ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុនសែន​ថា​ លោក​ភ្នាល់​​ប្រដាល់​​៥ពាន់​រៀល​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាង​ស្តាំង) សំណេះ​សំណាលជាមួយ​នឹង​មេដឹកនាំ​កំពូល​នៃ​គណបក្សលោក មុន​ពេល​ចូលរួម​ពិធី​គម្របខួប៣៦ឆ្នាំ​នៃ​ការ​ដួលរលំនៃ​របបខ្មែរក្រហម​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជនកម្ពុជាកាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​មករា ឆ្នាំ២០១៥។ (រូបថត៖ AP/ហេង ស៊ីនិត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាង​ស្តាំង) សំណេះ​សំណាលជាមួយ​នឹង​មេដឹកនាំ​កំពូល​នៃ​គណបក្សលោក មុន​ពេល​ចូលរួម​ពិធី​គម្របខួប៣៦ឆ្នាំ​នៃ​ការ​ដួលរលំនៃ​របបខ្មែរក្រហម​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជនកម្ពុជាកាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​មករា ឆ្នាំ២០១៥។ (រូបថត៖ AP/ហេង ស៊ីនិត)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បានថ្លែង​ថា ​លោក​មិនភ្នាល់​លុយ​ច្រើន​នោះ​ទេ​ក្នុង​ការ​ប្រកួត​ប្រដាល់​អន្តរ​ជាតិ​រវាង​កីឡាករ​ប្រដាល់​ហ្វីលីពីន ​Manny Pacquiao ​និង​កីឡាករ​អាមេរិក​ Floyd Mayweather​ តែ​គ្រាន់តែ​ជា​ការ​ភ្នាល់​គ្នា​លេង​សើច​សប្បាយ​ប៉ុណ្ណោះ។​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើងបន្ទាប់​ពី​មាន​ការ​រិះគន់​ពី​សារព័ត៌​មាន​ជាតិ​ និង​អន្តរ​ជាតិ​ចំពោះ​ការ​ភ្នាល់​ប្រដាល់​របស់​លោក ដោយ​លោក​មិន​បាន​សង​លុយ​ជំពាក់​ទៅ​ឲ្យ​ដៃគូ​ភ្នាល់​នោះ។​

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិតនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បកស្រាយ​ថា​ ការ​ភ្នាល់​របស់​លោក​កាល​ពី​ដើម​ខែ​ឧសភា​នេះ​គឺ​មាន​ចំនួន​លុយតែ​៥​ពាន់​រៀល​លុយ​ខ្មែរតែ​ប៉ុណ្ណោះ ​មិន​មែន​៥​ពាន់​ដុល្លារ​អាមេរិក ដូច​សារព័ត៌​មាន​នានា​បាន​ចុះផ្សាយ​នោះ​ទេ។​ ​ ហើយ​ដៃ​គូ​ភ្នាល់​របស់​លោក​ទៀត​សោត​ក៏​មិន​ទទួល​ប្រាក់​ដែល​បាន​ឈ្នះ​នោះ​ដែរ ​ព្រោះ​វា​គ្រាន់​តែ​ជា​ការ​លេង​សើច។​

«ខ្ញុំ​និយាយ​លេង​សោះ​នឹង​ណា៎។ ​ភ្នាល់​គ្នា​៥​ពាន់​រៀល​ កាសែត​មិន​ដឹង​ប៉ុន្មាន​ រួមទាំង​យក​ទៅ​ចុះ​ថា​ ខ្ញុំ​ក្រឡាស់​សម្តី។ ​ខ្ញុំ​ឥឡូវ​សូម្បី​តែ​ខ្ញុំ​ប្រគល់​លុយ​៥​ពាន់​រៀល​ទៅ​ឲ្យ​អ្នកឈ្នះ​ ​ក៏​វា​លែង​យក​ដែរ​ ព្រោះ​យូរៗ​ទៅ​ជា​មាន់​ហើយ​ Floyd ​ទៅ​ជា​មាន់​ទៅ​ហើយ»។​

ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករ​ហ្វីលីពីន Manny Pacquiao និង​កីឡាករអាមេរិក Floyd Mayweather។ (រូបថត៖ Tigrigna)
ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករ​ហ្វីលីពីន Manny Pacquiao និង​កីឡាករអាមេរិក Floyd Mayweather។ (រូបថត៖ Tigrigna)

កាល​ពី​ដើម​ខែ​ឧសភា​នេះ ​លោក ​ហ៊ុន សែន ​បាន​ធ្វើ​ការ​រិះគន់​អាជ្ញា​កណ្តាល​អាមេរិក​ ក្រោយ​ពេល​ដែល​កាត់​សេចក្តី​ឲ្យ​កីឡាករ​អាមេរិក​លោក​ Floyd Mayweather​ ឈ្នះ​ការប្រកួត​នេះ​ ហើយ​លោក​បាន​ប្រកាស​ជា​សាធារណៈ​ថា លោកនឹង​មិន​សង​លុយ​ភ្នាល់​ចាញ់​នោះ​ទេ​ ព្រោះថាអាជ្ញា​កណ្តាល​លម្អៀង។​

ការ​លើកឡើងរបស់​លោក​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ពី​សំណាក់​សារព័ត៌មាន​នានា​រួមទាំង​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​អាមេរិកដ៏ល្បី​ដែល​មាន​ឈ្មោះ​ថា​ Last Week Tonight With John Oliver ​ក៏​បាន​និយាយ​អំពី​រូប​លោក​ផង​ដែរ។​

ដោយ​ឡែក​ អ្នក​វិភាគ​សង្គម​គឺលោក ​កែម ឡី​ បាន​រិះគន់​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ មិន​គួរភ្នាល់​ល្បែង​នោះ​ទេ​ ទោះ​បីជា​៥ពាន់​រៀល​ក៏​ដោយ​ ព្រោះវា​អាច​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​នាយក​រដ្ឋមន្ត្រី ​និ​ង​ប្រទេស​កម្ពុជា​ផង​ដែរ។​

«ផ្តល់​គម្រូ​មិន​ល្អ​សម្រាប់សារធារណជន​ ទាំង​អួត​ពី​រឿង​លេងអុក​ ទាំង​អួត​ពី​រឿង​លែង​កាំបូស៊ិក​ ភ្នាល់​បាល់​ពិភព​លោក​ ថ្មីៗ​ភ្នាល់​ប្រដាល់​វាយ​បុក​ទៀត​អញ្ចឹង​ណាគឺ​ផ្តល់​គម្រូមិន​ល្អ​ទេ​សម្រាប់សាធារណ​ជន​ សម្រាប់ក្មេង​ជំនាន់​ក្រោយ​ នេះ​ទីមួយ។​ ​ ទីពីរ​ ៥ពាន់​ដុល្លារ​ ឬ​៥ពាន់​រៀល​ក៏​ជា​ល្បែង​ស៊ីសង​ដែរ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​ប្រដាល់​រវាង​កីឡាករ​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao ​និង​កី​ឡាករ​អាមេរិក ​Floyd Mayweather ​កាល​ពី​ដើម​ខែ​ឧសភា​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិក​ជន​ទូទាំង​ពិភព​លោក។​ ​ហើយ​ក៏​មាន​ការ​កើត​ទុក្ខ​ មិនសុខ​ចិត្ត​ជា​ច្រើន​ពី​អ្នក​គាំទ្រ​កីឡាករ​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao​ ដោយ​ចោទ​ថា​ ​អាជ្ញា​កណ្តាល​កាត់​សេចក្តី​លម្អៀង​ ព្រោះ​អី​លោក​ ​Manny Pacquiao ​បាន​ដេញ​វ៉ៃលោក​ Floyd Mayweather ពេញ​សង្វៀន​ប្រដាល់​នោះ៕

XS
SM
MD
LG