ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ថា មេរោគ​កូរ៉ូណា​ជា​ហេតុ​ការណ៍​ថ្មី​ត្រូវ​យក​ជា​លេស​សម្រាប់​ត្រួត​ពិនិត្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន


រូបឯកសារ៖ ស្រ្តីម្នាក់ដើរកាត់ផ្ទាំងរូបមួយនៃវេជ្ជបណ្ឌិត Li Wenliang ដែលបានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្រុងវូហាន ប្រទេសចិន នៅក្រុងប្រាក សាធារណរដ្ឋឆេក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់ដើរកាត់ផ្ទាំងរូបមួយនៃវេជ្ជបណ្ឌិត Li Wenliang ដែលបានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្រុងវូហាន ប្រទេសចិន នៅក្រុងប្រាក សាធារណរដ្ឋឆេក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

មាន​ឧទាហរណ៍​ជា​ច្រើន​អំពី​ការ​រឹត​បន្តឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​បំបិទ​មាត់​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ចាប់តាំង​ពី​អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​លោក ​Li Wenliang ​ដែល​ជា​វេជ្ជបណ្ឌិត​ប្រាប់​ឱ្យ​ដឹង​មុន​គេ​អំពី​លទ្ធភាព​នៃ​ការ​មាន​ហានិភ័យ​ដោយ​មេរោគ​ថ្មី ​រហូត​ដល់​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​កាសែត​និង​ក្រុម​អ្នកប្រើ​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ តួកគី​ និង​ប្រទេស​ថៃ​ រហូត​ដល់​ការ​ដាក់​ពិន័យ​និង​ការ​ដាក់គុក​ដោយសារ​បាន​បោះពុម្ព​ផ្សាយ​អ្វី​ដែល​គេ​ចោទ​ថា​ ជា​ព័ត៌មាន​ «ក្លែង​ក្លាយ»​ ដោយ​ប្រើ​ច្បាប់​គ្រា​មាន​អាសន្ន​ថ្មី​នៃ​ប្រទេស​ហុងគ្រី។​

ក្រុម​មេ​ដឹក​នាំ​ច្រើន​នាក់​បាន​ប្រញ៉ាប់​ប្រញ៉ាល់​បង្កើត​ច្បាប់​ថ្មី​ទាំង​នេះ​ដោយ​មិន​បាន​កំណត់ ​«មាត្រា​នៃ​ការ​ឈប់​ប្រើ​ច្បាប់នេះ»​ ឬ​រយៈ​ពេល​កម្រិត​អំណាច​ច្បាប់​នេះ​ដែល​ឋិត​ជា​ធរមាន​ទេ។​ ការណ៍​នេះ​នាំ​ឱ្យ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ព្រមាន​ថា ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ផ្តាច់ការ​អាច​ប្រើ​អំណាច​ថ្មី​របស់​ក្រុម​គេ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​រិះគន់។​

ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិភព​លោក​បាន​ត្រូវ​រារាំង​រួច​ស្រេច​ហើយ​នៅ​ពេល​រាយ​ការណ៍​អំពី​ជំងឺ​ COVID-19 ។ ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និង​ប្រទេស​អ៊ីរ៉ង់​បាន​ហាម​ប្រាម​ក្រុម​អ្នក​កាសែត​មិន​ឱ្យ​សម្ភាស​ប្រភព​«ក្រៅ​ផ្លូវការ»​ឬ​ក្រុម​ពេទ្យ​ប្រចាំ​អាជីព។ ​ប្រទេស​ហ្វីលីពីន​អនុញ្ញាត​ឱ្យ​តែ​ក្រុម​អ្នក​ធ្វើការ​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចូល​ទៅ​ស្តាប់​សន្និសីទ​កាសែត​ ដោយ​បញ្ជា​ឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯ​ទៀតៗ​ដាក់​ស្នើ​សំណួរ​ជា​មុន។​

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ នាយក​រដ្ឋមន្ត្រី​ Narendra Modi ​បាន​ដាក់​ញត្តិ​ដល់​តុលាការ​កំពូល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​និង​អនុញ្ញាត​អត្ថបទ​កាសែត​មុន​ការ​បោះ​ពុម្ពផ្សាយ។​ សំណើ​សុំ​នេះ​បាន​ត្រូវ​បដិសេធ​ ក៏​ប៉ុន្តែ​ការណ៍​នេះ​ជា​សារ​នាំ​ឱ្យ​មាន​ការ​បារម្ភ​ដល់​សារ​ព័ត៌មាន​ក្នុង​ប្រទេស​ឥណ្ឌា។​

វីអូអេ​បាន​តាម​ដាន​ករណី​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​បាន​ត្រូវ​វាយ​ប្រហារ​ឬ​យាយី​ដោយ​សារ​ការ​រាយ​ការណ៍​របស់​ក្រុម​គេ​អំពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​ COVID-19 ​ តាម​រយៈ​ផែន​ទី​បែប ​Interactive

លោក​ Ken Roth ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Human Rights Watch។​ លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​« វិបត្តិ​សាធារណៈ​មួយ​ដូច​វិបត្តិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផ្តល់​ឱកាស​សំខាន់​មួយ​ដល់​រដ្ឋាភិបាល​ដើម្បី​ពង្រីក​អំណាច។​ អាជ្ញាធរ​បាន​យក​ការ​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋដើម្បី​ពង្រីក​អំណាច​របស់​ក្រុម​គេ​លើស​ពី​អ្វី​ដែល​គេ​ត្រូវការ​ពិត​ប្រាកដ​ដើម្បី​ការ​ពារ​សាធារណជន»។​

លោក ​Roth​ បាន​ថ្លែង​ទៀត​ថា៖​ «មេរោគ​កូរ៉ូណា​ហាក់​ដូច​ជា​ភេរវកម្ម​ថ្មី​ ជា​លេស​ថ្មី​បំផុត​សម្រាប់​ឱ្យ​ករដ្ឋាភិបាល​ពង្រីក​អំណាច​របស់​ក្រុម​គេ​ហើយ​បន្ទាប់​មក​ ខ្ញុំ​បារម្ភ​ថា ​ ពួកគេ​នឹង​ប្រកែក​មិន​ព្រម​បោះបង់​អំណាច​នេះ​ទេ ​ទោះ​ណា​ជា​វិបត្តិ​នេះ​ចុះ​ថមថយ​បាត់​ក៏​ដោយ»។​

លោក​ Roth​ បានរំលឹក​ថា​ អំណាច​ដែល​បាន​ត្រូវ​ប្រគល់​ជូន​រដ្ឋាភិបាល​អាមេរិកាំង​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ ដូចជា​ការ​វាយ​ប្រហារ​ដោយ​ ដ្រូន​គឺ​យន្ត​ហោះ​គ្មាន​មនុស្ស​ជិះ​និង​ការ​បង្កើនការ​តាម​ឃ្លាំ​មើលជា​ដើម​ មិន​បានត្រូវ​កាត់​បន្ថយ​ទេ​ហើយ​មជ្ឈមណ្ឌល​ឃុំ​ឃាំង​នៅ​ឆក​សមុទ្រ​ Guantanamo ​នៅ​តែ​បើក​ត​ទៅ​ទៀត។​

ក្រុម​នានា​ដោយ​មាន​រួមបញ្ចូល​មូលនិធិ​ Electronic Frontier Foundation ​មាន​ន័យ​ថា ​មូលនិធិ​ព្រំដែន​អេឡិចត្រូនិក​ជា​ដើម​បាន​បង្ហាញ​កង្វល់​រួច​ស្រេច​ហើយ​អំពី​ការ​ប្រមូល​ទិន្នន័យ។​

ប្រទេស​ អ៊ីស្រាអែល​ ចិន​ កូរ៉េខាង​ត្បូងនិង​ប្រទេស​នានា​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​បាន​ប្រើប្រាស់​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​ដើម្បី​ឱ្យ​ដឹង​ថា​ តើ​បុគ្គល​ម្នាក់​បាន​ទៅ​ជិត​នរណា​ខ្លះ​ដែល​មាន​ផ្ទុក​មេរោគ​នេះ។​

នៅ​ពេល​ដែល​បច្ចេកវិទ្យា​មាន​អត្ថប្រយោជន៍​ដល់​កិច្ច​ខិតខំប្រឹង​ប្រែង​ទប់ទល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​ COVID-19 ​ ក៏​ដោយ​ ក៏​ការណ៍​នេះ​នាំ​ឱ្យមាន​សំណួរ​អំពី​ថា ​តើ​ទិន្នន័យ​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ឬ​ចែក​ចាយ​បែប​ណា។

លោក​ Adam Schwartz ​ ជា​មេធាវី​ជាន់ខ្ពស់​នៃ​អង្គការ​មូលនិធិ​ព្រំដែន​អេឡិចត្រូនិក។​ លោក​បាន​និយាយ​ប្រាប់​វីអូអេ​កាល​ពី​ខែ​មីនា​ថា ​គោល​នយោបាយ​សាធារណៈ​គួរ​ «ធ្វើ​ឱ្យ​សម្រេច​តុល្យភាព​រវាង​ភាព​ល្អ​ប្រសើរ​រួម​គ្នា​និង​សេរីភាព​ពលរដ្ឋ។​ អ្វី​ដែល​មាន​សារៈ​សំខាន់​បំផុត​នោះ​គឺ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ថា​ សំណើ​ណា​មួយ​អំពី​អំណាច​ថ្មីៗ​ខាង​ចារកម្ម​គួរ​ជួយ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​នេះ»។​

លោក​ Schwartz ​បាន​និយាយ​ថា ​គេ​គួរ​ថ្លឹង​ថ្លែង​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ឯកជន​ភាព​និង​សិទ្ធិ​ឯ​ទៀតៗ​ នៅ​ពេល​ពង្រីក​ការ​ប្រមូល​ទិន្នន័យ។​

លោក ​Schwartz ​បាន​ថ្លែង​ថា៖​ «នៅ​ទី​បញ្ចប់​ អំណាច​ថ្មីៗ​ត្រូវ​តែ​ជា​ការ​ចាំ​បាច់​និង​សមាមាត្រ​ហើយ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ទិន្នន័យ​ធំៗ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​ COVID-19»។

លោក ​Roth​ បាន​និយាយ​ថា ​ដោយ​ត្រួត​ពិនិត្យ​ការ​រិះគន់​ឬ​ការ​បង្ក្រាប​ព័ត៌មាន​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ ប្រទេស​នានា​ដូចជា​ប្រទេស ​អេហ្ស៊ី​ប និង​ប្រទេស​ចិន​ជា​ដើមបាន​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ផ្ទាល់​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​ខាង​សុខភាព​នេះ។​

លោក ​Roth​ បាន​ពោល​ថា៖​« ចាប់​តាំងពី​ដំបូង​មក​ ក្រុម​វេជ្ជបណ្ឌិត​នៅ ​ក្រុង​ Wuhan ​ប្រទេស​ចិន​បាន​ខិតខំ​ព្រមាន​អំពី​មេរោគ​ដូច​ជា​មេរោគ​ជំងឺ​ SARS ​ តែ​ការ​ព្រមាន​ទាំង​នេះ​បាន​ត្រូវ​ត្រួត​ពិនិត្យ​ជាជាង​ត្រូវ​យក​ចិត្តទុក​ដាក់​ប្រុង​ប្រយ័ត្ន។ ​ការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មេរោគ​នេះ​រាលដាល​បី​សប្តាហ៍​ទៅ​មុខ»។

កាលពី​ឆ្នាំ​២០០៣​ ការ​រាល​ដាល​មេរោគ​ SARS ​នៅ​ក្នុង​ប្រទេស​ចិន​បាន​រាតត្បាត​ទៅ​កាន់​ប្រទេស​ចំនួន​២៩​ ហើយ​បាន​បណ្តាល​ឱ្យ​មនុស្ស​៧៧៤​នាក់​បាត់​បង់​ជីវិត។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​សាកល​វិទ្យាល័យ​ Southampton ​បាន​រក​ឃើញ​ថា​ ប្រសិន​បើ​មាន​ការ​ចាត់​វិធាន​ការ​ក្នុង​រយៈ​ពេល​បី​អាទិត្យ​នោះ​ ឆ្លើយ​តប​នឹង​មេរោគ​នេះ​ ​ នោះ​អាច​មាន​អ្នក​ជំងឺ​នេះ​ចំនួន​៩៥ភាគរយ តិច​ជាង​នៅ​ពេល​នេះ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ប្រើប្រាស់​ទិន្នន័យ​អំពី​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​និង​ការ​ចាប់​ផ្តើម​មាន​ជំងឺ​នេះដើម្បី​ស្ទង់​ប៉ាន់​មើល​អំពី​ផល​ប៉ះពាល់​នៃ​វិធាន​ការ​ទាំង​ឡាយ​ដូច​ជា​ការ​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​ ការ​ដឹង​ជា​ដំបូង​អំពី​អ្នក​មាន​ជំងឺ​នេះ​និង​ការ​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ពី​គេ​ដែល​ប្រហែល​មាន​ទៅ​លើ​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា។​

លោក​ Joel Simon ​ជា​ប្រធាន​គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត។​ លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​ជំងឺ​ COVID-19 ​ បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ផ្តាច់ការ​នៅ​ទូទាំង​ពិភពលោក​នូវ​លេស​មួយ​សម្រាប់​បង្ក្រាប​ការ​រាយ​ការណ៍​ព័ត៌មាន​រិះគន់ ​ដោយ​អះអាង​ថា​ ក្រុម​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ។​

លោក​ Simon ​បាន​ថ្លែង​ថា៖​ «ការ​ប្រយុទ្ធ​ខាង​មនោគម​វិជ្ជា​មួយ​កំពុង​មាន​ធ្វើ​រវាង​ក្រុម​រដ្ឋាភិបាល​ផ្តាច់​ការ​និង​ប្រទេស​ប្រជា​ធិបតេយ្យ។​ ក្រុម​រដ្ឋាភិបាល​ផ្តាច់ការ​និយាយ​អះអាង​ថា ​ អំណាច​ខ្លាំង​ដែល​ក្រុម​គេ​មាន​ជា​ការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​មាន​អាសន្ន​ខាង​សុខាភិបាល​សាធារណៈ​បែប​នេះ»។​

លោក​ Simon ​បាន​និយាយ​បន្ថែម​ថា​ ក្រុម​ប្រទេស​ប្រជា​ធិបតេយ្យ​គួរ​និយាយ​បង្ហាញ​ហេតុផល​ថា​ សង្គម​ដែល​មាន​ភាព​ចំហ​ច្រើន​មាន​សមត្ថភាព​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​«ពីព្រោះ​លំហូរ​ព័ត៌មាន​ដោយសេរី​នាំ​ឱ្យ​មាន​ការ​ធ្វើ​សេចក្តី​សម្រេច​ដោយ​ប្រសិទ្ធ​ភាព​និង​នាំឱ្យ​ពលរដ្ឋ​ទទួល​ព័ត៌មាន​បាន​គ្រប់គ្រាន់​ថែម​ទៀត​ផង»។​

លោក​ Simon​ បាន​ថ្លែង​ថា​ ប្រសិន​បើ​ក្រុម​មេ​ដឹកនាំ​ខក​ខាន​មិន​បាន​គាំទ្រ​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន​និង​ដល់​សមត្ថភាព​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាត​ត្បាត​សាកល​នៃ​ជំងឺ​នេះ​ទេ​ «ពិភពលោក​នឹង​ដូច​ជា​កន្លែង​មួយ​ខុស​ពី​មុន​នៅ​ពេល​យើង​ចេញ​ពី​វិបត្តិ​នេះ»។​

ការ​ប្រើ​លេស​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះដើម្បី​ប្រឆាំង​ក្រុម​អ្នក​កាសែត​ឯករាជ្យ​បាន​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​កាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​មេសានៅ​ឯ​វិទ្យាស្ថាន​ Aspen ​ដែល​ជា​អង្គការ​សិក្សា​ស្រាវ​ជ្រាវ​អន្តរជាតិ​មួយ។​

អ្នក​ស្រី ​Vivian Schiller ​ជា​នាយិកា​ប្រតិបត្តិ​នៃ​ Aspen Digital។ ​អ្នកស្រី​បាន​និយាយ​ថា៖​« នៅ​ពេល​ណា ការ​រាយ​ការណ៍​ផ្អែក​លើ​ភ័ស្តុតាង​មាន​សារៈ​សំខាន់​ជាងមុន ​ក្រុម​អ្នកកាន់​អំណាច​ផ្តាច់​ការ​ទាញ​យក​ប្រយោជន៍​ពី​វិបត្តិនេះ​ដើម្បី​ពង្រឹង​ការ​ក្តាប់អំណាច​របស់​ក្រុម​គេ។​ ទិស​ដៅ​ទី​មួយ​នៃ​ការ​បង្ក្រាប​គឺ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ»។​

ក្រុម​អ្នក​សារ​ព័ត៌មាន​មក​ពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​អ៊ូហ្កាន់ដា​បាន​និយាយ​អំពី​ឧបសគ្គ​នៅ​ក្នុង​ប្រទេស​ក្រុម​គេ។​

អ្នកស្រី​ Raksha Kumar​ បាន​និយាយ​ថា​ តុលាការ​កំពូល​នៃ​ប្រទេស​ឥណ្ឌា​«មិន​បាន​និយាយ​ថា​អ្នក​កាសែត​ទាំង​អស់​ត្រូវតែ​ធ្វើ​តាម​បន្ទាត់​នយោបាយ​ផ្លូវការ​ទេ»​ ក៏​ប៉ុន្តែ​កាសែត​របស់​ប្រទេស​នេះ​«បាន​ធ្វើ​តាម​បន្ទាត់​នយោបាយ​នេះ​ដោយ​ការ​មិន​ប្រកាន់​តាម​ការ​សន្យា​របស់​ខ្លួន»។​

អ្នកស្រី​ Kumar​ បាន​ថ្លែង​ថា​ ក្រុម​អ្នក​សារ​ព័ត៌មាន​អាច​ទទួល​ព័ត៌មាន​«ពី​ខាង​ក្រៅ​ការ​ចម្រាញ់​ព័ត៌មាន​ផ្លូវ​ការ»​ ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​លោក​ Modi​ និង​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​មិន​ធ្វើ​សន្និសីទ​កាសែត​ទេ។​

អ្នកស្រី​ Kumar ​បាន​និយាយ​បន្ថែម​ថា​ មាន​តែ​បណ្តាញ​ព័ត៌មាន​រដ្ឋ​និង​កាសែត​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ខ្លះ​ប៉ុណ្ណោះបាន​ត្រូវ​អនុញ្ញាត​ឱ្យ​សួរ​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត​ចាត់​ចែង​ដោយ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។​

លោក ​Daniel Kalinaki ​បាន​និយាយ​ថា ​នៅ​ក្នុង​ប្រទេសអ៊ូហ្កាន់ដា​ គេ​បាន​ទទួល​ស្គាល់​ក្រុម​អ្នក​កាសែត​ថា​ ជា​អ្នក​ធ្វើការ​ជា​ចាំបាច់​ ក៏ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​កាសែត​បី​នាក់​បាន​ត្រូវ​វាយ​ប្រហារ​នៅ​ពេល​ចេញ​ទៅ​ក្រៅ​នៅ​ពេល​មាន​បំរាម​គោចរណ៍។​

លោក ​kalinaki ​បាន​និយាយ​ប្រាប់​ការ​ពិភាក្សា​គ្នា​នោះ​ថា​ និយ័តករ​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​អ៊ូហ្កាន់ដា​បាន​ព្រមាន​អំពី​អត្ថាធិប្បាយ​ដោយ​ក្រុម​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​នាំ​ឱ្យ​មាន​«ផល​ប៉ះពាល់​នាំ​ឱ្យ​ព្រឺក្បាល»។​

អ្នក​កាសែតអ៊ូហ្កាន់ដា​ រូប​នេះ​បាន​និយាយ​បន្ថែម​ថា​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ចដោយ​សារ​ជំងឺ​ COVID-19​អាច​មាន​ជា​អចិន្ត្រៃយ៍​ទៅ​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ព្រោះ​ចំនួន​កាសែត​បោះពុម្ព​និង​ប្រាក់​ចំណូល​ពី​ការ​ឃោសនា​ពាណិជ្ជកម្ម​នឹង​ចុះថយ។​លោក​បាន​សួរ​ថា​«តើ​គ្រឹះ​ស្ថាន​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ប៉ុន្មាន​នឹង​មាន​ដំណើរ​ការ​ត​ទៅ​ទៀតដោយ​សារ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នៃ​ការ​រាតត្បាត​ជំងឺ​នេះ?»​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG