ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដំឡើង​ផ្កាយ​ច្រើន​ដល់​យោធា​រងការរិះគន់


ឧត្តមសេនីយ៍​ខ្មែរ​និង​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​នៅ​ថ្ងៃ​១២ វិច្ឆិកា ២០១៣ ដើម្បី​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្រោយ​​សេចក្តី​សម្រេច​តុលាការ​ទី​ក្រុង​ឡាអេ។
ឧត្តមសេនីយ៍​ខ្មែរ​និង​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​នៅ​ថ្ងៃ​១២ វិច្ឆិកា ២០១៣ ដើម្បី​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្រោយ​​សេចក្តី​សម្រេច​តុលាការ​ទី​ក្រុង​ឡាអេ។
កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ប្រទេស​កម្ពុជា​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ដល់​មន្ត្រី​ជាន់​ខ្ពស់យោធា​ចំនួន​២៩​រូបដែល​ជា​ឋានន្តរសក្តិ​កំពូល​ក្នុង​កងទ័ព​កម្ពុជា។

​ការបន្ថែម​ឋានន្តរសក្តិ​នេះ​ធ្វើ​ឡើងប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ចំនួន​ប្រាំមួយ​រូប​ត្រូវ​ដំឡើងជា​ឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន។

លោ​កបណ្ឌិត​កែម ឡី ​អ្នកវិភាគ​ការអភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍ថាការដំឡើងឋានៈ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​នេះជួយ​បង្កើន​ភាព​ចំណេញ​ក្នុង​ផ្នែក​ការពារ​អំណាច​របស់​រដ្ឋា​ភិបាល​សព្វថ្ងៃ​ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ខូច​តម្លៃ​នាយ​ទាហាន​ជាន់​ខ្ពស់។

«ភាព​ចំណេញ​របស់​រដ្ឋា​ភិបាល​គឺ​ទី​១​អ្នក​ដែល​សកម្ម​ត្រូវ​បាន​លើក​ទឹក​ចិត្ត​បន្ថែម ​ទី២​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​នឹង​មេ​កើយ​ខ្លួន ​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វា​កាន់​តែ​មាន​កិច្ច​សន្យា​ស្មោះ​ស្ម័គ្រថែម​ទៀត។​ហើយ​ចំណេញ​ទី​៣​ដំណែង​កើន​បន្ត​ទៀត​ធ្វើ​ឲ្យ​ឧត្តម​សេនីយ៍ក្រោមៗ​ឡើង​ទៅ​ផ្កាយ​ពីរ​ផ្កាយ​បី។ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​មាន​ការ​ខាត​បង់​ច្រើន​គឺ​ទី​១​ខាត​ថវិកា​ត្រូវ​ឧបត្ថម្ភ​ថែម ​ទី​២​អស់​តម្លៃ​ដោយ​សា​រ​មាន​ច្រើន​ហួស​ហេតុ ហើយ​ទី​បី​គ្រាន់​តែ​ជាយុទ្ធ​សាស្ត្រ​ពង្រឹង​អំណាច»។

​ក្នុង​ចំណោម​មន្ត្រី​យោធា​ដែល​ឡើង​ឋានន្តរសក្តិ​ទាំង​នេះ​រួម​មាន​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិមួយ​រូប ​គឺ​លោកឯល វ៉ាន់សារ៉ាត ​លោក​ឧត្តម​សេនីយ៍​ឈុំ សុជាតិ ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ រួមទាំង​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​លោកកែវ ពង្ស​និង​លោកសុខ​ភាព ​ត្រូវ​បំពាក់​ផ្កាយ​មាស​បួន​ដំណាល​គ្នា​ជាមួយ​នឹង​អនុរដ្ឋ​លេខាធិការ​ចំនួន​ប្រាំ​ពីរ​រូប​ផ្សេង​ទៀត។ ក្រៅ​ពីនោះ​មាន​អគ្គមេបញ្ជាការរង​ចំនួន​ប្រាំពីររូប​ដូចជា​លោក​ដុំ ហាក់​ ដែល​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​លោកគៀង សាវុធ ​លោកអ៊ុង សំខាន់​និង​លោកឧត្តម​សេនីយ៍​ឈិន ចាន់ពណ៌។​

​បន្ថែមពី​នោះ​មាន​អគ្គលេខា​ធិការ​និង​អគ្គ​លេខាធិការ​រង​ក្រសួង​ការពារជាតិ ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​ផ្សេងៗ។​ដោយឡែក​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោកទៀ វិញ ​ដែលត្រូវជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ក៏ត្រូវ​ដំឡើងឋានៈ​ពី​ឧត្តមនាវី​ផ្កាយ​បី​ទៅ​ជា​ឧត្តម​នាវី​ផ្កាយ​បួន​ជាមួយ​នឹងមេបញ្ជាការ​កងទ័ព​ជើង​អាកាស​លោក​សឹង សំណាង​ផងដែរ។

គេ​សង្កេត​ឃើញ​ការ​ដំឡើងឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ពិសេស​ក្នុង​ជួរ​យោធា​បានកើត​ឡើងផុល​ផុស​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ​រវាង​កង​ទ័ព​កម្ពុជា​និង​កង​ទ័ព​ថៃ​ដែល​បាន​ចូល​លុកលុយ​នៅ​តំបន់​ព្រំដែន​ក្បែរប្រាសាទ​ព្រះវិហាររបស់​កម្ពុជា។

​ក៏​ប៉ុន្តែ​ការដំឡើងឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​បាន​កើត​ឡើងបន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធត្រូវ​គេ​អះអាង​ថា​បាន​បាញ់​បង្រ្កាប​ក្រុម​បាតុករ​ដែល​ជាជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ។

មនុស្ស​ចំនួន​ប្រាំមួយ​ទៅ​ប្រាំពីរ​នាក់បាន​ស្លាប់​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

យោង​តាម​ឯកសារ​បរទេស​ ឧត្តមសេនីយ៍​កង​ប្រដាប់​អាវុធ​កម្ពុជា​មាន​ចំនួន​រាប់​ពាន់​នាក់។​ប៉ុន្តែ​ឯកសារ​ខ្លះ​បញ្ជាក់​ថា​ឧត្តម​សេនីយ៍​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​២.២០០​នាក់​ដោយ​រាប់​ទាំង​ឧត្តម​សេនីយ៍​ផ្កាយ​ប្រាំ​ដែល​ឧត្តម​សេនីយ៍​ផ្កាយ​ប្រាំ​នេះមាន​លោក​ហេង ​សំរិន ​ប្រធាន​រដ្ឋ​សភា ​លោក​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ខណៈ​ដែល​កងទ័ព​កម្ពុជា​មាន​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​និង​ចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាង​១៤​លាន​នាក់។
​ដោយឡែក​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ឧត្តម​សេនីយ៍​មាន​ចំនួនតិច​ជាង១​៥០០​នាក់​តែ​ប៉ុណ្ណោះ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ជាង​១,៤​លាន​នាក់​ ​និង​សម្រាប់​ប្រជា​ពល​រដ្ឋអាមេរិក​ជាង​៣១៥​លាន​នាក់។

លោក​បណ្ឌិត​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិក​មាន​ប្រសាសន៍​ថាការ​លើកទឹក​ចិត្ត​ផ្នែក​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ស្ថិរ​ភាព​នៅឡើយ។

«បើ​ធៀប​ទៅ​នឹង​ប្រទេស​ខាង​ក្រៅ​ឧត្តម​សេនីយ៍​នៅ​កម្ពុជា​ហាក់​ដូច​ជា​មាន​ចំនួន​លើស​លុប​ពេក​ហើយ។​មួយវិញ​ទៀត​ក៏​បង្ហាញ​ពី​និរន្ត​ភាព​របស់​ប្រទេស​ដែរ​ប្រសិន​បើ​មាន​ឧត្តមសេនីយ៍​ច្រើន​ មាន​កងទ័ព​ច្រើន​ធ្វើ​សកម្មភាព​គឺ​មាន​ន័យ​ថា​ប្រទេស​នោះ​មិន​ទាន់​មាន​ស្ថិរភាព​នៅ​ឡើយ​ទេ»។

​សម្រាប់​លោកយ៉ែម បុញ្ញឫទ្ធិ​ តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញការ​ដំឡើងឋានៈ​ជា​មេ​បញ្ជាការ​យោធា​ច្រើន​ហួស​នឹង​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។

«មាន​នាយ​ទាហាន​ដ៏​ច្រើន​ហើយ​ចំណែក​ឯ​កូន​ទាហាន​មាន​ចំនួន​តិចតួច​គឺ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ក្នុង​ករណី​ដែល​ប្រទេស​យើង​មាន​ចម្បាំង​ឬ​ប្រទេស​យើង​មាន​បញ្ហា​អ្វី​មួយ»។

​ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ ​លោកឧត្តមសេនីយ៍​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិបាន​ថ្លែង​នៅ​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិនាយ​ឧត្តមសេនីយ៍ ​ផ្កាយ​មាស​បួន​ដល់​មន្ត្រី​យោធា​ទាំង​២៩​រូប​កាល​ពី​ពីរ​សប្តាហ៍​មុនដោយ​ច្រាន​ចោល​ការរិះ​គន់​អំពី​អ្វី​ដែល​គេធ្លាប់​ឮ​កន្លងមក​ថា​មាន​អតិផរណា​ថា្នក់​ឧត្តម​សេនីយ៍​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា។

លោកទៀ​ បាញ់​ បាន​លើក​ឡើងថា​គេ​មិន​អាច​ប្រៀប​ធៀប​ចំនួន​ឧត្តមសេនីយ៍​យោធា​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ​លោក​ថា ​ទីនេះ«​គឺ​ប្រទេសកម្ពុជា»។

«ថ្មី​បំផុត​នេះ​បាន​ប្រៀប​ធៀប​សហរដ្ឋ​អាមេរិក​ថា​មិន​មាន​ឧត្តមសេនីយ៍​ស្មើ​ពាក់​កណ្តាល​នឹង​ឧត្តម​សេនីយ៍​កម្ពុជា​ផង។​នោះ​គឺ​សហរដ្ឋ​អាមេរិក។​វា​មិន​មែន​កម្ពុជា។​ឈ្មោះ​ក៏​ខុស​គ្នា​អ្វីៗ​ក៏​ខុស​គ្នា​ហើយ​នេះ​ក៏​យើង​ឃើញ​ថា​សមរម្យ​ដែរ។ ​នៅ​តែ​មោទនភាព​សម្រាប់​ជាតិ​យើង​តែ​យើង​ឃើញ​ថា​(ឧត្តម​សេនីយ៍)​របស់​យើង​ល្មម។​ធ្វើអីយើង។​វាត្រូវ​តែអញ្ចឹង។​នេះ​គឺ​កម្ពុជា»។

ប្រទេស​កម្ពុជា​ដែល​ឆ្លង​កាត់​សង្គ្រាម​បែប​ទ័ព​ព្រៃ​ផង​និង​ទ័ព​រដ្ឋា​ភិបាល​ផងតម្រូវ​ឲ្យ​ទទួល​យក​ការ​ហ្វឹក​ហាត់​កង​ទ័ព​របស់​ខ្លួន​ឲ្យ​ទៅ​ជា​កង​ទ័ព​អាជីព​មួយ​ពិត​ប្រាកដ។

​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​យោធា​មិន​សម​ស្រប​នឹង​នាំ​ឲ្យ​ការ​ចំណាយ​កាន់​តែ​ខ្ពស់សម្រាប់​ប្រទេស​ក្រី​ក្រ​នេះ​ហេតុ​ដូច្នេះ​ហើយ​បាន​ជាសហគមន៍​អន្តរជាតិ​បាន​ផ្តល់​យោបល់​ដល់​កម្ពុជា​ឲ្យ​កែ​សម្រួល​កង​ទ័ព​របស់​ខ្លួននៅ​ឆ្នាំ​១៩៩៨​ជា​ពិសេស​ទាក់ទង​នឹង​អតិផរណា​នៃ​ឋានន្តរសក្តិក្រោយ​ពី​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អតីត​កងទ័ព​តស៊ូ​និង​កងទ័ព​រដ្ឋា​ភិបាល។

​យោង​តាម​ឯកសារ​នៃ​គណៈកម្មា​ធិការ​និតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា(Cambodian Rehabilitation and Development Board)​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ប្រទេស​ផ្តល់​ជំនួយ​កាល​ពី​ឆ្នាំ​២០០២​ ប្រទេស​កម្ពុជាមាន​គម្រោង​កាត់​រំសាយ​កង​ទ័ព​ចំនួន​៥៥.០០០​នាក់​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​គឺ​ពី​ឆ្នាំ១៩៩៨​ដល់​ឆ្នាំ​២០០៣ ​ក្រោម​ជំនួយ​របស់​ធនាគារ​ពិភព​លោក។

ប៉ុន្តែ​ដោយសារ​អំពើ​ពុក​រលួយ​ការ​កាត់​រំសាយ​កងទ័ព​បាន​បញ្ឈប់​នៅ​កណ្តាល​ទី។​មាន​តែ​កងទ័ព​ចំនួន​១៥.០០០​នាក់ប៉ុណ្ណោះ​បានវិល​ត្រឡប់​ទៅ​កាន់​ជីវភាព​ស៊ីវិល​វិញ។

ប្រទេស​កម្ពុជា​បាន​ចំណាយ​លើ​វិស័យ​យោធា​កាល​ពី​ឆ្នាំ​២០១១​ចំនួន​១៩១​លាន​ដុល្លារ​អាមេរិក។ប៉ុន្តែការ​ចំណាយ​នេះ​បាន​កើន​ដល់ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ឬ​ស្មើ​នឹង​ប្រហាក់​ប្រហែល​៣ភាគ​រយ​នៃ​ផលិត​ផល​ដុល​សរុប។

ឯកសារ​បរទេស​បង្ហាញ​ថា​កងទ័ព​កម្ពុជា​អន់ខ្សោយ ​មាន​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ចាស់ៗ​និង​បច្ចេកវិទ្យា​មិនសូវ​ជឿនលឿន។​បន្ថែម​ពីនោះ​ទៀត​មាន​ឧត្តមសេនីយ៍​យោធា​ជាច្រើន​លើស​លុប​ទៀត​ផង។

ការ​ចំណាយ​នេះប្រហាក់​ប្រហែល​នឹង​ជាង៣០​ដង​ទាប​ជាង​ការ​ចំណាយ​ផ្នែក​យោធា​របស់​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​គូ​ជម្លោះ​របស់​កម្ពុជា​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​និង​បញ្ហា​ព្រំ​ដែន។

ការសិក្សា​មួយ​របស់មូលនិធិ​សិក្សា​សង្គម​នយោបាយ​FASAPO ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម ​និង​កម្ពុជា​ធ្លាប់​មាន​កិច្ច​ព្រម​ព្រៀង​នឹង​គ្នា​ហើយ​ក្រោយ​ពី​ឆ្នាំ​ ១៩៨៩​មាន​ជំនាញ​ការ​កងទ័ព​វៀត​ណាម​ចំនួន​១.១៩៩​នាក់​បាន​ជួយ​កង​ទ័ព​កម្ពុជា។

លោកបណ្ឌិត​ឡៅ ម៉ុង​ហៃ ​អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ការលើក​ដំឡើង​បុណ្យ​សក្តិផ្នែក​កង​ទ័ពមាន​លំនាំ​ដូច​ប្រទេស​វៀតណាម។

​លោក​បញ្ជាក់​ថា​ការ​លើ​ក​ទឹកចិត្ត​នេះ​ដើម្បី​ភាព​ស្មោះ​ស្ម័គ្រដល់​បក្ស​កុម្មុយនិស្ត។​

ក៏ប៉ុន្តែ​លោក​ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​អះអាងថា​ការ​ដំឡើងបុណ្យ​សក្តិជា​នាយឧត្តម​សេនីយ៍​ផ្កាយ​បួនគឺ​ដោយសារ​គុណ​សម្បត្តិ​ការ​ងារ​របស់​មន្ត្រី​ទាំង​នោះ​នា​ពេល​កន្លងមក។

«វាត្រូវ​តែ​ទទួល​ស្គាល់​អំពី​កិច្ច​ការ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​នៃ​ការ​រួម​ចំណែក​ការងារ​របស់​ជាតិ​មាតុ​ភូមិ​ជា​ពិសេស​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នេះ»។

​ មូលនិធិ​សិក្សា​សង្គម​នយោបាយ​FASAPO​បានរៀបរាប់​ថា​កង​ប្រដាប់​អាវុធត្រូវ​គេ​ចង្អុល​ថា​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្មជា​បន្ត​បន្ទាប់។​ជាក់​ស្តែងមានជន​ស៊ីវិល​ស្លាប់​យ៉ាង​តិច​២៦៣​នាក់​ចន្លោះ​ពីខែមករា ​ឆ្នាំ​១៩៩៧​ដល់​តុលា​ឆ្នាំ ១៩៩៨ ​ដោយ​សារ​ភា្នក់​ងារ​របស់​រដ្ឋា​ភិបាលដែល​ពាក់​កណ្តាលនៃ​ភ្នាក់​ងារទាំង​នោះ​គឺជា​យោធា។​

ផ្អែក​តាមរបាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ចន្លោះពី​ខែ​មករា​ឆ្នាំ​១៩៩៩​ដល់​ខែ​ធ្នូ​ឆ្នាំ​២០០១មាន​ករណី​ឃាតកម្ម​ចំនួន​១៣០បាន​កើត​ឡើង​ហើយ​កងយោធា​មាន​ការ​ជាប់ពាក់ព័ន្ធ​ចំនួន​៤៦​ករណី​ក្នុង​ឃាតកម្ម​នេះ។ កង​រាជ​អាវុធហត្ថ​ជាប់​ពាក់​ព័ន្ធ១៩​ករណី​និង​កង​ប៉ូលិស​ពាក់​ព័ន្ធ​២៩​ករណី៕
XS
SM
MD
LG