ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​​ជា​លោក​ ​Trump គ្មាន​ការ​អត់​ធ្មត់​ក៏​ដោយ​ ក៏​«ការ​បើក​សេដ្ឋកិច្ច​អាមេរិកជា​ថ្មី‍» នឹង​កើត​មាន​​ក្នុង​ពេល​ច្រើន​ខែ​ទៀត


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ Donald Trump បាននិយាយ​ម្តង​ហើយ​ម្តង​ទៀតថា​លោកចង់ «បើក​សហរដ្ឋអាមេរិកជាថ្មី‍» ឱ្យ​បានឆាប់រហ័ស​តាម​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈអំពាវនាវ​ឲ្យមាន​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញសន្សឹមៗ។ ​

លោក​ប្រធានាធិបតី​ Donald Trump បាននិយាយ​ច្រើន​ដង​ថា​ លោកចង់ «បើក​សហរដ្ឋអាមេរិកជាថ្មី‍» ឱ្យ​បានឆាប់រហ័ស​តាម​អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយការ​ខូចខាត​ខាង​សេដ្ឋកិច្ច​បណ្តាលមក​ពីបទបញ្ញត្តិ​ស្តី​ពី​ការ​មិន​ឱ្យ​នៅ​ជិត​គ្នា​ដែល​បានត្រូវ​អនុវត្តជា​ការ​តបនឹងការរាតត្បាត​សាកល​នៃមេរោគ​វីរុស​កូរ៉ូណា។​

លោកបាននិយាយ​ច្រើន​ដង​ថា «​ប្រទេស​យើង​មិនមែន​បង្កើត​ឡើងដើម្បី​បិទទេ។​ នេះមិនមែន​ជាប្រទេស​មួយត្រូវ​កសាងឡើង​សម្រាប់​បិទ​ទេ»។

ក៏​ប៉ុន្តែ​ពួក​អ្នកជំនាញ​ខាងសុខាភិបាល​សាធារណៈបាន​និយាយ​ឱ្យ​ប្រុងប្រយ័ត្ន​ថាការ​ចាប់ផ្តើម​ដំណើរការ​សេដ្ឋកិច្ច​ជា​ថ្មី​ដោយ​សុវត្ថិភាពនឹង​ត្រូវ​ចំណាយ​ពេល​យូរ។​ ភស្តុតាង​ពី​ប្រទេស​ចិនដែល​នៅ​ទី​នោះ​មេរោគ​វីរុស​នេះ​ហាក់​ដូចជាបាក់​កម្លាំង​បង្ហាញ​ថា​ដំណើរការបើក​សេដ្ឋកិច្ច​ជាថ្មី​មិនមែន​ងាយ​ស្រួលដូចបើកកុងតាក់ទេ។

នៅ​ខាង​ក្នុង​រដ្ឋបាលនេះ​ហាក់ដូច​ជា​ មាន​ការ​ដឹងច្រើន​ជាង​មុនថា​ សេដ្ឋកិច្ច​សហរដ្ឋអាមេរិកអាចមានដំណើរការ​យឹតយូរ​ក្នុង​រយៈពេល​ច្រើន​គួរ​សម​គឺ​យូរជាងការយល់​ឃើញរបស់លោកប្រធានាធិបតី​ទៅ​ទៀត។

បំណង​របស់​លោក​ដែលចង់ឃើញមាន «មនុស្ស​ពេញ​វិហារ​គ្រឹស្តសាសនា‍» នៅ​ក្នុង​ពិធី​បុណ្យ Easter នៅ​ថ្ងៃ​អាទិត្យទី​១២​ខែមេសាបានត្រូវចាត់ទុក​ជាទូទៅ​ថា​ គ្មាន​ភាពប្រាកដនិយមទេ។ ហើយ​ការអំពាវ​នាវ​ឱ្យមានការ​កម្រិតការ​នៅ​ឃ្លាត​ពី​គ្នាក្នុង​សង្គមដែល​បាន​ត្រូវនិយាយ​ជា​ថ្មី​ច្រើន​ដង​ដោយលោក Trump មិនបានត្រូ​វគេធ្វើតាមទេ។​

កាលពីថ្ងៃ​អង្គារ​ទី៧​ ខែមេសា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់​របស់​លោក Trump បាននិយាយ​ថា​ ពួក​អ្នកជំនាញខាងសុខាភិបាល​សាធារណៈនឹង​ណែនាំ​សេចក្តី​សម្រេច​របស់​សហរដ្ឋអាមេរិកអំពី​បន្ធូរបន្ថយបែបណា​និងនៅ​ពេល​ណា​នូវកិច្ចខិតខំប្រឹងប្រែង​ដើម្បី​បន្ថយ​ការរាលដាល​នៃមេរោគ​វីរុសកូរ៉ូណា។

លោក​ Larry Kudlow ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​បាននិយាយ​នៅក្នុង​សេចក្តី​សម្ភាសន៍​មួយជាមួយ​ទស្សនាវដ្តី​ Politico ថា «គឺ​សុខភាព​របស់ប្រជារាស្ត្រដែល​នឹងជំរុញ​ឱ្យ​មានសេចក្តី​សម្រេច​ខាង​វេជ្ជសាស្ត្រនៅ​ទីនេះ​គឺ​ជា​សេចក្តី​សម្រេចទាក់ទិន​នឹង​វេជ្ជសាស្ត្រ។»

លោក Kudlow បាននិយាយ​ថា​ លោក​មាន​សុទិដ្ឋិនិយម​និង​សេចក្តី​សង្ឃឹម​ថា ​«នៅ​ក្នុងរយៈពេលពី​បួនទៅ៨អាទិត្យទៀត យើង​នឹង​អាច​បើក​សេដ្ឋកិច្ច​ជា​ថ្មីហើយ​ថា​កម្លាំងនៃមេរោគ​វីរុស​នេះនឹងចុះ​ថម​ថយ​យ៉ាង​ច្រើនក្រាស់ក្រែល។»

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយក្មវិធី​ទូរទស្សន៍​ Fox News លោក​ Kudlow បានថ្លែងថា​«លោក​ប្រធានាធិបតីចង់​បើក​សេដ្ឋកិច្ច​ជា​ថ្មី​ដោយ​ឆាប់រហ័ស​តាម​ដែល​លោក​ធ្វើ​បាន ហើយ​យើង​គ្រោងចាត់​វិធានការខាង​ផ្ទៃ​ក្នុង​ហើយ»​ ក៏​ប៉ុន្តែលោក​មិន​បាន​ផ្តល់​សេចក្តី​ពិស្តារ​ល្អិត​ល្អន់​អំពី​ការពិភាក្សា​គ្នាទាំង​នោះ។

ប្រសិន​បើ​រដ្ឋាភិបាលអាមេរិកាំងមាន​បំណង​ប្រាកដ​ប្រជាធ្វើតាមការ​ណែនាំ​របស់ពួក​អ្នកជំនាញ​ខាង​សុខាភិបាលមែន​នោះ សេចក្តី​ណែនាំ​សម្រាប់​ការ​បើក​ប្រទេស​ជា​ថ្មីអាច​ធ្វើឱ្យ​រយៈពេល៨អាទិត្យស្នើ​ដោយលោក Kudlow មាន​ភាព​សុទិដ្ឋិនិយមខ្លាំងពេក។​

កាល​ពី​ដើមខែមេសា​ វិទ្យាស្ថានអភិរក្ស​និយម American Enterprise Institute បានបោះពុម្ពផ្សាយរបាយការណ៍​ពីរ​សរសេរ​ដោយ​ពួក​អ្នក​ជំនាញ​ខាង​សុខាភិបាល​សាធារណៈ​មួយ​ក្រុម​ដែល​មាន​រួមបញ្ចូលលោក Scott Gottlieb ដែលជា​អតីតស្នងការ​មន្ទីររដ្ឋបាល​ត្រួត​ពិនិត្យម្ហូបអាហារ​និង​ឱសថរបស់​លោក Trump ពី​ឆ្នាំ២០១៧​ដល់​ឆ្នាំ២០១៩​ដែល​បាន​បង្ហាញ«ផែនទី​បង្ហាញ​ផ្លូវ‍»មួយ​សម្រាប់​ការបើក​ប្រទេស​ជា​ថ្មី។​

ការ​សិក្សា​ស្រាវជ្រាវ​នេះផ្តល់​អនុសាសន៍​ជារបៀប​ដោះស្រាយ​មួយជាជំហានៗដែល​នៅក្នុង​នោះ​ប្រទេសអាមេរិកនឹង​វិល​ត្រឡប់​បន្តិច​ម្តងៗ​ទៅ​កាន់ភាព​ធម្មតា​វិញនៅ​ពេលដែល​សមត្ថភាព​ធ្វើ​តេស្តពលរដ្ឋដើម្បី​រក​មេរោគ​វីរុសកូរ៉ូណា​និង​ការ​ព្យាបាលពួកអ្នកជំងឺនេះ​មានភាព​ល្អ​ប្រសើរ​ជាង​មុន។ ពួក​អ្នក​និពន្ធ​សេចក្តី​រាយការណ៍នេះ​ស្នើដំណោះស្រាយ​មួយមានបួន​ដំណាក់កាល​ដើម្បី​បើក​ប្រទេស​ជា​ថ្មី​និងធ្វើការប្រុង​ប្រៀប​សម្រាប់ទប់​ទល់​ជា​មួយ​ការ​រាលដាល​ជំងឺ​សាកល​ក្នុងពេល​អនាគត។​

បើ​តាមផែន​ការ​របស់​ពួក​អ្នក​រៀបចំ​របាយការណ៍​នេះថា​ សហរដ្ឋអាមេរិកកំពុងចាប់ផ្តើម​ដំណាក់​កាល​ទី​មួយដែល​នៅក្នុង​នោះ​ការរឹតត្បិតអំពី​ការនៅ​ឃ្លាត​ពីគ្នា​ខាងសង្គម​កំពុង​ត្រូវប្រើ​ជា​វិធានការ​គ្រា​មានអាសន្ន​មួយដើម្បី​ពន្យឺតការរាលដាលមេរោគ​វីរុស​នេះ​នៅពេល​ដែលការ​ធ្វើ​តេស្តនៅ​តែ​មិន​គ្រប់គ្រាន់។

ចំនួនពិត​ប្រាកដនៃ​ពួក​ជនឆ្លងជំងឺនេះ​នៅ​តែ​មិន​ទាន់ដឹងហើយ​មន្ទីរ​ពេទ្យមានបន្ទុក​ធ្ងន់​ហួស​ហេតុ​ឬ​មួយ​មានការប្រថុយប្រថាន​ថា​នឹង​មានបន្ទុក​ខ្លាំង​ពេកដែរដោយសារ​មានអ្នកជំងឺ​ច្រើន។​

ដំណាក់​កាល​ទី​ពីរនឹងអនុញ្ញាត​ឱ្យមានការ​បើក​សេដ្ឋកិច្ចជា​ថ្មី​ជាលំដាប់​តាម​តំបន់ ក៏ប៉ុន្តែនៅ​មិន​ទាន់​មាន​ «កត្តា» សម្រាប់ធ្វើ​អន្តរកាលទៅ​កាន់ដំណាក់​កាល​ទី​ពីរ​នៅឡើយទេ។​

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវនេះ រដ្ឋមួយ​អាច​ចូល​ក្នុង​ដំណាក់​កាល​ទី​ពីរដោយ​សុវត្ថិភាព​បាននៅពេល​ណាខ្លួនមានលក្ខណៈវិនិច្ឆ័យ​បួន។ លក្ខណៈវិនិច្ឆ័យ​ទាំង​នេះ​គឺៈ ការកាត់​បន្ថយ​អ្នក​មានផ្ទុក​មេរោគ​វីរុស​នេះ​ឱ្យ​បានជាប់លាប់​ក្នុង​រយៈពេល​យ៉ាង​តិច​ណាស់១៤​ថ្ងៃ មន្ទីរ​ពេទ្យនៅ​ក្នុងរដ្ឋនេះអាច​ព្យាបាល​ពួក​អ្នក​ជំងឺ​ទាំង​អស់ដោយ​សុវត្ថិភាព រដ្ឋនេះ​អាចធ្វើ​តេស្តមនុស្សទាំងអស់ដែល​មាន​រោគ​សញ្ញាជំងឺ COVID-19 ហើយរដ្ឋ​នេះ​អាច​ឃ្លាំ​មើល​ដោយ​សកម្ម​នូវពួកអ្នក​ជំងឺនិង​អ្នក​ដទៃទៀតដែល​អ្នក​ជំងឺ​ទាំង​នេះបាន​ទាក់ទង​ជាមួយ។​

នៅ​ពេល​នេះ​គ្មាន​លក្ខណៈវិនិច្ឆ័យទាំង​នេះ​នៅក្នុង​ស.រ.អ.ទេ។ ទោះ​ណា​ជា​នៅ​ក្នុង​តំបន់ដែល​ចំនួន​នៃករណីអ្នក​ជំងឺ​ថ្មីៗ​បានចាប់​ផ្តើម​ចុះ​ថយក៏ដោយ​ក៏​ការ​មិន​ទាន់​មានការ test ​គ្រប់​គ្រាន់​នៅ​ឡើយទេ។ ​ការខ្វះ​ខាតប្រដាប់ប្រដា​ការពារ​ខ្លួន​និងប្រដាប់សម្រាប់​ជួយដក​ដង្ហើម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដែល​ព្យាបាលអ្នក​ជំងឺ​នេះ​ច្រើន​នាក់បង្ហាញ​ថាប្រព័ន្ធវេជ្ជសាស្ត្រកំពុង​មានបញ្ហា​ធ្ងន់ធ្ងរ។ ប្រព័ន្ធ​សម្រាប់​ការ​តាម​ឃ្លាំ​មើលដោយ​សកម្មនូវពួក​អ្នក​មានផ្ទុក​មេរោគ​នេះ​និង​ដើម្បី​តាម​ដាន​ពួក​មនុស្ស​ដែល​អ្នកជំងឺ​ទាក់ទង​កំពុងត្រូវ​អភិវឌ្ឍ។

ដំណាក់​កាល​ទី​បី​ដែល​នៅ​ក្នុង​នោះ​ការរឹតត្បិត​ទាំង​អស់​នឹងត្រូវដក​ចេញ ឋិតនៅ​ឆ្ងាយណាស់។ ​បើ​តាម​សេចក្តី​រាយការណ៍​នេះថា​ ការធ្វើដូច្នេះ យ៉ាង​តិចបំផុត​តម្រូវ​ឱ្យមានការ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ខាង​ការព្យាបាល​រោគដែល​កាត់​បន្ថយភាព​សាហាវ​នៃ​មេរោគ​វីរុស​នេះ​ដែល​អាចសម្លាប់មនុស្ស​បានឬ​ជា​ការ​ល្អ​ជាងនេះគឺ​ការយល់​ព្រមឱ្យមាន​ថ្នាំ​វ៉ាក់សាំង​មួយដើម្បី​បញ្ចៀស​កុំឱ្យមាន​ជំងឺនេះ​តែ​ម្តង។​

បើ​តាម​លោក Gottlieb ថា​ជា​ការ​ពិត​ជាក់ស្តែង គេ​មិន​អាចរំពឹង​ថា នឹង​មាន​ការរើប​ឡើង​ខាង​សេដ្ឋកិច្ចពេញ​លេញ​រហូត​ដល់​ពេល​ណា​មាន​ថ្នាំ​វ៉ាក់​សាំងយក​ជា​ការ​បាន​មួយ​អាច​ត្រូវ​អភិវឌ្ឍ​ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​មានការស្ងប់​ចិត្តអំពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​វិញ​ ហើយ​លោក​ថា​នេះ​ជា​រឿង​ដែល​អាច​នឹង​កើត​ឡើងក្នុង​ពេលយ៉ាង​ហោច​ណាស់មួយ​ឆ្នាំទៀត ឬអាច​លើសនេះ​ទៅ​ទៀត។​

នៅក្នុង​សេចក្តី​សម្ភាសន៍មួយ​កាល​ពីដំណាច់​សប្តាហ៍​ទី​មួយនៃ​ខែមេសាក្នុង​កម្មវិធី​ Face the Nation នៃ​ទូរទស្សន៍​អាមេរិកាំង​ CBS លោក Gottlieb បាននិយាយ​ថា «​ដរាបណា​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់​សាំងនោះ ​សេដ្ឋកិច្ច​មាន​ដំណើរ​ការត្រឹមតែ៨០%​តែ​ប៉ុណ្ណោះ»។

លោក Gottlieb បាន​និយាយ​ថា «​រឿង​មួយ​ចំនួន​នឹង​លែង​មាន​តទៅ​ទៀត​ហើយ​។ មនុស្សនឹង​លែងនាំ​គ្នា​ទៅចូល​រួម​ក្នុង​សន្និសីទ​ទៀត​ហើយ។​ មនុស្ស​ម្នា​នឹង​លែងក្នុង​កន្លែង​ប្រកួត​កីឡា​ឬ​កន្លែង​ប្រគុំ​តន្ត្រីទៀត​ហើយ។​ គេ​នឹង​លែងទៅ​មើល​កុន​ច្រើន​ដូច​មុន​ទៀតទេ​ ហើយ​គេនឹង​មិន​ធ្វើដំណើរតាមនាវា​កម្សាន្តហើដូច​មុន​ទៀត​ហើយ ហើយក៏មិនទៅលេង​នៅ​សួនកំសាន្ត Disneyland ដូច​មុន​ទៀត​ហើយ។​ហើយ​យើង​ត្រូវតែ​ទទួល​ស្គាល់​ការណ៍​នេះ។ ​នៅ​ពេល​នេះ​ អ្វី​ដែល​ផ្លាស់​ប្តូរ​នោះ​គឺ​បច្ចេកវិទ្យា។ ក៏ប៉ុន្តែ​យើងត្រូវការ​ឱ្យមាន​របៀប​ដោះ​ស្រាយដោយ​ប្រុង​ប្រយ័ត្ន​មួយដើម្បី​ឱ្យ​បាន​បច្ចេកវិទ្យានេះយ៉ាងឆាប់រហ័ស»។

ភស្តុតាងពី​ប្រទេស​ចិនបង្ហាញ​ថា ​លោក Gottlieb និយាយ​ត្រូវ។ ​នៅ​ពេល​នេះ​រដ្ឋាភិបាល​ចិនបានលុ​ប​ចោល​បំរាម​នៅ​ក្នុងទីក្រុង​ Wuhan ដែល​នៅ​ទី​នោះមេរោគ​វីរុស​នេះបានលេចឡើង​ដំបូង​កាល​ពី​ចុង​ឆ្នាំ២០១៩។ ក៏​ប៉ុន្តែ​ទោះ​ណា​ជា​មាន​សេចក្តី​ថ្លែងការណ៍​អំពី​ជោគ​ជ័យដោយ​ពួកមន្ត្រី​ក្នុង​មូលដ្ឋានដែល​អះ​អាង​ថា រោង​ចក្រ​ឧស្សាហកម្ម ៩៧​ភាគរយ​បាន​បើក​វិញ​ហើយក៏​ដោយ ក៏​របាយការណ៍​បណ្តាញ​ផ្សាយ​ព័ត៌មាននិយាយ​ថា​មានអ្នក​ធ្វើការតែ​ប្រមាណ៦០ភាគរយប៉ុណ្ណោះដែល​បានទៅ​ធ្វើការវិញ​។

ការ​មានសកម្មភាព​ធម្មតា​ឡើង​វិញ​នៅ​តំបន់​ខ្លះ ​អាច​នាំឱ្យមាន​មេរោគ​វីរុស​នេះឡើង​វិញ។ជា​ឧទាហរណ៍​ កាល​ពី​ចុង​ខែមីនា​ ពួក​មេដឹកនាំ​ហុងកុង​មាន​ជំនឿ​ថាពួក​គេ​មានជោគជ័យ​ក្នុងការ​បញ្ចៀស​កុំ​ឱ្យមាន​ការរាលដាល​ខ្លាំង​នៃ​មេរោគនេះ។​ក៏​ប៉ុន្តែ​នៅ​ក្រោយ​មានការ​បន្ធូរ​ការ​ធ្វើ​ដំណើរ​ ជំងឺ​ COVID-19 បាន​រើប​ឡើងវិញ​ដែល​តម្រូវ​ឱ្យមាន​ការ​រឹតត្បិត​ថែម​ទៀត។

ការ​សិក្សា​ស្រាវជ្រាវ​មួយដោយពួក​អ្នក​ស្រាវជ្រាវ​នៅឯ​មហាវិទ្យាល័យ T. H. Chan ខាង​សុខាភិបាលសាធារណៈ​នៃ​សាកលវិទ្យាល័យ​ Harvard បង្ហាញ​ថាស.រ.អ​.អាច​ប្រឈមនឹង​រយៈពេល​រហូត​ដល់​ពីរឆ្នាំដែល​នៅក្នុងនោះ​ការ​រឹតត្បិត​ឱ្យ​នៅ​ឃ្លាត​ពី​គ្នា​ខាង​សង្គម​នឹង​ត្រូវ​អនុវត្តតាម​កន្លែង ​នៅ​ពេលដែល​តំបន់​ខ្លះ​ប្រឈមនឹង​ការមាន​ការ​ឆ្លង​ជំងឺ​នេះឡើងវិញ។

ប្រែ​សម្រួល​ដោយ ​លោក ឈឹម សុមេធ​

XS
SM
MD
LG