ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ខ្ពស់​ជា​ឧបសគ្គ​ឈាន​មុខ​ដល់​ការជំរុញ​ការ​នាំ​ចេញ​អង្ករ​ចេញ


ដោយ​៖ ឃួន ធារ៉ា
ភ្នំពេញ៖ ថ្វី​បើ​ក្រុម​មន្ដ្រី​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​កសិកម្ម​មាន​សុទិដ្ឋិ​និយម​ចំពោះ​លទ្ធភាព​ នៃ​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥ ​ក៏​ប៉ុន្តែ​ក្រុម​មន្ដ្រី​ទាំងនោះ​បាន​ប្រមើល​មើល​ឃើញ​ថា ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​អាច​ជា​ឧបសគ្គ​ដល់​ការ​សម្រេច​គោល​ដៅ​នេះ។

លោក​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​និង​នេសាទ ​និង​ ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​មានប្រសាសន៍​ថា ​កត្តា​ទីផ្សារ​និង​គុណភាព​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

«សំខាន់​ទៅ​លើ​ទីផ្សារ​ ធ្វើ​ម៉េច​ឱ្យ​យើង​នាំ​ចេញ​បាន​ច្រើន ​សំខាន់​មួយ​ទៀត ​អង្ករ​ដែល​មាន​ហើយ​ធ្វើ​ម៉េច​ឱ្យ​វា​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​តាំង​ពី​គុណភាព ​អនាម័យ ​និង​ភូតគាម​អនាម័យ​ជា​ដើម»។

យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ឯកសារ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ (ឆ្នាំ​២០១០-២០១១) របស់​រាជរដ្ឋាភិបាល​កម្ពុជា ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មាន​ម៉ាស៊ីន ​កិន​ស្រូវ​ប្រហែល​ជា​២០.០០០​កន្លែង ​ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​រោង​ម៉ាស៊ីន​ចំនួន​២០​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផលិត​អង្ករ​នាំ​ចេញ។ របាយការណ៍​ដដែល ​បញ្ជាក់​ថា ​រោង​ម៉ាស៊ីន​ទាំង​២០​នោះ​មិន​ទាន់​អាច​ផលិត​អង្ករ​គ្រប់​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឡើយ​ទេ។

តម្លៃ​អង្ករ​កម្ពុជា​ក៏​ជា​ការ​ប្រឈម​មួយ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។ ស្រូវ​កម្ពុជា​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​មាន​តម្លៃ​ទាប​ជាង​ប្រទេស​ជិត​ខាង​គឺ​ប្រទេស​ថៃ​និង​វៀតណាម ​ប្រហែល​៩០​ដុល្លារ​ក្នុង​មួយ​តោន។​ ប៉ុន្តែ​ក្រោយ​កែច្នៃ​ជា​អង្ករ​រួច​និង​ពេល​ដឹក​ជញ្ជូនដល់​កំពង់ផែ ​អង្ករ​កម្ពុជា​បែរ​ជា​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ថៃ​ប្រមាណ​៧០​ដុល្លារ​និង​ថ្លៃ​ជាង​អង្ករ​វៀតណាម​ប្រមាណ​១០៥​ដុល្លារ​ក្នុង​មួយ​តោន​ទៅ​វិញ។ នេះ​បើ​តាម​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ឯកសារ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​បាន​ធំ​ជាង​គេ​បង្អស់។ កាល​ពី​ឆ្នាំ​២០១១ ប្រទេសនេះ​បាន​នាំ​ចេញ​អង្ករ​ចំនួន​១០,៥​លាន​តោន ​ហើយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម​ដែល​នាំ​ចេញ​បាន​ចំនួន​៧,២​លាន​តោន។

លោក​បណ្ឌិត យ៉ង សាំងកុមារ ​នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC)​មាន​ប្រសាសន៍​ថា​តម្លៃ​អង្ករ​ខ្ពស់​របស់​កម្ពុជា​គឺ​ជា​ការ​រារាំង​ជា​ចម្បង​សម្រាប់​ការ​នាំ​ចេញ។

«អង្ករ​របស់​យើង​នៅ​ថ្លៃ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង ដោយសារ​ហេតុ​ថា​យើង​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ទិញ​ស្រូវ​ស្តុក​ទុក បញ្ហា​ខ្វះ​ទុន ថ្លៃ​កិន និង​ដឹក​ជញ្ជូន​មាន​តម្លៃ​ខ្ពស់»។
លោក ចាន់ សុផល ​ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា ​បាន​លើក​ឡើង​ថា ​តម្លៃ​អង្ករ​ខ្ពស់​របស់កម្ពុជា​ នឹង​បង្ក​ផលវិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ។
«បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ការ​នាំ​ចេញ​គឺ​តម្លៃ​នៃ​ការ​កិន​ស្រូវ​ឱ្យ​ទៅ​ជា​អង្ករ​ ព្រោះ​យើង​នៅ​មាន​ថ្លៃ​ខ្ពស់​ដោយ​សារ​តែ​ថ្លៃ​ប្រេង​ឥន្ធនៈ​និង​អគ្គីសនី​ខ្ពស់ ​ដូច្នេះ​ពេល​ខាង​មាស៊ីន​ស្រូវ ​លោក​ត្រូវ​ការ​សម្ងួត​ស្រូវ ​ការ​កិន​ប៉ូលា​អង្ករ វេច​ខ្ចប់​ដើម្បី​នាំ​ចេញ​គឺ​ត្រូវ​ចំណាយ​ខ្ពស់ ចំណាយ​ខ្ពស់​ អញ្ចឹង​ពេល​យើង​យក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​គឺ​យើង​ចាញ់​ប្រៀប​ប្រទេស​ផ្សេង​ទៀត​ជា​ពិសេស​ប្រទេស​វៀតណាម​និង​ថៃ»។

បើ​តាម​ការ​អង្កេត​របស់​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ជកិច្ច​កម្ពុជា ​និង​ជា​ស្ថាបនិក​បង្គោល​នៃ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ ​តម្លៃ​អង្ករ​ខ្មែរ​បែរ​ជា​ថ្លៃ​ជាង​គេ​គឺ​ដោយសារ ​ការ​ច្នៃ​វត្ថុធាតុ​ដើម​ស្រូវ​ឱ្យ​ទៅ​ជា​អង្ករ​និង​ការ​ដឹក​ជញ្ជូន​ទៅ​ដល់​កំពង់ផែ​មាន​តម្លៃ​ខ្ពស់។

«​បញ្ហា​កែ​ឆ្នៃ គឺ​ទី​មួយ​រឿង​ភ្លើង យើង​ថ្លៃ​ជាង​វៀតណាម​និង​ថៃ ទី​ពីរ​រឿង​ឥណទាន ​សម្រាប់​ម៉ាស៊ីន​កិន​ស្រូវ ​បញ្ហា​ចម្បង​គឺ​ការ​ប្រាក់​ថ្លៃ ​ហើយ​ធនាគារ​តម្រូវ​មាន​របស់​បញ្ចាំ​ដូចជា​ផ្ទះ​ក្តី​ដី​ក្តី​ប៉ុន្តែ​អចលនវត្ថុ​ជា​វត្ថុ​មាន​កម្រិត​ ដូច្នេះ​ធនាគារ​ចង់​ឱ្យ​ខ្ចី​ប៉ុន្តែ​ឱ្យ​ខ្ចី​អត់​បាន​ដោយ​សារ​អត់​របស់​បញ្ចាំ​ ទី​បី​បញ្ហា​ដឹក​ជញ្ជូន​ធ្វើ​ម៉េច​ឱ្យ​តម្លៃ​ថោក»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ ២០០,០០០ តោន​ទៅ​កាន់​ប្រទេសចំនួន៤៨ ក្នុង​ពិភពលោក។ ៨០​ភាគរយ​នៃ​អង្ករ​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ​រី​ឯ​២០​ភាគរយ​ទៀត​ទៅ​កាន់​ទ្វីប​អាស៊ី ​អាមេរិក​ អូស្រ្តាលី​និង​អាហ្វ្រិក​។
កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះពន្ធ​ទាំងស្រុង​ពី​សហភាព​អឺរ៉ុប​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសក្រីក្រ​បំផុត​ក្នុង​ពិភពលោក​(LDC)​។ ប៉ុន្តែ​ លោក ចាន់ សុផល ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ទី​ផ្សារ​ទាំងនេះ​ក្នុង​ពេល​អនាគត​ ដោយ​ហេតុ​ថា​កម្ពុជា​អាច​រំកិល​ខ្លួន​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​នេះ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។

នៅ​ពេល​ដែល​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ឈរជើង​ជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​លក់​ស្រូវ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក​បណ្ឌិត ហ៊ាន វណ្ណហន ​បន្ថែម​ថា​ លំហូរ​នៃ​ការ​លក់​ស្រូវ​របស់​ប្រជាកសិករ​ខ្មែរ​ទៅ​កាន់​ប្រទេស​ជិតខាង​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​ដល់​ការ​ស្តុក​ទុក​ស្រូវ​របស់​កម្ពុជា​ដើម្បី​បង្កើន​បរិមាណ​អង្ករ។

លោក​បណ្ឌិត យ៉ង សាំងកុមារ ​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​មាន​ការ​លេច​ធ្លាយ​នៃ​ការ​នាំ​ស្រូវ​ក្រៅ​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ជិត​ខាងព្រោះ​ពួកគេ​ហ៊ាន​ទិញ​ផល​ស្រូវ​ពី​កសិករ​ខ្មែរ​ក្នុង​តម្លៃ​មួយ​ខ្ពស់។

លោក​បណ្ឌិត ​ម៉ី កល្យាណ ​យល់​ឃើញ​ថា​ការ​លក់​ស្រូវ​ទៅ​ឱ្យ​បរទេស​នេះ ​គឺ​ជា​ការ​ខាតបង់​មួយ។

«​ប៉ុន្តែ​ការ​នាំ​ស្រូវ​ជា​វត្ថុ​ធាតុ​ដើម​ទៅ​បរទេស​ទាំង​អស់​យើង​បាត់​តម្លៃ​បន្ថែម ​ព្រោះ​ទី​មួយ​ស្រូវ​ថោក​អង្ករ​ថ្លៃ ​ទី​ពីរ​កាល​ណា​យើង​លក់​ស្រូវ​ឱ្យ​គេ​ទាំង​អស់ ​កន្ទក់​ក៏​អត់​សល់​អង្កាម​ក៏​អត់​សល់​កាចុង​ក៏​អត់​សល់​ នេះ​ធ្វើ​ឱ្យ​យើង​ចិញ្ចឹម​សត្វ​ក៏​អត់​បាន ចិញ្ចឹម​ត្រី​ក៏​អត់​បាន ដោយ​សារ​តែ​ចំណី​ត្រី​ចំណី​សត្វ​ហ្នឹង​វា​ឡើង​ថ្លៃ»។

ដើម្បី​ទប់ស្កាត់​លំហូរ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដែល​ជា​គូ​ប្រជែង​ផ្នែក​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ក្រុម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​ផ្តល់​យោបល់​ថា​រោងម៉ាស៊ីន​កិនស្រូវ​ដែល​មាន​សក្តានុពល​ត្រូវតែ​បង្កើន​ការ​ទិញ​ស្រូវ​ស្តុក​ទុក​ ក៏​ប៉ុន្តែ​មូលធន​គឺ​បញ្ហា​ចម្បង​ដែល​រោងម៉ាស៊ីន​ទាំង​នោះ​ត្រូវ​រត់​ទៅ​រក​ធនាគារ​មួយ​ចំនួន ​ហើយ​កត្តា​ការ​ប្រាក់​ខ្ពស់​នឹង​ក្លាយ​ជា​ឧបសគ្គ​ដល់​រោងម៉ាស៊ីន​ទាំងនោះ។
យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ឯកសារ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទបាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ការ​វិនិយោគ​កសិកម្មនិង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ជាង​២៨​លាន​ដុល្លារ​គិតមកត្រឹម​ខែ​ឧសភា​ឆ្នាំ​២០១១។
កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​ចំនួន​១​សែន​តោន​ក្នុង​មួយ​ឆ្នាំ ​និង​ប្រទេស​ចិន​ចំនួន​៣​សែន​តោន​ក្នុង​មួយ​ឆ្នាំ ​ដែល​ជា​ការ​អនុគ្រោះ​ដល់​ការ​សម្រេច​គោល​ដៅ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា។ ប៉ុន្តែលោក ចាន់ សុផល មាន​ប្រសាសន៍​ថា ​ចំនួននេះ​នៅ​មិន​ទាន់​អាច​ធានា​បាន​នៅ​ឡើយ​ត្បិត​អនុស្សារណៈ​គឺ​មិនមែន​ជា​កិច្ចសន្យា​ទេ ​ស្ថានការណ៍​អាច​នឹង​មាន​ការ​ប្រែប្រួល។
លោក បណ្ឌិត ហ៊ាន វណ្ណហន បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​និង​បញ្ហា​ប្រឈម​ដទៃ​ទៀត ​រាជរដ្ឋាភិបាល​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​ទាំង​ឡាយ ​បាន​ធ្វើ​កំណែ​ទម្រង់​សង្វាក់​ផលិតកម្ម​ជា​ប្រព័ន្ធ ​ដែល​រួម​មាន​ការ​ជំរុញ​ផលិតកម្ម​ស្រូវ ​ការប្រមូល​ទិញ​និង​កែ​ឆ្នៃ​ស្រូវ ​ការ​សម្រួល​បែបបទ​នាំ​ចេញ ​និង​ការ​ស្វែងរក​ទី​ផ្សារ ​រួមទាំង​ការ​ណែ​នាំ​ពូជ​ស្រូវ​ដែល​មាន​ទិន្នផល​ខ្ពស់​ដល់​កសិករ ​ផង​ដែរ៕
XS
SM
MD
LG