ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជារាស្រ្ត​ជួប​ជុំគ្នា​កាន់​ទុក្ខ​នៅ​មុខ​ព្រះរាជវាំង


ទិដ្ឋភាពនៅនៅ​ពី​មុខ​ព្រះ​រាជ​វាំង
ទិដ្ឋភាពនៅនៅ​ពី​មុខ​ព្រះ​រាជ​វាំង

ប្រជា​រាស្ត្រ​ខ្មែរ​ជាច្រើន​រាប់​រយ​នាក់​រូម​មាន​ដូនជី និង​ព្រះ​សង្ឃ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ពី​មុខ​ព្រះ​រាជ​វាំង​ដើម្បី​ដាក់​កម្រង​ផ្កា​កាន់​មរណៈ​ទុក្ខ​របស់​សម្តេច​ឪ។

ភ្នំពេញ៖ មួយ​ថ្ងៃមុន​ព្រះ​សព​របស់​សម្តេច​ឪ​នរោត្តម សីហនុ ដឹក​តាម​យន្ត​ហោះ​មក​កាន់​មាតុ​ប្រទេស​វិញ ប្រជា​រាស្ត្រ​ខ្មែរ​ជាច្រើន​រាប់​រយ​នាក់​រូម​មាន​ដូនជី និង​ព្រះ​សង្ឃ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ពី​មុខ​ព្រះ​រាជ​វាំង​ដើម្បី​ដាក់​កម្រង​ផ្កា​កាន់​មរណៈ​ទុក្ខ​របស់​សម្តេច​ឪ។
ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សម្លៀក​បំពាក់​អាវ​ស​បាន​កាន់​បាច់​ផ្កា​ប្រកប​ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន​ហើយ​មួយ​ចំនួន​ទៀត​បាន​ស្រែក​ទ្រហោ​យំ​នៅ​មុខ​ព្រះ​រាជ​វាំង។
«ខ្ញុំ​ស្រឡាញ់​ស្តេច​ខ្ញុំ​ តែ​ឥឡូវ​បាត់​គាត់​ ។​ខ្ញុំ​ឈ្មោះ​ជន់ ចិន្តា»។
កញ្ញា ជន់ ចិន្តា រស់​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​បណ្តើរ​ស្រែក​ទ្រហោ​យំ​បណ្តើរ​ថា​កញ្ញា​ចង់​ឲ្យ​ព្រះ​មហាវីរៈក្សត្រ​ត្រឡប់​មក​វិញ។ កញ្ញា​បាន​បញ្ជាក់​ថា ការ​បាត់​បង់​សម្តេច​ឪ​មាន​ទំហំ​ធំ​ធេង​ណាស់។
«ខ្ញុំ​ស្រឡាញ់​គាត់។ ខ្ញុំ​ត្រូវ​ការ​ឲ្យ​គាត់​នៅ​គ្រប់​គ្រង​ជាតិ។ ខ្ញុំ​ចង់​ឲ្យ​គាត់​នៅ​គ្រប់​គ្រង​ប្រទេស​ជា​រៀង​រហូត»។​
នៅ​មុខ​ព្រះ​បរម​រាជ​វាំង​មិន​ទាន់​មាន​ការ​ដាក់​តាំង​រូប​ព្រះ​ឆាយាលក្ខណ៍​សម្តេច​ឪ​នៅ​ឡើយ​ទេ។ បុគ្គលិក​អនាម័យ​ចាប់​ផ្តើម​បាញ់​ទឹក​សម្អាត​នៅ​តាម​ផ្លូវ​ថ្នល់​ដើម្បី​ចាំ​ទទួល​ព្រះ​សព​របស់​សម្តេច​ឪ។​
ព្រះ​សព​សម្តេច​ឪ​នរោត្តម សីហនុ គ្រោង​នឹង​ដឹក​តាម​យន្ត​ហោះ​ពិសេស​មកកាន់​មាតុប្រទេស​វិញ​នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក​នេះ​បើ​មិន​មាន​អ្វី​ប្រែប្រួល។
ព្រះ​ករុណា​សម្តេច​ព្រះ​បរម​នាថ​នរោត្តម ​សីហមុនី បាន​យាង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ព្រម​ទាំង​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំនួន​ទៀត​ដើម្បី​ទៅ​ទទួល​ព្រះ​សព​សម្តេច​ឪ​ពី​ទី​ក្រុង​ប៉េ​កាំង។ សម្តេច​ម៉ែ នរោត្តម មុនីនាថ ទំនង​ជា​យាង​មក​ជាមួយ​ព្រះ​សព​សម្តេច​ឪ​នៅ​ថ្ងៃ​ស្អែក​នេះ។
ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ​លាយ​ឡំ​នឹង​ទឹក​ភ្នែក​រលីង​រលោង អ្នក​ស្រី ហេន ធីតា អាយុ​៤៨​ឆ្នាំ​បាន​និយាយ​ថា សម្តេច​ឪ​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់​ចំពោះ​ប្រទេស​ជាតិ​ហើយការ​បាត់​បង់​នេះ​មិន​អាច​រក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​នោះ​ឡើយ។​
«លោក​ធំធេង​លើស​ពី​ជី​វិត​យើង​ទៅ​ទៀត​ពី​ព្រោះ​លោក​ធំ​ធេង​លើ​ប្រជាជន​ទាំងអស់​រាប់​លាន​នាក់។ គាត់​មាន​គុណ​ធំធេង​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ថា​ជិវិត​យើង​តែ​មួយ​ទេ តែ​ជី​វិត​គាត់​រាប់​លាន»។
ព្រះ​តេជគុណ ទ្រី ពិសិដ្ឋ ព្រះជន្ម​៣២​ព្រះវស្សា​គង់​នៅ​វត្ត​សារវន្ត​តេជោ​បាន​មាន​សង្ឃដិកា​បា្រប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ព្រះអង្គ​មាន​ព្រះ​ទ័យ​ក្តុក​ក្តួល​រក​អ្វីមក​ប្រៀប​ផ្ទឹម​គ្មាន​នៅ​ពេល​ដែលឮ​ដំណឹង​នៃ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ។ ព្រះតេជគុណ​មាន​សង្ឃ​ដីកា​ថា សម្តេចឪ​ធ្វើ​អ្វីៗ​សម្រាប់​ប្រទេស​ជាតិ និង​សាសនា​នៅ​ពេល​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម។
«​អ្វីៗ​គឺ​លោក​ធ្វើ​ដើម្បី​ជាតិ និង​សាសនា។ ដល់​បាត់បង់​លោក​ទៅ​អាត្មា​មាន​ការ​សោក​ស្តាយ​ជា​ទី​បំផុត​រក​អ្វី​និយាយ​មិន​កើត​ក្រៅ​ពី​ការ​អាណិត​អាសូរ​ហើយ​ហ្នឹង​ឧទ្ទិសបុណ្យ​កុសល​ជូន​ដល់​លោក»។
ក្រៅ​ពីក្រុម​ប្រជា​ពលរដ្ឋ​ដាក់​កម្រង​ផ្កា​នៅ​ពី​មុខ​ព្រះបរម​រាជ​វាំង លោក​អាចារ្យ និង​ដូន​ជី​ខ្លះ​ទៀត​បាន​អង្គុយ​សូត្រ​ធម៌​នៅ​ក្បែរ​របង​ពី​មុខ​ព្រះបរមរាជវាំង។​
ព្រះសព​សម្តេច​ឪ​នរោ​ត្តម សីហនុ គ្រោង​នឹង​តម្កល់​នៅ​ព្រះវិហារ​ព្រះកែវ​មរកត​ក្នុង​ព្រះ​បរម​រាជ​វាំង​រយៈ​ពេល​បីខែ ដោយ​អនុញ្ញាត​ឲ្យ​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​ មន្ត្រី​រាជ​ការ​និង​បណ្តា​អង្គ​ទូត​នា​នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចូល​រួម​រំលែក​ទុក្ខ មុន​នឹង​ធ្វើ​ព្រះ​រាជ​បូជា​នៅ​វាល​ព្រះមេរុ។​
នៅ​ក្នុង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​បាន​ប្រកាស​កាន់​ទុក្ខ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា​រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​តុលា។
ក្នុង​រយៈ​ពេល​នៃ​ការ​កាន់​ទុក្ខ​នេះ គ្រប់​ស្ថា​ប័ន​រដ្ឋ និង​ឯកជន​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវតែ​បង្ហូត​ទង់​ជាតិ​ឲ្យ​បាន​ត្រឹម​១ភាគ៣។ គ្រប់​ស្ថានទូត និង​កុង​ស៊ុល​ទាំងអស់​ត្រូវ​ត្រៀម​រៀប​ចំ​ទីកន្លែង​ព្រះ​ឆាយាលក្ខណ៍​របស់​សម្តេចឪ និង​សៀវភៅ​សម្រាប់​ចុះ​មរណៈ​ទុក្ខ។
សម្តេច​ឪ​នរោ​ត្តម សី​ហនុ បាន​សោយ​ទិវង្គត​កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹកថ្ងៃ​ចន្ទ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទី​ក្រុង​ប៉េ​កាំង​ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ដោយ​សារ​ជំងឺ​គាំង​បេះដូង៕​
XS
SM
MD
LG