ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីករ​ទូរស្សន៍​ឡើង​តុលាការ​បំភ្លឺ​អំពី​ការ​រំលោភ​បំពាន​របស់​ឧកញ៉ា


នាង ​ឯក សុជាតា​ ឬ​សាសា​ ជា​អតីត​ពិធី​ការិនី​​​ទូរស្សន៍​ក្នុង​ស្រុកមួយ។
នាង ​ឯក សុជាតា​ ឬ​សាសា​ ជា​អតីត​ពិធី​ការិនី​​​ទូរស្សន៍​ក្នុង​ស្រុកមួយ។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​នាង ​ឯក សុជាតា​ ឬ​សាសា​ ពិធី​ការិនីទូរស្សន៍​ក្នុង​ស្រុកមួយ​ បាន​ចូល​បំភ្លឺ​ចំពោះ​ចៅ​ក្រម​ស៊ើប​សួរ​នៅ​តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ ​លើ​ករណី​ហិង្សា​ដ៏​ព្រៃផ្សៃ​មក​លើ​ខ្លួន ​ ​ខណៈ​ពេល​ដែល​ជន​ល្មើស​ គឺ​ឧកញ៉ា​ សុខ ប៊ុន ​កំពុងនិរទិស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

អំពើ​ហិង្សា​លើ​នាង ​ឯក សុជាតា​ នា​ដើម​ខែ​កក្កដា​នេះមាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​សាធារណ​ជន​ ​សង្គម​ស៊ីវិល​ និង​មន្ត្រី​រដ្ឋាភិបាល​ រួម​ទាំងលោក ​ហ៊ុន សែន​ និង​ភរិយា​ផង​ដែរ បន្ទាប់​ពី​វីដេអូ​នៃ​អំពើហិង្សា​ដ៏​ព្រៃផ្សៃនេះ​ បាន​សាយ​ភាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ។

វីដេអូ​បានពី​កាមេរ៉ា​សុវត្ថិភាពបាន​បង្ហាញ​ថា លោក​សុខ ប៊ុន​ ដែល​គេ​ស្គាល់​ថា ​ជា​ឧកញ៉ា​ និង​ជាប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ហើយ​និង​ អង្គរក្ស​របស់​ខ្លួន​ បាន​ធ្វើការ​វ៉ាយ​ ទាត់ធាក់​លើ​នាង​ឯក សុជាតា​ ឬ​សាសា​ មុខ​ពេល​សម្រាត​ខោអាវ ខណៈ​ពេល​ដែល​តារា​រូប​នេះ​ព្យាយាម​ខាឃាំង​មិន​ឲ្យ​លោក​សុខ ប៊ុន​នាំយក​ស្ត្រី​ផ្សេងទៀត​ទៅ​ជា​មួយ។​ ​ស្ត្រីរូបនោះ​ស្ថិត​ក្នុងភាព​ស្រវឹង​ជោគជាំ។​

បន្ទាប់​ពី​បាន​បំភ្លឺ​នឹង​រៀបរាប់​ហេតុការណ៍ចំពោះ​មុខ​ចៅ​ក្រម​ស៊ើបសួរ​ នាង​ឯក សុជាតា​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ដែល​រង់​ចាំ​នៅ​ខាង​ក្រៅ​តុលាការក្រុង​ថា​ បន្ទាប់ពី​មាន​ការ​ជំរុញ​ពី​សាធារណជន​ និង​មន្ត្រី​កម្ពុជា​ នាង​បាន​សម្រេច​ប្តឹង​លោក​សុខ ប៊ុនទៅ​តុលាការក្រុង​ភ្នំពេញ​ ហើយ​ចង់​ឲ្យ​តុលាការ​កម្ពុជា​រក​យុត្តិធម៌​សម្រាប់ខ្លួន ដោយ​មិន​ទាន់​គិត​ពី​សំណង​រដ្ឋ​ប្បវេណី​នៅ​ឡើយ។

«ទី១​ ទាក់ទង​នឹង​រឿង​ទារ​សំណង​គឺ​សូម​សំណូម​ពរ​ បងប្អូន​ទាំង​អស់​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ ​គឺ​គ្រួសារ​ខ្ញុំ​អត់​ទាន់​ដែល​និយាយ​រឿង​សំណង​នៅ​ឡើយ​នោះ​ទេ។​ កុំ​ថា​ ឡើយ​រាប់​ខ្ទង់​លាន​ គឺ​អត់​ដែល​និយាយ​ទេ។​ សូម្បី​តែ​ឥឡូវ​នេះ ​ចូល​មក​បំភ្លឺ​នេះ​គឺ​នាង​ខ្ញុំ​សូម​ឲ្យ​គាត់​ចេញ​មក​បំភ្លឺ​នៅ​មុខ​ច្បាប់»។​

បើ​ទោះ​ជាយ៉ាង​នេះ​ក៏​ដោយ​ នាងសាសា​បាន​បញ្ជាក់​ថា ​នាង​នៅ​តែ​មាន​សង្ឃឹម​ថា​ តុលាការនឹង​អាច​រក​យុត្តិ​ធម៌​សម្រាប់​នាង​ ហើយ​ចង់​ឲ្យ​ជន​លើស​គឺ​លោក​សុខ ប៊ុន​ចេញ​មុខ​មកត​ទល់​ក្នុង​តុលាការនោះ។​

«បន្ទាប់​ពី​បាន​ដាក់​ពាក្យ​បណ្តឹង​ គឺ​គាត់​បាន​ធ្វើ​ការ​តាម​ដំណាក់​ការ។​ ​ អញ្ចឹង​យុត្តិធម៌​នៅ​តែ​មាន​ក្នុង​ស្រុក​យើង។ អញ្ចឹង​មិន​ទាន់​អស់​សង្ឃឹម​ ​យើង​រង់ចាំ​មើលបន្ត​ទៀត។ ​កុំ​ទាន់​អាល​ធ្វើការ​វាយ​តម្លៃ​ថា​ មិន​មាន​យុត្តិធម៌​ ឬ​ដំណោះ​ស្រាយ​ ហើយ​ថា​ វាយូរអី​ គឺ​ធ្វើ​ការ​តាម​លំដាប់»។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ពុធ ធាវី​ មេធារី​ការពារ​ក្តី​របស់​ពិធីការិនីរូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់លោក​បាន​ចូល​ខ្លួន​ទៅ​រៀបរាប់​ហេតុ​ការណ៍នា​យប់​ថ្ងៃ​ទី​១​ខែ​កក្កដា​នោះ។​ លោក​បាន​បន្តថា ​ការ​ឆ្លើយ​បំភ្លឺ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​ក្រុង​ភ្នំពេញចោទ​លោកសុខ ប៊ុន​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ ហើយ​ចោទអង្គរក្ស​របស់លោក​ពី​បទ​ប្រើប្រាស់​អាវុធ​ ដោយ​គ្មាន​ការ​បញ្ជា ​និងប៉ុនប៉ង​សម្លាប់។​

លោក​ពុធ ធាវី​បាន​ក៏​បាន​បញ្ជាក់​ប្រាប់​ VOA​ផង​ដែរ​ថា​ សំណុំ​រឿង​នេះ​នឹង​អាច​បើក​សវនាការ​ក្នុង​ពេល​ឆាប់ៗ។​

ការ​បំភ្លឺ​របស់​តារា​រូប​នេះគឺ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកា​ស​ឲ្យ​ជន​ល្មើស​គឺ​លោក​សុខ ប៊ុន​ចូល​បង្ហាញ​ខ្លួន​ចំពោះ​មុខតុលាការ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​បាន​ហៅ​អំពើ​ហិង្សា​ចំពោះ​នាង​សាសា​នោះ​ថា​ ជា​អំពើ​សាហាវ​ យង់ឃ្នង ​ហើយ​លោក​បាន​ប្រាប់ឲ្យ​អាជ្ញាធ​របស់​ចាត់​វិធាន​ការ​តាម​ ច្បាប់ព្រហ្ម​ទណ្ឌ។

«បើ​ទោះ​បី​ជា​ក្មួយ​ស្រី​សាសា​មិនប្តឹង​ ​ក៏ផ្នែក​រដ្ឋ​ ផ្នែក​តុលាការ​ត្រូវតែ​ធ្វើ​សកម្ម​ភាព​ដែរ។ ​ហើយ​បើ​ទោះ​ជា​ក្មួយ​ស្រី​សាសា​ធ្វើការ​សម្រុះ​សម្រួល​ជា​មួយ​លោក​សុខ ប៊ុន​ ក៏​ផ្លូវ​តុលាការមិន​អនុញ្ញាតឲ្យ​សំណុំ​រឿង​នេះ​រួច​ដែរ​ ព្រោះ​វា​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ។​ ដែល​ហៅ​ថា​ រឿង​ព្រហ្ម​ទណ្ឌហើយ​ ទោះ​បីជា​សម្រួល​គ្នា​ក្រៅ​តុលាការ ​ប៉ុន្តែ​ឲ្យ​រលត់​បណ្តឹង​អាជ្ញា​គឺ​អត់​ទៅ​រួច​ទេ»។​

គួរ​បញ្ជាក់ផង​ដែរ​ថា​ លោកសុខ ប៊ុន​បាន​រត់​ភៀស​ខ្លួន​ចេញ​ក្រៅប្រទេស​ បន្ទាប់​ពី​ផ្ទុះរឿង​ហិង្សា​នេះ។​ លោក​ធ្លាប់​បាន​ចេញ​លិខិត​ចំហ​ ជា​ច្រើន ​រួម​ទាំងសុំទោស​ជា​សធារណៈ​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​

VOA​ មិនអាច​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​ពី​មេធាវី​របស់​លោក​សុខ ប៊ុន​បាន​ទេ៕

XS
SM
MD
LG