ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកសារព័ត៌មាន​និង​ក្រុមអង្គការ​សិទ្ធិមនុស្ស នៅបូរុនឌី ប្រឆាំងនឹង​ច្បាប់​សារព័ត៌មាន​ថ្មី


ក្រុម​អ្នក​កាសែត​នៅក្នុង​ប្រទេស បូរុនឌី (Burundi) កំពុង​ប្រឆាំង​នឹង​ច្បាប់ថ្មី​មួយ។
ក្រុម​អ្នក​កាសែត​នៅក្នុង​ប្រទេស បូរុនឌី (Burundi) កំពុង​ប្រឆាំង​នឹង​ច្បាប់ថ្មី​មួយ។
ដោយ Gabe Joselow
ក្រុម​អ្នក​កាសែត​នៅក្នុង​ប្រទេស បូរុនឌី (Burundi) កំពុង​ប្រឆាំង​នឹង​ច្បាប់ថ្មី​មួយ ដែល​ពួកគេ​និយាយ​ថា​នឹង​រំលោភ​ទៅលើ​សេរីភាព​សារព័ត៌មាន។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​អាហ្រ្វិក​ខាងកើត ហ្គាបេ ចូសឡូ (Gabe Joselow) រាយការណ៍មកថា ក្រុម​អង្គការ​សិទ្ធិមនុស្ស កំពុង​បញ្ចុះបញ្ចូលលោក​ប្រធានាធិបតី ឱ្យ បដិសេធ​សេចក្តីព្រាងច្បាប់​នេះ។
កាលពី​សប្តាហ៍មុន ព្រឹទ្ធសភា​របស់​ប្រទេស បូរុនឌី បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​សារព័ត៌មាន​ថ្មី​មួយ ដែលនឹង​បង្ខំ​អ្នកកាសែត ឱ្យ​បង្ហាញ​អំពី​ប្រភព និង​ហាមឃាត់​សារព័ត៌មាន មិនឱ្យ​រាយការណ៍លើ​ប្រធានបទ​ទាំងឡាយ ដែល​ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​រសើបខ្លាំង ដែល​រួមបញ្ចូល​ទាំង​បញ្ហា​សន្តិសុខ​សាធារណៈ ការការពារជាតិ និង​សេដ្ឋកិច្ច​ជាដើម។
ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយ​ណា ដែល​អនុវត្ត​ហួស​ពី​ព្រំដែន​កំណត់​នេះ អាច​ប្រឈមមុខ​នឹង​ការផាកពិន័យ​រាប់​ពាន់ដុល្លា។
លោក បប់ រុហ្គុរីកា (Bob Rugurika) និពន្ធនាយកនៃ​វិទ្យុ​សាធារណៈ​អាហ្រ្វិក (Radio Publique Africaine) ឬ​ហៅកាត់​ថា RPA នៅ​បូរុនឌី និយាយ​ថា ការដាក់កំហិតនេះ មិនអាច​ទទួលយក​បាន​ទេ។
លោក​និយាយ​ថា មាន​ការដាក់កំហិត​ជាច្រើន។ ចូរ! ស្រមៃ​ទៅមើល ថា ច្បាប់​ហាមឃាត់​យើង​មិនឱ្យរាយការណ៍អំពី​ព័ត៌មាន​ទាំងឡាយ ស្តីអំពី​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច រូបិយវត្ថុ។
ក្រុម​អង្គការ​សិទ្ធិមនុស្ស ដែល​រួមទាំង​គណៈកម្មការ​ដើម្បី​ការពារ​អ្នកសែត (Committee to Protect Journalists) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី ព្យែរ៍ អ៊ិនគុរុនហ្សីហ្សា (Pierre Nkurunziza) បដិសេធ​ច្បាប់ថ្មី​នេះ ដែល​ពួកគេ​និយាយ​ថា​បានបំផ្លាញ​ដល់​សេរីភាព​សារព័ត៌មាន។
សេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សម្លេង​ភាគច្រើន​លើសលុប ទាំង​នៅក្នុង​រដ្ឋសភាជាតិ និង​ព្រឹទ្ធសភា ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​គណបក្ស​កាន់​អំណាច ចាប់តាំងពី​គណបក្ស​ប្រឆាំង បាន​ធ្វើពហិការ​មិនចូលរួម​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយបង្អស់​ កាល​ពីឆ្នាំ​២០១០។ ក្រុម​អ្នក​តាក់​តែង​ច្បាប់​ ​បាន​និយាយ​ថា សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ការពារ​ប្រជាពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​នេះ។
នាយក​នៃ​សារព័ត៌មាន RPA ដែលមាន​និន្នាការ​ទៅរក​អតីត​គណបក្ស​ប្រឆាំង បាន​ចាប់ផ្តើម​រៀបចំ​ញត្តិ​មួយ ដែល​ជំរុញ​ឱ្យ​សហគម​អន្តរជាតិ ដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​រដ្ឋាភិបាល។
លោក រុហ្គុរីកា និយាយ​ថា ពួកគេ​កំពុង​ព្យាយាម​«ធ្វើឱ្យ​ពិភពលោក​បាន​ដឹង»។
លោក​និយាយ​ថា លោក​នាយក​សារព័ត៌មាន បាន​ផ្ញើញត្តិ​ទៅកាន់​ព្រឹទ្ធសមាជិក​និង​អ្នកនយោបាយ​អាមេរិកាំង ពីព្រោះ​អ្នក​ទាំងនោះ​គឺជា​ដៃគូ​របស់​រដ្ឋាភិបាល​របស់​យើង។ ពួកគេ​អាច​ជួយយើង ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​យល់ឃើញថា ពួកគេ​កំពុង​ធ្វើដំណើរ​ទៅកាន់​ទិសដៅ​ខុសឆ្គង​មួយហើយ។
រដ្ឋាភិបាល​របស់​ប្រទេស បូរុនឌី មាន​ប្រវត្តិថ្មីៗ​មួយស្តីពី​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​អ្នកកាសែត។
លោក រុហ្គុរីកា ខ្លួនឯង​ត្រូវបាន​ឃុំឃាំង​ជាច្រើនដង​ដោយក្រុម​ប៉ូលីស នៅក្នុង​រយៈពេល​ពីរបី​ឆ្នាំ​កន្លង​មកនេះ។ នៅក្នុង​ឆ្នាំ​២០១១ លោក​ត្រូវបាន​សួរចម្លើយ​អស់រយៈពេល​១០ម៉ោង បន្ទាប់​ពីលោក​បាន​ផ្សាយ​បទសម្ភាសន៍​មួយ ដែលបង្ហាញ​អំពីការជាប់ទាក់ទង​របស់​កងកម្លាំង​របស់​រដ្ឋ នៅក្នុង​អំពើ​សម្លាប់​រង្គាល​មួយ ដែល​បាន​សម្លាប់​មនុស្ស​អស់​៤០នាក់។ កាល​ពីខែមីនា អាជ្ញាធរ​បាន​ដោះលែង លោក ហាសសាន រុវ៉ាគុគី (Hassan Ruvakuki) ដែល​ជាអ្នក​កាសែត​មួយរូប ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំ​២០១១ ក្រោមការចោទប្រកាន់​ពីបទ​ភេរវកម្ម បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស តង់ហ្សានី (Tanzania)។ លោក​និយាយ​ថា លោក​គ្រាន់តែ​ធ្វើ​កិច្ចការ​របស់​លោក​តែប៉ុណ្ណោះ​នៅពេល​នោះ ហើយ​ការចោទប្រកាន់​ត្រូវបាន​បន្ធូបន្ថយ​វិញ នៅក្នុង​កំឡុងពេល​នៃ​ការប្តឹង​ឧទ្ធរ​របស់​លោក៕
ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG