ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ព្រមាន​បង្ក្រាប​បាតុកម្ម


លោក​ទៀ បាញ់ បានធ្វើការព្រមានជាថ្មី​នេះ ​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​អះអាង​​ថា​ លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាន​២​លាន​នាក់​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​
លោក​ទៀ បាញ់ បានធ្វើការព្រមានជាថ្មី​នេះ ​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​អះអាង​​ថា​ លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាន​២​លាន​នាក់​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​
លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ព្រមាន​សារ​ជាថ្មី​ម្តង​ទៀត​ថា​ លោក​នឹង​ប្រឆាំង​រាល់​សកម្មភាព​ណាមួយដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលគ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ការ​ព្រមាន​សារជាថ្មី​របស់​លោក​ទៀ បាញ់​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​អះអាងថា​ លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាន​២​លាន​នាក់​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​វគ្គ​គម្រោងហ្វឹក​ហ្វឺន​និង​អប់រំ​ ប្រតិបត្តិ​ការសន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺនោះ​ លោកទៀ បាញ់​បាន​បញ្ជាក់​ថា​ តម្លៃ​នៃ​សន្តិភាព​ និង​ស្ថិរភាព​ ជា​ការ​ចាំបាច់​ដែលត្រូវ​តែ​ថែរក្សា។​

លោក​មាន​ប្រសាសន៍​ថា​ លោកនឹងមិន​អនុញ្ញាត​ឲ្យ​អ្នក​ណាម្នាក់​មក​បំផ្លិច​បំផ្លាញ​ ឬ​ក៏​ទាក់ទាញ​ឲ្យធ្វើ​សកម្មភាព​ច្របូក​ច្របល់​ ឬក្រឡាប់​ចាក់ក្នុង​សង្គម​នោះ​ទេ។​

លោក​និយាយ​ថា​៖«ត្រូវ​កែ​ទម្រង់​របៀប​ណា​ ធ្វើ​របៀប​ម៉េច​ឲ្យ​ជាតិ​មាតុភូមិ​យើង​រុង​រឿង។​ កន្លែង​ណា​ដែល​អសកម្ម​ យើង​មាន​សិទ្ធិ​ទេ​តើ។ ​អាហ្នឹង​តើ​ដែល​ត្រូវ​ធ្វើ។ ​ម៉េច​ក៏មិន​ព្រម​ធ្វើ?​ ស្រាប់​តែ​មក​បំផុស ​ដូរៗ»។​

មុន​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ព្រមាន​ពី​ការ​បិទ​ផ្លូវ​ចរចា​ ​និង​ប្រកាស​កៀង​គរ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី។

លោក​ទៀ បាញ់​បាន​និយាយ​ស្រដៀង​គ្នា​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​ដែរ​ដែល​ថា​ រាល់​ការ​កែ​ទម្រង់​អ្វី​ផ្សេងៗ​អាច​ធ្វើ​បាន​ លុះត្រា​តែ​គណបក្ស​សង្គ្រោះជាតិ​ចូល​ប្រជុំ​សភា​ជា​មុន​សិន។​

លោក​បាន​បញ្ជាក់​ថា​ ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​នោះអាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ។​

លោក​បាន​បញ្ជាក់​ថា អ្នក​មិន​អាច​យក​ប្រទេស​មួយ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​បាន​ទេ។

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាត់ទុក​ថា​ ការ​ព្រមាន​របស់​លោក​ទៀ បាញ់​គឺ​ជា​ទង្វើ​ផ្តាច់​ការ។​ ​លោក​បាន​ឲ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះជាតិ​នឹងបន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​និង​ការ​បញ្ចេញ​មតិ​ ក្នុង​ការ​ជួប​ប្រជុំ​ ដរាបណា​រដ្ឋ​ធម្មនុញ្ញ​នៅ​តែ​ធានា​សិទ្ធិ​សេរីភាព​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​និយាយ​ថា៖​ «មាន​ន័យ​ថា​ គាត់​ប្រកាស​នូវ​របប​ផ្តាច់ការ​ហើយ។​កាលណា​អ្នក​ដឹកនាំ​ណាម្នាក់​ហ៊ាន​ប្រកាស​ថា​ មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​បាតុកម្ម​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ​ហើយ​ឈាន​ទៅ​រក​អំណាច​ផ្តាច់ការ»។​

កាល​ពី​ដើម​ខែ​មករា​ គណបក្ស​សង្គ្រោះជាតិ​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អស់​រយៈ​ពេល​៣សប្តាហ៍ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯង​រាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ ទាមទារ​ឲ្យ​កែ​ទម្រង់​សមាសភាព​គ.ជ.ប.​ និង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។​

ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បង្ក្រាប​ដោយ​អំពើ​ហិង្សាដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​រង​របួស​និងស្លាប់​យ៉ាងតិច៤នាក់។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្អាក​ធ្វើ​មហាបាតុកម្ម​ចាប់​តាំង​ពី​ពេល​នោះ​មក។​ ក៏ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​តែ​បន្ត​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា។​

ការ​ជួប​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​តែងតែ​មាន​ការ​រំខាន​ពី​សមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG