លោក ជា មុន្នី អតីតប្រធាននិងជាទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបច្ចុប្បន្ន អាចនឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ខណៈការបាញ់ប្រហារលើអ្នករិះគន់ បានបន្តកើតឡើង ហើយឃាតកពិតប្រាកដមិនត្រូវបានអាជ្ញាធររកឲ្យឃើញដើម្បីយកមកផ្ដន្ទាទោសទេនោះ។
អតីតមេដឹកនាំសហជីពរូបនេះ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីរម្លឹកដល់ការបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ដែលបានកើតឡើងកាលពីជាង ១០ឆ្នាំមុន។
ថ្លែងនៅកន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា ស្ថិតនៅទល់មុខវត្តលង្កាកាលពីព្រឹកថ្ងៃអាទិត្យ លោក ជា មុន្នី ដែលជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា បានថ្លែងថា រដ្ឋាភិបាលសព្វថ្ងៃនេះ គ្មានចេតនារកឲ្យឃើញឃាតក ដែលបានបាញ់សម្លាប់បងប្រុសរបស់លោកនោះឡើយ។
លោកបន្តថា មានតែរដ្ឋាភិបាលថ្មីប៉ុណ្ណោះ ដែលអាចផ្ដល់យុត្តិធម៌ដល់បងប្រុសរបស់លោក។
លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន នៅតែបើកឱកាសឲ្យមានការបាញ់សម្លាប់ អ្នកដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរនឹងមិនផ្ដល់អំណាចឲ្យរដ្ឋាភិបាលនេះបន្តគ្រប់គ្រងប្រទេសទៀតនោះឡើយ។
«កុំថា គេអត់ឈឺចាប់អ្ហា៎ បើប៉ះចំគ្រួសារអ្នកឯងវិញ តែបន្តិចទេ ចាប់គេដាក់គុក គ្រាន់តែជេរ គ្រាន់តែគេរិះគន់ ដើម្បីឲ្យល្អ ចាប់គេដាក់គុក។ មែនប្រទេសអ្នកឯង ដឹកនាំតែម្នាក់ឯងទេ។ ផ្កាំផង ២០១៧ណា៎ ប្រយ័ត្នអត់បានមួយសន្លឹក»។
លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្ននេះ ត្រូវឈប់រកឃាតក ដែលបាញ់សម្លាប់បងប្រុសលោក ដោយសាររយៈពេល ១៣ឆ្នាំ មកហើយ រដ្ឋាភិបាលនៅមិនអាចចាប់ឃាតកពិតប្រាកដបានដដែល។
មានសកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ ព្រះសង្ឃ សហជីព និងអ្នកកាសែតជាច្រើន ត្រូវបានឃាតកបាញ់សម្លាប់ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ។
ក្រុមអ្នករិះគន់បាននិយាយថា មិនមានឃាតកពិតប្រាកដណាម្នាក់ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់ទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកចូលរួមនៅថ្ងៃខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង នឹងនៅបន្តស្វែងរកយុត្តិធម៌ឲ្យក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានគេបាញ់សម្លាប់កាលពីពេលកន្លងមក។
«ពួកយើងខ្ញុំ នៅតែបន្តការតស៊ូ នៅពេលថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃអនាគតរកយុត្តិធម៌ ជូនអ្នកដែលបានរងគ្រោះ បាត់បង់ជីវិត ដើម្បីការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋផលប្រយោជន៍កម្មករឲ្យទាល់តែបាននៅក្នុងពេលអនាគត»។
VOA មិនទាន់អាចទាក់ទងលោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំសេចក្ដីអធិប្បាយកាលពីថ្ងៃអាទិត្យបានទេ ពាក់ព័ន្ធនឹងការស៊ើបអង្កេតរកឃាតកដែលបាញ់សម្លាប់ លោក ជា វិជ្ជា។
លោក ជា មុន្នី បានប្រាប់ VOA កាលពីកន្លងមកថា សមាជិកក្រុមគ្រួសារដែលត្រូវបានគេបាញ់ស្លាប់ត្រូវរួមគ្នាជាកម្លាំងមួយ ដើម្បីទាមទាររកយុត្តិធម៌។
អ្នកដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីជាង២០ឆ្នាំមកនេះ រួមមានលោកបណ្ឌិត កែម ឡី លោក ឈុត វទ្ធី លោក រស់ សុវណ្ណារ៉េត លោក ជា វិជ្ជា និងព្រះតេជព្រះគុណ សំ ប៊ុនធឿន។
កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់ភា្លមៗនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈកាលតិច (Caltex) នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទាំងកណ្ដាលថ្ងៃ កើតឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្ដល់ការអធិប្បាយជាមួយអ្នកសារព័ត៌មានទៅលើរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីទ្រព្យសម្បត្តិ និងការគ្រប់គ្រងក្រុមហ៊ុនរបស់សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់សរុបជាង២០០លានដុល្លារ។
ឃាតកម្មលើលោកបណ្ឌិត កែម ឡី ត្រូវអ្នកវិភាគពណ៌នាថា ជាការដាក់សម្ពាធធ្ងន់មួយទៀតទៅលើក្រុមដែលមិនពេញចិត្តរបៀបរបបគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលសព្វថ្ងៃ៕