ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​ដឹកនាំ​សាកលវិទ្យាល័យ​អាស៊ី​ថ្មី​មួយ​ក្រុម​ដើម្បី​ប្រជែង​ជាមួយ​សាកល​វិទ្យាល័យ​នៅ​ប្រទេស​លោក​ខាង​លិច


(រូបថត​ឯកសារ) រដ្ឋមន្រ្តី​ក្រសួង​ការបទេស​ស.រ.អា.​ លោក​ John Kerry (ស្តាំ) និង​ឧបនាយក​រដ្ឋមន្រ្តីចិន​ លោកស្រី​ Liu Yandong (ស្តាំទី២) ទស្សនា​ការបង្ហាញ​ពីការហោះ​ឬប៉ើង​ដោយ​កម្លាំង​ម៉ាញ៉េទិក​ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន។

ប្រទេស​ចិន​បាន​រៀបចំ​បង្កើត​សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​ដែល​នឹង​ប្រមូលផ្តុំ​ធនធាន​នានា​ដើម្បី​បង្កើន​សមត្ថភាព​បណ្តា​សាកលវិទ្យាល័យ​ក្នុងតំបន់​អាស៊ី និង​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រជែង​ផ្សេងៗ​ដែល​សាកលវិទ្យាល័យ​ទាំងនោះ​កំពុង​ប្រឈម​ជាមួយ​នឹង​គ្រឹះស្ថានអប់រំ​នៅ​ប្រទេស​លោក​ខាងលិច​ដែល​បាន​អូស​ទាញ​និស្សិត​និង​សាស្រ្តាចារ្យ​ឆ្នើមៗ​ជាច្រើន​ពី​តំបន់​អាស៊ី។

សម្រាប់​ប្រទេស​ចិន ការ​បង្កើត​សម្ព័ន្ធ​សាកលវិទ្យាល័យ​បែប​នេះ គឺ​ដើម្បី​ចាប់​យក​តំណែង​ជា​អ្នកដឹកនាំ​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​តំបន់​អាស៊ី និង​លើក​តម្កើង​ជំហរ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។ ប្រទេស​ចិន​ក៏​មាន​ស្នាដៃ​ជោគជ័យ​ស្រដៀង​គ្នា​នេះ​ដែរ​លើ​ផ្នែក​ប្រព័ន្ធ​ធនាគារ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ដឹកនាំ​ប្រទេស​ជាង​៦០​ ក្នុង​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ក្នុង​ឆ្នាំ២០១៤។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ឥឡូវ​នេះ កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ជាច្រើន​ថែម​ទៀត​សម្រាប់​កម្មវិធី«ខ្សែ​ក្រវ៉ាត់​និង​វិថី» របស់​ខ្លួន។

ស្ថាប័ន​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​ហៅ​កាត់​ថា (AUA) ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ក្នុងទីក្រុង​ប៉េកាំង​ នៅ​សាកលវិទ្យាល័យ Tsinghua ដ៏​ល្បីល្បាញ​មួយ​ ដែល​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​នៃ​ក្រុម​សាកលវិទ្យាល័យ​ទាំង១៥​មក​ពី​បណ្តា​ប្រទេស​ចំនួន​១២។

ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ត្រូវបានធ្វើ​ឡើង ក្រោម​វត្តមាន​របស់​លោក​ស្រី​ឧបនាយក​រដ្ឋមន្រ្តី Liu Yandong ដែល​ជា​អ្នក​លើក​ឡើង​ពី​សារៈសំខាន់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី​នេះ។

គតិបណ្ឌិត​អាស៊ី

លោកស្រី Liu Yandong បាន​និយាយ​ថា សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ីនេះ​ នឹង​រូម​ចំណែក«ដល់​អាស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​សកលលោក»។ លោកស្រី​បាន​បន្ថែមថា សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ​នឹង​ប្រមូល​ផ្តុំ «បញ្ញវន្ត​ឆ្នើមៗ​ដែល​មាន​ទស្សនវិស័យ​បែប​អន្តរជាតិ និង​ដើម្បី​បម្រើផល​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​តំបន់»។

ក្នុង​ពេល​ផ្តោត​សំខាន់​លើ​តម្រូវ​ការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​តំបន់​អាស៊ី​ លោក Qiu Yong សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ Tsinghua បាន​និយាយ​ថា៖ «សាកលវិទ្យាល័យ​ក្នុងតំបន់​អាស៊ី​គួរ​តែ​ធ្វើ​ឲ្យ​កិត្តិសព្ទ​ជា​សកល​និង​ឥទ្ធិពល​របស់ខ្លួន​ប្រសើរ​ជាង​នេះ តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ និង​ការ​ផ្លាស់ប្តូរ​ជាមួយ​ដៃគូអន្តរ​ជាតិ»។

ក្រៅ​ពី​សាកលវិទ្យាល័យ​ Tsinghua សាកលវិទ្យាល័យ​ដែល​ជា​ដៃគូរបស់​សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ​ រួមមាន​សាកល​វិទ្យាល័យ Peking ក្នុង​ទីក្រុង​ប៉េកាំង​ សាកលវិទ្យាល័យ​តូក្យូ សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ហុងកុង សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា សាកលវិទ្យាល័យ Yangon សាកលវិទ្យាល័យ Colombo និង​សាកលវិទ្យាល័យ Chulalongkorn នៃ​ប្រទេស​ថៃ។

លោក​Tan Eng Chye សាកលវិទ្យាធិការ​រង​និង​ជា​មន្រ្តីជាន់ខ្ពស់​កិច្ចការ​រដ្ឋបាល​នៃ​សាកលវិទ្យាល័យ​ជាតិសិង្ហបុរី​ បាន​និយាយថា​៖ «មាន​សម្ព័ន្ធ​(សាកលវិទ្យាល័យ​អន្តរជាតិ)ច្រើន​ណាស់ ដែល​មាន​លក្ខណៈ​ជា​ការប្រមូល​ផ្តុំ​សាកលវិទ្យាល័យ​ចម្រុះ​ពី​ប្រទេស​លោក​ខាងលិច​និង​លោក​ខាងកើត។ ប៉ុន្តែ​ពេល​នេះ​គឺ​ជា​ពេល​ស័ក្តិសម​ណាស់​សម្រាប់​សាកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី ក្នុង​ការ​មាន​សម្ព័ន្ធ​សាកលវិទ្យាល័យ​ផ្ទាល់​ខ្លួន»។

យ៉ាង​ហោច​ណាស់​អ្នក​ចូលរួម​ពីរ​រូប​ក្នុងកិច្ច​ប្រជុំដំបូង​នៃ​ក្រុមប្រឹក្សាភិបាល​របស់​សម្ព័ន្ធ​សាកលវិទ្យាល័យ​អាស៊ី បាន​អះអាង​ថា សាកលវិទ្យាល័យ​ Tsinghua បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​ស្ថាប័ន​ថ្មី​មួយ​នេះ​ក្នុង​ទឹកប្រាក់​ចំនួន​១​លាន៥​សែន​ដុល្លារ​អាមេរិក​ គឺ​ច្រើន​លើសលុប​ពី​ចំនួន​ទឹកប្រាក់​ដែល​សមាជិក​បាន​បង់ថ្លៃ​សមាជិក​ភាព​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​តម្លៃ​ត្រឹមតែ​៥.០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ការ​ដាក់​ចំណាត់​ថ្នាក់

គោលបំណង​ចម្បង​នៃ​សាកលវិទ្យាល័យ​ជាច្រើន​ក្នុង​តំបន់​អាស៊ី​ គឺ​ចង់​ឲ្យ​សាកលវិទ្យាល័យ​របស់​ខ្លួន​មាន​ឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ពិភពលោក​ ដែល​ភាគ​ច្រើន​មាន​តែ​គ្រឹះស្ថាន​អប់រំ​នៅ​ប្រទេស​លោក​ខាង​លិច​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​ទាក់​ទាញ​សាស្រ្តាចារ្យ​និង​និស្សិត​ឆ្នើម​ជុំវិញ​ពិភព​លោក ចំណាត់​ថ្នាក់ល្អ​ មាន​ប្រយោជន៍​សម្រាប់​ទាក់ទាញ​មូលនិធិ​ស្រាវជ្រាវ​ពី​ផ្នែក​ឧស្សាហកម្ម​និង​ស្ថាប័ន​អន្តរជាតិ​។

លោក​ Tan Eng បាន​និយាយថា៖ «ការ​ដាក់​ចំណាត់​ថ្នាក់​ ជានិច្ចកាល​អាស្រ័យ​ភាគច្រើន​លើ​ការ​ស្រាវជ្រាវ​ ពីព្រោះ​ប្រសិន​បើ​យើង​មើល​តែ​លទ្ធផល​ចុងក្រោយ​នៃ​ការ​សិក្សា វា​ពិបាក​នឹង​វាស់វែង​ណាស់។ ដូច្នេះ​ប្រសិន​បើយើង​ចំណាយ​ថវិកា​ឲ្យ​ច្រើន​លើ​ការ​ស្រាវជ្រាវ នោះ​(ចំណាត់​ថ្នាក់)​នៃ​សាកលវិទ្យាល័យ​យើង នឹង​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស​ដែរ នេះ​បើតាម​គំនិត​របស់​ខ្ញុំ»។

លោក​បាន​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នានា​គួរ​តែ​ដើរ​តួ​ចម្បង​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​ស្រាវជ្រាវ។ សព្វ​ថ្ងៃ​នេះ ហិរញ្ញប្បទាន​សម្រាប់​ការ​ស្រាវជ្រាវ​ មាន​ត្រឹមតែ​៥​ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​ផ្នែក​ឧស្សាហកម្ម​ប្រហែល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​បង្រ្គប់​៩៥​ភាគរយ​ទៀត​ដែល​នៅ​សល់​នោះ​ទេ។

វា​គឺ​ជា​ពេល​ដែល​យើងត្រូវ​ព្យាយាម​ប្រមូល​ផ្តុំ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ និង​បង្កើន​ការ​ផ្លាស់ប្តូរ​និស្សិត និង​សាស្រ្តាចារ្យ​ដែល​លើក​ទឹកចិត្ត​ឲ្យ​សាកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត​ចូល​រួម​ក្នុង​សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ។

លោក​ Prasanna M. Mujumdar នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​នៅ​ទីក្រុង ប៊ុមបៃ បាន​និយាយ​ថា​៖ «អ្វី​ដែល​យើង​ចង់​បាន​ គឺ​ក្រុមស្រាវ​ជ្រាវខ្លាំងៗ​ ធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ទាំង​នេះ។ ប្រសិន​បើយើង​មាន​សមត្ថភាព​អាចប្រមូល​ផ្តុំ​សាកល​វិទ្យាល័យ​នានា​ចូលគ្នា​ ដើម្បី​ជា​ប្រយោជន៍​នៃភាគី​ទាំងសងខាង​ អ្នកជំនាញ​ទាំងអស់​នៃ​ភាគី​ទាំង​សង​ខាង​អាច​ចូល​រួម​ចំណែក និង​បន្ទាប់មក​ទៀត​ចូល​ដេញថ្ងៃ​(រួមគ្នា) សម្រាប់​សំណើ​គម្រោង​ស្រាវជ្រាវ​នានា​»។

លោក​បាន​បន្ត​ថា​៖ «សម្ព័ន្ធ​សាកលវិទ្យាល័យ​នេះ នឹង​ជួយ​ពួកយើង​ឲ្យ​ងាក​មក​ផ្តោត​ឡើងវិញ​លើ​សាកវិទ្យាល័យ​ក្នុង​តំបន់​អាស៊ី​លើ​ផ្នែក​ផ្សេងៗ ដូចជា​ការ​ចលភាព​និស្សិត​ ការ​ផ្លាស់ប្តូរ​សាស្រ្តាចារ្យ​ និង​កា​រស្រាវ​ជ្រាវរួម​គ្នា​ជាដើម”។

ការ​ស្រាវជ្រាវ​បែបនេះ​នឹង​ផ្តល់ផល​ចំណេញ​ដល់​ប្រទេសចិន​ ស្របពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ធនធាន​ពី​ប្រទេស​លោក​ខាង​លិច​សម្រាប់​បច្ចេកវិទ្យា​ទំនើបៗ និង​កំពុង​តែ​សំឡឹង​មើល​សាកល​វិទ្យាល័យ​នានា​ក្នុង​តំបន់​អាស៊ី ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នៃ​បច្ចេកវិទ្យា​របស់​ខ្លួន។

ដើម្បី​អនុវត្ត​កម្មវិធី​ឆ្នាំ​២០២៥​របស់​ទីក្រុ​ងប៉េកាំង ទាមទារ​ឲ្យមាន​កម្រិត​បច្ចេកវិទ្យា​ទូលំទូលាយ​ ដែល​ត្រូវ​ជំនួស​បច្ចេកវិទ្យា​ឧស្សាហកម្ម​ចាស់​គំរឹល​និង​ហួស​សម័យ​ដោយ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាច​ជួយ​សន្សំ​ទាំង​ថាមពល និង​បង្ក​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន​តិច​ជាង​មុន៕

ប្រែ​សម្រួល​ដោយ ​កោះ​ សុគន្ធី​

XS
SM
MD
LG