ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​រក្សា​ជំហរ​១៧៧​ដុល្លារ​មុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការងារ


ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

ក្រុម​សហជីព​ដែល​កំពុង​ធ្វើ​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រោង​ចក្រ​ដ៏​ចម្រូងចម្រាស់​នឹង​ជួប​ប្រជុំជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​លោក អ៊ិត សំហេង ​នៅ​សប្តាហ៍​ក្រោយ​មុន​នឹង​មាន​ការធ្វើ​សេចក្តី​សម្រេច​រួមជា​ចុង​ក្រោយ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។

​លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ CCAWDU ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​តំណាង​សហជីព​ចំនួន​ប្រាំបី​នឹង​ចូល​ជួប​ពិភាក្សា​ជាមួយ​លោក​អ៊ិត សំហេង ​នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​នេះគឺ​ជា​កិច្ច​ប្រជុំពិគ្រោះ​យោបល់​លើក​ចុង​ក្រោយ​មុន​នឹង​មាន​កិច្ច​ប្រជុំ​សម្រេច​ជា​ផ្លូវការ​លើ​កម្រិត​ប្រាក់​ឈ្នួល​ទាប​បំផុត​ឬ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ក្រុម​កម្មករ​រោងចក្រ។

លោក​បន្ថែម​ថា៖ «ថ្ងៃទី​១៦​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​សហជីព​ជួប​ជជែក​អំពី​ប្រាក់ឈ្នួល​ដើម្បីឲ្យ​ក្រុម​សហជីព​ដាក់សំណើ​ផ្ទាល់»។
​ក្រុម​កម្មករ​បាន​ទាមទារ​ដំឡើង​ប្រាក់ខែ​ទាប​បំផុត​របស់​ខ្លួន​ចំនួន១៦០​ដុល្លារចាប់​តាំងពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ប៉ុន្តែ​ក្រុម​សហជីព​បាន​ដំឡើង​ការទាមទារ​ប្រាក់ខែ​គោលគោល​នេះ​ឲ្យ​ដល់​១៧៧​ដុល្លារ​ក្នុង​រយៈ​ពេល​ចុង​ក្រោយដោយ​សារ​ពួក​គេ​អះអាងថាតម្រូវការ​របស់​ក្រុម​កម្មករ​មាន​ការកើន​ឡើង។​ នេះ​បើ​យោង​តាម​ក្រុម​តំណាង​សហជីព។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅថា​ GMAC ​យល់​ព្រម​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ត្រឹមតែ​១១០​ដុល្លារ​ក្នុង​មួយខែ​តែ​ប៉ុណ្ណោះ​ហើយ​ GMAC​ គ្រោង​នឹង​ដំឡើង​ប្រាក់ខែ​ទាប​បំផុត​នេះ​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។

ទោះ​ជា​បែប​នេះ​ក្តី​កិច្ច​ប្រជុំ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ជា​ផ្លូវ​ការ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​ថ្ងៃ​ពិត​ប្រាកដ​នោះ​ទេ។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​មិន​អាច​ទាក់​ទង​បាន​ឡើយ។

លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​បានបញ្ជាក់​ថា​នៅមុន​ពេល​ដែល​មាន​ការសម្រេច​ជាផ្លូវ​ការ​ក្នុ​ង​ការ​ផ្តល់​ប្រាក់​ខែ​ទាប​បំផុត​ដល់​ក្រុម​កម្មករនៅ​ខែ​ក្រោយ ​ក្រុម​សហជីព​នឹង​ធ្វើ​យុទ្ធនាការ​ជា​ប្រចាំ​ដើម្បី​បង្ហាញ​ពីការ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​នេះ។​ យុទ្ធនាការ​នេះ​បាន​ធ្វើ​រួច​ម្តង​ហើយ​កាល​ពី​ខែ​មុន។

លោក​ រ៉ុង ឈុន​ បាន​បញ្ជាក់​ថា៖​ «យើង​នឹង​មាន​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល​បន្ត​ទៀតនៅ​ក្នុ​ងចន្លោះ​ខែ​នោះ។​ យើង​នឹង​មាន​ការប្រមូល​ផ្តុំ​កម្មករ​ដែល​នឹង​មាន​ការចូលរួម​ច្រើន។​ ហើយ​យើង​នឹង​ធ្វើ​ជំនួប​ជជែក​គ្នា។​ ហើយវា​ជា​សារ​មួយ​ដល់​ក្រសួង​ការងារ​និង​រាជរដ្ឋា​ភិបាល​ផងដែរ»។

កម្មករ​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់​និង​រោង​ចក្រស្បែក​ជើងនៅ​ក្នុងប្រទេស​កម្ពុជាបាន​កើន​ដល់​ច្រើន​ជាង​៦០០.០០០​នាក់។

ក្នុង​អំឡុង​ពេល​ការចរចា​និង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​ពួក​គេ​ដែល​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​មុន ​មានកម្មករមួយ​ចំនួន​ត្រូវ​បាន​បាញ់​សម្លាប់។​ហើយ​រហូត​មក​ទល់​ពេល​នេះ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អំពើ​ហិង្សា​មិន​ទាន់​ត្រូវ​បាន​យក​មក​កាត់ទោស​នៅ​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​តុលា​នេះ​សហជីព​ចំនួន​៥​ក្នុង​ចំណោម​សហជីព​ប្រាំបី​ដែល​ធ្វើ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​សម្រាប់​កម្មករ​នឹង​ធ្វើ​វេទិកា​មួយ​ជាមួយ​ក្រុម​កម្មករ​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ។

វេទិកា​នេះ​គឺ​ដើម្បី​ស្តាប់​ជំហរ​របស់​ក្រុម​កម្មករពី​តម្រូវ​ការ​ប្រាក់​ខែ​របស់​ពួក​គេ​សម្រាប់​ការរស់​នៅ​សម​រម្យ​មួយ។​

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ (ILO)​ បាន​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​ក្រុមកម្មករ​រោងចក្រ​ជាង​៤០​ភាគរយ​មាន​ជំងឺ​ឈាម​ចុះ​ខ្សោយ​ ស្លេក​ស្លាំងដោយសារ​មាន​របប​អាហារ​មិន​គ្រប់​គ្រាន់ហើយ​មាន​តែកម្មករ​ប្រមាណ​៣ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​មាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​បរិភោគ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG