ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​អ៊ុយក្រែន​ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​និង​ដ្រូន


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពិនិត្យបន្ទាយថ្មីសម្រាប់ទាហានអ៊ុយក្រែន នៅជិតព្រំដែនរុស្ស៊ី ក្នុងតំបន់ Sumy ប្រទេសអ៊ុយក្រែន ថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពិនិត្យបន្ទាយថ្មីសម្រាប់ទាហានអ៊ុយក្រែន នៅជិតព្រំដែនរុស្ស៊ី ក្នុងតំបន់ Sumy ប្រទេសអ៊ុយក្រែន ថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤។

អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើអ៊ុយក្រែននៅ​ពេលយប់​ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​នាំផ្លូវ៣គ្រាប់​និង​ដ្រូន​ប្រភេទ Shahed៤ គ្រឿង។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​រាយការណ៍​ពី​ការបំផ្លាញ​ដ្រូន​ទាំង​៤គ្រឿង ដោយ​ការបាញ់​ទាក់​ស្កាត់​ដែល​ធ្វើ​ឡើង​នៅ​តំបន់ Khmelnytskyi, Zhytomyr, Kirovohradនិង Cherkasy។

លោកAndriy Raykovychអភិបាល​តំបន់ Kirovohradបាន​និយាយ​ថា​មាន​ការឆេះ​ដ៏​តូច​មួយ​ដោយសារ​ការវាយ​ប្រហារ​នេះ ក៏ប៉ុន្តែ​បាន​រាយការណ៍​ថា​មិន​មាន​មនុស្ស​រងរបួស​ទេ។

កងទ័ព​អាកាស​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​បាន​ដៅ​ការវាយ​ប្រហារ​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗពី​ការខូចខាត​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​មួយ​ឱ្យ​ក្លាយ​ជា​ច្បាប់​ដែល​បញ្ចុះ​អាយុ​បម្រើ​យោធា​ពី២៧ឆ្នាំ​ទៅ២៥ឆ្នាំ។

សេចក្តីព្រាងច្បាប់​នោះ​បង្កើន​ចំនួន​ជន​ស៊ីវិលក្នុង​កងទ័ព​អ៊ុយក្រែន​ដែល​អាច​ធ្វើការ​ប្រយុទ្ធ ជា​អ្វី​ដែល​យោធា​បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ជា​ច្រើន​ខែ​មក​ហើយ។

សេចក្តីព្រាងច្បាប់​នោះ​កើត​មាន​ឡើង​នៅពេល​ដែល​អ៊ុយក្រែន​ដោះស្រាយ​ការបាត់ បង់​យោធា​នៅ​ក្នុង​រយៈពេល​ជាង២ឆ្នាំ​មក​នេះ​ក្រោយ​ពី​ការឈ្លានពាន​ដោយ​រុស្ស៊ី។

លោកZelenskyy បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អ៊ុយក្រែន​មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters

XS
SM
MD
LG