ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ទូរគមនាគមន៍​​ចិនបង់​ប្រាក់​ពិន័យ​៨៩២​លាន​ដុល្លារ​ទៅ​​រដ្ឋាភិបាល​​អាមេរិក​ចំពោះ​ការ​រំលោភលើ​ការ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់


រូប​ឯកសារ៖ ក្រុមហ៊ុន​ ZTE ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ចល័ត​ នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស៉្បាញ។
រូប​ឯកសារ៖ ក្រុមហ៊ុន​ ZTE ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ចល័ត​ នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស៉្បាញ។

ក្រុមហ៊ុន​ទូរ​គមនាគមន៍​ចិន​ធំមួយ​បានយល់​ព្រម​បង់​ប្រាក់​ ៨៩២​ លាន​ដុល្លារ​ចំពោះ​ការ​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់។ នេះ​ជា​ការដោះ​ស្រាយ​រឿង​ក្តី​មួយ​ដែល​បាននាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ភាពរ​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

ក្រុមហ៊ុន​សាជីវកម្ម​ ZTE ​ដែល​ជាក្រុម​ហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភព លោក ​បាន​សារភាព​ទទួល​កំហុស​នៅ​ក្នុង​ការចុះ​ហត្ថលេខា​ដើម្បី​លក់​ Hardware ​និង Software ​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លា​មក​ពី​មហាក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋ​អាមេរិក​ រួម​មាន​ក្រុមហ៊ុន ​Microsoft Intel ​និង ​Qualcomm។

ការ​ពិន័យ​នេះ ​ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ក្តី​ធំៗ​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម។

​លោក​ Zhao Xianming ប្រធាន​និង​ជា​នាយក​និតិ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ក្រុមហ៊ុន​ ZTE ទទួល​ស្គាល់ពី​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ទាំង​នោះ ​ហើយ​នៅ​តែ​តាំង​ចិត្តធ្វើ​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​វិជ្ជមាន​នៅ​ក្នុង​ក្រុមហ៊ុន‍»។

លោក ​Jeff Sessions រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ក្រុម​ហ៊ុន​ចិន​នេះ​បាន​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​របប​ដែល​បង្ក​អារិភាព​ដូចជា​ប្រទេស​អ៊ីរ៉ង់​ជា​ដើម។

លោករដ្ឋ​មន្រ្តី​យុត្តិធម៌​អាមេរិកាំង ​និយាយ​បន្ត​ទៀត​ថា៖ «កិច្ច​ព្រមព្រៀង​របស់​ចុង​ចោទ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ ​ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​របស់​យើង​នឹង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​យើង​មាន​ដើម្បី​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​នានា​ដែល​រំលោភ​ច្បាប់​របស់​យើង ​ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្តិសុខ​ជាតិ​របស់​យើង‍»៕

XS
SM
MD
LG