ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នឹង​រៀបចំ​ពិធី​វិបស្សនា​នៅ​ខេត្ត​សៀមរាប


អ្នកស្រី សរ ស៊ុនធារី (កណ្តាល) ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​នឹង​ចូលរួម​នឹង​ធ្វើ​វិបស្សនា​នៅ​វត្តរាជ​បូរណ៍។ (រូបថត​៖ផ្តល់​ឲ្យ​ដោយ​ សរ ស៊ុនធារី)

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នឹង​រៀបចំ​ពិធី​វិបស្សនា​នៅ​វត្ត​រាជបូរណ៍​ក្នុង​ខេត្ត​សៀមរាប​រយៈពេល​១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣​ខែ​មេសា​ដល់​ថ្ងៃ​ទី​២​ខែ​ឧសភា​ខាង​មុខ​នេះ។ ការ​ចំណាយ​ទៅ​លើ​ពិធី​វិបស្សនា​នេះ​គឺ​ជា​ថវិកា​ផ្ទាល់​របស់​អ្នកស្រី អ៊ាលឹម បូផារី ដែល​ជា​ទន្តពេទ្យ​នៅ​ទីក្រុង Fairfax រដ្ឋVirginia។ មាន​មនុស្ស​ជិត​៦០០​នាក់​ហើយ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ពិធី​វិបស្សនា​នេះ។

ជា​រៀងរាល់​ថ្ងៃ អ្នកស្រី សរ ស៊ុនធារី ក្រោក​ពី​ដំណេក​នៅ​ម៉ោង​៥​។ បន្ទាប់​ពី​ថ្វាយ​បង្គុំ​ព្រះ អ្នកស្រី​ដើរ​ចង្ក្រំ​យឺតៗ​ទៅ​មកៗ មើល​ជំហាន​ជើង​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន និង​អង្គុយ​ចុះ​តាំង​សមាធិ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​នីមួយៗ។ អ្នកស្រី​នឹង​ធ្វើ​សកម្មភាព​ទាំង​នេះ​ទៅ​មកៗ​ពេញ​មួយ​ម៉ោង ហើយ​២​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ផ្ទះ​របស់​អ្នកស្រី។ នេះ​គឺ​ជា​ការ​ធ្វើ​វិបស្សនា​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី។

អ្នកស្រី ធារី បាន​ចាប់​ផ្តើម​ធ្វើ​វិបស្សនា​តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ។ អ្នកស្រី​និយាយ​ថា ការ​ធ្វើ​វិបស្សនា​ជួយ​ឲ្យ​អ្នកស្រី​សម្រាន្ត​បាន​លក់​ស្រួល​ជាង​មុន។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA តាមរយៈ​ទូរស័ព្ទ​ពី​ទីក្រុង Cary រដ្ឋ North Carolina ថា «ដូចជា​យើង​ធ្វើ​ឲ្យ​ទទួល​ទាន​ដំណេក​បាន​ស្រួល ខ្ញុំ​ពី​ដើម ខ្ញុំ​ទទួល​ទាន​ដំណេក​អត់​បាន​ស្រួល​ទេ។ ខ្ញុំ​មាន​ជំងឺ ធ្លាប់​ឈឺ​ម្តង​ចឹង​ទៅ ខ្ញុំ​គេង​អត់​បាន​ទេ ទាល់​តែ​ប្រើ​ថ្នាំ។ ដ៏​ក្រោយ​មក​ខ្ញុំ​ឈប់​ប្រើ​ថ្នាំ‍»។

ខែ​នេះ អ្នកស្រី ធារី និង​ក្រុម គ្រួសារ​របស់​អ្នកស្រី​នឹង​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​នឹង​អ្នកស្រី អ៊ាលឹម បូផារី ដែល​ជា​គ្រូ​បង្ហាត់​វិបស្សនា​របស់​អ្នកស្រី ដើម្បី​រៀបចំ​ធ្វើ​ពិធី​វិបស្សនា​មួយ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៣​ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​ឧសភា​។

ការ​ចំណាយ​ទៅ​លើ​ពិធី​វិបស្សនា​រយៈពេល​១០​ថ្ងៃ​នេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​អ្នកស្រី បូផារី ដែល​ជា​ទន្តពេទ្យ​នៅ​ទីក្រុង Farifax រដ្ឋ Virginia។

អ្នកស្រី បូផារី មាន​ប្រសាសន៍​ថា «អាណិត​ប្រជាជន​កម្ពុជា so much compassion, so much sympathy forប្រជាជន​នៅ​ស្រុក​ដែល​ខ្ញុំ​កើត ​ស្រុក​កំណើត​ខ្ញុំ so ខ្ញុំ​ចង់​ជួយ​យក​នេះ ​ចែក​ជូន​ចំណេះវិជ្ជា​ខ្ញុំ​ទៅ​ជូន ប្រគេន​និងជូន​ប្រជាពលរដ្ឋ​ខ្មែរ»។

អ្នកស្រី អ៊ាលឹម បូផារី ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​ជា​ទន្តពេទ្យ​នៅ​ទីក្រុង Fairfax រដ្ឋ Virginia។ អ្នកស្រី​បាន​អញ្ជើញ​មក VOA កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា។ (រូបថត៖ ដោយ​ហុង ចិន្តា)

អ្នកស្រី អ៊ាលឹម បូផារី ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​ជា​ទន្តពេទ្យ​នៅ​ទីក្រុង Fairfax រដ្ឋ Virginia។ អ្នកស្រី​បាន​អញ្ជើញ​មក VOA កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា។ (រូបថត៖ ដោយ​ហុង ចិន្តា)

អ្នកស្រី​បាន​ធ្វើ​វិបស្សនា​អស់​រយៈពេល​ជាង​៩​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថ្លែង​ថា ការ​ធ្វើ​វិបស្សនា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នកស្រី ទាំង​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។

អ្នក​ស្រី​និយាយ​ថា «ដូច​ខ្ញុំ​នេះ ​មុខ​ងារ​ខ្ញុំ​ធ្វើ​ធ្មេញ doctorពេទ្យ​ធ្មេញ It's stressful it requires a lot of engery ត្រូវ​ការ​កម្លាំង​ខ្លាំង ត្រូវ​ការ​គិត​ច្រើន ដល់​ពេល​ប្រតិបត្តិ​វិបស្សនា​ហ្នឹង​ទៅ ធ្វើ​ឲ្យ​កម្លាំង​ខ្លាំង ធ្វើ​ឲ្យ​ដូច​ថា កម្លាំង​ហ្នឹង​នៅ​យូរ​រហូត​ ដូច​ថា​ពេល​ល្ងាច​ហើយ​ក៏​កម្លាំង​នៅ​មាន​ខ្លាំង»។

វិបស្សនា​គឺ​ជា​ការ​អនុវត្ត​មួយ ដែល​យើង​ត្រូវ​រៀន​គ្រប់គ្រង​ផ្លូវចិត្ត​របស់​យើង។ វិបស្សនា​កើត​ចេញ​ពី​ការ​បង្រៀន​របស់​ព្រះពុទ្ធ ហើយ​វិធីសាស្រ្ត​ប្រតិបត្តិ​មួយ​ចំនួន​មាន​លក្ខណៈ​សាមញ្ញ ដោយ​គ្រាន់​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ដក​ដង្ហើម​ចេញ​និង​ដង្ហើម​ចូល​តែ​ប៉ុណ្ណោះ។ ​

ពិធី​វិបស្សនា​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​រាជបូរណ៍។ អ្នកស្រី បូផារី បាន​និមន្ត​ព្រះសង្ឃ​ភូមា​២​អង្គ​ដើម្បី​ណែនាំ​ពី​វិធី​ប្រតិបត្តិ​វិបស្សនា​នេះ។ អ្នក​ចូលរួម​ទាំង​អស់​នឹង​តម្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ក្នុង​អំឡុង​ពេល​ពិធី​វិបស្សនា​នេះ ហើយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​វិធាន​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ធ្វើ។

អ្នកស្រី បូផារី ចាប់​ផ្តើម​ធ្វើ​វិបស្សនា​នៅ​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​សាច់ញាតិ​របស់​អ្នកស្រី​៣​នាក់​បាន​ទទួល​មរណភាព​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​២​ខែ​កាល​ពី​ឆ្នាំ​២០០៨។ អ្នកស្រី​ចាប់ផ្តើម​មាន​ការ​ភ័យខ្លាច ព្រួយបារម្ភ និង​ខ្វល់ខ្វាយ។ អ្នកស្រី បូផារី បាន​ចាប់​ផ្តើម​សួរ​ខ្លួន​ឯង​ថា «ជីវិត​ម៉េច​ក៏​អញ្ចឹង? អ្នក​ទាំងអស់​គ្នា​កំពុង​តែ​បាន​សុខៗ​ស្រាប់​តែ​ភ្លាម​ស្លាប់​អស់​៣​នាក់»។

អ្នកស្រី បូផារី ចាប់​ផ្តើម​ធ្វើ​វិបស្សនា​ជាមួយ​នឹង​ព្រះសង្ឃ​ភូមា នៅ​ពេល​ដែល​ទ្រង់​បាន​និមន្ត​មក​សហរដ្ឋអាមេរិក ហើយ​អ្នកស្រី​ក៏​បាន​បន្ត​ធ្វើ​វិបស្សនា​ជាមួយ​នឹង​ទ្រង់​នៅ​ភូមា​អស់​រយៈពេល​២​ខែ។ នៅ​ទីនោះ អ្នកស្រី​បាន​ដឹង​ថា «ជីវិត​អត់​ទៀង។ អ្វីៗ​ក៏​ដូរ​ផ្លាស់»។

បន្ទាប់​ពី​ធ្វើ​វិបស្សនា​អស់​រយៈពេល​២​ខែ​នោះ​ហើយ អ្នកស្រី​បូផារី​បាន​ចាប់​ផ្តើម​ធូរស្បើយ​ឡើង​វិញ។ អ្នកស្រី​និយាយ​ថា​ការ​ធ្វើ​វិបស្សនា​នេះ «ជួយ​ច្រើន ជួយ​ឲ្យ​អត់​ភ័យ​ច្រើន ជួយ​ឲ្យ​អត់​ស្ត្រេស ដូច​ថា​សេចក្តីភ័យ រឿង​ឈឺ​រឿង​ស្លាប់​អី​អត់​សូវ​ភ័យ​ដូច​ពី​មុន។ ពេល​ហ្នឹង​ប្រតិបត្តិ​បាន​២​ខែ​ហ្នឹង ជួយ​ឲ្យ​ឃើញ​សុខភាព​ល្អ អន់​ភ័យ បន្ថយ​សេចក្តីភ័យព្រួយ»។

ព្រះ​សង្ឃ​ភូមា ព្រះ​នាម Sayadaw U Kheminda នៃ​វត្ត Mingalarama ក្នុង​រដ្ឋ Maryland នឹង​និមន្ត​ទៅ​ចូលរួម​ក្នុង​ពិធី​វិបស្សនា​នេះ​ដើម្បី​បកប្រែ​ជូន​ព្រះសង្ឃ​ភូមា​ដទៃទៀត។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា តាម​ព្រះពុទ្ធ វិបស្សនា​ផ្តល់​នូវ​អត្ថប្រយោជន៍​៧​យ៉ាង​គឺ​«ជួយ​ឲ្យ​អស់​កិលេស» «ជួយ​ឲ្យ​អស់​ទុក្ខ» «ជួយ​ឲ្យ​អស់​សេចក្តីទួញសោក» «ជួយ​ឲ្យ​អស់​ការ​ឈឺចាប់​ផ្លូវ​កាយ» «ជួយ​ឲ្យ​អស់​ការ​ឈឺចាប់​ផ្លូវ​ចិត្ត» «ជួយ​ឲ្យ​បាន​ត្រាស់ដឹង» និង​«ជួយ​ឲ្យ​ដល់​ព្រះ​និព្វាន»។ ​

ព្រះ​តេជគុណ Kheminda បាន​មាន​សង្ឃ​ដីកា​ថា វិបស្សនា​គឺ​ជា​វិធីសាស្ត្រ​គ្រប់គ្រង​អារម្មណ៍។

ព្រះ​សង្ឃ​ភូមា Sayadaw U Kheminda នៅ​វត្ត Mingalarama ក្នុង​រដ្ឋMaryland។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Sayadaw U Kheminda)

ព្រះ​សង្ឃ​ភូមា Sayadaw U Kheminda នៅ​វត្ត Mingalarama ក្នុង​រដ្ឋMaryland។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Sayadaw U Kheminda)

ព្រះតេជគុណបាន​មាន​សង្ឃដីកា​ថា «វិបស្សនា​អាច​កាត់​បន្ថយ​ភាពតានតឹង​ផ្លូវ​ចិត្ត ការបាក់​ទឹក​ចិត្ត ការ​ធុញថប់​អារម្មណ៍ និង​កំហឹង​ផង​ដែរ។ ដូច្នេះ​អ្នក​អាច​រស់នៅ​ដោយ​សប្បាយ​រីករាយ ហើយ​អ្នក​នឹង​មាន​អាយុ​វែង»។

ព្រះតេជគុណបាន​ពន្យល់​ថែម​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​ផ្តោត​ទៅ​លើ​វត្ថុ​មួយ ប្រសិន​បើ​ចិត្ត​របស់​អ្នក​មិន​វិលវល់ ប្រសិន​បើ​ចិត្ត​របស់​អ្នក​ផ្តោត​តែ​លើ​វត្ថុ​មួយ នោះ​អ្នក​នឹង​គ្មាន​គំនិត​អវិជ្ជមាន គ្មាន​អារម្មណ៍​អវិជ្ជមាន​នោះ​ទេ ដោយ​សារ​តែ​អ្នក​ផ្តោត​តែ​លើ​វត្ថុ​មួយ»។ ​

ក្រោយ​មក ការ​ធ្វើ​វិបស្សនា​នេះ​បាន​ទទួល​ប្រជាប្រិយភាព​ទូទាំង​ពិភពលោក​ជាមួយ​នឹង​វិធីសាស្រ្ត​អនុវត្ត​ងាយស្រួល​ជាង​មុន ដែល​ត្រូវ​បាន​គេ​អនុវត្ត​សម្រាប់​ជា​ការ​ធ្វើ​លំហាត់ប្រាណ។

អត្ថប្រយោជន៍​នៃ​វិបស្សនា​ដែល​ត្រូវ​បាន​វិទ្យាសាស្រ្ត​ដក​ពិសោធន៍​រួម​មាន កាត់​បន្ថយ​ការ​ឈឺចាប់ កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម ​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អារម្មណ៍​ធុញថប់ ជួយ​ដល់​ជំងឺ​បាក់ទឹកចិត្ត និង​ជួយ​ឲ្យ​ទទួល​ទាន​ដំណេក​បាន​ស្កប់ស្កល់។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការសិក្សា​សា្រវជ្រាវ​មួយ​ចំនួន​ដែល​ឧបត្ថម្ភ​ដោយ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​វិធីព្យាបាល​ដទៃ​នៅ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​ថា​តើ​វិបស្សនា​ដំណើរការ​យ៉ាង​ដូចម្តេច​ខ្លះ​នៅ​ក្នុង​ខួរក្បាល​មនុស្ស​យើង នៅ​តែ​ចោទ​ជា​សំណួរ​ដដែល។ លោកស្រី Sara Whitney Lazar ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ Massachusetts General Hospital និង​ជា​សាស្ត្រាចារ្យ​ជំនាញ​ចិត្តសាស្ត្រ នៃ​សាកលវិទ្យាល័យ Harvard បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា តាមរយៈ​ការ​សិក្សា​កន្លង​មក​បង្ហាញ​ថា «មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខួរក្បាល»។

​«ដូច្នេះ​វា​អាច​មក​ពី​ការ​ប្រែប្រួល​នៅ​ក្នុង​ខួរក្បាល​នេះ​ហើយ​ដែល​បាន​រួម​ចំណែក​ដល់​ការ​ប្រែប្រួល​ផ្នែក​អារម្មណ៍ ដែល​គេ​រាយការណ៍​នោះ»។ នេះ​បើ​យោង​តាម​លោកស្រី Lazar ដែល​ក៏​ជា​អ្នក​ធ្វើ​វិបស្សនា​អស់​រយៈពេល​២៣​ឆ្នាំ​មក​ហើយ​។

លោកស្រី Lazar ​បាន​បន្ត​ថា វា​អាស្រ័យ​ទៅ​លើ​រយៈពេល​និង​ថា​តើ​បុគ្គល​ម្នាក់​ធ្វើ​វិបស្សនា​ញឹកញាប់​ប៉ុណ្ណា ដើម្បី​ទទួល​បាន​លទ្ធផល។ លោកស្រី​ផ្តល់​យោបល់​ឲ្យ​ធ្វើ​វិបស្សនា​ពី​២០​ទៅ​៤០​នាទី​ក្នុង​មួយ​លើក ហើយ​ធ្វើ​ពី​៣​ទៅ​៤​លើក​ក្នុង​មួយ​សប្តាហ៍។

អ្នកស្រី បូផារី បាន​មាន​ប្រសាសន៍​ថា កាល​ពី​ដើម​ឡើយ អ្នកស្រី​គ្រោង​នឹង​ទទួល​ភ្ញៀវ​ត្រឹមតែ​២០០​នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​ចូល​រួម​ធ្វើ​វិបស្សនា​បាន​កើន​ឡើង​ដល់​៦០០​នាក់ ហើយ​អាច​នឹង​កើន​ឡើង​លើស​ពី​នេះ​ទៀត៕

XS
SM
MD
LG