ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​នាំ​ចេញ​អង្ករ១​លាន​តោន​ក្នុង​១ឆ្នាំ​ត្រឹម​ឆ្នាំ​២០១៥


បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)
បុរស​ខ្មែរ​ម្នាក់​កាន់ស្រូវនៅ​វាលស្រែមួយ​នៅភូមិ​បែកពាង​ក្នុង​ប្រទេស​កម្ពុជា។ (ឯកសារ)
ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ ក្រុម​មន្ដ្រី​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០១៥។ ក៏​ប៉ុន្តែ​មន្ដ្រី​ទាំងនោះ​បាន​ព្រមាន​ថា កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ខ្សែ​សង្វាក់​ផលិតកម្ម និង​ពាណិជ្ជកម្ម​ជា​ច្រើន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​គោលដៅ​នេះ។
កាល​ពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​២​សែន​តោន​ទៅ​កាន់​ប្រទេសចំនួន៤៨ ក្នុង​ពិភពលោក។ អង្ករ​ចំនួន​៨០​ភាគរយត្រូវ​បាន​នាំចេញ​ទៅ​កាន់​ទ្វីប​អឺរ៉ុប បន្ទាប់​មក​គឺ​ទ្វីប​អាស៊ី អាមេរិក​ អូស្រ្តាលី និង​អាហ្វ្រិក។
លោក​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឱ្យ​ដឹង​ថា រយៈពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១២​នេះ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ចំនួន​៧៨.០០០​តោន គឺ​កើន​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន​៤.០០០​តោន​ក្នុង​រយៈពេល​ដូចគ្នា​នេះ។

កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
ទោះជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​ហាក់​ដូចជា​នៅ​ឆ្ងាយ​ពី​គោលដៅ​ដែល​ខ្លួន​បាន​កំណត់​ទុក​នោះ។

ប៉ុន្តែ​លោក​បណ្ឌិត ហ៊ាន វណ្ណហន ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​សម្រេច​ផែនការ​របស់​ខ្លួន​ក្នុងការ​នាំ​ចេញ​អង្ករ​នេះ។
«យើង​សង្ឃឹម​ថា វា​អត់​មាន​បញ្ហា​ណា​មួយ​ដែល​លំបាក​ទេ យើង​នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​តាម​ផែនការ​ដែល​បាន​កំណត់។»
របាយការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្តគោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ (ឆ្នាំ​២០១០-២០១១) បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ចំនួន​២៥​ភាគរយ​នៃ​ផែនការ​១​លាន​តោន។ ក៏​ប៉ុន្តែ​របាយការណ៍​ដដែល​សន្និដ្ឋាន​ថា ប្រសិន​បើ​សន្ទុះ​នៃ​ការ​នាំ​អង្ករ​ចេញ​ដូចគ្នា​ទៅ​នឹង​ការ​នាំ​ចេញ​រយៈពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១២​នេះ កម្ពុជា​នឹង​មិន​ទាន់​អាច​សម្រេច​ផែនការ​២៥​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​ទេ។
ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​បាន​ធំ​ជាង​គេ​បង្អស់។ កាល​ពី​ឆ្នាំ​២០១១ ប្រទេស​នេះ​បាន​នាំ​ចេញ​អង្ករ​ចំនួន​១០,៥​លាន​តោន ​ហើយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម​ដែល​នាំ​ចេញ​បាន​ចំនួន​៧,២​លាន​តោន។
ចំណែក​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ស្ថាបនិក​បង្គោល​នៃ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ​មាន​ប្រសាសន៍​ថា ការ​សម្រេច​ទិសដៅ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​អាស្រ័យ​លើ​ការ​ប្រឹងប្រែង​ផ្ទៃ​ក្នុង​និង​កត្តា​បរិបទ​អន្តរជាតិ។
«​ខ្ញុំ​មាន​សុទ្ធិដ្ឋិនិយម ប៉ុន្តែ​ទី​១​ដរាប​ណា​យើង​ខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា ទី​ពីរ​ការងារ​ហ្នឹង​មិនមែន​ជា​ការងារ​ពឹង​លើ​ប្រទេស​យើង​មួយ​ទេ វា​អាស្រ័យ​លើ​ស្ថានការណ៍​មួយ​ចំនួន​ជុំ​វិញ​ប្រទេស​យើង ប៉ុន្តែ​ឧបមា​ថា​ប្រទេស​ថៃ​នឹង​បញ្ចេញ​ស្រូវ​អង្ករ​ពី​ឃ្លាំង​របស់​គាត់ ដល់​អញ្ចឹង​តម្លៃ​នឹង​ធ្លាក់​ចុះ​ខ្លាំង ដូច្នេះ​តម្លៃ​អន្តរជាតិ​ថោក តម្លៃ​យើង​ខ្ពស់ យើង​នាំ​ចេញ​មិន​បាន​ទេ»។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា
ជា​មួយ​គ្នា​នេះ លោក​បណ្ឌិត យ៉ង សាំងកុមារ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក់ (CEDAC) មាន​ទស្សនៈ​ស្រប​គ្នា​នេះ​ដែរ។
កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៨០​ភាគរយ​ជា​កសិករ។ ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​មាន​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ស្រូវ​សរុប​ចំនួន​ជិត​៣​លាន​ហិកតា។
តាម​ស្ថិតិ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ផលិកម្ម​ស្រូវ​កម្ពុជា​មាន​ការ​កើន​ឡើងពី​៨,២​លាន​តោន​ក្នុង​ឆ្នាំ​២០១០​ដល់​៨,៨​លាន​តោន​ក្នុង​ឆ្នាំ​២០១១។ ហើយ​កម្ពុជា​អាច​សល់​អង្ករ​ប្រមាណ​ជា​ពីរ​លាន​តោន​ក្នុង​មួយ​ឆ្នាំ។
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​បណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ដើម្បី​ឈាន​ដល់​គោលដៅ​នាំ​អង្ករ​ឱ្យ​បាន​១​លាន​តោន​នៅ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​ទៀត​នេះ កម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ​អាមេរិក។
លោក​ឧកញ៉ា លឹម ប៊ុនហេង អគ្គនាយក​ក្រុមហ៊ុន​ឡូរ៉ង់ ដែល​ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ​និង​ជា​ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​បាន​ឱ្យ​ដឹង​ថា បើ​គិត​តាម​បរិមាណ​អង្ករ​សល់ កម្ពុជា​មាន​លទ្ធភាព​នាំ​អង្ករ​ចេញ​គ្រប់១​លាន​តោន​នៅ​ឆ្នាំ​ក្រោយ​នេះ​ ក៏​ប៉ុន្តែ​វា​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​វិនិយោគ​បន្ថែម​ដើម្បី​ពង្រឹង​វិស័យ​នេះ។
«​ខ្ញុំ​យល់​ថា​គោល​នយោបាយ​ដែល​សម្តេច​បាន​ដាក់​មក​នេះ អាច​សម្រេច​បាន​មិន​ចោទ​ទេ​ ប៉ុន្តែ​មាន​បញ្ហា​មួយ​មុខ ប្រសិន​បើ​រាជរដ្ឋាភិបាល​យើង​ឬ​ធនាគារ​ទាំង​អស់​លោក​ផ្តោត​ទស្សនវិស័យ​លើ​ការ​នាំ​ចេញ​ខ្លាំង ហើយ​ផ្តល់​ឥនទាន​ធ្វើ​ម៉េច​យើង​ទិញ​ស្រូវ​ពី​សហគមន៍ ប្រជាជន​កសិករ​ហ្នឹង យើង​បាន​ប្រមូល​ស្រូវ​ចូល​ក្នុង​ឃ្លាំង​អស់​ដូច្នេះ​ការ​នាំ​ចេញ​យើង ដូច្នេះ​១​លាន​តោន​គឺ​មិន​ចោទ​ទេ ប៉ុន្តែ​លុះត្រា​តែ​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ទិញ បើ​មិន​គ្រប់​វា​ត្រូវ​ហូរ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​ព្រោះ​គេ​មាន​ទុន​ទិញ។»
លោក ភីតធឺ ប្រ៊ីមបល (Peter Brimble) នាយក​រង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា ក៏​បាន​រំពឹង​ដែរ​ថា កម្ពុជា​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​អង្ករ​ចេញ​តាម​ផែនការ​គ្រោង​ទុក​របស់​ខ្លួន​ ក៏​ប៉ុន្តែ​ជោគជ័យ​នៃ​«​មហិច្ឆិតា​នេះ​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ប្រុងប្រយត្ន័​រវាង​រដ្ឋាភិបាល​និង​គម្រោង​ដៃ​គូ​អភិវឌ្ឍន៍​នានា។
លោក ភីតធឺ ប្រ៊ីមបល បញ្ជាក់​ថា ធនគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ពាណិជ្ជ​ភាវូបនីយកម្ម​លើ​ផលិតកម្ម​ស្រូវ ពង្រឹង​ខ្សែ​សង្វាក់​តម្លៃ​អង្ករ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ទទួល​បាន​នូវ​ឥណទាន​ដោយ​អ្នក​ផលិត​ស្រូវ​និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​រួម​ទាំង​អ្នក​នាំ​ចេញ​ផង​ដែរ៕
XS
SM
MD
LG