ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធានាគារ​ពិភពលោក​យល់​ថា ​វៀតណាម​ជា​អ្នក​ឈ្នះ​ក្នុង​កិច្ចព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក


ផែន​ទី​បង្ហាញ​ពីប្រទេស​​វៀតណាម​។ ធានាគារ​ពិភពលោក​យល់​ថា ​វៀតណាម​ជា​អ្នក​ឈ្នះ​ក្នុង​កិច្ចព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។
ផែន​ទី​បង្ហាញ​ពីប្រទេស​​វៀតណាម​។ ធានាគារ​ពិភពលោក​យល់​ថា ​វៀតណាម​ជា​អ្នក​ឈ្នះ​ក្នុង​កិច្ចព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ក្រុម​អ្នក​វិភាគ​និយាយ​ថា សេដ្ឋកិច្ច​វៀតណាម​​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ខ្លាំង​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​​រវាង​ប្រទេស​ចំនួន១២ ដែល​ត្រូវ​បាន​ហៅ​ថា កិច្ច​ព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP)។

ក្រុម​អ្នក​វិភាគ​និយាយ​ថា សេដ្ឋកិច្ច​វៀតណាមនឹង​ទទួល​បាន​ផល​ប្រយោជន៍​ខ្លាំង​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចំនួន១២ ដែល​ត្រូវ​បាន​ហៅ​ថា កិច្ច​ព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​នា​ពេល​បច្ចុប្បន្ន​ កិច្ច​ព្រមព្រៀង​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​ដើម្បី​អនុម័ត​ដោយ​សមាជិក​សភា​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​នីមួយៗ។ ប្រទេស​នេះមាន​ទីផ្សារ​គូរ​ឲ្យ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​បរទេស ​ក៏ដូចជា​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​ជាង​គេ​មួយ​នៅ​តំបន់​អាស៊ី។ វៀតណាម​ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​នឹង​ក្លាយ​ជា​គូប្រជែង​មួយ​របស់​ចិន។

លោក Sandeep Mahajan​ អ្នក​សេដ្ឋកិច្ច​ធនាគារ​ពិភពលោក​ប្រចាំ​ទីក្រុង​ហាណូយ បាន​និយាយ​ថា វៀតណាម​ដែល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​មួយ មាន​ភាព​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង ​TPP ​ដែល​ប្រទេស​ទាំង​អស់​នេះរួម​គ្នា​ មាន​៤០ភាគរយ​នៃ​ទិន្នផល​សរុប​នៅ​លើ​ពិភពលោក។

«សំណួរ​គឺ​ថា​ តើ​ពួកគេ (វៀតណាម) នឹង​ទទួល​បាន​ប្រយោជន៍​ប៉ុន្មាន​ពី​កិច្ចព្រមព្រៀង​ TPP នេះ​ មិនមែន​ថា​តើ​ពួកគេ​អាច​ទទួល​ផលប្រយោជន៍​ឬ​អត់​នោះ​ទេ។ យើង​មាន​ការ​ប៉ាន់ប្រមាណ​ ដែល​នឹង​បង្ហាញ​ជា​រួម​ថា នៅ​ត្រឹម​ឆ្នាំ​២០៣០ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បន្ថែម​ប្រាំបី​ភាគរយ​ទៅ​លើ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​ តាមរយៈ​ការ​ចូលរួម​របស់​ប្រទេស​នេះ​នៅ​ក្នុង​កិច្ចព្រមពៀង​ TPP»។​

នៅ​ក្នុង​ចំណោម​ឧស្សាហកម្ម​សំខាន់ៗ ដែល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង TPP រួមមាន​វិស័យ​វាយនភណ្ឌ ​និង​កាត់​ដេរ​របស់​វៀតណាម ក៏​ដូចជា​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ ដូចជា​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ជាដើម​ ដែល​វិស័យ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​វៀតណាម​ឈាន​ជិត​ស្មើរ​ទៅ​នឹង​ចិន​ដែល​ជា​មហាសេដ្ឋកិច្ចក្នុង​តំបន់។

ក៏ប៉ុន្តែ​ ក្រុម​អ្នក​អត្ថាធិប្បាយ​វៀតណាម​បង្ហាញ​ការ​ព្រួយបារម្ភទៅ​លើវិស័យ​សេដ្ឋកិច្ច​ដទៃៗ​ទៀត​ដូចជា​វិស័យ​កសិកម្ម ដែល​ពួក​គេ​យល់​ថា មាន​ភាព​ងាយ​រងគ្រោះ​ពី​ការ​ប្រកួតប្រជែង​ពី​សំណាក់​ប្រទេស​នាំ​ចេញ​ទិន្នផល​កសិកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូចជា​ អូស្រា្តលី។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ផលចំណេញ​ពី​កិច្ចព្រមព្រៀង TPP នឹង​ផ្តល់​ផល​វិជ្ជមាន​បន្ថែម​ទៅ​ទស្សនវិស័យ​សេដ្ឋកិច្ច​ដែល​មាន​ភាព​វិជ្ជមាន​ជា​ទូទៅ​រួច​ទៅ​ហើយ។

ក្រុមហ៊ុន​ប្រឹក្សា​សេដ្ឋកិច្ច​ឯករាជ្យ Capital Economics បាន​ហៅ​វៀតណាម​ថា​ជា​«ទីតាំង​ប្រកប​ដោយ​ពន្លឺ​មួយ​ក្នុង​ចំណោម​ទីតាំង​មួយចំនួន​តូច​ដែល​កំពុង​បញ្ចេញ​ពន្លឺ» នៅ​អាស៊ី និង​ជា​ទី​ដែល​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​រហូត​ដល់​ប្រាំមួយ​ភាគរយ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

វិនិយោគ​បរទេស​ថ្មីៗ​ ទៅ​ក្នុង​វៀតណាម​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ ជា​ពិសេស​ក្រុមផលិតករ​ដែល​ស្វែង​រក​ជម្រើស​ថ្មី​ជំនួស​ឲ្យ​កំណើន​នៃ​ចំណាយ​ថ្លៃដើម​នៅ​ក្នុង​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ជិត​ខាង។

លោក​ Daniel Martin អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ផ្នែក​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន Capital Economics នៅប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា​ ឥឡូវ​នេះ​ កំណើន​នៃ​ការ​នាំ​ចេញ​ដ៏​ខ្លាំងក្លា​ និង​មូលនិធិ​បរទេសជាកត្តា​ជំរុញ​ដ៏​សំខាន់​ទៅ​លើ​សេដ្ឋកិច្ច។

«តាម​ពិត​ទៅ បើ​ប្រៀប​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ការ​នាំ​ចេញ​របស់​វៀតណាម​កំពុង​តែ​មាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ។ ហើយ​ប្រសិន​បើ​អ្នក​សម្លឹង​មើលផលិតករ​ក្នុង​ស្រុក​ និង​បរទេស​វិញ ​អ្នក​នឹង​ឃើញ​ថា​ សឹងតែ​គ្រប់​កំណើន​ទាំង​អស់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​ផលិតករ​បរទេស»។

លោក​ Martins និយាយ​ថា ការ​រួម​បញ្ចូល​គ្នា​រវាង​បរិយាកាស​ពាណិជ្ជកម្ម​ដែល​មិន​សូវ​មាន​បទ​បញ្ជា​រឹត​បន្តឹង​ខ្លាំងក្លា​នៅ​វៀតណាម ជាមួយ​នឹង​ច្បាប់​ពលកម្ម​ប្រកប​ដោយ​ភាព​បត់បែន​ជាង​មុន​ ​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សំណាក់​វិនិយោគិន​បរទេស។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​និយាយ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) នៅ​ក្នុង​ឆ្នាំ​២០១៤ បាន​កើន​ឡើង​ដល់​១៥,៦ពាន់​លាន​ដុល្លារ​ ដោយ​មាន​៤,៦ពាន់​លានដុល្លារ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ក្នុង​គម្រោង​ឧបត្ថម្ភ​ពី​បរទេស​ដែល​កំពុង​មានដំណើរការ​នា​ពេល​បច្ចុប្បន្ន។

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ បាន​ព្យាករណ៍​រួច​ទៅ​ហើយ​ថា​ វៀតណាម​នឹង​បង្ហាញ​របាយការណ៍ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ដែល​មាន​លើស​ពី​ប្រាំ​មួយ​ភាគរយ​នៅ​ឆ្នាំ២០១៦ ​ដែល​ការ​កើនឡើង​នេះនឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​អ្នក​ឈាន​មុខ​គេផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG