\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ាន​នៅតែ​ខ្វះ​ស្មារតី​សហគមន៍​តែ​មួយ


រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

បើ​តាម​​លោក ​Pongsudhirak ​កង្វះ​អំណាច​អភិ​ប្រជាជាតិ​នេះ​ហើយ ​ដែល​នាំ​ឱ្យ​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​(AEC) ​​មាន​សភាព​យឺត​យ៉ាវ​ ឬ ​«សឹង​តែ​គ្មាន​អ្វី​ប្រែ​ប្រួល»។

នៅចំពេល​ដែល​មាន​ការ​រង្គោះ​រង្គើ​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ឯក​ភាព​ក្នុងចំណោមសមាជិកទាំង១០នៃសមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍​ ហៅ​កាត់​ថា«អាស៊ាន»​ ដំណើរការសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់​ប្លុកប្រទេសទាំង​១០​នេះ ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បោះ​ជំហាន​មិន​សូវ​ជា​ស្វាហាប់​ផង​ដែរ។

ការណ៍​នេះ​នាំឱ្យ​អ្នក​ជំនាញ​ផ្នែក​កិច្ច​ការ​តំបន់​ស្នើ​ជា​យោ​បល់​ថា ​អាស៊ាន​គួរ​តែ​ពិនិត្យ​ពិច័យ​ឡើង​វិញ ​ទៅលើគោល​ការណ៍ ​ពី​ខាង​ដើម ​ពេល​បង្កើត​សមាគមមួយនេះ ដើម្បីធានាថាគ្រប់ប្រទេស​ជា​សមា​ជិក​ អាច​រក​ឃើញ​ឯកភាព​រវាង​គ្នា​និង​គ្នា​បាន​ប្រសើរ​ជាង​នេះ។

បណ្ឌិត ​Thitinan ​Pongsudhirak​ ប្រធាន​វិទ្យាស្ថាន​សិក្សា​សន្តិសុខ​និង​កិច្ច​ការ​អន្តរជាតិ ​(Institute of Security and International Studies) ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ ប្រទេសថៃ ​បាន​និយាយ​ថា ​ប្លុក​អាស៊ាន​នៅ​មាន​កង្វះ «សមត្ថកិច្ច​អភិ​ប្រជាជាតិ» ​ដើម្បី​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធ​ភាពទៅ​នឹង​បញ្ហា​នយោបាយនិង​សេដ្ឋកិច្ចនានា។ អភិ​ប្រជាជាតិ ​សំដៅ​ទៅ​ដល់​ការ​ប្រកាន់​យក​នូវ​គោលជំហរ​រួម​រួប​ប្រទេស​ជា​ច្រើន ឲ្យ​ក្លាយ​ជា​កម្លាំង​មួយ​រួម​គ្នា ​ដើម្បី​សម្រេច​ការងារ​ជា​សមូហភាព​ថ្នាក់​តំបន់។

«ម៉្យាង​គឺ​ថា​អាស៊ាន​នៅ​មិន​ទាន់​មាន​ «សមត្ថកិច្ច​អភិ​ប្រជា​ជាតិ»។ ​ជា​មូល​ដ្ឋាន ​អាស៊ាន​ធ្វើ​ការ​ជា​ប្រព័ន្ធ​ដែលមាន​លក្ខណៈ​ខ្លួន​ទីពឹង​ខ្លួន ​ដែល​ខណ្ឌ​ចែក​ដោយ​ដែន​អធិបតេយ្យ​កំណត់​ ដែល​រដ្ឋ​ជា​សមាជិក​នីមួយៗ ប្រកាន់​យក​ក្នុង​ដែន​យុត្តា​ធិការ​សមត្ថកិច្ច ​ដើម្បី​ចាត់​ចែង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​របស់​គេ​រៀងៗ​ខ្លួន។ ​មែន​ទែនទៅ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​តំបន់​ដែល​ចង់​ធ្វើ​សមាហរណ​កម្ម ​បើ​សិន​វា​គ្មាន​ «អភិ​ប្រជា​ជាតិភាព» ​នោះ​ទេ»។

បើ​តាមលោក ​Pongsudhirak ​កង្វះ​អំណាច​អភិ​ប្រជាជាតិ​នេះ​ហើយ ​ដែល​នាំ​ឱ្យ​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​(AEC) មាន​សភាព​យឺត​យ៉ាវ​ ឬ ​«សឹង​តែ​គ្មាន​អ្វី​ប្រែ​ប្រួល»។

«នៅ​មិន​ទាន់​មាន​ឡើយ អំណាច​ចលករ​ស្នូល​សម្រាប់​AEC ​ហើយ​តថភាព​នៃ​ការ​អនុវត្ត​ជាក់​ស្ដែង​ សឹង​តែមិនមាន​អ្វី​ប្រែ​ប្រួល​ទាល់​តែ​សោះ។ ​នេះ​ហើយ​ជា​របៀប​ដែល​សមាគម​អាស៊ាន​ធ្វើការ​កន្លង​មក ​ដោយ​ចូលចិត្ត​រៀប​ចំ​ចុះ​កិច្ច​ព្រមព្រៀង​ជា​ច្រើន​សន្ធឹក​ តែ​ទទួល​នូវ​បញ្ហា​ប្រឈម​លំបាក​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងទាំងនោះ»។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​កាល​បរិច្ឆេទ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​តាំង​ពី​ដើម​ឆ្នាំ​២០១៦​នេះ​មក ​ត្រូវបាន​គេ​រំពឹង​ទុក​ថា ​ជា​ការ​បោះ​ជំហាន​បឋម​របស់​អាស៊ាន​ដែល​ចង់​ធ្វើ​សមាហរណកម្ម​បញ្ចូល​គ្នា​ដែលដំណើរ​ការនេះចាប់​ផ្ដើម​ពី​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជ​កម្ម ​មុន​នឹង​សម្រេច​បាន ​សហគមន៍នយោបាយសន្តិសុខ​ និងសហគមន៍​សង្គម​វប្បធម៌។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​គោល​ដៅ​បួន​ធំៗ ​គឺ​ ទី១៖ ​ប្រែ​ក្លាយ​តំបន់​អាស៊ាន​ជា​ទីផ្សារ​រួម ​និងមូលដ្ឋាននៃការផលិត, ​ទី២៖ ​ជំរុញ​ភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​របស់​តំបន់, ​ទី៣៖ ​ធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយសម​ភាព ​និង​ទី​៤៖ ​សម្រេច​ឱ្យ​បាន​ការ​ត្រៀម​ខ្លួន​របស់​សេដ្ឋកិច្ច​នៃ​រដ្ឋ​ជា​សមាជិក​ធ្វើសមាហរណកម្ម​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​សកល​លោក។

យ៉ាង​ណា​ក៏​ដោយ​ ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​មុន បណ្ដា​មេ​ដឹក​នាំ​អាស៊ាន​ បាន​អនុម័ត​ផែនការ​លម្អិត​នៃ​ចក្ខុ​វិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រឹម​ឆ្នាំ​២០២៥​ ដែល​ទុក​រយៈ​ពេល​១០​ឆ្នាំ​ទៅ​មុខទៀត ​រាប់​ពី​ពេល​នេះ​ទៅ ​ដើម្បី​អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​គោល​ដៅ​ទាំង​បួន​ខាង​លើ។

បណ្ដា​ប្រទេស​អាស៊ាន​ នៅ​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​កាត់​បន្ថយរបៀប​ដឹក​នាំប្រកាន់តឹងរឿង​ អធិបតេយ្យភាព​ និង​ប្រយោជន៍​ជាតិ​ដាច់​ខាត ​ដើម្បី​ស្រវា​រក​ការ​ឯក​ភាព​ធ្វើការសម្រេច​ចិត្តផ្នែកនយោបាយ ​ដើម្បី​ប្រយោជន៍​រួម​នៃ​តំបន់។ ​នេះ​បើ​តាម​ បណ្ឌិត ​ដេត ​សុខឧត្តម​ នៃសាកល​វិទ្យាល័យហ្សាម៉ាន់។​

យ៉ាង​ណា​ក្ដី ​លោក ​សុខ​ឧត្តម ​បាន​និយាយ​ថា ​បណ្ដា​មេ​ដឹក​នាំ​អាស៊ានទំនងជា​បានសិក្សាអំពីបទពិសោធនៃភាព​ឡើង​ចុះ​របស់​សហគមន៍​អឺរ៉ុប ​ម្ល៉ោះ​ហើយ​ទើប​រាល់​ការ​បោះ​ជំហាន​ទៅ​មុខ ​និងការសម្រេចចិត្តរបស់អង្គ​ការថ្នាក់តំបន់​អាស៊ី​អគ្នេយ៍​មួយ​នេះ ​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​ ជាមួយ​នឹង​ការ​ប្រយ័ត្ន​ប្រយែង​បំផុត។​

«បញ្ហា​របស់អា​ស៊ាន​រាល់​ថ្ងៃ ​គឺ​វា​សន្សឹម​ពេក ​ហើយ​មិន​មាន​ភាព ​ឬ​មិន​មាន​អំណាច​ខ្លាំងអ្វី​ជាសមាគម​មួយ​ដែល​អាច​ឈរ​ ជា​ឯកតោភាគី​ក្នុង​ការ​ដោះស្រាយ ​ឬ​ជា​ធ្លុង​មួយ ​ក្នុងការ​ឈរ​តតាំង​ជា​មួយនឹង​ប្រទេស​មហា​អំណាច​អ្វី​ផ្សេង​ទេ»។

លោក​ សុខឧត្តម ​បាន​បន្ត​ថា​លោក​ជឿ​ជាក់​ថា ​បើ​ទោះ​ជា​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​សព្វ​ថ្ងៃ​ដែល​បណ្ដារដ្ឋជាសមាជិកនៅ​ខ្វះ​ស្មារតី​ជា​សហគមន៍​ប្រជាជាតិ ​លទ្ធភាព​ដែល​ថា​សហគមន៍​អាស៊ាន​អាច​នឹង​បែក​ខ្ញែក​គ្នា​នោះ ​ទំនង​ជា​មាន​លក្ខណៈ​តិច​តួច។

«តែ​ខ្ញុំ​គិត​ថា ​វា​មិន​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​ទេ ​គ្រាន់​តែ​ថា ​ទាម​ទារ​ឱ្យ​ថ្នាក់​ដឹក​នាំ​អាស៊ាន​ខ្លួន​ឯង ​សួរ​សំណួរ​នេះ​ទៅ​កាន់​គ្នា ​ជា​ពិសេស​នៅ​ឆ្នាំ​ក្រោយ​ពេល​ដែល​គម្រប់​ខួប​អាស៊ាន​៥០​ឆ្នាំ ​ថា​តើ​យើង​ចង់​ឱ្យអាស៊ាន​ទៅ​ជា​សមាគម​មួយ​ដែល​មាន​អំណាច​ស្មើ​មុខ​ស្មើ​មាត់​ ជាមួយ​នឹង​មហា​អំណាច​ផ្សេង​ទៀត ​ឬ​ក៏យើង​ពេញ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​ជា​សមិទ្ធផល​អាស៊ាន​សព្វ​ថ្ងៃ ​ដែល​ធ្វើ​ការ​សន្សឹម​ៗ ហើយ​ទុក​ឱ្យ​ប្រទេសនីមួយៗ​ដោះ​ស្រាយ​ក្នុង​អធិបតេយ្យ​របស់​ខ្លួន»។

ព្រម​ពេល​ជាមួយ​គ្នា​នឹង​ភាព​យឺត​យ៉ាវ​នៃ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន ​នៅ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​នឹង​កំពុង​ប្រឈម​នឹង​ភាព​រកាំរកូស ​មើល​មុខ​គ្នា​មិន​ចំ ​ជុំវិញ​បញ្ហា​ទាម​ទារសិទ្ធិ​គ្រប់​គ្រង​ដែនដី ​ដែន​កោះ​នៅ​ក្នុង​បរិវេណ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស។

កាល​ពី​ខែ​កក្កដា ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ​ប្រទេស​ហុល្លង់​ បានចេញ​សេចក្ដី​សម្រេច​មួយ ​បដិសេធ​ការ​ទាមទារ​សិទ្ធិ​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់ ​ប្រទេស​ចិន​ នៅ​ក្នុង​ដែនសមុទ្រ​មាន​ជម្លោះ ​ដែល​ជា​ច្រក​ចេញ​ចូល​នាវាចរណ៍​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​សកល។

បណ្ដា​រដ្ឋ​ជាសមាជិក​អាស៊ាន ​ដែល​មាន​ប្រទេស​បួន​ជា​ដៃ​គូ​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ​មិនអាចសម្រេចជាឯកច្ឆន្ទ ដើម្បី​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ណា​មួយ​គាំទ្រ​សេចក្ដី​សម្រេច​ខាង​លើ​នោះ ​ដោយសារមានបណ្ដា​សមាជិក​មួយ​ចំនួន​បដិសេធ។

​ការណ៍នេះ​ត្រូវបានអ្នកតាមដាននយោបាយថ្នាក់តំបន់ជាច្រើន ​ចាត់​ទុក​ថា ​ជាការមិន​ចុះសម្រុងគ្នារវាងសមាជិក​អាស៊ាន ​ដែល​រង្គោះ​រង្គើដល់ឯក​ភាពដ៏ផុយស្រួយរបស់​សមាគម​មួយ​នេះ។

ការ​រង្គោះ​រង្គើ​នេះ ​បាន​បង្ក​ជា​ការ​បារម្ភ ​ខណៈ​ដែល​មាន​ការ​ប្រកួត​ប្រជែង ​រវាងចិន ​និង​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​ប្រើ​ឥទ្ធិពល ​និង​អនុត្តរ​ភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​មាន​សក្ដានុពលសេដ្ឋកិច្ច​មួយ​នេះ។

សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ លោក​បណ្ឌិត ​Thitinan ​Pongsudhirak ​និយាយ​ថា​ប្រការសំខាន់ក្នុងការបិទភ្ជិតជួសជុល​របួស​នៃ​ការបែក​បាក់​នេះ ​អាស៊ានក៏ត្រូវពិចារណា ​បន្ថែមទៅលើទំនាក់ទំនងរវាងប្រជាជន ​និង​ប្រជាជន ​ដែល​លោក​ថា​អាច​ជា «កាវ​ទាញ​ភ្ជាប់»​អាស៊ាន​ឱ្យ​នៅ​ជុំ​គ្នា។

«អនាគត​នៃ​អាស៊ាន​នឹង​មិន​ភ្លឺ​ចែង​ចាំង​នោះ​ទេ​ បើ​មេដឹកនាំ ​និង​ប្រជាជន​អាស៊ាន​ មិនផ្ដោតលើការប្រមូលផ្ដុំគ្នាឡើងវិញ ​ការ​រួប​រួម​គ្នា​ឡើង​វិញ​ក្នុង​ចំណោម​គ្នា​នោះ​ទេ ​ព្រោះ​វា​អាច​ធានា​នូវ​ការ​សម្រេច​បុព្វ​ហេតុ​រួម និង​សកម្មភាព​រួម»។

ដោយ​ឡែក​លោក​បណ្ឌិត ​ដេត ​សុខឧត្តម​ វិញ​បាន​ស្នើ​ថា បើទោះ​ជា​មានករណី​ដែល​បណ្ដា​ប្រទេស​អាស៊ាន​ខ្លះ​មានភាពលម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ ក៏​គួរ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រយោជន៍​ការពារ​សមាជិក​អាស៊ានគ្នា​ឯង​ ហើយ​ក៏​មិន​គួរ​បង្ហាញ​នូវ​ភាព​លម្អៀង​នោះ​ចំហពេក​នោះ​ទេ៕​

XS
SM
MD
LG