ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន ​ប្តេជ្ញាគាំទ្រ​គ្នា​ឥត​ងាក​រេ​ ពេល​វៀតណាម​កាន់តែ​បារម្ភ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ


រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)

កម្ពុជា​និង​ចិន​ ប្តេជ្ញា​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បីរឹត​ចំណង​មិត្តភាព​ដែកថែប​ និង​ការ​កសាង​ «សហគមន៍​វាសនា​រួម​» ខណៈ​ក្តី​បារម្ភ​ពី​ភាគី​វៀតណាម​បាន​កើនឡើង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​កម្ពុជា​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល ទីក្រុង​ប៉េកាំង​ ក្រោម​រូប​ភាព​ ​BOT។

ការ​ថ្លែង​របស់​ភាគីទាំង​ពីរ​បែបនេះ​ធ្វើឡើង​នៅអំឡុង​ពេលនៃដំណើរ​មក​កាន់​កម្ពុជា​របស់​រដ្ឋ មន្ត្រីការ​បរទេស​ចិន​ លោក វ៉ាង យី (Wang Yi) រយៈពេល​៣ថ្ងៃចាប់ពីថ្ងៃទី​២១ដល់ទី​២៣ ខែ​មេសា​ ឆ្នាំ​២០២៤​។

នៅក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាល​ពី​ថ្ងៃចន្ទ​ ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី លើកឡើង​ថា​មិន​ថា​ស្ថានភាព​អន្តរជាតិ​មានការ​ផ្លាស់ប្តូរ​បែបណា​ទេ ចិន​នឹង​នៅតែ​ជាមិត្ត​ដ៏គួរឱ្យ​ទុកចិត្ត​បំផុត​និង​ជា​អ្នកគាំទ្រ​ឥតងាករេ​ចំពោះការ​អភិវឌ្ឍ​របស់​កម្ពុជា​ ខណៈ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅវិញ​ថា​កម្ពុជា​គាំទ្រយ៉ាងមុតមាំ​ចំពោះ​ជំហរ​របស់​ចិន​នៅលើបញ្ហា​ផ្សេងៗ ដែល​ជា​ប្រយោជន៍​ស្នូល​របស់​ចិន​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ចុះថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ ២០២៤ កម្ពុជា​និង​ចិន​ បាន​ចាត់ទុកគ្នា​ទៅវិញទៅមក​ថា​ជា«មិត្តភាព​ដែកថែប​ដែល​តែងតែ​នៅក្បែរគ្នា​ និង​ជួយគ្នា​ក្នុង​គ្រាលំបាក» ហើយ​ប្តេជ្ញា​នៅក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ប្រកប​ដោយ​ភាព​ជ្រាល​ជ្រៅនិង​ជាក់​ស្តែង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«​ភាគីចិន​បានគូស​បញ្ជាក់​សារ​ជាថ្មីនូវការ​គាំទ្រ​ចំពោះ​ជម្រើស​របស់​កម្ពុជា​លើមាគ៌ា​អភិវឌ្ឍ​ន៍ដែល​ស្រប​នឹងលក្ខណ្ឌជាតិ​ គាំទ្រដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ដើម្បីការពារ​អធិបតេយ្យភាព​ជាតិ​ សន្តិសុខ​ និងផល​ប្រយោជន៍​នៃការអភិវឌ្ឍ​ ព្រមទាំង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពីផ្នែក​ខាង​ក្រៅក្នុងកិច្ច​ការផ្ទៃក្នុងរបស់កម្ពុជា​។ ភាគីកម្ពុជា​ក៏​បាន​បញ្ជាក់​ឡើងវិញ​ពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​ និងទទួលស្គាល់​ថា​សា​ធារ​ណរដ្ឋ​ប្រជាមា​និត​ចិនគឺ​ជារដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយគត់​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំង​មូល​»។

ក្នុង​ជំនួប​ជាមួយ​ក្រុមមន្ត្រី និង​ថ្នាក់ដឹកនាំ​កម្ពុជា លោក​វ៉ាង យី​ បាន​លើកឡើង​មិនដាច់​ពីមាត់​ទៅលើ​ការ​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ ហើយភាគី​កម្ពុជា ក៏បង្ហាញ​ជំហរ​ត្រូវ​ការ​ចិន​ឱ្យ​ជួយ​នាំ​វិនិយោគិន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ និងបន្ត​អភិវឌ្ឍ​គម្រោង​ផ្សេង​ៗ​ដែល​បាន​ព្រម​ព្រៀង​រួច​។

ប៉ុន្តែ​ភាគី​ទាំងពីរ​ មិនមាន​ការ​លើក​ឡើង​ណាមួយ​ ជុំវិញ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​មាន​មហិច្ឆតា ព្រោះ​គម្រោង​នេះនឹង​ធ្វើ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការចំណាយ​បាន​ច្រើន​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងដែនទឹក​ និង​ឈប់​ពឹងផ្អែក​លើ​ច្រក​ផ្លូវ​ទឹក​របស់​វៀតណាម​។

​គម្រោងជីក​ហ្វូណន​តេជោ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិ​ជ្ជ​កម្ម(Belt and Road InitiativeឬBRI)​ របស់​រដ្ឋាភិបាល​ចិន​ ហើយ​ក៏កំពុង​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​ វាអាច​បង្ក​ជាក្តី​បារម្ភ​ដល់​ប្រទេស​វៀតណាម ប្រសិនបើវា​ត្រូវ​បាន​ប្រើប្រាស់​លើស​ពីក្រប​ខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​។ ​

បញ្ញវន្ត​វៀតណាម​ជា​ច្រើននាក់​ក៏បាន​ធ្វើ​ការពិភាក្សា​ លើ​គម្រោង​នេះ​ថា​ អាច​នាំមក​នូវ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម​ដែល​ជា​មិត្ត​ប្រពៃណី​របស់​កម្ពុជា​។

បញ្ញវន្ត​ខ្មែរខ្លះ ក៏បាន​ពិនិត្យលើ​គម្រោង​ និង​បាន​ធ្វើការ​វិភាគថា​ គម្រោង​នេះ​ ទំនង​ជា​អាច​ជួយ​កម្ពុជា​បន្ថយ​ការ​ពឹង​ផ្អែក​លើ​វៀតណាម ហើយ​ចិន​នឹង​មាន​លទ្ធភាព​បង្កើន​ឥទ្ធិពល​ក្នុងប្រទេស​ជាប់​ទន្លេមេគង្គ​។

លោក បោង ច័ន្ទសម្បត្តិ និស្សិត​ថ្នាក់បណ្ឌិត​នៅមជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​ការ​ពារ​ នៃសា​កល​វិទ្យា​ល័យ​ជាតិ​អូស្ត្រា​លី ​លើក​ឡើង​នៅក្នុង​អត្ថបទ​ទើប​ចុះផ្សាយថ្មី​នៅ​គេហទំព័រ FULCRUM ដែល​ផ្តោត​ការ​វិភាគ​របស់​ខ្លួន​លើ​តំបន់​អាស៊ី​អាគ្នេយ៍ថា ទោះបី​ជា​ក្តី​បារម្ភ​របស់​វៀត​ណាម​អំពីផល​ប៉ះពាល់​បរិស្ថានដែល​អាច​កើត​មាន​នៃ​គម្រោង​នេះ អាច​យល់​បាន ហើយចាំបាច់ត្រូវ​តែ​ទទួលបាន​ការ​ធានា​ចំពោះ​ហានិភ័យ​ផ្សេង​ៗ​ក៏​ដោយ ប៉ុន្តែ​ការ​បារម្ភ​គឺត្រូវ​បានជំរុញកាន់តែ​ច្រើនដោយ​ការរំ​ពឹងទុកនៃ​ការ​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួនបន្ថែម​ទៀត​លើកម្ពុជា​ និង​តួនាទី​របស់​ប្រទេស​ចិន​នៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ទន្លេ​មេគង្គ​។

«ទោះបី​ជា​ព្រែកជីក​នេះ​ជាជំហាន​ដ៏សំខាន់​មួយក្នុង​ដំណើរ​ស្វែងរក​រយៈពេល​វែងរបស់​កម្ពុជា​សម្រាប់​ការ​តភ្ជាប់​កាន់​តែ​ទូលំ​ទូលាយ និង​វិបុលភាព​សេដ្ឋកិច្ចក៏​ដោយ ​ការ​គ្រប់​គ្រងទំនាក់​ទំនង​ល្អ​ជា​មួយ​វៀត​ណាម​ក្នុង​អំឡុង​ពេល​សាងសង់​ព្រែកជីក​នេះ នឹង​ក្លាយ​ជា​ការ​សាក​ល្បងគោល​នយោបាយ​បរទេស​លើក​ដំបូង​ដែល​លោក ហ៊ុន ម៉ាណែត​ ​ប្រឈម​មុខ​ដើម្បី​ដោះស្រាយ​» នេះបើតាម​លោក បោង ច័ន្ទសម្បត្តិ​ ដែលជាអ្នក​ស្រាវជ្រាវ​ម្នាក់​ផងដែរ​នៅវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។

បើ​តាម​អ្នកស្រាជ្រាវ​រូបនេះ​ ការណ៍ដែល​វៀតណាម​លើកឡើង​ពី​បញ្ហា​ព្រែក​ជីកនេះ​ពាក់ព័ន្ធជា​មួយ​ហេតុផល​ពីរ​។ទី​១ វៀតណាមត្រូវតែដើរ​ដោយ​ប្រុងប្រយ័ត្ន ចាប់​តាំង​ពីទីក្រុង​ប៉េកាំង​នឹង​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​លើគម្រោង​ព្រែកជីក​ក្រោម​គំនិត​ផ្តួច​ផ្តើមខ្សែ​ក្រវ៉ាត់ ​និងផ្លូវ (BRI) និង​ថា​ប្រតិកម្ម​ហួស​ហេតុ ឬការ​អត្ថាធិប្បាយ​ដ៏ក្ដៅគគុកពី​ទី​ក្រុង​ហា​ណូយ នឹង​បំផុស​ឱ្យមាន​ស្មារតីជាតិនិយម​ក្នុង​ចំណោម​ប្រជាជនកម្ពុ​ជា ដែល​ជំរុញ​ឱ្យគម្រោង​ព្រែកជីក​នេះឆ្ពោះ​ទៅមុខ។

លោក​បន្តថា​គម្រោង​នេះជា​និមិត្តរូប​នៃ​ការ​ស្វែង​រក​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

​ក្នុង​សំណុំរឿង​ព្រែក​ជីក​នេះ​ អ្នក​នាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ លោក Doan Khac Viet លើកឡើង​កាល​ពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤​ថា៖​«វៀតណាម​ មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះព័ត៌មាន​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ ហើយ​បានស្នើឱ្យ​ភាគី​កម្ពុជា​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគីវៀត​ណាម និង​គណៈកម្ម​ការទន្លេ​មេគង្គអន្តរ​ជាតិ ក្នុងការ​ចែក​រំលែក​ព័ត៌មាន និង​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​»​។​

កាល​ពី​ថ្ងៃទី ​៦ ខែមេសា​ ឆ្នាំ ​២០២៤​ កា​សែត The Straits Times ដែល​មាន​ស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី​ បាន​ចុះ​ផ្សាយ​សេចក្តី​រាយ​ការណ៍​មួយ​ជាមួយនឹង​ការវិភាគថា​ គម្រោង​ដ៏ធំមួយ​នេះ​អាច​ជា​ច្រក​ដ៏​មាន​សក្តានុពល​សម្រាប់​យោធា​ចិន​។

ទោះ​ជាយ៉ាង​ណាក្តី​ រដ្ឋាភិបាល​កម្ពុជា​ម្តងហើយ​ម្តងទៀត​ បដិសេ​ធ​រាល់ការ​ចោទ​ប្រកាន់​ថាកម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់ទ័ព​នៅទឹកដី​របស់​ខ្លួន​។ ទាក់​ទិន​គម្រោង​ព្រែក​ជីកហ្វូណន​តេជោនេះ​ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ចេញមុខ​បកស្រាយថា ព្រែក​ជីក​ហ្វូណនតេជោ​ នឹង​ត្រូវ​កសាងឡើងសម្រាប់​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គមសុទ្ធ​សាធ​ មិន​មែន​ជួយ​សម្រួល​ដល់​កង​ទ័ព​ជើង​ទឹក​ចិន​ដូច​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG