ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​តុលាការ​ចង់​ឲ្យ​សកម្មជន​មាតា​ធម្មជាតិ​មក​អនុវត្ត​ទោស​នៅ​កម្ពុជា


File: សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

File: សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

ក្រុម​សកម្មជន​ទាំង​បី​ដែល​រួម​មាន​ លោក​ សាន់​ ម៉ាឡា​ លោក​ ទ្រី​ ​សុវិគា​ ​និង​ ​លោក​ ស៊ីម​ ​សំណាង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​កោះកុង។​ លោក​ សាន់​ ម៉ាឡា​ ប្រាប់​ VOA ​តាម​ការ​សន្ទនា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ពុធ​​នេះ​ថា​ លោក​ និង​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​ នឹង​មិន​វិល​ត្រឡប់​ចូល​មក​​មាតុប្រទេស​វិញ​នោះ​ឡើយ។​លោក​ថា ​ក្រុម​លោក​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​សាលា​ឧទ្ធរណ៍​​ប្រកាស​សាលដីកា​លើ​បណ្តឹង​របស់​​ពួកគេ​នោ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​ជំទាស់​របស់​សកម្មជន​ការពារ​បរិស្ថាន​បី​រូប​របស់​ចលនា​មាតា​ធម្មជាតិ​ ដែល​បាន​ប្តឹង​ប្រឆាំង​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​កោះកុង។​ ព្រះរាជអាជ្ញា​ក្នុង​សវនាការ​នោះ​ បាន​ស្នើ​តុលាការ​ឲ្យ​បង្គាប់សកម្មជន​ទាំងបី​នោះ​ ឲ្យ​អនុវត្ត​ទោស​ដែល​នៅ​សេសសល់។​ សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​បី​នាក់​ ហៅ​ការ​ស្នើ​របស់​ព្រះ​រាជអាជ្ញា​នេះ​ ថា​ជា«ការ​សង​សឹក»។​

ក្រុម​សកម្មជន​បរិស្ថាន​ទាំង​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ នឹង​មិន​ត្រឡប់​មក​កាន់​ប្រទេសកម្ពុជា​វិញ​នោះ​ទេ​ ក្រោយ​ពីសាលា​ឧទ្ធរណ៍​ បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​អង្គារ​ លើ​បណ្តឹង​ជំទាស់​របស់​ពួក​គេ​ ទៅ​លើ​ការផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​កោះកុង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សកម្មជន​មួយ​រូប​ក្នុងចំណោម​សកម្មជន​ទាំង​បី​ និង​សាច់ញាតិរបស់​សកម្ម​ទាំង​បី​រូប​នេះ។​

ក្រុម​សកម្មជន​ទាំង​បី​ដែល​រួម​មាន​ លោក​ សាន់​ ម៉ាឡា​ លោក​ ទ្រី​ ​សុវិគា​ ​និង​ ​លោក​ ស៊ីម​ ​សំណាង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​កោះកុង។​

លោក​ សាន់​ ម៉ាឡា​ ប្រាប់​ VOA ​តាម​ការ​សន្ទនា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ពុធនេះ​ថា​ លោក​ និង​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​ នឹង​មិន​វិល​ត្រឡប់​ចូល​មកមាតុប្រទេស​វិញ​នោះ​ឡើយ។​លោក​ថា ​ក្រុម​លោក​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​សាលា​ឧទ្ធរណ៍ប្រកាស​សាលដីកា​លើ​បណ្តឹង​របស់ពួកគេ​នោ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

«ប្រសិន​បើ​សាលដីកា​ ថ្ងៃ​ទី​១៥​ មិន​មាន​ឬ​ក៏​មាន​ការ​គំរាមកំហែង​សារ​ជា​ថ្មី​មក​លើ​ពួក​យើង​ទាំង​បី​នាក់​ហ្នឹង​គឺ​ យើង​នឹង​ត្រឡប់​ទៅ​វិញ។ បើ​សាលដីកា​ហ្នឹង​នឹង​សម្រេច​ថា​ ឲ្យ​យើង​ទៅ​អនុវត្ត​ទោស​ ម្តង​ទៀត​ ​ប្រហែល​ជា​យើង​មិន​ទាន់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ»។

ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​សាលា​ឧទ្ធរណ៍​ លោកព្រះរាជអាជ្ញា​ ជា​ ម៉េត​ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ សកម្មជន​ទាំង​បី​គួរ​តែ​មក​អនុវត្ត​ទោស​ដែល​នៅ​សេស​សល់​ ដោយសារ​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ ​ក្នុង​ចោទ​ប្រកាន់​ជន​ទាំង​បី​ ហើយ​ភស្តុតាង​នោះ​ គឺ​ត្រូវ​គ្នានឹងចម្លើយរបស់​ជន​រងគ្រោះ​ ​និង​សាក្សី​នានា។

ព្រះរាជអាជ្ញា​រូប​នេះ​ ក៏​បាន​ស្នើ​ចៅក្រម​ឲ្យ​ពិចារណា​លើ​សំណើ​របស់​ព្រះរាជអាជ្ញា​រង​របស់​តុលាការខេត្ត​កោះកុង​ ដែល​ទាមទារ​ឲ្យ​សកម្មជន​ទាំង​បី​មក​អនុវត្ត​ទោស​ដែល​ត្រូវ​បាន​ព្យួរ​ដោយ​តុលាការ​ខេត្តកោះកុង។​

​លោក​ សាន់​ ម៉ាឡា​ ប្រាប់​ VOA ​បន្ថែម​ថា​ ការ​ថ្លែង​របស់ព្រះ​រាជអាជ្ញា​ ទំនង​ជា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច​ដែល​មាន​អាជីវកម្ម​បូម​ខ្សាច់។​

«ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ តុលាការ​ត្រូវ​បាន​គេប្រើ​មក​រាប់​សិបឆ្នាំ​ហើយ​ ដើម្បី​ជា​ឧបករណ៍​ ក្នុង​ការ​គំរាមកំហែង​ដល់​សកម្មជន។​ ដូច្នេះ​ ខ្ញុំ​មើល​ឃើញថា​ ប្រាកដ​ជា​អ្នក​ដែល​មាន​អំណាច​ នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ។​ អ្នក​ដែល​មាន​អំណាច​រកស៊ី​រត់​ពន្ធ​ខ្សាច់​ហ្នឹង​ ដោយសារ​តែ​ខឹង​ជាមួយ​នឹង​សកម្មជន​មាតា​ធម្មជាតិ​ ដែល​រំខាន​ការ​រកស៊ី​របស់​គេ​ ធ្វើ​ឲ្យ​គេ​ខាត​ចំណូល​អស់​រាប់​ម៉ឺន​ដុល្លារ​ហ្នឹង​ គេ​ក៏​ព្យាយាម​សងសឹក​តាម​ប្រព័ន្ធ​តុលាការ»។

កាល​ពី​ថ្ងៃ​អាទិត្យ​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​មាន​ទំនាស់​ដី​ធ្លី​សរុប​៤៨​ អំពាវនាវ​ឱ្យ​សាលាឧទ្ធរណ៍​បដិសេធ​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ​ដែល​បាន​ផ្ដន្ទា​ទោស​សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​និង​ពិន័យ​ជា​ប្រាក់​ជាង​១០០​លាន​រៀល។​

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សមាគម ​និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​សរុប​ចំនួន​៤៨​ស្ថាប័ន​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​របស់​តុលាការខេត្ត​កោះកុង​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​អ្នក​ទាំង​បី​រូប​នោះ​ទេ។​ លើស​ពី​នេះ ​សង្គម​ស៊ីវិល​ក៏​បាន​ចាត់​ទុក​បទ​ចោទ​លើ​អ្នក​ទាំង​៣​ថា​ មាន​ចរឹត​លក្ខណៈ​នយោបាយ។

លោក​ សំ​ ចំរើន​ មេធាវី​ការពារ​សកម្មជន​ទាំង​បី​ បានប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​មិនអធិប្បាយ​ទៅ​លើ​សវនាការ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​នៅក្រោយ​ការ​ប្រកាស​សាលដីកា​របស់​សាលា​ឧទ្ធរណ៍។​

​អ្នក​ស្រី​ ថា​ សុភាព​ ភរិយា​របស់​លោក​ ស៊ីម​ សំណាង​ មាន​ប្រសាសន៍​ ថា​ ស្វាមី​អ្នក​ស្រី​ និង​ សកម្មជន​ពីរ​រូប​ផ្សេង​ទៀត​ គួរ​បន្ត​ស្នាក់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ​ខណៈ​ពេល​ដែល​សាលា​ឧទ្ធរណ៍​មិន​ទាន់​ធ្វើ​ការ​សម្រេច​សេចក្តីលើ​បណ្តឹង​ជំទាស់​របស់​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ជា​ស្ថាពរ។​

«សម្រាប់​ខ្ញុំ​គិត​ថា​ គាត់​គួរ​តែ​នៅ​សិន​ ដោយ​សារ​តែ​ បើ​សិន​បើ​យើង​មក​ យើង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ​ដោយ​សារ​តែ​ពួក​គាត់​បាន​ធ្វើ​រឿង​ដែល​សកម្ម​នៅ​លើ​ការ​បូម​ខ្សាច់​អញ្ចឹង​ណ៎ាបង»។

​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ពី​បទ​ «គំរាមកំហែង​និង​ធ្វើ​ឲ្យ​ខូចខាត»។​ ប៉ុន្តែ​ដោយ​សារ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ តុលាការ​បាន​សម្រេច​ព្យួរ​ទោសដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ។​

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ខេត្ត​កោះកុង​ប្រាប់​ VOA​ កាល​ពី​សប្តាហ៍​មុន​ថា​ សកម្មជន​ទាំង​បី​រូប​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ ការ​ចាកចេញ​កើត​ឡើង​បន្ទាប់​ពី​លោក​ សាន់​ ម៉ាឡា​ សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង​បី​រូប​ធ្វើ​ការ​កាន់​តែ​សកម្ម​ដើម្បី​ទប់​ស្កាត់​ ​សកម្មភាព​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។

លោក​ថា​ ពួកគេ​ក៏​ចូលរួម​ចំណែក​ការ​ការពារ​ព្រៃ​កោងកាង​ផង​ដែរ។​ ហើយ​ការ​អធិប្បាយ​នានា​របស់​ពួកគេលើការ​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបូរី​ដែល​ត្រូវ​បានគេ​រាយការណ៍​ថា​ បាន​បាត់​បង់​ចំណូលប្រមាណ​៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​ចាកចេញ​ពី​ប្រទេស៕​

XS
SM
MD
LG