ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​ជាប់​គាំង​ដោយសារ​ការ​ដក​តំណែង​ប្រធាន​និង​ការ​ប្រឈម​នឹង​ការ​អនុម័ត​ច្បាប់​ថវិកា


សមាជិករដ្ឋសភាខាងគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកត្រូវបានដកចេញពីតំណែងជាប្រធានសភាអាមេរិក នៅវិមានរដ្ឋសភា ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។
សមាជិករដ្ឋសភាខាងគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកត្រូវបានដកចេញពីតំណែងជាប្រធានសភាអាមេរិក នៅវិមានរដ្ឋសភា ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​គាំង​ដំណើរការ​ដោយសារ​ការ​ដក​តំណែង​ប្រធាន​និង​ការ​ប្រឈម​របស់​សមាជិក​សភា​នឹង​កាល​បរិច្ឆេទ​ផុត​កំណត់​ក្នុង​រយៈពេល​ ៦ ​សប្ដាហ៍​ទៀត ​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​និង​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល។

ការ​ខ្វះ​រដ្ឋសភា​មួយ​ដែល​មាន​ដំណើរការ​ពេញលេញ​និង​ក្ដី​រំពឹង​នៅ​ក្នុង​ការ​បាត់បង់​ពេល​បន្ថែម​ទៀត​ដើម្បី​កំណត់​និង​ជ្រើសរើស​បេក្ខជន​ប្រធាន​រដ្ឋសភា​ណា​ដែល​អាច​ទាក់ទាញ​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​បាន​ធ្វើ​ឱ្យ​ច្បាប់​ថវិកា​សំខាន់ៗ​មួយ​ចំនួន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ច្បាប់​ថវិកា​សម្រាប់​ហិរញ្ញប្បទាន​យោធា​បរទេស ជំនួយ​មនុស្សធម៌​អន្តរជាតិ ​និង​កិច្ច​ប្រឹងប្រែង​តតាំង​នឹង​ឥទ្ធិពល​របស់​ចិន​ផង​ដែរ។

គេ​មិន​រំពឹង​ថា​សមាជិក​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​គណបក្ស​សាធារណរដ្ឋ​ជា​គណបក្ស​សំឡេង​ភាគ​ច្រើន​នឹង​បោះឆ្នោត​បន្ថែម​ណា​មួយ​ទៀត​ទេ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ប៉ុន្តែ​ជំនួស​មក​វិញ សមាជិក​រដ្ឋសភា​ទាំង​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​នឹង​ពិភាក្សា​ជ្រើសរើស​ប្រធាន​រដ្ឋសភា​ថ្មី ដែល​នឹង​ដឹកនាំ​រដ្ឋសភា​ដែល​បក្ស​ទាំង​ពីរ​មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​នេះ​ឆ្លង​កាត់​ដំណាក់កាល​មួយ​ដែល​នឹង​តម្រូវ​ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នា​មិន​ត្រឹមតែ​ក្នុង​ចំណោម​ពួកគេ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​នឹង​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ មុន​ពេល​ច្បាប់​ថវិកា​អាច​ត្រូវ​បាន​អនុម័ត។

ប្រវត្តិសាស្ត្រ​ថ្មីៗ​បាន​បង្ហាញ​ថា ការ​ជ្រើសរើស​ប្រធាន​រដ្ឋសភា​ថ្មី​ប្រហែល​ជា​មិន​មែន​ជា​ដំណើរការ​លឿន​នោះ​ទេ។ លោក​អតីត​ប្រធាន​រដ្ឋសភា Kevin McCarthy ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ធ្លាប់​បាន​ឆ្លងកាត់​ការ​បោះឆ្នោត ១៥ ដង​កាលពី​ខែ​មករា​ដើម្បី​បាន​កាន់​តំណែង​នេះ។

នៅ​ពេល​នោះ លោក​ត្រូវ​ធ្វើ​សម្បទាន​ជា​ច្រើន​ទៅ​ក្រុម​សមាជិក​សភា​អភិរក្ស​និយម​ដែល​ជំទាស់​នឹង​លោក​នៅ​ក្នុង​ជួរ​គណបក្ស​របស់​លោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បទបញ្ជា​ផ្ទៃ​ក្នុង​មួយ​ដែល​តម្រូវ​ឱ្យ​សមាជិក​រដ្ឋសភា​តែ​ម្នាក់​ប៉ុណ្ណោះ​អាច​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដក​តំណែង​ប្រធាន​រដ្ឋសភា​របស់​លោក​ផង​ដែរ។

សមាជិក​រដ្ឋសភា​ខាង​បក្ស​សាធារណរដ្ឋ​លោក Matt Gaetz បាន​ដាក់​ញ្ញត្តិ​ដក​តំណែង​លោក McCarthy កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក McCarthy បន្ទាប់ពី​លោក McCarthy បាន​បរាជ័យ​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់​ថវិកា​ដែល​ផ្ដល់​អាទិភាព​លើ​សំណើ​ចំណាយ​បែប​អភិរក្ស​និយម​កាលពី​សប្ដាហ៍​មុន។

សំឡេង​ភាគ​ច្រើន​តិចតួច​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋសភា​មាន​ន័យ​ថា​លោក Gaetz ត្រូវការ​សមាជិក​គណបក្ស​សាធារណរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​បោះឆ្នោត​រួម​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ដក​តំណែង​លោក McCarthy ដោយ​សំឡេង ២១៦ ទល់​នឹង ២១០ កាលពី​ថ្ងៃ​អង្គារ។ សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក McCarthy នៅ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។

វា​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​សមាជិក​រដ្ឋសភា​បាន​បោះឆ្នោត​ដក​តំណែង​ប្រធាន​រដ្ឋសភា។

បើ​ទោះបីជា​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ប្រធាន​រដ្ឋសភា​ម្ដង​ទៀត​ក៏ដោយ ក៏​លោក McCarthy បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​ម្ដង​ទៀត​នោះ​ទេ៕

XS
SM
MD
LG