ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​​ទាំង​ផល​ប្រយោជន៍​និង​ផលវិបាក​ក្រោយ​​​កម្ពុជា​​​ជា​សមាជិក​អាស៊ាន​​​​​បាន​១៥​​​ឆ្នាំ


កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​​ជា​លើក​ទី​២​កាល​ពី​ឆ្នាំ​២០១២។
កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​​ជា​លើក​ទី​២​កាល​ពី​ឆ្នាំ​២០១២។
ថ្ងៃ​៣០​ខែ​មេសាជា​ថ្ងៃ​គម្រប់​ខួប​១៥​ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ជា​ផ្លូវ​ការ។​ អ្នក​ជំនាញ​ការ​នានា​បាន​វាយ​តម្លៃ​ថា ​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ ​កម្ពុជា​និង​អាស៊ាន​ទាញផល​ប្រយោជន៍​ជា​ច្រើន​បាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​អ្នក​ជំនាញ​ទាំង​នោះ​បាន​ប្រមើល​ឃើញ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ​សម្រាប់​សមាហរណកម្ម​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​នេះ។​

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​លីដ​ (Leeds) ប្រទេស​អង់គ្លេស​ និង​ជា​អ្នក​វិភាគ​ម្នាក់ ​ថ្លែង​ថា​ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ទាញ​បាន​ប្រយោជន៍​ច្រើនផ្នែកសន្តិសុខ និង​វិស័យ​ការ​ទូត​ ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​អាស៊ាន​ចំនួន​ពីរ​ដង​គឺ​នៅ​ឆ្នាំ​២០០២​និង​២០១២។​

«មក​ទល់​ពេល​នេះ ​យើង​ទទួល​បាន​ជោគ​ជ័យ​មួយ​ចំនួន​ ជា​ពិសេស​ទៅ​លើ​បញ្ហា​ការ​ទូត​ក្នុង​តំបន់និង​ក្នុង​ពិភពលោក។ ប្រទេស​យើង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​មុន។ នេះ​ជា​ច្រក​ទ្វារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​យើង​អាច​ឈាន​ទៅ​ចាប់​យក​ដៃ​គូ​ពិភាក្សា​សំខាន់ៗក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក៏​ដូចជា​ក្នុង​ពិភព​លោក។ ទាក់​ទង​ហ្នឹង​វិស័យ​សន្តិសុខ យើង​ឃើញ​ថា ​អាស៊ាន​បង្កើត​ឡើង​ដើម្បី​ការពារ​វិបត្តិ​និង​ជម្លោះ​ផ្សេងៗ។ យើង​ឃើញ​ថា​ កន្លង​មកក្នុង​ជម្លោះ​កម្ពុជា​ថា តួ​នាទី​របស់​អាស៊ាន​ពុំ​មាន​ប្រសិទ្ធិភាព​ទេ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​ជម្លោះ​កុំ​ឱ្យ​រាលដាល​កាន់​តែ​ធំ»។​

លោក ឈាង វណ្ណារិទ្ធ​ បន្ថែម​ថា​ កម្ពុជា​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀតលើ​វិស័យសន្តិសុខ​ ​ប្រពៃណី​ ដូចជា​បរិស្ថាន​ការ​ជួញ​ដូរ​មនុស្ស​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ព្រំដែន​ជា​ដើម ហើយ​កម្ពុជា​អាច​នឹង​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​លទ្ធភាព​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ថែម​ទៀត​នៅ​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥​ជា​ដើម។​

អាស៊ាន​ដែល​មាន​ឈ្មោះ​ពេញ​ថា​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិកសរុប​ចំនួន​១០​ប្រទេស។​ អង្គការ​កម្រិត​តំបន់​នេះ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​១៩៦៧​ ដែល​មាន​ស្ថាបនិក​ចំនួន​៥​ប្រទេស​គឺ​ប្រទេស​គឺ​ថៃ ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​សឹង្ហបុរី។ បន្ទាប់​មក​ប្រទេស​ប្រ៊ុយណេ​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៨៤ វៀតណាម​នៅ​ឆ្នាំ​១៩៩៥ ចំណែក​ឯ​ប្រទេស​ឡាវ​និង​ភូមា​នៅ​១៩៩៧។ ដោយ​ឡែក​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​ចុង​ក្រោយ​គេ​គឺ​នៅ​ឆ្នាំ​១៩៩៩។​

លោក​ពូ សុធីរៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរសម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព និង​ជា​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន ថ្លែង​ថា​ ក្រៅ​ពី​ផល​ចំណេញ​ផ្នែក​សន្តិសុខ​ និង​ការទូត ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ក៏​អាច​បង្កើន​អំណាច​ចរចា​របស់​ខ្លួន​តាម​រយៈ​សមាគម​អាស៊ាន​ផង​ដែរ។​

«ប្រទេស​យើង​ជា​ប្រទេស​តូច ដូច្នេះ​នៅ​ពេល​យើង​និយាយ​ក្នុង​នាម​ប្រទេស​មួយ​ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍​នេះ មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍ ប៉ុន្តែ​នៅ​ពេល​យើង​ចូល​សមាគម នៅ​ពេល​ខ្មែរ​និយាយ​ សំឡេង​យើង​កើន​ទៅ​៩​ដង​ថែម​ទៀត ដូច្នេះ​មាន​ន័យ​ថា​ ខ្មែរ​និយាយ ​ប្រទេស​ទាំង​១០​និយាយ អាស៊ាន​និយាយ»។​ ​

លោក​ពូ សុធីរៈ អត្ថាធិប្បាយ​បន្ថែម​ថា​ អាស៊ាន​ក៏​ទទួល​បាន​ប្រយោជន៍​ពី​កម្ពុជា​វិញ​ផង​ដែរ​នា​ពេល​កន្លង​មក។ ក្នុង​នោះ​លោក​បាន​លើក​ឧទាហរណ៍​ថា​ សមាជិកភាព​របស់​កម្ពុជា​ក្នុង​សមាគម​អាស៊ាន​បង្ហាញ​ពី​ការ​ឯកភាព​គ្នា​ក្នុង​តំបន់ ​ហើយ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​ថ្នាក់​តំបន់​សំខាន់ៗ​ ហើយ​កន្លង​មក​កម្ពុជា​បាន​ដើរ​តួ​ជាប្រទេស​សម្រប​សម្រួល​ដ៏​សំខាន់​មួយ​រវាង​អាស៊ាន​ និង​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​ ដូច​ជា​ប្រទេស​ចិន ​ជប៉ុន ​និង​កូរ៉េ​ខាង​ជើង​ជា​ដើម។​

​វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​ពីរ​ថ្ងៃ​មក​នេះ។​

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៥​ ដែល​មាន​ន័យ​ថា ​ប្រទេស​ជា​សមាជិក​អាច​នាំ​ទំនិញ​ទៅ​លក់​ក្នុង​ប្រទេស​សមាជិក​ដទៃ​ទៀត​បាន​ដោយ​សេរី។​

ប៉ុន្តែ​ស្រប​ពេល​ដែល​កម្ពុជា​អាច​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ក្នុង​សមាហរណ​កម្ម​នេះ ​លោក​ពូ សុធីរៈ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​ខាត​បង់​ប្រយោជន៍​ដោយ​សារ​ខ្លួន​ពុំ​មាន​ផលិតផល​នាំ​ចេញ​ច្រើន។​

«ទីផ្សារ​សេរី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥។ ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​អាស៊ាន​នេះ​នឹង​អាច​ធ្វើ​ចរាចរ​ដោយ​មិន​មាន​របាំង​គយ​និង​របាំង​ពាណិជ្ជកម្ម។ ​ដូច្នេះ​សួរ​ថា ​តើ​ខ្មែរ​យើង​ផលិត​បាន​អ្វី​ខ្លះ​យក​ទៅ​លក់​នៅ​ប្រទេស​គេ? អញ្ចឹង​ទេ​មាន​តែ​ទំនិញ​ប្រទេស​គេ​យក​មក​លក់​ស្រុក​យើង។​ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​មាន​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម»។​

មួយ​វិញ​ទៀត ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ​ក្នុង​តំបន់ កង្វះ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​ទន់​ខ្សោយ​ ជា​ឧបសគ្គ​ចម្បង​សម្រាប់​កម្ពុជា​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ក្នុង​តំបន់។ ​នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ពូ សុធីរៈ។​

លោក​ពូ សុធីរៈ ​និង​លោក​ឈាង វណ្ណារិទ្ធ​ផ្តល់​អនុសាសន៍​ថា​ ដើម្បី​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​សមាជិកភាព​របស់​ខ្លួន​ក្នុង​សមាគម​អាស៊ាន​និង​សមាហរណ​កម្ម​អាស៊ាន​កម្ពុជា​គប្បី​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មួយ​ទៅ​លើ​ស្ថាប័ន​របស់​រដ្ឋ ​កាត់​បន្ថយ​អំពើ​ពុករលួយ និង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាក់លាក់​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ និង​ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​តាម​រយៈ​ការ​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តម្លៃ​ទាប និង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​កសិករ​ និង​សហគ្រាស​ធន់​តូច និង​មធ្យម​ដែល​ងាយ​រង​គ្រោះ​នៅ​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG