ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានរដ្ឋឡាវ ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជាដើម្បីពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ


ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហមុនី និង ប្រធានាធិបតី​ឡាវ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) ដើរ​កាត់​ទាហាន​ស្វាគមន៍​នៅ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០២៤។ (Photo by POOL / AFP)
ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហមុនី និង ប្រធានាធិបតី​ឡាវ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) ដើរ​កាត់​ទាហាន​ស្វាគមន៍​នៅ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០២៤។ (Photo by POOL / AFP)

ប្រធានាធិបតី​ឡាវ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​អង្គារ​នេះ ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​២ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០២៤។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​។

នេះ​ជាដំណើរ​ទស្សនកិច្ច​ទីពីរមក​កាន់​កម្ពុជា របស់​មេដឹកនាំ​ប្រទេស​ក្នុងសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅកាត់​ថា អាស៊ាន បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋ​មន្ត្រី​របស់លោកហ៊ុន ម៉ាណែត​។ ​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី លោក សេដ្ឋា ថាវីស៊ីន ក៏​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពីបាន​ចូល​កាន់​អំណាច កាល​ពី​ខែ​សីហា។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​នៅសេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​មួយទៀត​កាល​ពីថ្ងៃ​សុក្រ​ថា ក្នុង​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​ឡាវ​មក​កម្ពុជា​ ភាគី​ទាំង​ពីរ នឹង​ពិភាក្សា​អំពី ការលើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី រួម​ទាំង​បញ្ហា​តំបន់ និងអន្ដរ​ជាតិ ដែលជា​ផល​ប្រយោជន៍​រួម។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់​ថា​ក្នុងនាម​កម្ពុជា​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ សមាជិក​អាស៊ាន​ និង​ជា​រដ្ឋ​អធិបតេយ្យ តែង​តែ​ទទួលស្វាគមន៍​ទស្សន​កិច្ច​របស់រដ្ឋា​ភិបាល​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​។​

ក្នុង​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច​រយៈពេល២ថ្ងៃនេះ ប្រធាន​រដ្ឋ​ឡាវនឹង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហមុនី និង​មាន​ជំនួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាព​ លោកស្រី ឃួន សុដារី ប្រធាន​សភា និង​នាយករដ្ឋ​មន្រ្ដី​កម្ពុជា លោក ហ៊ុន ម៉ាណែត។

ក្រសួង​ការបរទេស​កម្ពុជា​ បានឱ្យ​ដឹង​ទៀតថា ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅពេល​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏មាន​សារសំខាន់​ក្នុង​ការ​ពង្រឹង​ និង​លើកកម្ពស់​បន្ថែម​ទៀត​នូវទំនាក់​ទំនង​ដ៏ល្អប្រសើរ​ អ្នកជិត​ខាង​ល្អ​ ទំនាក់ទំនង​ជាបងប្អូន​ និង​សាមគ្គីភាព​ ព្រមទាំង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ និង​យូរអង្វែង​ ដើម្បី​វិបុលភាព​រួម​នៃ​ប្រទេស​ទាំងពីរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG