ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់


មនុស្ស​ត្រូវ​បាន​ថត​រូប​នៅ​លើ​ឆ្នេរ​នៅ​ក្បែរ​ទូក​នេសាទ​នៅ​ក្នុង​ក្រុង​ដាកា ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣។
មនុស្ស​ត្រូវ​បាន​ថត​រូប​នៅ​លើ​ឆ្នេរ​នៅ​ក្បែរ​ទូក​នេសាទ​នៅ​ក្នុង​ក្រុង​ដាកា ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣។

ក្រុម​មន្ត្រី​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ចំនួន​២៤​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កាមេរូន កាលពី​ខែ​ធ្នូ​ ឆ្នាំ​មុន ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​ទ្វីប​អាហ្រិ្វក​ខាង​លិច។

ក្រុម​មន្ត្រី​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ចំនួន​២៤​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កាមេរូន (Cameroon) កាលពី​ខែ​ធ្នូ​ ឆ្នាំ​មុន ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​ទ្វីប​អាហ្រិ្វក​ខាង​លិច។ នៅ​ក្នុង​តំបន់​មួយ​ចំនួន អ្នក​នេសាទ​ចិន​បាន​រុញ​ទូក​នេសាទ​របស់​សមភាគី​ខ្លួន​ទៅ​ដល់​ច្រាំង​សមុទ្រ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ការងារ និង​ធ្វើ​ឲ្យ​ជីវភាព​ធ្លាក់​ចុះ។

អតីត​អ្នក​នេសាទ​ម្នាក់​ដែល​មាន​វ័យ​៣២ឆ្នាំ ឈ្មោះ Bisso Frederick ឥឡូវ​នេះ​កំពុងប្រកប​របរ​លក់​សាំងវ៉ិច​នៅ​ក្នុង​ក្រុង Limbe ប្រទេស​កាមេរូន ដែល​ស្ថិត​នៅ​បណ្តោយ​ឆ្នេរ​នៃ​តំបន់​អាហ្វ្រិក​ភាគ​ខាង​លិច។

លោក​និយាយ​ថា លោក ​និង​អ្នក​នេសាទ​ដទៃ​ទៀតបាន​បង្ខំ​ចិត្ត​បោះបង់​ចោល​ការងារ​របស់​ពួកគេ​កាល​ពី​៣ឆ្នាំ​មុន។

លោក​និយាយ​ថា ពួកគេ​បាន​បាត់បង់​របរ​នេសាទ ដោយ​សារ​អ្នក​នេសាទ​ចិន​បាន​កាន់កាប់​តំបន់​នេសាទ​ទាំង​អស់។ លោក​និយាយ​ថា​ ពួកគេ​ព្រួយ​បារម្ភ​ថា​ រដ្ឋាភិបាល​កាមេរូន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​របរ​ទាំង​នេះ ដែល​តាម​ពិត​ការងារ​ទាំង​នេះ​គួរ​តែ​ជា​របរ​របស់​ពលរដ្ឋ​កាមេរូន។

នៅ​ក្នុង​ការ​សិក្សា​ក្នុង​ឆ្នាំ២០១៣ អង្គការ​គាំពារ​បរិស្ថាន​មួយ​ ​ដែល​មាន​ឈ្មោះ​ថា Green Peace បាន​រាយការណ៍​ថា​ ចំនួន​នៃ​ទូក​នេសាទ​ចិន​ដែល​ធ្វើ​ប្រតិបត្តិការនៅ​លើ​ផ្ទៃ​ទឹក​នៃ​ទ្វីប​អាហ្វ្រិក​ បាន​កើន​យ៉ាង​ខ្លាំង​ចាប់​ពី​ចំនួន​១៣​គ្រឿង​ក្នុង​ឆ្នាំ១៩៨៥​ ដល់​៤៦២​គ្រឿង​ក្នុង​ឆ្នាំ២០១៣។

របាយការណ៍​នោះ​បាន​និយាយ​ថា​ មាន​ការ​នេសាទ​ខុស​ច្បាប់​ចំនួន​១១៤​ករណី​ក្នុង​រយៈពេល​៨ឆ្នាំ នៅ​លើ​ផ្ទៃ​ទឹក​របស់​ប្រទេស​ហ្គំប៊ី (Gambia) ​ ​ហ្គីណេ (Guinea) ​ហ្គីណេ ប៊ីសូ (Guinea-Bissau) ​ម៉ូរីតានី (Mauritania) សេណេហ្គាល់ (Senegal) និងសៀរ៉ាឡែអូន (Sierra Leone)។ របាយការណ៍​នោះ​និយាយ​ថា ទូក​នេសាទ​ទាំង​នោះ​ធ្វើ​ប្រតិបត្តិការ​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ឬ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហាម​ឃាត់។

លោក Amadi Diop ដែល​ទទួល​បន្ទុក​លើ​កម្មវិធី​សម្រាប់​ជលវប្បកម្ម (ការ​ចិញ្ចឹម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក) និង​ការ​នេសាទ​នៃអង្គការ​ដៃ​គូ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក (New Economic Partnership for African Development) និយាយ​ថា​ សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ​កំពុង​ធ្វើ​ឲ្យ​អ្នក​នេសាទ​អាហ្វ្រិក​កាន់​តែ​ក្រ​ទៅៗ និង​កំពុង​តែ​បំផ្លាញ​បរិស្ថាន។

លោក​និយាយ​ថា​ ប្រាក់​ចំណូល​ចំនួន​២៤​ពាន់​លាន​ដុល្លារ​ពី​ការ​នេសាទ​ត្រី​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ កំពុង​ត្រូវ​បាន​គំរាម​កំហែង​ដោយសារ​អ្នក​នេសាទ​ទាំង​នោះ​ ដែល​នេសាទ​ត្រី​ក្នុង​ផ្ទៃ​ទឹក​អាហ្វ្រិក​ច្រើន​ជាង​ការ​បង្ក​កំណើត​របស់​ត្រី​ ស្រប​ពេល​ដែល​មានបម្រែបម្រួល​អាកាសធាតុ។

លោក​និយាយ​ថា​ អ្នក​នេសាទ​ដែល​ទទួល​រង​ការប៉ះពាល់​ជាង​គេបំផុត​គឺ​ អ្នក​នេសាទ​ទ្រង់ទ្រាយ​តូច​ អ្នក​ចិញ្ចឹម​ត្រី​ដោយ​ប្រើ​បច្ចេកវិទ្យា​ទាប​ និង​មាន​ដើម​ទុន​តិច​តួច​ ដែល​រួម​ចំណែក​៤៦​ភាគ​រយ​នៃ​ប្រាក់​ចំណូល​សរុបដែល​រក​បាន​ពី​វិស័យ​នេសាទ​តាម​សមុទ្រ។ វិស័យ​នេះ​បាន​រួម​ចំណែក​៣៣ភាគរយ​នៃ​ចំណូល​ទាំង​អស់​របស់​ទ្វីប​អាហ្វ្រិក។

លោក Emile Essema ដែល​ជា​ប្រធាន​គណៈកម្មការ​តំបន់​មួយ​សម្រាប់​ការ​នេសាទ​នៅ​ក្នុង​ឈូង​សមុទ្រ​ហ្គីណេ​ បាន​និយាយ​ថា បញ្ហា​នេះ​នឹង​មាន​សភាព​កាន់​តែ​អាក្រក់​ទៅៗ​ ដោយសារ​តែ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ជាច្រើន​មិន​បាន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេសាទ​របស់​ពួកគេ​នោះ​ទេ។

លោក​និយាយ​ថា​ ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិស័យ​នេសាទ​ ហើយ​នេះជា​មូលហេតុ​ដែល​សហភាព​អាហ្វ្រិក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រមុខ​រដ្ឋ​ទាំង​នោះ​បែង​ចែក​ធនធាន​ ដើម្បី​លើក​ស្ទួយ​វិស័យ​នេសាទ ​និង​ជលវប្បកម្ម។ លោក​បន្ត​ថា​ វិស័យ​នេសាទ​អាច​រក​ចំណូល​បាន​ច្រើន ដោះស្រាយ​វិបត្តិ​ស្បៀង​អាហារ​និង​អាហារ​រូបត្ថម្ភ​ ផ្តល់​ការងារ​ដល់​យុវជន​រាប់​លាន​នាក់​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ។

សហភាព​អាហ្វ្រិក​បាន​កោះ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​យុនដេ (Yaounde) កាលពី​ខែ​មុន ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ។ អ្នក​តំណាង​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​អំពាវនាវ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ទាំង​អស់​បែងចែក​ធនធាន​ឲ្យ​បាន​ច្រើន​ជាង​មុន​ទៅ​លើ​វិស័យ​នេសាទ​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​មនុស្ស​ជាង​៩០លាននាក់ ដែល​ពួកគេ​និយាយ​ថា «ធ្វើ​ការ​នេសាទ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច»។

អ្នក​តំណាង​ទាំង​នោះ​ក៏​បាន​ស្នើ​សុំ​ប្រទេស​ចិន​ឲ្យ​បញ្ឈប់​ការ​នេសាទ​បែប​បំផ្លិច​បំផ្លាញ​ និង​ឈប់​យក​ផល​ប្រយោជន៍​លើ​តំបន់​នេសាទ​របស់​បណ្តា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG