ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រឿង​ស្រវឹង​ចាប់​ផ្តើម​ក្លាយ​ជា​ឧបករណ៍​ជួយ​បង្កើត​ទំនាក់​ទំនង​


ក្នុង​រូបថត​ឯកសារ​នេះ អ្នក​បម្រើ​ការ​ក្នុង​ហាង​ម្នាក់​ចាក់​ស្រាបៀរ​ជូន​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៩ ខណៈ​ដែល​ទូរទស្សន៍​កំពុង​ផ្សាយ​ពី​សាលា​ក្តី​ខ្មែរ​ក្រហម។
ក្នុង​រូបថត​ឯកសារ​នេះ អ្នក​បម្រើ​ការ​ក្នុង​ហាង​ម្នាក់​ចាក់​ស្រាបៀរ​ជូន​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៩ ខណៈ​ដែល​ទូរទស្សន៍​កំពុង​ផ្សាយ​ពី​សាលា​ក្តី​ខ្មែរ​ក្រហម។

ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​មានកម្រិត​ខ្ពស់​រហូត​ដល់​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​កំណត់​អាយុការ​ប្រើ​ប្រាស់​ជាតិ​ស្រវឹង។​ ប៉ុន្តែ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ និង​ប្រទេស​ទាំង​មូល​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​នោះ​ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ គ្រឿង​ស្រវឹង​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​ការ​រស់​នៅ​ក្នុង​សង្គម​ និង​ការងារ​របស់​ពួក​គេ។​

កាល​ពី​ល្ងាច​ថ្មីៗ​នេះ​ នៅ​ពេល​កំពុង​អង្គុយ​នៅ​ក្នុង​ភោជនីយដ្ឋាន​មូនឡាយ​ (Moon Light)​ នា​ល្ងាច​មួយ​ លោក​ឈរ រតនា​ ជា​និស្សិត​ផ្នែក​ធនាគារ​ ដែល​កំពុង​អង្គុយ​កាន់​ដប​ស្រា​ និង​រង់​ចាំ​មិត្ត​ភក្កិ​របស់​លោក​ និយាយ​ថា៖​ «គ្រឿង​ស្រវឹង​គឺ​ជា​របស់​ម្យ៉ាង​ដែល​ការ​ជួប​ជុំ​ និង​ពិធី​ផ្សេងៗ​មិន​អាច​ខ្វះ​បាន។​ វា​អាច​ធ្វើ​ឲ្យការ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង។​ ហើយ​ទំនាក់​ទំនង​ថ្មីៗ​ក៏​អាច​កើត​មាន​តាម​រយៈ​វា​ដែរ»។​

បច្ចុប្បន្ន​នេះ​ មាន​ការ​យល់​ឃើញ​ជា​ធម្មតា​ទៅ​ហើយដែល​ថា​ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យទំនាក់​ទំនង​មិន​ត្រឹម​តែ​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​មាន​ភាព​ប្រសើរ​ទៀត​ផង។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​ជំនាញ​ព្រមាន​ថា​ គ្រឿងស្រវឹង​មិន​មែន​ជា​មធ្យោបាយ​សម្រាប់​បង្កើត​ទំនាក់​ទំនង​ទេ។​ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ទៅ​ហើយ។​

ក្នុង​សៀវភៅ​របស់​លោកឈ្មោះ«ពិធី​ការ​ទូត​ និង​ផ្លូវ​ការ​អាស៊ាន»​ លោក​ឥន សុផល​បាន​សរសេរ​ថា​ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្លូវ​ការ​ផ្សេងៗ មន្រ្តី​រដ្ឋាភិបាល​ និង​វរជន​ផ្សេងៗទទួល​ទាន​គ្រឿង​ស្រវឹង​ដើម្បី​អបអរ​សាទរ​ ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង។​ ស្រា​ស​និង​ស្រា​ក្រហម​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ពេញ​និយម​ ហើយ​ពេល​ខ្លះ​ ស្រា​សម្ប៉ាញ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្រោយការ​ថ្លែង​សុន្ទរកថា​ ឬ​នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី​នានា។​

ប៉ុន្តែ​មិន​មែន​មានតែ​មន្ត្រី​ធំៗទេ ​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ។

កញ្ញា​ អ៊ឹង ស៊ីតាតវីរៈចំណា​ ដែល​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ប្រាប់​ថា​ នាង​ឧស្សាហ៍​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ រួម​មាន​ការ​ជួប​ជុំ​គ្រួសារ​ ឬ​ការ​ប្រជុំ​កិច្ចការ​ជំនួញ​ជា​ដើម។​

នាង​និយាយ​ថា៖​ «រាល់​ពេល​ដែល​ខ្ញុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​មិត្តភក្តិ​ខ្ញុំ​ វា​ធ្វើ​ឲ្យទំនាក់​ទំនង​របស់​យើង​កាន់​តែ​រលូន»។

នាង​បាន​បន្ត​បក​ស្រាយ​ថា​ ​អ្នក​ដែល​មិន​ចេះ​ទទួល​ទាន​គ្រឿង​ស្រវឹង​គឺជា​អ្នក​ខ្សោយ​ខាង​ផ្នែក​ទំនាក់​ទំនង។​

នាង​លើក​យក​ទស្សនៈ​របស់​អ្នក​ក្រេបគ្រឿង​ស្រវឹង​មក​អះអាង​ថា៖​ «អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ផ្ទាល់​គិត​ថា ​អ្នក​អត់​ចេះ​ញ៉ាំ​ មិន​គោរព​ពួក​គេ»។​

ឥរិយាបថ​ប្រភេទ​នេះ​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យបរិមាណ​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​មាន​ការ​កើន​ឡើង។​ ​

អង្គការ​សុខភាព​ពិភព​លោក​បាន​មើល​ឃើញ​ថា​ ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ បាន​ប្រើ​ប្រាស់គ្រឿង​ស្រវឹង​ច្រើន​ឡើងៗ។​

អ្នក​ជំនាញ​រំឭក​ថា​ វា​មិន​មែន​ជា​វិធី​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​បាន​ល្អ​ទាំង​អស់​នោះ​ទេ។ ​ពេល​ស្រវឹង​ អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​មិន​មាន​ស្មារតី​ពេញ​លេញ​ទេ។​ ពេល​ខ្លះ​ អ្នក​ស្រវឹង​មិន​ដឹង​ថា​ ខ្លួន​កំពុង​ធ្វើអ្វី​នោះ​ទេ។​ ដូចនេះ​ទំនាក់​ទំនង​កើតមាន​ឡើង​ក្នុង​ពេល​ស្រវឹង​មិនមែន​ជា​ទំនាក់​ទំនង​ពិត​ប្រាកដ ដែល​យក​ជា​ការ​បាន ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។ ​

លោក​ អ៊ឹម សុធារិទ្ធ​ ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ និង​ធនធាន​មនុស្ស​នៃ​ក្រុម​ហ៊ុន​ជីបម៉ុង​គ្រុប​ បាន​និយាយ​ថា ​អ្នក​ដែល​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​គឺ​អាច​ដឹង​ពី​រឿង​អ្វី​ដែល​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​គេ​ ហើយ​អាច​បត់​បែន​ទៅ​តាម​កាលៈទេសៈ។​

លោក​និយាយ​ថា៖​ «អ្នក​ដែល​អត់​ចេះ​ញ៉ាំ​គ្រឿង​ស្រវឹង​ហ្នឹង​ តាម​ពិត​ទទួល​ព័ត៌មាន​បាន​ល្អ​ជាង ហើយ​ទំនាក់​ទំនង​កើត​បាន​ល្អ​ជាង​អ្នក​ដែល​ស្រវឹង»។​

លើសពី​នេះ​ លោកមិន​លើក​ទឹក​ចិត្ត​ឲ្យមាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​សម្រាប់ជា​គ្រឿង​ជំនួយ​ដល់​ការ​ធ្វើទំនាក់​ទំនង​ទេ។​ លោកនិយាយ​ថា៖​ «សុរា​មិន​មែន​ជា​កត្តា​មួយ​ធ្វើ​ឲ្យទំនាក់​ទំនង​បាន​ប្រសើរ​នោះ​ទេ»។​

លោក ​សោមច័ន្ទ សុវណ្ណតារា​ សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​មាន​កម្រិត​អាច​ធ្វើ​ឲ្យទំនាក់​ទំនង​មាន​ភាព​ល្អ​ប្រសើរ។​ ប៉ុន្តែ​បើ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​វិញ​ លោក​និយាយ​ថា៖​ «វា​នឹង​នាំ​តែ​បញ្ហា​ប៉ុណ្ណោះ​ដល់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង»។​

លើស​ពី​នេះ​ លោកបន្ថែម​ថា៖ ​«វា​មិន​ត្រឹម​តែ​បំផ្លាញ​ទាំង​កិត្តិយស​ និង​សុខភាព​របស់​អ្នក​ស្រវឹងប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​បំផ្លាញសេដ្ឋកិច្ច​គ្រួសារ​ទៀត​ផង»។​

យោង​ទៅ​តាម​មន្រ្តី​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ គ្រឿង​ស្រវឹង​គឺជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរ។​ នៅ​ក្នុង​ឆមាស​ដំបូង​ឆ្នាំ​នេះ​មានគ្រោះ​ថ្នាក់​ចរាចរ​ច្រើន​ជាង​២.៥០០​ករណី ហើយក្នុង​នោះ​ក៏មាន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ច្រើនករណីដែរ​។

បច្ចុប្បន្ន​នេះ​ ក្រសួង​សុខាភិបាល​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ ដែល​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​ឲ្យ​អ្នកទិញ​ដែល​មាន​អាយុ​ក្រោម​២១​ឆ្នាំ​ និង​ដាក់​បន្ថែម​ពន្ធ​ឲ្យកាន់​តែ​ខ្ពស់​លើ​ការ​លក់​គ្រឿង​ស្រវឹង៕

XS
SM
MD
LG