រូបភាពនៃគេហទំព័របណ្ណាល័យឌីជីថល ដែលទើបតែដាក់ឲ្យដំណើរការ ដោយអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

បណ្ណាល័យ​អេឡិច​ត្រូនិច​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​​ចូល​មើល​ ទាញយក​ ឬ​ ផ្សព្វផ្សាយ​ឯកសារ​នានា​ទាក់ទង​នឹង​អំពើ​ពុករលួយ​ និង​អភិបាលកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ ​អង្គការ​តម្លាភាព ​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​សាធារណៈ​នូវ​បណ្ណាល័យ​អេឡិចត្រូនិច​ឬ ​ digital Library។​ បណ្ណាល័យ​អេឡិច​ត្រូនិច​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​សាធារណជនចូល​មើល​ ទាញយក​ ឬ​ ផ្សព្វផ្សាយ​ឯកសារ​នានា​ទាក់ទង​នឹង​អំពើ​ពុករលួយ​ និង​អភិបាលកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បណ្ណាល័យ​អេឡិចត្រូនិច​ ឬ​ Digital Library​ ដែល​មាន​ផ្ទុក​នូវ​ទិន្នន័យ​ ឯកសារ​ និង​របាយ​ការណ៍ទាក់​ទង​នឹង​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់​ជា​ផ្លូវការ​ និង​ដោយ​សេរី​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ កាល​ពី​សប្តាហ៍​មុន​នេះ។​ បណ្ណាល័យ​ថ្មី​នេះ​គឺ​ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ អាច​ចូល​មើល​ ឬ​ទាញ​យក​ ព្រម​ទាំង​អាច​ផ្សព្វ​ផ្សាយ​នូវ​ឯកសារ​របស់​ខ្លួន​ជុំវិញ​ប្រធាន​បទ​អំពើ​ពុករលួយ​ និង​អភិបាល​កិច្ច​ផង​ដែរ។​

បណ្ណាល័យ​អេឡិចត្រូនិច​ ដែល​មាន​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស​ផង​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ ​ដោយ​ចងក្រង​ និង​ប្រមូល​ផ្តុំ​ឯកសារ​ដែល​បាន​ចេញផ្សាយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​អំពី​អំពើ​ពុករលួយ​នៅ​កម្ពុជា។​ ឯកសារ​ទាំងនោះ​រួមមាន​ បញ្ហាសង្គម​ អភិបាល​កិច្ច​ អំពើ​ពុករលួយ​ អយុត្តិធម៌​សង្គម​ សេវាសាធារណៈ​ និង​ភាព​មិន​ប្រក្រតី​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។​ ការ​ចងក្រង​នេះ​ត្រូវ​បាន​ធ្វើឡើង​អស់​រយៈពេល​៣ឆ្នាំ ​មុន​នឹង​ធ្វើការ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​ ហើយ​អង្គការ​តម្លាភាព​កម្ពុជា​ទទួលបាន​ឯកសារ​ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​សង្គម​នៅ​កម្ពុជា​ទាំងនោះ ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ផ្សេងៗ។

លោក​ព្រាប កុល​ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​លើក​ឡើង​ថា​ បណ្ណាល័យ​អេឡិច​ត្រូនិច​នេះ​គឺ​ជាវេទិកា​ថ្មី​មួយ​ទៀត​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ និង​អភិបាលកិច្ច​នៅកម្ពុជា​ដើម្បី​បង្កើន​ការ​យល់​ដឹង ​ជំរុញ​ការ​ជជែក​ពិភាក្សា​គ្នា​ និង​ស្វែង​រក​ដំណោះស្រាយ​នានា​ឆ្លើយតប​នឹង​បញ្ហា​ជាក់ស្តែង។​

«នៅ​ពេល​ដែល​គាត់​រៀបចំ​គម្រោង​ ឬ​ក៏​យក​គម្រោងទៅ​ពិនិត្យ​ពិភាក្សា​ដើម្បី​រក​ដំណោះ​ស្រាយ​ គាត់​អាច​យក​ព័ត៌មាន​នេះ​ទៅ​ប្រើ​ដោយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការងារ​ មិន​ចំណាយ​ពេល​ច្រើន។​ គាត់​ចូល​ទៅ​ក្នុង​វេបសាយ​នេះគាត់​អាច​នឹង​មាន​ប្រភព​ព័ត៌មាន​ ដែល​គាត់​អាច​យក​ទៅ​ប្រើ​បាន»។​

លោក​បាន​បន្ត​ទៀត​ថា៖​

«តាម​រយៈ​នេះ​ ប្រជា​ពលរដ្ឋ​ ដែល​មាន​ចំណាប់​អារម្មណ៍​ ឬ​ក៏​អ្នក​តាក់តែង​គោល​នយោបាយ​ រដ្ឋាភិបាល ​ឬ​ក៏​អ្នក​ឯកទេស​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សង្គម​ ដើម្បី​ជជែក​ពិភាក្សា​ ឬ​បង្កើត​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​សង្គម»។​

សាធារណជន​យល់​ថា​ បណ្ណាល័យ​ថ្មី​នេះ​បាន​បន្ថែម​ភាព​ងាយ​ស្រួល​ដល់​ពួក​គេ ​នៅពេល​ដែល​ពួកគេ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ ខណៈដែល​ឯកសារ​ទាក់ទង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​មាន​តិចតួច​នៅ​ឡើយ។​ មួយ​វិញ​ទៀត​ ពួក​គេ​យល់​ថា​ បណ្ណាល័យ​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​តិចជាង​មុនក្នុង​ការ​ស្រាវជ្រាវ​ ​ហើយ​ឯកសារ​ទាំង​នោះ​គឺ​ជាប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន។​ អស័យដ្ឋាន​នៃ​បណ្ណាល័យ​នេះ​ជា​ភាសា​អង់គ្លេស​គឺ www.ticambodia.org/library/ ​និង អស័យដ្ឋាន​ជាភាសាខ្មែរ​គឺ www.ticambodia.org/library/km/។​

កញ្ញា​ជ័យ សុជាតា ​វ័យ​១៨ឆ្នាំ ​ជា​និស្សិត​ឆ្នាំទី២ ​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​កញ្ញា​ត្រូវ​ទៅ​ដល់​ស្នាក់ការ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ផ្ទាល់​ដើម្បី​រក​ឯកសារ​នោះ​ ​ តែ​ពេល​នេះកញ្ញា​អាច​រក​ឯកសារ​ទាក់ទង​នឹង​អំពើ​ពុករលួយ​ ដោយគ្រាន់តែ​បើក​គេហ​ទំព័រ​បណ្ណាល័យ​អេឡិច​ត្រូនិច​នេះ​តែប៉ុណ្ណោះ​ គឺមិនចាំបាច់​ធ្វើដំណើរ​មក​ដូច​មុន​ទេ។

«ខ្ញុំ​អាច​ស្វែង​រក​ឯកសារ ​និង​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ ហើយ​ម៉្យាង​ទៀត ​ខ្ញុំអាច​យល់​ដឹង​កាន់​តែ​ច្រើន ​ហើយ​ខ្ញុំ​អាច​យក​ ទិន្នន័យ​ទាំង​អស់​ហ្នឹង​មក​ធ្វើ​ជា​ឯកសារ​យោង ​នៅពេល​ដែល​ខ្ញុំ​សរសេរ​អ្វី​មួយ​ដែល​ទាក់ទង​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ។​ វាជា​ប្រភពព័ត៌មានដែល​អាច​ទុក​ចិត្ត​បាន»។​

លោក ​ចាន់ ភីតធ័រ​ វ័យ​២៣​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​ដេប៉ាតេម៉ង់​សិក្សា​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា ​បណ្ណាល័យ​អេឡិចត្រូនិច​នេះ​ជា​មធ្យោបាយល្អ​មួយ​សម្រាប់​ទាំង​និស្សិត ​និង​អ្នក​ស្រាវជ្រាវ ​ដោយ​ហេតុថា​ ឯកសារ​ទាក់ទង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជាមាន​តិចតួច​នៅ​ឡើយ។

«សម្រាប់​ខ្ញុំ​ Digital Library​ គឺ​ល្អ ​ហើយ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ក៏ដូចជា​និស្សិត​ និង​អ្នក​ស្រាវជ្រាវ​ផងដែរ។ ​គាត់​អាច​ទទួល​ចំណេះ​ដឹង​ទាក់ទង​នឹង​អំពើ​ពុករលួយ ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ទាក់ទង​នឹង​អំពើ​ពុករលួយ ហើយគាត់អាច​យក​ការ​យល់​ដឹង​នេះ​ទៅ​ប្រើ​នៅថ្ងៃ ​អនាគត»។​

លោក​ព្រាប កុល​បញ្ជាក់​ថា​ អង្គការ​តម្លាភាព​កម្ពុជា​នឹង​បន្ត​ដាក់​បញ្ចូល​នូវ​ឯកសារ​ថ្មីៗ​ចូល​ទៅ​ក្នុង​បណ្ណាល័យ​ឌីជីថល​នេះ​បន្ត​ទៀត។​ ​ជាង​នេះ​ទៅ​ទៀត​ បណ្ណាល័យ​អេឡិចត្រូនិចនេះ​ក៏​ផ្តល់ឱកាស​ឲ្យ​សាធារណជន​ឬ​ស្ថាប័ន​ផ្សេងៗ​អាច​ផ្សព្វផ្សាយ​នូវ​ឯកសារ​របស់​ខ្លួន​ជុំវិញ​ប្រធានបទ​អំពើ​ពុករលួយ​នៅកម្ពុជា​ផងដែរ ​ក៏ប៉ុន្តែ​គុណភាព​ឯកសារ​ទាំងនោះ​តម្រូវ​ឲ្យ​មាន​លក្ខណៈពេញលេញ ​ឯករាជ្យភាព​ និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ ត្រឹមត្រូវ៕

XS
SM
MD
LG