ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​ទទួល​ព្រះសព​សម្តេច​ឪ​នរោត្តម សីហនុ


សម្តេច​ឪ​នរោត្តម​ស៊ី​​ហនុ​ព្រះ​មហា​វីរៈ​ក្សត្រ​នៃ​ប្រទេស​កម្ពុជា​
សម្តេច​ឪ​នរោត្តម​ស៊ី​​ហនុ​ព្រះ​មហា​វីរៈ​ក្សត្រ​នៃ​ប្រទេស​កម្ពុជា​
ភ្នំពេញ៖ សម្តេច​ឪ​នរោត្តម​ស៊ីហនុ​ព្រះ​មហា​វីរៈ​ក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​សោយ​ទី​វង្គត​នៅ​ថ្ងៃ​ចន្ទ​ ទី​១៥ ខែ​តុលា វេលា​ម៉ោង​១និង​២០​នាទី​ព្រឹក​ម៉ោង​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ប្រជាមានិត​ដោយសារ​ជំងឺ​គាំង​ប៉េះ​ដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះ​វស្សា។​
ព្រះ​ករុណា​សម្តេច​ព្រះ​បរម​នាថ​នរោត្តម ស៊ីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ជា​ព្រះរាជបុត្រ​របស់​សម្តេច​ឪ​សម្តេច​ម៉ែ បាន​យាង​ចេញ​ពី​កម្ពុជា​ភា្លមៗ​នៅ​ថ្ងៃ​ចន្ទ​នេះ និង​អម​ដំណើរ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដើម្បី​ទៅ​ទទួល​ព្រះ​សព​សម្តេច​ឪ​ពី​ទី​ក្រុង​ប៉េ​កាំង។​
លោក ខៀវ កញារិទ្ឋ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​និយាយ​ថា ព្រះ​សព​សម្តេច​ឪ​គ្រោង​នឹង​នាំ​តាម​ព្រះ​ទីនាំង​យន្ត​ហោះ​ពិសេស​ពី​ទី​ក្រុង​ប៉េ​កាំង​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ លោក​បាន​និយាយ​ថា យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ទៅ​ទទួល​ព្រះ​សព​សម្តេច​ឪ​ពី​ព្រលាន​យន្ត​ហោះ​មក​កាន់​ព្រះ​បរុម​រាជ​វាំង។
ព្រះ​សព​សម្តេច​ឪ​នរោត្តម​ស៊ីហនុ​គ្រោង​នឹង​តម្កល់​ទុក​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​នៃ​ព្រះ​បរុម​រាជ​វាំង​រយៈពេល​បី​ខែ​ដោយ​បើក​ទូលាយ​ឲ្យ​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​ចូល​គោរព​ព្រះ​សព​មុន​នឹង​យក​ទៅ​បូជា​នៅ​វាល​ព្រះ​មេរុ។
«តិច​ទៀត​បាន​យើង​ធ្វើ​លម្អិត។ តែ​ពេល​មក​ដល់​យើង​រៀប​ចំ​ពី​ធី​បង្សុកូល​ពីរ​កន្លែង​គឺ​នៅ​ពោធិតុង និង​មួយ​កន្លែង​ទៀត​នៅ​ព្រះ​បរុម​រាជ​វាំង»។​
នៅ​កម្ពុជា​ទាំងមូល​ទង់​ជាតិ​ត្រូវ​បាន​បង្ហូត​ចុះ​ចំនួន​១ភាគ៣​រយៈពេល​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២១ដើម្បី​ចូល​រួម​កាន់​ទុក្ខ​នៃ​ការ​សោយ​ទី​វង្គត់​របស់​សម្តេច​ឪ។
លោក​ខៀវ​ កាញារិទ្ឋ បាន​មាន​ប្រសាសន៍​ថា រយៈពេល​មួយ​សប្តាហ៍​នេះ​នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុរាប់​ទាំង​រដ្ឋ និង​ឯក​ជន​នៅ​ទី​ក្រុង​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​ទាំង​អស់មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ចាក់​ភ្លេង​ឬ​ក៏​ចាក់​បញ្ចាំង​ទស្សនីយ​ភាព​ដែល​មាន​លក្ខណៈ​គគ្រឹក​គគ្រេង​នោះ​ទេ​ចំណែក​ឯ​នៅ​តាម​ទីកន្លែង​សប្បាយ​ផ្សេង​ៗ​គឺ​សុំ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ព្រះ​សព​សម្តេច​ឪ។​
«​មែន​ថា​មិន​ឲ្យ​លេង​ទេ​គឺ​អា​ក្រឆេង​ឆូង​ឆាង​អី​ឬ​ក៏​សម្តែង​សិល្បៈ​រញ៉េ​រញ៉ៃ​អី​គឺ​យើង​បន្ថយ​ក្នុង​មួយ​អាទិត្យ​ហ្នឹង»។
​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ ព្រះ​រាជ​លេខា​ផ្ទាល់​របស់សម្តេច​ឪ​បាន​មាន​បន្ទូល​ថា ព្រះ​សុខ​ភាព​សម្តេច​ឪ​មាន​បញ្ហា​ព្រះ​រោគ​បេះ​ដូង​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ហេតុដូច​ច្នេះ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ព្រះ​អង្គ​មិន​អាច​យាង្គ​និវត្តន៍​តាម​ទី​នាំង​យន្តហោះ​មក​កាន់​មាតុ​ប្រទេស​បាន​ទេ​ដោយសារ​ព្រះ​រាជ​សុខ​ភា​ព​ខ្សោយ​របស់​ព្រះ​អង្គ។ ព្រះអង្គ​ម្ចាស់​ធម្មិកោ បាន​មាន​បន្ទូល​ថា មរត​សាស្ត្រ​របស់​សម្តេចឪ​មុនសោយ​ទី​វង្គត​គឺ​ចង់​ឲ្យ​សង្គម​ខ្មែរ​ទទួល​បាន​យុត្តិធម៌។​
«ពាក្យ​បណ្តាំ​របស់​លោក​ លោក​សរសេរ​តាំង​ពី​លោក​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ​ថា លោក​ស្នើ​ឲ្យ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្រប​ទៅ​តាម​យុត្តិធម៌​ សីល​ធម៌​ សុជីវធម៌​ ផ្តល់​យុត្តិ​ធម៌​ទៅ​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ជា​ពិសេស​ប្រជា​រាស្រ្ត​ក្រី​ក្រ»។
សម្តេច​ឪ​នរោ​ត្តម​ស៊ីហនុ​គឺ​ជា​ព្រះ​មហា​វរៈ​ក្សត្រ​ដ៏​ឆ្នើម​មួយ​អង្គដែល​បាន​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​ឲ្យប្រគល់​ទឹក​ដី​មក​ឲ្យ​កម្ពុជា​វិញ​កាលពីឆ្នាំ​១៩៥៣។ ព្រះ​អង្គ​ក៏​ធ្លាប់​មាន​ព្រះ​រាជ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ឲ្យ​មាន​កិច្ចព្រម​ព្រៀងសន្តិភាព​ក្រុង​បារីស​កាល​ពី​ថ្ងៃ​ទី​២៣​តុលាឆ្នាំ​១៩៩១។ សម្តេចឪ​បាន​ជំរុញ​ទាមទារ​យ៉ាង​សកម្ម​ឲ្យ​មាន​ការ​ដក​កង​ទ័ព​វៀតណាម​ចេញ​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់​កាល​ពី​ឆ្នាំ​១៩៨៩៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG