ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​មាន​តួនាទី​សំខាន់​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម


ក្រុមយុវជនប្រមាណជាង៦០នាក់ចូលរួមសិក្ខាសាលាស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បត៌ ទី៣០ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ក្រុមយុវជនប្រមាណជាង៦០នាក់ចូលរួមសិក្ខាសាលាស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បត៌ ទី៣០ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

កម្មវិធី​ជួបជុំ​របស់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ ដែល​ជួបជុំ​គ្នា​រយៈពេល​មួយ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​គោល​បំណង​សំខាន់​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​បណ្តាញ​យុវជន​កម្ពុជា​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ និង​តួនាទី​ជួយ​ដោះស្រាយ​បញ្ហា​ពុករលួយ។

អង្គការ​តម្លាភាព​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​មួយ​ជាមួយ​បណ្តាញ​យុវជន​យ៉ាង​ តិច​៦០​នាក់​ មក​ពី​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ពួកគេ​រិះរក​មធ្យោបាយ​សំខាន់ៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​ដែល​ជា​បញ្ហា​ពិបាក​ដោះស្រាយ​ក្នុង​ប្រទេស​ក្រីក្រ​នេះ។​

កម្មវិធី​ជួបជុំ​របស់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ ដែល​ជួបជុំ​គ្នា​រយៈពេល​មួយ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​គោល​បំណង​សំខាន់​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​បណ្តាញ​យុវជន​កម្ពុជា​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ និង​តួនាទី​ជួយ​ដោះស្រាយ​បញ្ហា​ពុករលួយ​ ដែល​គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងតិច​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ​ហើយ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​លំដាប់​ប្រទេស​ក្រីក្រ ​និង​ត្រូវការ​ជំនួយ ​និង​ប្រាក់​កម្ចី​ពី​បរទេស​ជា​រៀងរាល់​ឆ្នាំ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៣០ ខែមិថុនា​នេះ​ អង្គការ​តម្លាភាព​កម្ពុជា​បានធ្វើ​សិក្ខា​សាលា​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​យុវជន​ក្នុង​ការ​លើក​កម្ពស់​តួនាទី​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ។​

នាង ខុន សុនីតា ​និស្សិត​ឆ្នាំទី​៤​ផ្នែក​ទំនាក់​ទំនង​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ដែល​បាន​ចូលរួមក្នុង​កិច្ច​ពិភាក្សា​ថ្ងៃ​នេះ​បាន ថ្លែង​ថា ​វា​ជា​ឱកាស​មួយ​ដែល​ក្រុម​យុវជន​អាច​រិះរក​មធ្យោបាយ​ក្នុង​ការ​អនុវត្ត​គម្រោង​កាត់​បន្ថយ​អំពើ​ពុករលួយ​ក្នុង​សង្គម។​

«ខ្ញុំ​គិត​ថា​ សិក្ខាសាលា​ថ្ងៃនេះ ​វា​ជា​ឱកាស​មួយ​ដែល​ឲ្យ​យុវជន​របស់ ​TI​ គាត់​មក​ជួបគ្នា​ ហើយ​ពិភាក្សា​គ្នា​ថា ​តើ​អ្វី​ដែល​ពួក​យើង​គួរ​ធ្វើ​បន្ត​ទៀត ​ព្រោះ​ពួក​យើង​បាន​រៀន​ពី​សុច្ចរិតភាព​ តម្លាភាព​ និង​ការ​ធ្វើ​គម្រោង​អី​អញ្ចឹង​ណា៎»។​

ដូច​សុនីតា​ដែរ ​ព្រះ​តេជ​ព្រះ​គុណ​ យាន ពិសិដ្ឋ និស្សិត​ផ្នែក​គ្រប់គ្រង​នៅ​ពុទ្ធិកៈ​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ មាន​សង្ឃដីកា​ថា​ សិក្ខាសាលា​ជួបជុំ​អ្នក​ដឹក​នាំវ័យ​ក្មេង​នេះ​ជួយ​ឲ្យ​ព្រះ​តេជ​ព្រះ​គុណ​អាច​ស្វែង​យល់​បន្ថែម​ពី​ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋានផង​ដែរ។​

ព្រះតេជ​ព្រះ​គុណ​មាន​សង្ឃដីកា​ថា៖​«សម្រាប់​អាត្មា​ផ្ទាល់​ ការ​ចូលរួម​កម្ម​វិធី​ហ្នឹង​គឺ​ចេះ​ដឹង​ច្រើន។​ ពីមុន​មក ​អាត្មា​អត់​ដែល​ដឹង​ថា ​អំពើ​ពុករលួយ​មាន​ស្ថាប័ន​យ៉ាង​ម៉េចៗ​ជា​លក្ខណៈ​យ៉ាង​ម៉េច​ទេ។​ ប៉ុន្តែ​ពេល​ដែល​អាត្មា​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង​មក ​អាត្មា​ដឹង​ថា ​អំពើ​ពុក​រលួយ​ហ្នឹង​កើត​ឡើង​តាម​ប្រព័ន្ធ​ណាខ្លះ​ ​ហើយ​តម្លាភាព ​សុច្ចរិត​ភាព​ វា​កើត​ឡើង​យ៉ាង​ម៉េចៗ ​គឺ​ក្នុង​កម្មវិធី​ហ្នឹង​គឺ​គេ​ឲ្យ​យើង​ដឹង​ពី​ចំណុច​ហ្នឹង»។​

ក្រុមយុវជនប្រមាណជាង៦០នាក់ចូលរួមសិក្ខាសាលាស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បត៌ ទី៣០ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
ក្រុមយុវជនប្រមាណជាង៦០នាក់ចូលរួមសិក្ខាសាលាស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បត៌ ទី៣០ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

អង្គការ​តម្លាភាព​កម្ពុជា​បាន​ធ្វើ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​នេះតាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​ក្រសួង ​មន្ទីរ​និង​អាជ្ញាធរ​នានា​តាម​ខេត្ត​ជាច្រើន​ ដើម្បី​កំណត់​បញ្ហា​សង្គម​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ​ និង​ការ​លុប​បំបាត់​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ជាដើម​ តាមរយៈ​ការ​ផ្ដល់​គោលការណ៍​គ្រឹះ​ចំនួន​៦ ​រួមមាន​ទាំង​ការ​មិន​សូកប៉ាន់ ​មិន​ស៊ី​សំណូក ​ធ្វើការ​ជាមួយ​អ្នក​ដទៃ​ និង​ស្ថាប័ន​នានា​ ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ និង​សម្ដែង​មតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​រាយ​ការណ៍​អំពើ​ពុក​រលួយ​ជាដើម។​

លោក ​ប៉ិច ពិសី ​បាន​ឲ្យ​ដឹង​ថា ​សិក្ខាសាលា​នេះ​គឺ​ជា​ឱកាស​ជួបជុំ​គ្នា​រវាង​អ្នក​ដឹកនាំ​វ័យ​ក្មេង​ ដែល​អង្គការ​តម្លាភាព​ធ្វើ​ការ​បណ្ដុះបណ្ដាល​តាំងពី​ឆ្នាំ​២០១៣​មក​ តាមរយៈ​កម្មវិធី​បោះ​ជំរំ និង​ក្រុម​មួយ​ទៀត​គឺ​គេ​ហៅ​ថា​ អ្នក​ដឹកនាំ​វ័យក្មេង​ ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈពេល​បី​ខែ។​ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ​នេះ​ អង្គការ​តម្លាភាព​កម្ពុជា​បាន​អប់រំ​បណ្ដាញ​អ្នក​ដឹកនាំ​វ័យក្មេង​បាន​ប្រមាណ​ជាង២០០០០​នាក់។​

លោក ប៉ិច ពិសី និយាយ​ថា៖​«ដើម្បី​ឲ្យ​គាត់​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​គម្រោង​ ​បទ​ពិសោធន៍​ធ្វើការ​កន្លង​មក ​ពី​ការ​ចូលរួម​របស់​គាត់​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​បញ្ហា​សង្គម​ ហើយ​យើង​នឹង​ឲ្យ​គាត់​រៀបចំ​ផែនការ​របស់​គាត់​ក្នុង​ការ​ចូលរួម​ជាមួយ​អង្គការ​តម្លាភាព​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​ទៀត»។​

លោក ​ទីម ម៉ាល័យ​ ជា​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​អប់រំ​បណ្ដុះ​បណ្ដាល​យុវជន​អំពី​អភិបាល​កិច្ច​ល្អ ​ការ​តស៊ូ​មតិ​ផ្នែក​បរិស្ថាន និង​សិទ្ធិមនុស្ស។ លោក​ប្រាប់​ VOA ​ថា បើ​យុវជន​អើពើ​លើ​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ នោះ​អំពើ​យុត្តិធម៌​នោះ​នឹង​ត្រូវ​ដោះស្រាយ​បាន។​

លោក​និយាយ​ថា៖​ «បើ​សិនជា​យុវជន​ច្រើន​រូប ​ឬ​យុវជន​ណាមួយ​ ក៏​ដូចជា​នៅ​ក្នុងប្រទេស​កម្ពុជា​ ​គាត់​បាន​ក្រឡេក​មក​គិតគូរ​រឿង​អយុត្តិធម៌​កើត​មាន​នៅ​ក្នុង​សង្គម​របស់​ខ្លួន​ យើង​មើល​ឃើញ​ថា ​សង្គម​នោះ​មាន​ការ​កែប្រែ​ ចាប់​ផ្ដើម​យល់ដឹង​អំពី​បញ្ហា​សង្គម​ច្រើន។ ​ចំណែក​មួយ​ទៀត​ យុវជន​ខ្លួន​ឯង​នឹង​ឆាប់​ទទួល​បាន​ភាព​ប្រសើរ​ឡើង ​និង​ភាព​យុត្តិធម៌​ឆាប់ៗ​ បើសិន​ជា​យុវជន​មើល​ឃើញ​ថា ​សង្គម​ដែល​ខ្លួន​រស់​នៅកំពុង​មាន​បញ្ហា​នោះ»។​

អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្វើការ​តស៊ូ​មតិ​ផ្នែក​អំពើ​ពុករលួយ​ បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០​ក្នុង​ចំណោមប្រទេសចំនួន​១៦៨ គឺ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​អន់ថយ​ជា​ច្រើន​ដូចជា​ប្រទេស​ហ្ស៊ីមបាវ៉េ ​(Zimbabwe)​ និង​ប្រទេសស៊ីរី៕

XS
SM
MD
LG