ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ៖ ការ​បោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​ការ​ជំនួយ​អាមេរិក


ព្រះអង្គម្ចាស់​ស៊ីសុវត្តិ ​ធម្មកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធមិត្តខ្មែរ​អាមេរិកាំង នៅ​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)
ព្រះអង្គម្ចាស់​ស៊ីសុវត្តិ ​ធម្មកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធមិត្តខ្មែរ​អាមេរិកាំង នៅ​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​មូលដ្ឋាន​ ឃុំ​សង្កាត់​ដែល​ភាគ​ច្រើន​កំពុង​គ្រប់​គ្រង​យ៉ាង​រឹងមាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្តិ ​ធម្មកោ ​បំភ្លឺ​ពី​គោល​នយោបាយ​ការបរទេស​អព្យាក្រិត្យ​ជាមួយ​មហា​អំណាច ​រួមទាំង​សហរដ្ឋ​អាមេរិក​ផង ​ដោយ​រិះគន់ គោល​នយោបាយ​ការបរទេស​គណបក្ស​កាន់​អំណាច​ថា មាន​ភាព​លម្អៀង​ទៅ​រក​ចិន។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស អាមេរិក​គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្តិ ធម្មកោ​ បានថ្លែង​ប្រាប់​ក្រុម​តំណាង​ពលរដ្ឋខ្មែរ អាមេរិកាំង​មកពី​តាម​បណ្តា​រដ្ឋនានា​ថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ស្នើសុំ​ជា​ផ្លូវការ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ ​(Donald Trump) ជួយ​ធានា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ​ហើយ​ធ្វើ​ការ​ស្នើ​ដូចគ្នានេះ​ដែរ​ចំពោះ​បណ្តា​ប្រទេស​មហា​អំណាច​ជាច្រើន​ទៀត​ជាមួយ​នឹង​ការ​បញ្ជាក់​ជំហរ​អព្យាក្រិត្យ​ចំពោះ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន។

«ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​សុំ​ឲ្យ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិប​តេយ្យ​និង ការពារ​សិទ្ធិមនុស្ស​ចូលរួម​នៅក្នុង​ការ​ពិនិត្យ​ទៅលើ​ការ​បោះឆ្នោត​ ដើម្បី​ឲ្យ​ការ​បោះ ឆ្នោត​នៅ​ស្រុក​ខ្មែរ​យើង​សេរីយុត្តិធម៌ ​ហើយ​យើង​នឹង​ធ្វើ​សំណូម​ពរ​ជា​ផ្លូវការ​ទៅ​រដ្ឋ​បាល​របស់​លោក​ដូណាល់ ត្រាំ​ ដើម្បី​ឲ្យ​ចូលរួម​នៅក្នុង​ការ​ផ្តល់​សេដ្ឋកិច្ច​ហើយនឹង​ជួយ​ដល់​ការ​បោះឆ្នោត ​នៅ​ស្រុក​ខ្មែរ​យើង​មាន​ភាព​សេរី ​និង​យុត្តិធម៌‍»។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​មូលដ្ឋាន​ ឃុំ​សង្កាត់​ដែល​ភាគ​ច្រើន​កំពុង​គ្រប់​គ្រង​យ៉ាង​រឹងមាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។​ ហើយ​ឆ្នាំ​២០១៨ ​នឹង​មាន​ការបោះ​ឆ្នោត​ជាតិ។ ការ​បោះ​ឆ្នោត​កន្លង​មក​ មាន​បញ្ហា​ចោទ​ប្រកាន់​រឿង​បន្លំ​សន្លឹក​ឆ្នោត ​ភាព​មិន​ប្រក្រតី​ គ្មាន​លក្ខណៈ​យុត្តិធម៌ ​និង​សេរី​ត្រឹមត្រូវ។ ហើយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​នេះ​ ក៏​មាន​ការ​ធ្វើទុក្ខ​បុកម្នេញ​មេដឹកនាំ​ក្រុម​ប្រឆាំង​នឹង​ក្រុម​សង្គម​ស៊ីវិល ​ដូចជា​ការ​ចាប់​ឃុំខ្លួន​ ចោទ​ប្រកាន់​ទោស​ពី​តុលាការ ​ហើយ​នឹង​ការ​និរទេស​ជាដើម។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុង​កិច្ចប្រជុំ​សួរដេញ​ដោល​ដែល​រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង (Cambodian American Alliance) ក្នុង​សង្កាត់​វីយ៉ាណា​ (Vienna) ​រដ្ឋ​វីជីនៀ​ (Virginia)​កាលពី​ថ្ងៃ​ទី២១ ​ខែមករា ​ឆ្នាំ ២០១៧ ក្រុម​តំណាង​ពលរដ្ឋខ្មែរ​អាមរិកាំង ​បាន​សួរ​សំណួរ​ពីស្ថាន​ការណ៍នយោបាយ​កម្ពុជា​ និង​អនាគត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយនឹង​គោល​នយោបាយ​ការបរទេស​ផងដែរ។​ ជាការ​ឆ្លើយតប​ ព្រះអង្គម្ចាស់​ស៊ីសុវត្តិ ធម្មកោ ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដើម្បី​កៀងគរ​ការ​គាំទ្រ​នយោបាយ​នោះ​ បាន​មាន​បន្ទូល​យល់ឃើញ​ស្រដៀងគ្នា​នឹង​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែរ​ គឺ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​សង្គ្រោះ​ជាតិ ​ហើយ​នឹង​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស។

​ព្រះអង្គមាន​បន្ទូល​ថា រដ្ឋាភិបាល​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដូច​គណបក្ស​ដៃគូ​ប្រជែង​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​គឺ​ប្រកាន់​ជំហរ​ឥត​លម្អៀង​ចំពោះ​មហា​អំណាច ចិន​ អាមេរិកាំង​ អឺរ៉ុបនិង​អន្តរជាតិ។ តែផ្ទុយ​ទៅវិញ​ គឺ​ត្រូវ​ពង្រឹង​តួនាទី​អាស៊ាន​១០ ប្រទេស ដើម្បី​ឲ្យ​មាន​តុល្យភាព​ក្នុង​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​ដោយ​ឈរ​លើ​គោល​ការណ៍​អព្យាក្រិត្យ​ពិតប្រាកដ។

«គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំ​លើក​ឡើងម្តង​ទៀត​ យក​ឧទាហរណ៍​បញ្ហា​ដែល​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​ហាក់​ដូចជា​គណបក្ស​ប្រជាជន​លម្អៀង​ទៅ​ភាគី​ចិន ដោយ​មិន​គោរព​ប្រយោជន៍​នៅ​ភាគី​ផ្សេងៗ​ និង​ប្រយោជន៍​របស់​ប្រទេស​អាស៊ាន​ដែល​ជា​ស្ថាប័ន​មួយ​សំខាន់។ ដូច្នេះ​ខ្ញុំ​សុំ​បញ្ជាក់​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​លម្អៀង​ជាដាច់​ខាត​ ហើយ​នឹង​ពង្រឹង​ជំហរ​រួម​របស់​អាស៊ាន​ជុំវិញ​បញ្ហា​តំបន់​និង​បញ្ហា​អន្តរជាតិ‍»។

វេទិកា​ស្តី​អំពី​ទំនាក់​ទំនង​ខ្មែរ​អាមេរិកាំង​នេះ​ កើតឡើង​ក្រោយ​ពេល​ដែល​មាន​សំណួរ ជាច្រើន​ក្នុង​សង្គម​ខ្មែរ​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស​ ជាពិសេស​ខ្មែរ​អាមេរិកាំង​ដែល ចោទ​សួរ​ថា​ តើ​គណបក្ស​សង្គ្រោះជាតិ​នឹង​ប្រកាន់​ជំហរ​បែបណា​ចំពោះ​មហា​អំណាច ក្នុងពិភព​លោក​ នៅ​ពេល​មាន​ឱកាស​ឈ្នះ​ឆ្នោត​គ្រប់គ្រង​ប្រទេស​ ខណៈពេល​ដែល គណបក្ស​ប្រជាជន​កម្ពុជា​រង​ការចោទ​ប្រកាន់​ថា​ គាំទ្រ​នយោបាយ​ចិន​យ៉ាង​ខ្លាំង​ជា​ថ្នូរ នឹង​ជំនួយ​អភិវឌ្ឍន៍​ និង​ប្រាក់​កម្ចី​ជារៀង​រាល់ឆ្នាំ​ជាច្រើន​រយលាន​ដុល្លារ​នោះ។

ថ្លែង​ប្រាប់​វីអូអេ​ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​អំពី​រឿង​នយោបាយ​នោះ លោក ​ម៉ែន វណ្ណៈ​ ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​រស់នៅក្នុង​ទីក្រុងឡូវែល​ (Lowell) ​រដ្ឋ​ម៉ាសាឈូសេត ​(Massachusetts) ​ដែល​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ថា លោក​ក៏​ចង់ឃើញ​រដ្ឋបាល​ថ្មី​របស់​លោក ​ដូណាល់ ត្រាំ​ គិតគូ​បញ្ហា​ខ្មែរ​ឲ្យ បាន​ហ្មត់ចត់​ ក្នុងនាម​ជាប្រទេស​ហត្ថលេខី​នៃ​សន្ធិ​សញ្ញាសន្តិភាព​ក្រុង​ប៉ារីស​មួយ​ផង ដែរ​ ក្រៅ​ពី​ចង់ឃើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បន្ត​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ​ជា​ប្រទេស​កាន់​ប្រជាធិបតេយ្យ​និង ​សិទ្ធិ​មនុស្ស​ជាជាង​ធ្វើ​ទំនាក់​ទំនង​ជាមួយប្លុកកុម្មុយនិស្ត។

«ជា​ការពិត​ណាស់ ​ខ្ញុំ​លើក​សុភាសិត​ខ្មែរ​ខ្លី​មួយ​ថា ​សេពគប់​អ្នក​ប្រាជ្ញ​នាំ​ប្រាណ​ឲ្យ​បាន​សុខ ​សេព​គប់​ពាល​ នាំ​ស្តុក​ចិត្ត​សៅហ្មង។​ អញ្ចឹង​បើ​យើង​សេពគប់​ជាមួយ​នឹង​កុម្មុយនិស្ត​ សេពគប់​ជាមួយ​អ្នក​ដែល​គ្មានក្រម​សីលធម៌ ​វា​ធ្វើ​ឲ្យ​យើង​អត់​ក្រម​សីលធម៌​ដែរ។​ តែ ​នៅពេល​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច ​ប្រទេស​ប្រជាធិបតេ្យយ​ វា​ជះ​ឥទ្ធិពល​តម្លាភាព​នៃ​ការ​កសាង​ប្រទេស ​វា​មាន​តម្លាភាព​នៅក្នុង​ការ​គោរព​សិទ្ធិមនុស្ស ​ហើយ​មាន​ការ​យក​ចិត្តទុក​ដាក់​ទៅ​ក្នុង​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​កម្ពុជា​សម័យ​បច្ចុប្បន្ន​ ដែល​កំពុង​តែស្រែក​ឃ្លាន​យុត្តិធម៌​ ទាមទារ​សន្តិភាព ​ហើយ​ទាមទារ​ការ​អភិវឌ្ឍ​ភាព​ត្រឹមត្រូវ​មួយ‍»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូលរួមវេទិកា​ពិភាក្សា​សាធារណៈមួយ ដែល​ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ​ធម្មកោ ចូលរួម​ថ្លែង​នៅ​ទីក្រុង ​Vienna រដ្ឋ Virginia កាលពី​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូលរួមវេទិកា​ពិភាក្សា​សាធារណៈមួយ ដែល​ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ​ធម្មកោ ចូលរួម​ថ្លែង​នៅ​ទីក្រុង ​Vienna រដ្ឋ Virginia កាលពី​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

លោក ​អ៊ូ គឹមហ៊ួត ​ពលរដ្ឋខ្មែរ​នៅក្រុង​ហ្វ៊ីឡាដែលហ្វ៊ីយ៉ា ​(Philadelphia) ​រដ្ឋ ភេនស៊ីលវីនៀ ​(Pennsylvania)​ ដែលបាន​ចូលរួម​ស្តាប់ការ​ពិភាក្សា​ដេញដោល​ពី នយោបាយ​កម្ពុជា​បានថ្លែង​ថា សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​មហា​អំណាច​ដែលមាន​ការ​ទាក់​ទាញ​ខ្លាំង​ពី​ក្រុម​អ្នក​នយោបាយ​លើ​ពិភព​លោក​រួមទាំង​កម្ពុជា​ផង​ដែរ។

«ប្រាកដណាស់​គឺថា​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​ថា​មុខ​ជា​ចង់​បាន​ទំនាក់​ទំនង​ល្អ​ជា មួយ​អាមេរិកាំង​ហើយ។​ ទី១ ​យើង​មាន​គំនិត​ប្រជាធិបតេយ្យ​ ជា​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព ​ជា​អ្នក​ចង់​រស់នៅ​ជា​មនុស្ស​ម្នាថ្លែថ្នូរ ​យើង​តែង​តែ​ចង់​យក​គំរូ​អាមេរិកាំង។អាមេរិកាំង​ជា​មហា​អំណាច​អាច​ជួយ​យើង​ឲ្យ​ដើរ​ដល់​គោលដៅ​នោះ»។

លោក​ អ៊ូ គឹមហ៊ួត ​មិន​ជឿ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ​ ហើយ​បើ​ទោះ​ជា​មាន​ក៏គ្រាន់​តែ​ជា​ការ​«បោក​បញ្ឆោត‍»​តែ​ប៉ុណ្ណោះ។ ហើយ​គណបក្ស​នេះ​ចង់​តែ​«នៅ​បន្ត​គ្របគ្រង​ប្រទេស​ និងភ្ជួរ​ស្រែ​លើ​ខ្នង​ពលរដ្ឋ​រហូត‍»។

លោក​បន្ត​ទៀត​ថា លោក​កំពុង​ចាំ​មើល​ពី​គោល​នយោបាយ​ថ្មី​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ចំពោះ​បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយនឹង​ការ​គិតគូ​ពី​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក។ ​តែ​ទោះជា​យ៉ាងណា ​លោក​ថា លោក​នឹង​នៅបន្ត​តស៊ូមតិ ដើម្បី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋបាលថ្មី​សហរដ្ឋ អាមេរិក ​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តធម៌​នៅ​កម្ពុជា។ ​ទន្ទឹមគ្នា​ដែរ លោក ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​ចូលរួម​បោះឆ្នោត​សម្រេច​ជោគ​វាសនា​ប្រទេស និង​ស្វែងយល់​ពី សារៈសំខាន់​នៃ​តួនាទី​ជា​ម្ចាស់​សន្លឹក​ឆ្នោត។

«​វា​នៅ​លើ​រឿង​យើង​ហ្នឹង​ធំណាស់ ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​បោះឆ្នោត​ហ្នឹង​ធំ​ណាស់​ ត្រូវ​ចេះ​ជួយ​ខ្លួន​ឯង។ ​ហើយ​បើសិន​ជា​យើង​ប្រឹង​ជួយ​ខ្លួន​ឯង សហរដ្ឋ​អាមេរិក​គេ​ងាយ ​នឹង​ជួយ​យើង។ ប្រទេស​ណា​ក៏ដោយ​ មិន​ចាំ​តែ​សហរដ្ឋ​អាមេរិក​ទេ ​គេ​ងាយ​នឹង​ជួយ​យើង‍»។

​លោក ​ញ៉យ ចំរើន ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​រងគ្រោះ​ដោយ​ការ​វាយដំ​ជាមួយ​នឹង​សហការរី​របស់​លោក​ម្នាក់​ទៀត​គឺ ​លោក ​គង់ សភា ​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ដាក់​ពាក្យ​ប្តឹង ​និង​បន្ត​នីតិវិធី​បន្ថែម​ទៀត​ ប្រឆាំងនឹង​ការ​វាយ​ដំ​លើ​រូប​លោក។​ លោក​ចូលរួម​ស្តាប់​ក្នុង​កិច្ចពិភាក្សា ​ហើយ​បាន​ថ្លែងពី​ក្តី​សង្ឃឹម​របស់​លោក​ចំពោះ​រដ្ឋបាលថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាលថ្មី​របស់​អាមេរិក​ហ្នឹង​នឹង​ធ្វើ​កិច្ចការ​បាន​ច្រើន​ ដោយសារ​រដ្ឋា ភិបាលថ្មី​សព្វ​ថ្ងៃនេះ​ គឺ​ថា​ចេញ​ពី​គណបក្ស​ខាង​សាធារណរដ្ឋ​ ហើយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ផ្ទាល់ខ្លួន​ដែលខ្ញុំ​ដឹង​តាំង​ពី​ដើម​មក​ គាត់​អត់​ចូលចិត្ត​ពួក​ផ្តាច់ការ​ទេ មេដឹកនាំ​ផ្តាច់​ការ​ទេ‍»។

លោក ចំរើន ​បន្ត​ថា​ លោក​និង​មេដឹកនាំ​គណបក្ស​បាន​ធ្វើ​កិច្ចការ​ច្រើន​ជាមួយ​សមាជិក​សភា​អាមេរិកាំង​លើ​បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ រហូត​ដល់​ចេញ​ជា​សេចក្តី​សម្រេចលេខ​ ៧២៨ ​ថ្កោលទោស​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ហើយ​នឹង​ច្បាប់​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក​ (the Magnitsky Act)​ រួមទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ មិន​ផ្តល់​ទិដ្ឋការ​ហើយនឹង​ចំណាត់ការ​តាម​តុលាការ​អន្តរជាតិ​ជាដើម។

ចាប់តាំងពី​ប្រទេស​ចិន​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ជាបន្តបន្ទាប់ ​ដល់​លំដាប់​យុទ្ធសាស្ត្រ​ខ្ពស់ ​និង​មាន​ការ​ផ្តល់​ជំនួយ ដល់​កម្ពុជា​យ៉ាង​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំថ្មីៗ​នោះ ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បន្ត​នៅ​ជាធម្មតា ​ទោះ​ជា​សហរដ្ឋ​អាមេរិក​បង្វែរ​គោល​នយោបាយ​ការបរទេស​មកកាន់​តំបន់​អាស៊ី​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ ដែល​ចប់​អាណត្តិ​ក្តី។

ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​បាន​លុបចោល​កម្មវិធី​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​មាន​ការ​វិភាគ​ផ្សេងគ្នា​កើត​ឡើង។ ​ទំនាក់ទំនង​ប្រទេសទាំង​ពីរ​នេះ​ក៏​ត្រូវ​គេ​ឃើញ​ដែរ​ថា ​ម្តង​មាន​ភាពល្អ​ ម្តង​មាន​ការ​ធ្លាក់ចុះ​ខ្លះ​ទៅ​តាម​ស្ថានកាណ៍​ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស។

សហរដ្ឋ​អាមេរិក​ប្រកាន់​ខ្ជាប់​ថា​ ប្រទេស​ណា​ក៏ដោយ​ក្នុង​ពិភព​លោក​អាច​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក​បាន ​ទាល់តែ​ប្រទេស​នោះ​មាន​កំណត់​ត្រា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​ ហើយ​គោរព​ច្បាប់​នីតិរដ្ឋ៕

XS
SM
MD
LG