ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ខ្មែរ​មិន​ទាន់​ត្រៀម​លក្ខណៈ​ពេល​ចូល​​សហគមន៍​​អាស៊ាន


សាលា​ស្តី​ពី«​យុវជន​និង​សមាហរណ​កម្ម​អាស៊ាន»​ដែល​គេ​រៀបចំ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ ។ (រូប​ថត​៖ សាយ​ មុន្នី)
សាលា​ស្តី​ពី«​យុវជន​និង​សមាហរណ​កម្ម​អាស៊ាន»​ដែល​គេ​រៀបចំ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ ។ (រូប​ថត​៖ សាយ​ មុន្នី)

ក្រុម​និស្សិត​មួយ​ចំនួន​ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​របស់​ពួកគេ ចំពោះ​ការ​ទទួល​បាន​ឱកាស​ការងារ​ធ្វើ ​នៅ​ពេល​ដែល​សមាហរណកម្ម​អាស៊ាន​នឹងចូល​មកដល់​នៅ​ឆ្នាំ​ក្រោយ។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វីអូអេ​នៅ​ឯ​សិក្ខាសាលា​មួយ​ស្តី​ពី​យុវជន​និង​សមាហរណកម្ម​អាស៊ាន​ដែល​គេ​រៀបចំ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​ ​ខែវិច្ឆិកានេះ ​កញ្ញា សុក ច័ន្ទ​បរមី និស្សិត​ឆ្នាំ​ទី​១​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​និយាយថា វា​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ទៅ​ហើយ​សម្រាប់​យុវជន​កម្ពុជា​ដូចជា​កញ្ញា​ជាដើម​ ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ បើ​ប្រៀបធៀប​ជាមួយ​នឹង​យុវជន​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដើម្បី​ទទួល​ផល​នៃ​សមាហរណកម្ម​អាស៊ាននោះ។

«គេ​មាន​ការ​រៀប​ចំ​មុន​ហ្នឹង​ពី​៥ទៅ​១០​ឆ្នាំ ប៉ុន្តែ​យើង​ទើប​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នេះ​ ហើយ​ឆ្នាំ​ក្រោយ​សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់។ អញ្ចឹង ខ្ញុំ​ភ័យ​ព្រួយ​ ខ្លាច​ថា​យើង​ធ្វើ​អត់​ទាន់​បាន​ដូច​គេ។ អញ្ចឹង​អាច​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​របស់​យើង​ធ្លាក់​ចុះ»។

ដូច​គ្នា​ដែរកញ្ញា អ៊ូច សាខន​លក្ខិណា និស្សិត​មក​ពី​សកលវិទ្យាល័យ​តែ​មួយក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ។

«ចា៎បារម្ភ ព្រោះ​ថា​ប្រព័ន្ធ​អប់រំ​យើង​នៅ​អន់​ជាង​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​នៅ​ក្នុងអាស៊ាន​ដទៃ​ទៀត។ បារម្ភ​ថា​ពេល​ចូល​អាស៊ាន​ទៅ យើង​អត់​អាច​មាន​ឱកាស​ទទួល​បាន​ការងារ​ល្អ​ដូច​គេ»។

ប្រទេស​ចំនួន​១០​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន​ដែល​រួម​មានសាំងហ្គាពួរ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ ហ្វីលីពីន​ ប្រ៊ុយនេ​ ភូមា​ ថៃ ​ឡាវ​ វៀតណាម និង​កម្ពុជា គ្រោង​នឹង​រួម​បញ្ចូល​គ្នាឲ្យ​ទៅ​ជា​សហគមន៍​តែមួយ នៅ​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។

ការ​រួម​បញ្ចូល​គ្នា​ជា​សហគម​តែ​មួយ​ឬ​ដែល​គេ​ហៅ​ថា​សមាហរណកម្ម​អាស៊ាន​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ចេញ​ចូល​ដោយ​សេរី​នូវ​ទំនិញ​ សេវាកម្ម វិនិយោគ​និង​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​នៅ​ក្នុង​សហគមន៍​រួមគ្នា​នេះ។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា កម្លាំង​ពលកម្មនៅ​កម្ពុជាភាគ​ច្រើន​មិន​មាន​ជំនាញ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ទាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្នុង​តំបន់​បាន​នៅ​ឡើយ។

ពួកគេ​លើកឡើង​ថា ប្រទេស​កម្ពុជា​ហាក់​រៀបចំ​ខ្លួន​យឺត​ពេលបន្តិច​ទៅ​ហើយ​ក្នុង​ការ​ត្រៀម​យុវជន​របស់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង ​ដើម្បី​ដណ្ដើម​ទី​ផ្សារ​ការងារ​នៅ​ពេល​ដែល​សហគមន៍​អាស៊ាន​ចាប់​ផ្តើម​នោះ។

លោក ហេង ភក្តី គឺ​ជា​ស្ថាបនិក​នៃវិទ្យាស្ថាន​ ​Enrich ​ដែលជា​អ្នក​រៀបចំ​សិក្ខាសាលា​ស្តី​ពី​យុវជន​និង​សមាហរណកម្ម​អាស៊ាន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ៖

«យើង​គួរ​តែ​បាន​ពង្រឹង​គុណភាព​អប់​រំ​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ ព្រោះ​គម្រោង​អាស៊ាន​ មិន​មែន​ទើប​នឹង​ចាប់​ផ្តើម​ពីរ​បីឆ្នាំ​មុន​នេះ​ទេ​គឺ​ចាប់​តាំង​ពី​១០​ឆ្នាំ​មុន​មក​ហើយ អញ្ចឹង​ការ​រៀបចំ​ទុក​សម្រាប់​អាស៊ាន​គួរ​តែ​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ តែ​ទោះ​ជា​យឺតយ៉ាវ​ក៏​ដោយ ក៏​វា​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ដែរ។ យើង​អាច​ប្រឹងប្រែង​ជា​មួយ​គ្នា​ដើម្បីពង្រឹងវិស័យ​អប់រំប្រទេសយើង»។

លោក​ហេង ភក្តី​មាន​ប្រសាសន៍​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​ពង្រឹង​និង​ពង្រីកប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ទាក់ទង​នឹង​សមាហរណកម្ម​អាស៊ាន​នេះ ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ទៅដល់​ថ្នាក់​មូលដ្ឋានជាពិសេស​គឺ​ក្នុង​ស្រទាប់​យុវជន​តែ​ម្តង។

«រដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់​លាស់​ត្រឹម​ត្រូវ​របស់​គាត់​ហើយ ប៉ុន្តែគាត់​អត់​បានពាំ​នាំ​គោល​នយោបាយ​ហ្នឹង ឲ្យ​បាន​ឮ​ដល់​ថ្នាក់​ក្រោម​ ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ»។​

មន្ត្រី​រដ្ឋាភិបាល បាន​លើកឡើង​ថា រដ្ឋាភិបាល​បាន​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ទាក់ទង​នឹង​សមាហរណកម្ម​អាស៊ាន​នេះ ជា​ហូរ​ហែ​មក​ហើយ ហើយ​ក៏​កំពុង​ធ្វើ​កំណែ​ទម្រង់​គុណភាព​អប់រំ​ក្នុង​ស្រុក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​អាស៊ាន​ហើយ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត ហង់ ជួន​ណារ៉ុន មាន​ប្រសាសន៍​ថារដ្ឋាភិបាល​កំពុង​ពង្រឹង​វិស័យ​អប់រំ​ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​ផ្នែក​វិទ្យាសាស្ត្រ ដែល​កម្ពុជា​និង​អាស៊ាន​ត្រូវការ​ជា​ចម្បង។

«ឥឡូវ​យើង​ សម្បូរ​តែ​អ្នក​រៀន​ខាង​វិទ្យាសាស្ត្រ​សង្គម​អត់​មាន​អ្នក​រៀន​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ដូច​ជា​វិស្វកម្ម​អី​ជាដើម ដល់​ពេល​វិនិយោគ​គេ​មក​ដល់​គេ​ត្រូវ​ការ​សាងសង់​រោងចក្រ ផលិត​គ្រឿង​ឧបករណ៍​អេឡិចត្រូនិក​ជាដើម អញ្ចឹង​យើង​ត្រូវ​ការ​អ្នក​ចេះ​ខាង​ផ្នែក​អេឡិច​ត្រូនិក​និង​ខាង​ផ្នែក​កម្មន្ត​សាល​ជាដើម»។

យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​លើក​ឡើង​ថា​យុវជន​កម្ពុជា​មិន​គួរ​បារម្ភ​ជ្រុល​ពេក​ទេ ប្រសិន​បើ​ពួកគេ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​នឹងចាប់​យក​ជំនាញ​ណាមួយ​ឲ្យ​ពិត​ប្រាកដ​នោះ។

លោក​ ច័ន្ទ សុផល គឺ​ជា​អ្នក​វិភាគ​សេដ្ឋ​កិច្ច និង​ជា​អតីត​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា។

«បើ​យើង​ចេះ​ទៅ យើង​មិន​ពិបាក​រក​ការងារ​ធ្វើ​ទេ ឲ្យ​តែ​មាន​ជំនាញ​ត្រូវ​តាម​ទី​ផ្សារ។​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​អាស៊ាន ខ្ញុំ​ជឿ​ថា​អាច​មាន​ហើយ អ្នក​មក​ពី​ហ្វីលីពីន​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម​ឬ​ថៃ​ជាដើម ប៉ុន្តែ​ប្រហែល​ជា​មិន​ច្រើន​ពេក​ទេ។ តែ​បើ​យើងនៅ​ក្នុង​ស្រុក​យើង យើង​ចេះ​ភាសា​របស់​យើង យើង​ចេះ​ភាសា​អង់គ្លេស យើង​មាន​ជំនាញ​ច្បាស់​លាស់ ការ​ប្រកួត​ប្រជែង​របស់​យើង​ នឹង​មាន​កម្រិត​ខ្ពស់»។

ដូច​កញ្ញា សុក ច័ន្ទ​បរមី និង​កញ្ញា អ៊ូច សាខន​លក្ខិណា​ដែរ កញ្ញា​ រស់​ ដាណេ ​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ម្នាក់​ទៀត​ លើកឡើង​ថា ទោះ​បី​ជា​ពួក​ខ្លួនមាន​ការ​ព្រួយ​បារម្ភ​អំពី​ឱកាស​ទទួល​បាន​ការ​ងារ​ធ្វើ​ នៅ​ពេល​ដែល​សហគមន៍​អាស៊ាន​ចាប់​ផ្តើម​ក៏​ដោយ ក៏​ពួក​ខ្លួន​មើល​ឃើញ​សមាហរណកម្ម​អាស៊ាន​នោះ ថា​ជា​ឱកាស​មួយ​នៃ​ការ​ប្រកួត​ប្រជែង ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។

«ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ ព្រោះ​ថាឲ្យ​យើង​ដឹង​ពី​សមត្ថភាព​និង​ដឹង​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​ឲ្យ​បាន​ច្រើន​ជាង​នេះ»។​

កញ្ញា រស់ ដាណេ បន្ថែម​ថា​កញ្ញា​បាន​ប្តេជ្ញា​ចិត្ត​ថា​ខ្លួន​នឹង​ខិតខំ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ​ល្អ​ប្រសើរ ហើយអាច​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​ជឿនលឿន​ដូច​បណ្តា​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត​ដែរ៕​

XS
SM
MD
LG