ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ហ្សីមបាវេ ចង់ចូលរួម​ក្នុង​ការធ្វើគោលនយោបាយ​​អំពី​មេរោគ​អេជអាយវី


ការអប់រំ​យុវជន​គឺមាន​សារសំខាន់ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​នេះ។
ការអប់រំ​យុវជន​គឺមាន​សារសំខាន់ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​នេះ។

ជាង​១៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ហ្សីមបាវេ ដែលមាន​អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ឆ្លង​​មេរោគ​នេះ។ នេះ​គឺជា​អត្រា​ឆ្លង​ខ្ពស់ជាង​គេ​បំផុត​លំដាប់​ទីប្រាំ​នៅលើ​ពិភពលោក។

ប្រែសម្រួលដោយ ឌី ខាំបូលី
ក្រុម​យុវជននៅ​ប្រទេស ហ្សីមបាវេ (Zimbabwe) បាន​ប្រាប់​ក្រុមមន្រ្តី​រដ្ឋាភិបាល​របស់​ពួកគេ​ថា ប្រទេស​នេះអាច​សម្រេច​គោលដៅ​ឆ្នាំ​២០១៥​របស់​ខ្លួន​ស្តីអំពី​អត្រា​ឆ្លង​មេរោគ​អេជអាយវី​ (HIV) ក្នុង​កម្រិត​សូន្យបាន​ លុះត្រាតែ​ពួកគេ​ចូលរួមចំណែក​ក្នុង​ការបង្កើត​គោល​នយោបាយនោះ​ដែរ។ សេបាស្ទៀន អ៊ឹមហូហ្វុ (Sebastian Mhofu) រាយការ​ពី​ទីក្រុង ហារ៉ារី (Harare) ស្តីអំពី​យុទ្ធសាស្រ្ត​ថ្មីជា​យថាហេតុ​នៅក្នុង​ប្រទេស​មួយ ដែលមាន​អត្រាមេរោគ​អេជអាយវី​និងជំងឺ​អេដស៍​ ខ្ពស់ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក។
ក្រុម​យុវជនហ្សីមបាវេ បានទះដៃ​អបអរសាទ បន្ទាប់ពី​បានប្រគល់ជូនការ​ទាមទារ​របស់​ពួកគេ ទៅកាន់​រដ្ឋាភិបាល ​នៅ​សប្តាហ៍​នេះ នៅឯ​កិច្ច​ប្រជុំ​ស្តីពី​យុទ្ធសាស្រ្ត​ពិសេស​មួយ ស្តីអំពី​ការប្រយុទ្ធប្រឆាំងនឹង​មេរោគ​អេជអាយវី​និង​ជំងឺអេដស៍។
តំណាង​យុវជន​ប្រហែលជា​១០០​នាក់ បានចូលរួមការប្រជុំនេះ​ ហើយ​បាន​អះអាងថា ការចូលរួម​របស់​ពួកគេ​គឺជា​គន្លឹះ។
យឺកៃ ម៉ុតាហ្សូ (Yeukai Mutazo) ដែលមាន​អាយុ​២៣​ឆ្នាំ​ មក​ពី​បណ្តាញយុវជន​ស្តីអំពី​សុខភាព​បន្តពូជ អេជអាយវី និង​អេដស៍ (Young People’s Network on Sexual Reproductive Health HIV/AIDS) ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នេះ។
«ខ្ញុំ​ត្រូវតែ​គាំទ្រឲ្យ​មាន​ការផ្លាស់ប្តូរក្នុងនាម​ជាយុវជន​មួយ​រូប។ ទោះបីជា​វាជាស្ថានភាពបន្ទាន់​ថ្នាក់ជាតិក៏ដោយ បញ្ហា​មេរោគ​អេជអាយវី​នេះ ដែល​យើង​កំពុងតែ​និយាយថា ​អ្វីៗ​គ្រប់​យ៉ាងដើម្បី​យុវជន។ ប្រសិន​បើ​គ្មាន​យុវជនទេ​ វា​ជា​ប្រឆាំងនឹង​យុវជន»។
យុវជន​ ម៉ុតាហ្សូ កត់សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេជអាយវី នៅ​ហ្សីមបាវេ គឺជាក្រុមយុវជន។ ជាង​១៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ហ្សីមបាវេ ដែលមាន​អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ឆ្លងមេរោគ​នេះ។ នេះ​គឺជា​អត្រា​ឆ្លង​ខ្ពស់ជាង​គេ​បំផុត​លំដាប់​ទីប្រាំ​នៅលើ​ពិភពលោក។
កាល​ពីឆ្នាំ​១៩៩៩ ប្រទេស​ហ្សីមបាវេ បានក្លាយ​ទៅជា​ប្រទេស​ដំបូង​បំផុត​នៅក្នុង​ទ្វីបអាហ្រ្វិក ដែល​បានដាក់ចេញ​នូវពន្ធលើ​ប្រាក់ខែ​ចំនួន​៣ភាគរយ ដើម្បី​ប្រមូល​ថវិការ​សម្រាប់​ការព្យាបាល​ជំងឺ​អេដស៍​និង​កម្មវិធី​ទប់​ស្កាត់​ទាំងឡាយ។ ប៉ុន្តែ ក្រុមសកម្មជន​បាន​ត្អូញត្អែរ​ថា ថវិការ​នោះ​មិនត្រូវបាន​ផ្តល់​ឱ្យ​កន្លែង​ដែលគួរ​ត្រូវបាន​ផ្តល់​ឱ្យ​នោះទេ។ ​អ្នកជំងឺ​ជាច្រើន ​នៅតែ​មិនទាន់អាចទទួលបាន​ថ្នាំ ដែល​ចាំបាច់​ដើម្បី​ពន្យា​ជីវិត​ដោយសារ​មេរោគ​នេះនៅឡើយ។
ក្រុម​សកម្មជន​គិតថា ពួកគេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន។ លោកស្រី ម៉ាដេលីន ឌូប៊ី (Madeline Dube) នៃ​ក្រុមប្រឹក្សា​ជាតិ​ ហ្សីមបាវេសម្រាប់​ជំងឺ​អេដស៍ (Zimbabwe’s National AIDS Council) ថ្លែងថា លោកស្រីបាន​ឮ​ការអំពាវនាវ​របស់​ពួកគេឳ្យ​ចាត់វិធានការ​ ហើយ​នឹង​បញ្ចូល​ពួកគេនៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ​ផង​ ដើម្បី​សម្រេច​ឱ្យ​បាននូវគោលដៅ​របស់​ប្រទេស​ ដែល​គ្មាន​ការឆ្លង​មេរោគ​អេជអាយវីថ្មីៗ​ទៀត​ នៅក្នុង​រយៈពេល​តែ​បីឆ្នាំ​ប៉ុណ្ណោះ។
«យើង​បាន​សម្រេច​ថា ក្នុងនាម​ជា​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ជំងឺអេដស៍ យើង​គួរតែ​មាន​តំណាង​នៅក្នុង​អង្គការនេះ​ គឺ​អ្នកដែល​សម្របសម្រួល​ការងារ​របស់​ក្រុម​យុវជន ទាក់ទងនឹង​បញ្ហាមេរោគអេជអាយវី​និងជំងឺអេដស៍។ ឥឡូវនេះ យើង​មាន​បណ្តាញ​យុវជនស្តីអំពី​សុខភាព​បន្តពូជ អេជអាយវី​ និង​អេដស៍»។
យុវជន ម៉ុតាហ្សូ និយាយ​ថា ការអប់រំដ៏ប្រសើរជាង​មុន ​នៅតាមសាលា​រៀន​សាធារណៈ គឺជា​ផ្នែក​មួយ​នៃ​របៀបវារៈ​របស់​បណ្តាញ​យុវជន។
«អ្វី​ដែល​យើង​ចង់​បង្កើត​ឱ្យមាន​ជាសម្លេង​ គឺជា​បញ្ហានៃ​ការអប់រំ​អំពី​បញ្ហា​ផ្លូវភេទ​ដ៏​គ្រប់​ជ្រុង​ជ្រោយ​ ដែល​គួរត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​របស់​សាលា​នៅប្រទេស ហ្សីមបាវេ។ ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​គឺថា ប្រជាពលរដ្ឋ​គួរដឹង​អំពី​សិទ្ធិ​ផ្លូវភេទ​និង​ការបន្តពូជ​របស់​ពួកគេ ព្រមទាំងសុខភាព​របស់​ពួកគេផង​ដែរ។ ដូច្នេះ នៅពេល​ដែល​ពួកគេ​ទទួលបាន​ការបង្រៀន​នៅតាម​សាលា ពួកគេ​នឹង​មាន​ការប្រយ័ត្នប្រយែង នៅ​ពេលពួកគេ​ធំ​ពេញវ័យ។ ពួកគេនឹង​ត្រូវបាន​ផ្តល់សិទ្ធិអំណាច ហើយ​នឹង​ដឹង​ថាតើ​ត្រូវ​ថែរក្សា​សុខភាព​របស់​ពួកគេយ៉ាង​ដូចម្តេច»។
តាទៀណា ស៊ូមីលីណា (Tatiana Shoumilina) ដែល​ដឹកនាំ​កម្មវិធី​អេដស៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​ហ្សីមបាវេ យល់ស្រប​ថា ការអប់រំ​យុវជន​គឺមាន​សារសំខាន់ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​នេះ។
ក្រុម​យុវជន​ក៏ត្រូវ​ការតំណាង​បន្ថែម​ទៀត នៅក្នុង​ក្រុមប្រឹក្សា​ជាតិ​ស្តីពី​ជំងឺអេដស៍ ដែល​ជា​អង្គភាព​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល៕
XS
SM
MD
LG