ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គេ​រំពឹង​ថា គណបក្ស​ប្រឆាំង​នឹង​ទាញ​ប្រយោជន៍​ពី​អារម្មណ៍​ប្រឆាំង​នឹង​វៀតណាម នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់


លោកស្រីតំណាងរាស្ត្រ ជូឡុង ស៊ូម៉ូរ៉ា ជជែកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំឡុងពេលចូលរួមសមាជគណបក្ស កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

ការ​ភ័យខ្លាច​ចំពោះ​ប្រទេស​វៀតណាម ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​ខ្លះ ដូចជា​មិន​សម​ហេតុផល ដែល​ស្ទើរតែ​មិន​អាច​ទទួល​យក​បាន។ ការ​ចោទ​ប្រកាន់​អំពី​ការ​ដណ្ដើម​ដីធ្លី ការ​ញុះញង់​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​នាំ​ចេញ​ម្ហូប​អាហារ​មាន​ជាតិ​គីមី និង​ការ​ជេរ​ប្រមាថ​ខុស​ច្បាប់ ជា​រឿយៗ​ត្រូវ​បាន​លើក​ឡើង​សំដៅ​លើ​ប្រទេស​វៀតណាម។ ចំណុច​ទាំង​អស់​នេះ នឹង​កាន់តែ​ពុះ​កញ្ជ្រោល​បន្ថែម​ទៀត ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មក​ដល់។

ការ​ស្ដី​បន្ទោស​ភាគ​ច្រើន​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​ភ័យខ្លាច​ស្ទើរ​តែ​ជ្រួល​ច្របល់​បែប​នេះ ចំពោះ​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​សំដៅ​លើ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​លាលែង​ពី​តំណែង និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​បច្ចុប្បន្ន ដែល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​នយោបាយ ដោយសារ​ការ​ទាញ​ផល​ចំណេញ​ចេញ​ពី​ការ​ស្អប់​គុំកួន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​របស់​កម្ពុជា ចំពោះ​វៀតណាម។

គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​នេះ នៅ​ក្នុង​ឆ្នាំ ២០១៣ ដែល​នៅ​ពេល​នោះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដោយ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាត់បង់​អាសនៈ​របស់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​រដ្ឋសភា។ VOA មិន​ទទួល​បាន​ការ​បញ្ជាក់​ណា​មួយ​អំពី​រឿង​នេះ ពី​គណបក្ស​ទាំង​ពីរ​នោះ​ទេ។

លោក មួយ ពិសិដ្ឋ អ្នក​នាំ​ពាក្យ​នៃ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​និយាយ​ថា៖ «យុទ្ធសាស្ត្រ ដែល​អ្នក​នយោបាយ​ប្រើ​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព ដោយ​សារ​ការ​ថ្កោលទោស​ប្រទេស​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន និង​ការ​ប្រើប្រាស់​ពាក្យ​សំដី​ញុះញង់​ណា​មួយ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ‍»។

លោក​បាន​បន្ថែម​ថា ជា​លទ្ធផល កម្រិត​នៃ​ការ​ស្អប់​គុំកួន​ដែល​មិន​សម​ហេតុផល​នេះ នឹង​ឆ្លង​ពី​ជំនាន់​មួយ​ទៅ​កាន់​ជំនាន់​មួយ​ទៀត តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG